សិលា​ចារឹក​បុរាណ​ដ៏​ច្រើន ត្រូវ​បាន​រក​ឃើញ​នៅ​លើ​ទឹក​ដី​កម្ពុជា​បច្ចុប្បន្ន និង​អតីត​ទឹក​ដី​កម្ពុជា​។ ថ្មីៗ​នេះ រូបភាព​ផ្ដាម​ពី​ផ្ទាំង​សិលា​ចារឹក​មួយ ត្រូវ​បាន​គេ​បង្ហោះ​លើ​បណ្ដាញ​សង្គម​ជាមួយ​នឹង​ការ​អះអាង​ថា ជា​សិលា​ចារឹក​ចារ​ជា​ភាសា​ខ្មែរ​មាន​អាយុ​ចំណាស់​ជាង​ដែល​ត្រូវ​បាន​រក​ឃើញ​នៅ​ស្រុក​អង្គរបុរី។ ការ​អះអាង​នេះ ត្រូវ​បាន​ចែក​រំលែក​យ៉ាង​ព្រោង​ព្រាត​លើ​បណ្ដាញ​សង្គម។ ទោះជាយ៉ាងណា ការ​ផ្ទៀង​ផ្ទាត់​របស់​យើង រក​ឃើញ​ថា ការ​អះអាង​ខាង​លើ​នេះ មិន​ត្រឹម​ត្រូវ​នោះ​ឡើយ។

ការ​អះអាង​លើ​បណ្ដាញ​សង្គម

រូបថត​ផ្ទាំង​សិលា​ចារឹក​មួយ ត្រូវ​បាន​បង្ហោះ​នៅ​លើ​បណ្ដាញ​សង្គម​នា​ពេល​ប៉ុន្មាន​ថ្ងៃ​ថ្មីៗ​នេះ​ជាមួយ​ការ​អះអាង​ថា វា​ជា​សិលា​ចារឹក​អង្គរបុរី នៅ​ដើម​សតវត្សរ៍​ទី​៧ ឬ​ឆ្នាំ​៦១១ នៃ​គ្រឹស្តសករាជ។

រូបថត​សិលា​ចារឹក​បុរាណ​មួយ​ផ្ទាំង​នេះ​រួម​ជាមួយ​ព័ត៌មាន​ដូច​រៀបរាប់​ខាង​លើ​នេះ ត្រូវ​បាន​ចែក​រំលែក​យ៉ាង​ផុស​ផុល​នៅ​លើ​បណ្ដាញ​សង្គម​នៅ​ក្នុង​រយៈ​ពេល​ប៉ុន្មាន​ថ្ងៃ​ថ្មីៗ​នេះ ដែល​នាំ​ឱ្យ​អ្នក​ប្រើ​ប្រាស់​បណ្ដាញ​សង្គម​និយាយ​ភាសា​ខ្មែរ​ជាច្រើន​ជឿ​ជាក់​ទៅ​លើ​ខ្លឹមសារ​សំណេរ​ខាង​លើ។

ខាង​ក្រោម​នេះ គឺ​ជា​រូបភាព​ផ្ដាម​ចេញ​ពី​ការ​អះអាង​បង្ហោះ​លើ​បណ្ដាញ​សង្គម​ដោយ​ទំព័រ​ហ្វេសប៊ុក​ Cam News Center កាល​ពី​ថ្ងៃ​ទី០៦ ខែ​ធ្នូ ឆ្នាំ​២០២៣ ជាមួយ​សំណេរ​រៀបរាប់​ថា «ខ្មែរ ១៧​លាន​នាក់​ឃើញ​ហើយ​ចែក​រំលែក​ឱ្យ​ពិភព​លោក​បាន​ស្គាល់​ផង អក្សរ​ខ្មែរ​យើង​ដែល​គេ​បាន​រក​ឃើញ​សរសេរ​មុន​គេ​បង្អស់​នៅ​សិលា​ចារឹក​អង្គរ​បុរី​នៅ​ដើម​សតវត្សរ៍​ទី​៧ គឺ​នៅ​ឆ្នាំ​៦១១ នៃ​គ.ស.»។

Facebook Post | Archived Link

រូបថត​សិលា​ចារឹក និង​ខ្លឹមសារ​ប្រហាក់​ប្រហែល​គ្នា​នេះ ក៏​ត្រូវ​បាន​បង្ហោះ​ដោយ​អ្នក​ប្រើ​ប្រាស់​បណ្ដាញ​សង្គម​ដទៃ​ទៀត​ផង​ដែរ ដែល​នាំ​ឱ្យ​មាន​ការ​ចែក​រំលែក​បន្ត និង​ទទួល​បាន​មតិ​យោបល់​ចម្រុះ​ពី​អ្នក​ប្រើ​ប្រាស់​បណ្ដាញ​សង្គម​និយាយ​ភាសា​ខ្មែរ​ផង​ដែរ។

ខាង​ក្រោម​នេះ គឺ​ជា​រូបភាព​ផ្ដាម​ចេញ​ពី​សំណេរ​របស់​អ្នក​ប្រើ​ប្រាស់​បណ្ដាញ​សង្គម​មួយ​​នៅ​ថ្ងៃ​ទី​០៧ ខែ​ធ្នូ ឆ្នាំ​២០២៣ ដែល​សរសេរ​រៀបរាប់​ថា «សិលា​ចារឹក​អក្សរ​ខ្មែរ​នៅ​អង្គរបុរី​ដើម​សតវត្សរ៍​ទី៧ ក្នុង​ឆ្នាំ​៦១១ នៃ​គ.ស.»។

Facebook Post | Archived Link

ខាង​ក្រោម​នេះ​ គឺ​ជា​រូបភាព​ផ្ដាម​ចេញ​ពី​ការ​បង្ហោះ​ព័ត៌មាន​ដោយ​ទំព័រ​ហ្វេសប៊ុក​«កម្ពុជា​មាតុ​ភូមិ​ខ្ញុំ»​ដែល​បាន​បង្ហោះ​រូបថត​ជាមួយ​សំណេរ​រៀបរាប់​ថា «អក្សរ​ខ្មែរ​ដែល​បាន​រក​ឃើញ​សរសេរ​មុន​គេ​បង្អស់​នៅ​សិលា​ចារឹក​អង្គបុរី​ដើម​សតវត្សរ៍​ទី​៧ ឆ្នាំ​៦១១ នៃ​គ.ស.»។

Facebook Post | Archived Link

ការ​អះអាង​មាន​ខ្លឹមសារ​ប្រហាក់​ប្រហែល​គ្នា​នេះ ក៏​ត្រូវ​បាន​បង្ហោះ​នៅ​លើ​បណ្ដាញ​សង្គម​ដោយ​អ្នក​ប្រើ​ប្រាស់​ហ្វេសប៊ុក​ដទៃ​ទៀត​ផង​ដែរ​នៅ​ក្នុង​រយៈ​ពេល​ប៉ុន្មាន​ថ្ងៃ​មក​នេះ។ សូម​មើល​ខ្លឹមសារ​ទាំង​ស្រុង​តាម​រយៈ​តំណ​ភ្ជាប់​នៅ​ទីនេះ (archived) ឬ​តាម​រយៈ​តំណ​មួយ​ទៀត​នៅ​ទីនេះ (archived) និង​តំណ​ភ្ជាប់​មួយ​ទៀត​មាន​នៅ​ទីនេះ (archived)។

ការ​ត្រួត​ពិនិត្យ​ការ​ពិត

Fact Crescendo Cambodia បាន​ចាប់​ផ្ដើម​ត្រួត​ពិនិត្យ និង​ផ្ទៀង​ផ្ទាត់​ទៅ​លើ​ការ​អះអាង​ខាង​លើ​នេះ​តាម​រយៈ​​​​ការ​សម្ភាស​អ្នក​ជំនាញ​សិលា​ចារឹក​កម្ពុជា និង​ការ​ពិនិត្យ​មើល​ឯកសារ​សិក្សា​ស្រាវ​ជ្រាវ​អំពី​សិលា​ចារឹក​កម្ពុជា​នៅ​មុន​សម័យ​អង្គរ ដែល​នាំ​ឱ្យ​យើង​រក​ឃើញ​ការពិត​ដូច​ខាង​ក្រោម​នេះ។

ដើម្បី​បញ្ជាក់​ព័ត៌មាន​លម្អិត​នៃ​សិលា​ចារឹក​នេះ Fact Crescendo បាន​សម្ភាស​លោក​​បណ្ឌិត វង់ សុធារ៉ា សាស្ត្រាចារ្យ​ប្រវត្តិសាស្ត្រ​ជំនាញ​សិលា​ចារឹក នៃ​សាកល​វិទ្យាល័យ​ភូមិ​ភ្នំពេញ តាម​រយៈ​បណ្ដាញ​សង្គម​តេឡេក្រាម​នៅ​ថ្ងៃ​សុក្រ​នេះ។

សាស្ត្រាចារ្យ វង់ សុធារ៉ា បាន​បញ្ជាក់​ថា រូបថត​សិលា​ចារឹក​ដែល​គេ​បង្ហោះ​ព្រោង​ព្រាត​នៅ​លើ​បណ្ដាញ​សង្គម​នេះ មិន​មែន​ជា​សិលា​ចារឹក​នៅ​អង្គបុរី​ដូច​ការ​អះអាង​លើ​បណ្ដាញ​សង្គម​នោះ​ឡើយ។

សាស្ត្រាចារ្យ​ជំនាញ​សិលា​ចារឹក​បុរាណ​រូប​​នេះ បាន​ឱ្យ​ដឹង​ទៀត​ថា សិលា​ចារឹក​នៅ​ក្នុង​រូបថត​នេះ គឺ​ជា​សិលា​ចារឹក​ចុះ​បញ្ជី K.9 ដែល​ត្រូវ​បាន​រក​ឃើញ​នៅ​តំបន់​ហ្វូហ៊ូ (Phu Huu) ក្នុង​ខេត្ត​សាដិក ឬ​​ខេត្ត​ផ្សារដែក​នៃ​អតីត​ដែន​ដី​ខ្មែរ​កម្ពុជា​ក្រោម។

ខាង​ក្រោម​នេះ គឺ​ជា​រូបភាព​ទាំង​មូល​នៃ​ផ្ទាំង​ផ្ដាម​ពី​សិលា​ចារឹក K.9 ដែល​សាស្ត្រាចារ្យ វង់ សុធារ៉ា បាន​បញ្ជាក់​មក​កាន់ Fact Crescendo នៅ​ថ្ងៃ​ទី​០៨ ខែ​ធ្នូ ឆ្នាំ​២០២៣។

ព័ត៌មាន​លម្អិត​ដែល​បណ្ឌិត វង់ សុធារ៉ា បាន​ផ្ញើ​មក​កាន់​យើង​ខ្ញុំ បាន​ឱ្យ​ដឹង​ថា សិលា​ចារឹក​នេះ​ត្រូវ​បាន​រក​ឃើញ​តាំង​ពី​ដើម​សតវត្សរ៍​ទី​២០ និង​ផ្ដិត​រូបភាព​អត្ថបទ​ដំបូង​ដោយ​លោក លុយណេត៍ ដឺឡាហ្សុងគីយែរ ហើយ​បន្ទាប់​មក​លោក ហ្សក សឺដេស បាន​ផ្ដិត​សិលា​ចារឹក​នេះ​នៅ​ក្នុង​ដំណើរ​ទស្សនា​ចរ​របស់​លោក​ទៅ​កាន់​ទីនោះ​នៅ​ឆ្នាំ​១៩១២។

សិលាចារឹក​បុរាណ​មួយ​ផ្ទាំង​នេះ ត្រូវ​បាន​រក្សា​ទុក​នៅ​សារមន្ទីរ​សៃហ្គន ស្ថិត​ក្នុង​ទីក្រុង​ហូជីមិញ​ ចាប់​តាំង​ពី​ឆ្នាំ​១៩២៨​មក​រហូត​ដល់​សព្វថ្ងៃ​នេះ។

បណ្ឌិត វង់ សុធារ៉ា បាន​បញ្ជាក់​បន្ថែម​ថា សិលា​ចារឹក​នេះ​បាន​ចុះ​កាល​បរិច្ឆេទ​ ៥៦១​មហា​សករាជ ឬ​ត្រូវ​នឹង​គ្រឹស្តសករាជ ៦៣៩ ឬ ៦៤០​ ហើយ​ត្រូវ​ចារ​ជា​ភាសា​សំស្ក្រឹត និង​ភាសា​ខ្មែរ ដែល​រៀបរាប់​ពី​ការ​ថ្វាយ​ដង្វាយ​ជា​ស្រែ​ចម្ការ​ដំណាំ​ហូរ​ផ្លែ​ទៅ​ដល់​អាទិទេព​វីរេស្វរ។

សូម​អាន​ខ្លឹមសារ​ទាំង​ស្រុង​នៃ​សិលាចារឹក K.9 ដែល​ត្រូវ​បាន​ប្រែ​សម្រួល​ដោយ​បណ្ឌិត វង់ សុធារ៉ា សាស្ត្រាចារ្យ​ប្រវត្តិសាស្ត្រ​ជំនាញ​សិលាចា​រឹក​ នៃ​សាកលវិទ្យាល័យ​ភូមិន្ទ​ភ្នំពេញ តាម​រយៈ​តំណ​ភ្ជាប់​នៅ​ទីនេះ

Archived

អត្ថន័យ​នៃ​សិលា​ចារឹក K.9 ក៏​ត្រូវ​បាន​បក​ស្រាយ​ជា​ភាសា​អង់គ្លេសនៅ​ក្នុង​បណ្ណាល័យ​អនឡាញ​ដែល​និយាយ​អំពី​អក្សរ និង​ភាសា​នៅ​តំបន់​អាស៊ី​អាគ្នេយ៍ (SEALANG)។ សូម​មើល​ខ្លឹមសារ​ទាំង​ស្រុង​នៅ​ទីនេះ (archived)។

បើ​តាម​ការ​បក​ស្រាយ​របស់​បណ្ឌិត វង់ សុធារ៉ា នៅ​ក្នុង​ស្នាដៃ​របស់​លោក​ស្ដី​ពី​សិលា​ចារឹក​នៃ​ប្រទេស​កម្ពុជា​នៅ​មុន​សម័យ​អង្គរ​នោះ ​សិលា​ចារឹក​ភាសា​ខ្មែរ​មាន​អាយុ​ចំណាស់​ជាង​គេ និង​មាន​កាល​បរិច្ឆេទ​ច្បាស់​លាស់មហា​សករាជ​ឆ្នាំ៥៣៣​ (ត្រូវ​នឹង​គ្រឹស្ត​សករាជ​ឆ្នាំ​៦១២) គឺ​សិលា​ចារឹក​ទួល​វត្ត​គំនូរ K.600 ដែល​ត្រូវ​បាន​រក​ឃើញ​នៅ​ក្នុង​ស្រុក​អង្គរ​បូរី ខេត្ត​តាកែវ។

សូម​រក​មើល​បន្ថែម​នៅ​ក្នុង​សៀវភៅ «សិលា​ចារឹក​នៃ​ប្រទេស​កម្ពុជា​សម័យ​មុន​អង្គរ» ភាគ ១ ដែល​ត្រូវ​បាន​បោះ​ពុម្ព​ផ្សាយ​ដោយ​សាស្ត្រាចារ្យ វង់ សុធារ៉ា នៅ​ក្នុង​ឆ្នាំ​២០០៣។

E-Library of Cambodia

ខាង​ក្រោម​នេះ គឺ​ជា​រូបភាព​ផ្ដាម​ពី​ផ្ទាំង​សិលា​ចារឹក​ទួល​វត្ត​គំនូរ K.600 ដែល​ត្រូវ​បាន​បោះ​ពុម្ព​ផ្សាយ​នៅ​សៀវភៅ «សិលា​ចារឹក​នៃ​ប្រទេស​កម្ពុជា សម័យ​មុន​អង្គរ ១» របស់​បណ្ឌិត វង់ សុធារ៉ា។

E-Library of Cambodia

សន្និដ្ឋានFact Crescendo Cambodia

បាន​រក​ឃើញ​ថា ការ​អះអាង​ដូច​រៀបរាប់​ខាង​លើ​នេះ មិន​ត្រឹម​ត្រូវ​នោះ​ឡើយ។ ផ្ទាំង​សិលា​ចារឹក​​ដូច​ដែល​ត្រូវ​បាន​រៀបរាប់​ខាង​លើ​នោះ មិន​មែន​ជា​រូបភាព​ផ្ទាំង​សិលា​ចារឹក​នៅ​តំបន់​អង្គរបុរី​នោះ​ឡើយ។ រូបភាព​នោះ គឺ​ជា​ផ្នែក​មួយ​នៃ​សិលា​ចារឹក K.9 ដែល​ត្រូវ​បាន​រក​ឃើញ​នៅ​ខេត្ត​ផ្សារដែក ដែនដី​កម្ពុជា​ក្រោម។

Avatar

Title:តើ​នេះ​គឺ​ជា​សិលា​ចារឹក​​ភាសា​ខ្មែរ​ចំណាស់​ជាង​គេ​ដែល​ត្រូវ​បាន​រក​ឃើញ​នៅ​អង្គរបុរី​មែន​ឬទេ?

Written By: Jay Udom

Result: False