
ទំនាក់ទំនងកម្ពុជា-វៀតណាម តែងតែត្រូវបានជជែកនៅលើបណ្ដាញសង្គមនោះ រូបថតមួយសន្លឹកដែលបង្ហាញទង់ជាតិវៀតណាមត្រូវបានបង្ហូតឡើងព្រមគ្នាជាមួយទង់ជាតិកម្ពុជានៅក្នុងបរិវេណសាលារៀនមួយនោះ ត្រូវបានបង្ហោះនៅលើបណ្ដាញសង្គមកាលពីខែសីហាកន្លងមកនេះ។ ការបង្ហោះខាងលើ ត្រូវបានចែកចាយ និងបញ្ចេញមតិជាច្រើនដងពីសំណាក់អ្នកប្រើប្រាស់បណ្ដាញសង្គម។ ទោះជាយ៉ាងណា ការត្រួតពិនិត្យការពិតរបស់ Fact Crescendo Cambodia រកឃើញថា រូបថតបង្ហោះនៅលើបណ្ដាញសង្គមហ្វេសប៊ុកនោះ គឺមិនត្រឹមត្រូវនោះឡើយ។
ការអះអាងលើបណ្ដាញសង្គម
កាលពីថ្ងៃទី០១ ខែសីហា ឆ្នាំ២០២៣ មានទំព័រហ្វេសប៊ុកមួយឈ្មោះថា «ប្រវត្តិសាស្ដ្រខ្មែរ» បានបង្ហោះវីដេអូឃ្លីបមួយ ដែលនៅក្នុងវីដេអូឃ្លីបនោះ មានរូបថតមួយសន្លឹកបង្ហាញសាលារៀនមួយកន្លែង ដែលមានសិស្សានុសិស្សតម្រង់ជួរ និងបង្ហូតទង់ជាតិវៀតណាមព្រមគ្នាជាមួយនឹងទង់ជាតិកម្ពុជា។
សន្លឹករូបថតភ្ជាប់នៅក្នុងវីដេអូខាងលើនេះ ត្រូវបានចែកចាយតៗគ្នាជាច្រើនដង រួមជាមួយនឹងប្រតិកម្ម និងការបញ្ចេញមតិចម្រុះពីសំណាក់អ្នកប្រើប្រាស់សង្គមហ្វេសប៊ុកនិយាយភាសាខ្មែរផងដែរ។
ខាងក្រោមនេះ គឺជាវីដេអូឃ្លីបទាំងស្រុង ដែលបានបង្ហោះដោយទំព័រហ្វេសប៊ុកខាងលើ។
ខាងក្រោមនេះ គឺជាវីដេអូឃ្លីបមួយផ្សេងទៀត ដែលអ្នកប្រើប្រាស់បណ្ដាញសង្គមវីដេអូ TikTok ម្នាក់ បានបង្ហោះ និងបង្ហាញទិដ្ឋភាពរូបថតមួយសន្លឹក ដែលមានទង់ជាតិវៀតណាម បង្ហូតអមនឹងទង់ជាតិកម្ពុជានៅក្នុងទីធ្លាសាលារៀនមួយ។
ដូចគ្នានេះ រូបថតខាងលើ ក៏ត្រូវបានបង្ហោះ និងរកឃើញនៅលើបណ្ដាញសង្គមហ្វេសប៊ុកដទៃទៀតផងដែរ។ សូមមើលខ្លឹមសារអះអាងទាំងស្រុង តាមរយៈតំណភ្ជាប់មាននៅទីនេះ (archived link)។
ការត្រួតពិនិត្យការពិត
Fact Crescendo Cambodia បានត្រួតពិនិត្យ និងផ្ទៀងផ្ទាត់ទៅលើការអះអាងខាងលើនេះ តាមរយៈការដំណើរការ Google Reverse Image Search ដែលនាំឱ្យយើងរកឃើញការពិតដូចខាងក្រោម។
រូបថតដែលមានទម្រង់ និងសណ្ឋានដូចគ្នាមួយនេះ ត្រូវបានរកឃើញនៅលើគេហទំព័រ World Assistance for Cambodia ដែលត្រូវបានគេស្គាល់ថា គឺជាអង្គការឯករាជ្យមួយ ដែលផ្តល់ឱកាសអប់រំសម្រាប់យុវជន និងជនក្រីក្រនៅជនបទក្នុងប្រទេសកម្ពុជា។
គេហទំព័រខាងលើនេះ បានបញ្ជាក់នៅក្នុងសំណេរអត្ថបទរបស់ខ្លួនថា រូបថតមួយសន្លឹកនោះ គឺជាទិដ្ឋភាពនៃការបង្ហូតទង់ជាតិកម្ពុជានៅក្នុងបរិវេណសាលារៀនមួយឈ្មោះថា «The Harris Family School» អំឡុងពេលបើកសម្ពោធនៅខេត្តកោះកុង កាលពីឆ្នាំ២០០២កន្លងទៅ។
ខាងក្រោមនេះ គឺជារូបភាពផ្ដាមចេញពីគេហទំព័រខាងលើ បង្ហាញទិដ្ឋភាពកូនសិស្សបានបង្ហូតទង់ជាតិកម្ពុជា ដោយពុំមានទិដ្ឋភាពទង់ជាតិនៃប្រទេសវៀតណាមនោះឡើយ។

World Assistance for Cambodia Link | Archived Link
ខាងក្រោមនេះ គឺជាការប្រៀបធៀបរវាងរូបថតដែលត្រូវបានកាត់ត និងរូបថតច្បាប់ដើមដែលត្រូវបានរកឃើញផ្សព្វផ្សាយនៅលើបណ្ដាញសង្គម។

ដើម្បីស្វែងរកព័ត៌មានពិត សូមតាមដានការផ្សាយរបស់យើងតាមរយៈប្រព័ន្ធដូចខាងក្រោម៖
Facebook Twitter Telegram Google News TikTok
សន្និដ្ឋានFact Crescendo Cambodia បានរកឃើញថា រូបថតដែលបានបង្ហោះ និងអះអាងដោយអ្នកប្រើប្រាស់ខាងលើនេះ គឺពិតជាមិនត្រឹមត្រូវនោះឡើយ។ ច្បាប់ដើមនៃរូបថតនេះ គឺជាទិដ្ឋភាពនៃការបង្ហូតទង់ជាតិកម្ពុជានៅទីធ្លាសាលារៀនមួយ អំឡុងពេលបើកសម្ពោធនៅខេត្តកោះកុងកាលពីឆ្នាំ២០០២កន្លងទៅ ដែលមិនមានការបង្ហូតទង់ជាតិវៀតណាមអមនោះឡើយ។

Title:រូបភាពការបង្ហូតទង់ជាតិវៀតណាមព្រមនឹងទង់ជាតិកម្ពុជាក្នុងសាលារៀនមួយ គឺជារូបថតកាត់ត
Written By: Kakada SimResult: Altered
