Fact Check: ផ្ទាំង​បដា​ដែល​មាន​រូប​លោក​ ខឹម​ វាសនា​ ជា​រូប​ភាព​​កាត់​ត​

Altered Political

ការ​បោះ​ឆ្នោត​ជាតិ​សំខាន់ៗ​កាន់​តែ​ខិត​ជិត​ចូល​មក​ដល់​នៅ​ក្នុង​រយៈ​ពេល​ពីរ​ឆ្នាំ​ខាង​មុខ​ទៀត​ ​ការ​រិះ​គន់​ និង​ការ​វាយ​ប្រហារ​គ្នា​ខាង​នយោបាយ បាន​ក្លាយ​​ទៅ​ជា​ប្រធាន​បទ​មួយ​នៃ​ការ​ជជែក​ដេញ​ដោល​ រវាង​អ្នក​ប្រើ​ប្រាស់​​ហ្វេស​ប៊ុក​ និង​អ្នក​គាំទ្រ​គ្រប់​មជ្ឍ​ដ្នាន​​យ៉ាង​ផុស​ផុល​​។​

ក្នុង​ចំណោម​នោះ មាន​រូប​ថត​មួយ​សន្លឹក​បង្ហាញ​នូវ​ទិដ្ឋ​ភាព​រូប​លោក​ ខឹម​ វាសនា​ ជាមួយ​នឹង​ពាក្យ​ស្លោក​នៅ​លើ​ផ្ទាំង​បដា​មួយ​កន្លែង​ត្រូវ​បាន​បង្ហោះ​ និង​ចែក​ចាយ​ដោយ​អ្នក​ប្រើ​ប្រាស់​ម្នាក់​។​ រូប​ថត​មួយ​សន្លឹក​នេះ​ ត្រូវ​បាន​ចែក​រំលែក​ និង​មាន​ប្រតិ​កម្ម​ចម្រុះពី​សំណាក់​អ្នក​ប្រើ​ប្រាស់​ហ្វេស​ប៊ុក​។​

ទោះ​ជា​យ៉ាង​ណា​ ការ​ត្រួត​ពិនិត្យ​ និង​ផ្ទៀង​ផ្ទាត់​ការ​ពិត​របស់​ក្រុម​ការងារ​ Fact Crescendo Cambodia បាន​រក​ឃើញ​ថា​ រូប​ថត​ដែល​អ្នក​ប្រើ​ប្រាស់​បាន​បង្ហោះ​នៅ​លើ​បណ្តាញ​សង្គម​នោះ​ គឺ​ជា​រូប​ថត​កែ​ច្នៃ​។​

ការ​អះ​អាង​លើ​បណ្តាញសង្គម

កាល​ពី​ថ្ងៃ​ទី​០៨​ ខែ​វិច្ឆិកា ឆ្នាំ​២០២១​ កន្លង​ទៅ​ថ្មី​ៗ​នេះ​ អ្នក​ប្រើ​ប្រាស់​ហ្វេស​ប៊ុក​ម្នាក់​ បាន​បង្ហោះ​រូប​ថត​មួយ​សន្លឹក​ដែល​បាន​បង្ហាញ​អំពី​ទិដ្ឋ​ភាព​នៃ​ការ​ចង​បដា​ ដោយ​​មាន​រូប​ថត​លោក​ ខឹម​ វាសនា​ ជាមួយ​នឹង​ពាក្ស​ស្លោក​សរសេរ​រៀប​រាប់​ថា​ «ក្បាល​ដែក​គោល​សម័យ​ថ្មី​ អត់​ដឹង​ព្រំ​បោក​ម៉េច​ស្ទាវ​»​។​ លោក​ ខឹម​ វាសនា​ គឺ​ជា​អ្នក​នយោបាយ​កម្ពុជា​មួយ​រូប​ដែល​ធ្លាប់​ជា​សមាជិក​នៃ​គណបក្ស​សមរ​ង្ស៊ី​ និង​ត្រូវ​បាន​គេ​បោះ​ឆ្នោត​តំណាង​ឲ្យ​ខេត្ត​ព្រៃវែង​នៅ​ក្នុង​រដ្ឋ​សភា​កម្ពុជា​នា​ឆ្នាំ​២០០៣​។ លោក​ ខឹម​ វាសនា​ បច្ចុប្បន្ន គឺ​​ជា​​ប្រមុខ​ និង​ប្រធាន​គណបក្ស​សម្ព័ន្ធ​ដើម្បី​​ប្រជាធិបតេយ្យ​។ 

រូប​ថត​ខាង​លើ​នេះ​ អាច​នឹង​ត្រូវ​បាន​អ្នក​ប្រើ​ប្រាស់​ហ្វេស​ប៊ុក​មួយ​ចំនួន​ជឿ​ថា​ ជា​រូប​ថត​ពិត​ប្រាកដ​ដោយ​មាន​អ្នក​ប្រើ​ប្រាស់​ហ្វេស​ប៊ុក​ជា​ច្រើន​បាន​ចែក​រំលែក​បន្ត​ និង​ប្រតិកម្ម​ចម្រុះ​។​

ខាង​ក្រោម​នេះ​ គឺ​ជា​រូប​ភាព​ផ្តាម​ចេញ​ពី​ប៉ុស្តិ៍​របស់​អ្នក​ប្រើ​ប្រាស់​ដោយ​​បាន​សរសេរ​រៀប​រាប់​ថា​ «ពាក្យ​ស្លោក​ថ្មី​ពិត​»។​

Facebook Post | Archived Link

ការត្រួត​ពិនិត្យ​ការ​ពិត

Fact Crescendo Cambodia បាន​ចាប់​ផ្ដើម​ធ្វើ​ការ​ត្រួត​ពិនិត្យ​​ និង​ផ្ទៀង​ផ្ទាត់​​លើ​រូប​ថត​នេះ​តាម​រយៈ​ ការ​ដំណើរការ​កម្មវិធី​ស្វែង​រក​រូបថត​របស់ក្រុមហ៊ុន​ Google ដែលនាំ​ឱ្យ​យើង​​ប្រទះ​នូវ​ប្រភព​មួយ​ចំនួន​។​

រូប​ថត​​ដែល​មាន​ទម្រង់​ និង​សណ្ឋាន​ដូច​គ្នា​ទាំង​ស្រុង​នេះ​ ត្រូវ​បាន​រក​ឃើញ​ និង​ផ្សព្វ​ផ្សាយ​នៅ​លើ​ គេហទំព័រ​សារព័ត៌​មាន​ជា​ភាសា​ខ្មែរ​មួយ​​កាល​ពី​ថ្ងៃ​ទី​០៦​​ ខែ​មិថុនា​ ឆ្នាំ​២០១៨​​កន្លង​ទៅ​នេះ​។​ ខាង​ក្រោម​នេះ​ គឺ​ជា​រូប​ភាព​ផ្តាម​ចេញ​ពី​គេហ​ទំព័រសារ​ព័ត៌​មាន​ជាយ​ក្រុង​ ដែល​បាន​បង្ហាញ​នូវ​បដា​ពាក្យ​ស្លោក​បរិស្ថាន​​ ដោយ​ពុំ​បាន​បង្ហាញ​នូវ​ទិដ្ឋ​ភាព​រូប​លោក​ ខឹម​ វាសនា​ ដូច​ការ​បង្ហោះ​ខាង​លើ​នោះ​ឡើយ​។​

Country Side News Report | Archived Link

ដូច​គ្នា​នេះ​ដែរ​ តាម​រយៈ​គេហ​ទំព័រ​ផ្លូវ​ការ​របស់​ក្រសួង​បរិស្ថាន​ ​ចុះ​ផ្សាយ​កាល​ពី​ថ្ងៃ​ទី​០៦​ ខែ​មិថុនា​​ ឆ្នាំ​២០១៨​ កន្លង​ទៅ​នេះ​ ក៏​បាន​បង្ហាញ​នូវ​រូប​ថត​ដែល​មាន​ទម្រង់​ដូច​គ្នា​នេះ​ផង​ដែរ​។​ គេហ​ទំព័រនេះ​ ក៏​បាន​បន្ថែម​ទៀត​ថា​ កាល​ពី​ថ្ងៃ​ទី​០៥​ ខែ​មិថុនា​ ឆ្នាំ​២០១៨​ មន្ទីរ​បរិស្ថាន​រាជធានី​ភ្នំពេញ​បាន​ចុះ​អប់​រំ​ និង​ផ្សព្វ​ផ្សាយ​ការងារ​គ្រប់គ្រង​បរិស្ថាន​ នៅ​តាម​រោង​ចក្រ​ សហ​គ្រាស​ ទី​ផ្សារ​ ទីតាំង​អាជីវ​កម្ម​នា​នា​ ដើម្បី​អប​អរ​សាទរ​ទិវា​បរិស្ថាន​ជាតិ​ និង​ទិវា​បរិស្ថាន​ពិភព​លោក​ ០៥​ មិថុនា​ ដោយ​​បាន​​សហ​ការ​ជាមួយ​បណ្តា​សហគ្រាស​ រោងចក្រ​ និង​ទីតាំង​អាជីវកម្ម​ទាំង​នោះ​ ចង​បដា​ពាក្យ​ស្លោក​បរិស្ថាន​ និង​ធ្វើ​ការ​សម្អាត​​អនាម័យ​បរិស្ថាន​ទៅ​តាម​ទីតាំង​របស់​ខ្លួន​រៀង​ៗ​ខ្លួន​។

ខាង​ក្រោម​នេះ​ គឺ​ជា​រូប​ភាព​ផ្តាម​ចេញ​ពី​គេហ​ទំព័រ​ក្រសួង​បរិស្ថាន​ ​បង្ហាញ​នូវ​រូប​ថត​នៃ​ការ​រៀប​ចំ​ចង​បដា​ ដែល​សរសេរ​ថា​ «អនាម័យ​ល្អ​ បរិស្ថាន​ស្អាត​ នាំ​មក​នូវ​សុខភាព​ បរិស្ថាន​ស្អាត​ផ្តើម​ចេញ​ពី​យើង​ទាំង​អស់​គ្នា​»។​

Ministry of Environment | Archived Link

ដើម្បី​ស្វែង​រក​ព័ត៌​មាន​ពិត​ សូម​តាម​ដាន​ការ​ផ្សាយ​របស់​យើង​តាម​រយៈ​ប្រព័ន្ធ​ដូច​ខាង​ក្រោម​៖

Facebook Twitter  Telegram Google News

សន្និដ្ឋាន

Fact Crescendo Cambodia បាន​​រក​​ឃើញ​​ថា រូប​ថត​ដែល​បាន​បង្ហោះ​ដោយ​អ្នក​ប្រើ​ប្រាស់​ខាង​លើ​នោះ​ គឺ​ពិត​ជា​មិន​ត្រឹម​ត្រូវ​នោះ​ឡើយ​។​ រូប​ថត​មួយ​សន្លឹក​នេះ​ ត្រូវ​បាន​កាត់​ត​មុន​នឹង​បង្ហោះ​នៅ​លើ​បណ្តាញ​សង្គម​។​ ការ​ពិត​ច្បាប់​ដើម​នៃ​រូប​ថត​នេះ​ គឺ​ជា​បដា​ពាក្យ​ស្លោក​បរិស្ថាន​ដែល​មន្ត្រី​ជំនាញ​នៃ​មន្ទីរ​បរិស្ថាន​រាជធានី​ភ្នំពេញ​ បាន​សហការ​ជាមួយ​បណ្តា​សហគ្រាស​ រោងចក្រ​ ដោយ​បាន​ចុះ​អប់រំ​ និង​ផ្សព្វផ្សាយ​ការងារ​គ្រប់​គ្រង​បរិស្ថាន​ ដោយ​មាន​ខ្លឹម​សារ​ថា​ «អនាម័យ​ល្អ​ បរិស្ថាន​ស្អាត​ នាំ​មក​នូវ​សុខភាព​ បរិស្ថាន​ស្អាត​ផ្តើម​ចេញ​ពី​យើង​ទាំង​អស់​គ្នា​»។​

Avatar

Title:ផ្ទាំង​បដា​ដែល​មាន​រូប​លោក​ ខឹម​ វាសនា​ ជា​រូប​ភាព​​កាត់​ត​

Fact Check By: Kakada Sim 

Result: False

Leave a Reply

Your email address will not be published.