Fact-Check: តើ​សាលា​រាជ​ធានី​ភ្នំពេញ​សម្រេច​បិទ​ខ្ទប់​ទីក្រុង​ភ្នំពេញ​ឡើង​វិញ​មែន​​ឬ​ទេ?

COVID-19 False

កម្ពុជា​នៅ​តែ​បន្ត​រក​ឃើញ​ករណី​ឆ្លង​កូវីដ-១៩​ក្នុង​ចំនួន​ច្រើន​ជារៀង​រាល់​ថ្ងៃ​គិត​ចាប់​តាំង​ពី​ថ្ងៃ​ទី​២០ ខែ​កុម្ភៈ ឆ្នាំ​២០២១​នេះ នៅ​ពេល​កម្ពុជា​ប្រកាស​ពី​ការ​ឆ្លង​រីក​រាល​ដាល​ក្នុង​សហគមន៍​នៃ​មេរោគ​កូវីដ-១៩។ ក្នុង​រយៈ​ពេល​ ៦​ខែ​កន្លង​មក​នេះ អាជ្ញាធរ​កម្ពុជា​បាន​ចាត់​វិធានការ​នានា ដូចជា ការ​បិទ​ខ្ទប់ ការ​ហាម​ឃាត់​ការ​ធ្វើ​ដំណើរ ការ​បិទ​ទីតាំង​មួយ​ចំនួន​ជា​ដើម។ ប៉ុន្តែ ក្រោយ​មក វិធានការ​បិទ​ខ្ទប់​នៅ​រាជធានី​ភ្នំពេញ ត្រូវ​បាន​ដក​ចេញ​វិញ។

ប៉ុន្តែ ថ្មីៗ​នេះ ក្រុម​អ្នក​ប្រើ​ប្រាស់​បណ្ដាញ​សង្គម បាន​ចែក​រំលែក​នូវ​ព័ត៌មាន​មួយ​ដែល​និយាយ​ថា អាជ្ញាធរ​រាជ​ធានី​ភ្នំពេញ បាន​សម្រេច​បិទ​ទីក្រុង​នេះ​ឡើង​វិញ​រយៈ​ពេល ១៤​ថ្ងៃ​ទៀត។ ព័ត៌មាន​នេះ ត្រូវ​បាន​ចែក​រំលែក​តៗ​គ្នា​នៅ​ក្នុង​ក្រុម​បណ្ដាញ​សង្គម​ ដែល​មាន​គណនី​រាប់​សែន​នាក់​ជា​សមាជិក។ ទោះជាយ៉ាងណា ការ​ត្រួត​ពិនិត្យ​ការ​ពិត បាន​រក​ឃើញ​ថា ព័ត៌មាន​ដែល​ត្រូវ​បាន​ចែក​រំលែក​តៗ​គ្នា​នេះ មិន​ត្រឹម​ត្រូវ​នោះ​ឡើយ។

ការ​អះ​អាង​លើ​បណ្ដាញ​សង្គម

កាល​ពី​ថ្ងៃ​ទី​០៩ ខែ​កក្កដា ឆ្នាំ​២០២១ គណនី​ហ្វេសប៊ុក​មួយ​បាន​ចែក​រំលែក​ព័ត៌មាន​មួយ​នៅ​ក្នុង​ក្រុម​បណ្ដាញ​សង្គម ដែល​ព័ត៌មាន​នោះ​និយាយ​ថា អាជ្ញាធរ​រាជ​ធានី​ភ្នំពេញ​បាន​សម្រេច​បិទ​ក្រុង​ភ្នំពេញ​ជា​ថ្មី​រយៈ​ពេល​ពីរ​សប្ដាហ៍​ទៀត។

បន្ទាប់​ពី​ចែក​រំលែក​ព័ត៌មាន​បែប​នេះ អ្នក​ប្រើ​ប្រាស់​ហ្វេសប៊ុក​ដល់​ទៅ​ជាង ១០០​នាក់​បាន​ចុច​«ចូល​ចិត្ត» ហើយ​អ្នក​ប្រើ​ប្រាស់​ហ្វេសប៊ុក​ម្នាក់​ បាន​បញ្ចេញ​មតិ​ថា «បិទ​ទៅ​បិទ​ឱ្យ​រហូត​ទៅ​បាច់​រក​ស៊ីទេ»។

ខាង​ក្រោម​នេះគឺ​ជា​រូបភាព​ផ្ដាម​ចេញ​ពីប៉ុស្តិ៍​ចែក​រំលែក​ព័ត៌មាន​នោះ ដែល​មាន​ចំណង​ជើង​ថា «ក្ដៅៗ​សម្រេច​បិទ​ក្រុប[ក្រុង]​រយៈ​ពេល ១៤​ថ្ងៃ​ទៀតហើយ»។

Facebook Post | Archived Link

ព័ត៌មាន​នេះ ក៏​ត្រូវ​បាន​អ្នក​ប្រើ​ប្រាស់​ហ្វេសប៊ុក​ដទៃ​ទៀត​ចែក​រំលែក​ទៅ​កាន់​ក្រុម​បណ្ដាញ​សង្គម​នានា​ផង​ដែរ​កាល​ពី​ថ្ងៃ​ម្សិល​មិញ​នេះ។

Facebook Post | Archived Link

ព័ត៌មាន​នេះ ត្រូវ​បាន​ចែក​រំលែក​លើ​បណ្ដាញ​សង្គម​ដោយ​អ្នក​ប្រើ​ប្រាស់​ហ្វេសប៊ុក​ដទៃ​ផង​ដែរ​រហូត​មក​ដល់​ថ្ងៃ​ទី​១០ ខែ​កក្កដា ឆ្នាំ​២០២១។

Facebook Post | Archived Link

ព័ត៌មាន​នេះ ត្រូវ​បាន​ចែក​រំលែក​ចេញ​ពី​វេបសាយ​មួយ​ដែល​បាន​ភ្ជាប់​ជាមួយ​សេចក្ដី​ប្រកាស​ព័ត៌មាន​មួយ​របស់​សាលារាជ​ធានី​ភ្នំពេញ​កាល​ពី​ថ្ងៃម​្សិល​មិញ​នេះ។

ournewsn | Archived Link

ការ​ពិនិត្យ​ការ​ពិត

Fact Crescendo Cambodia បាន​ចាប់​ផ្ដើម​ត្រួត​ពិនិត្យ​លើ​ព័ត៌មាន​នេះ​តាម​រយៈ​ការ​ពិនិត្យ​មើល​សេចក្ដី​ប្រកាស​ព័ត៌មាន​ ដែល​ចេញ​ដោយ​​សាលា​រាជ​ធានី​ភ្នំពេញ​កាល​ពី​ថ្ងៃទី​០៩ ខែ​កក្កដា ឆ្នាំ​២០២១។

នៅ​លើ​ទំព័រ​ហ្វេសប៊ុក​របស់​ខ្លួន​កាល​ពី​ថ្ងៃ​ទី​០៩ ខែ​កក្កដា ឆ្នាំ​២០២១ សាលា​រាជ​ធានី​ភ្នំពេញ​​បាន​ចេញ​សេចក្ដី​សម្រេច​មួយ ដែល​សេចក្ដី​សម្រេច​នោះ​មិន​បាន​បញ្ជា​ឱ្យ​បិទ​ទីក្រុង​ភ្នំពេញ​រយៈ​ពេល ១៤​ថ្ងៃ​ទៀត​នោះ​ឡើយ។

ក្នុង​សេចក្ដី​សម្រេច​នោះ សាលា​រាជ​ធានី​ភ្នំពេញ បាន​សម្រេច​ផ្អាក​ជា​បណ្ដោះ​អាសន្ន​រយៈ​ពេល ១៤​ថ្ងៃ​ទៀត​នូវ​សកម្មភាព​ការងារ មុខ​របរ ឬ​អាជីវកម្ម​ណា​ដែល​មាន​ហានិភ័យ​​កម្រិត​ខ្ពស់​នៃ​ការ​ឆ្លង​មេរោគ​កូវីដ-១៩។

សាលា​រាជ​ធានី​ភ្នំពេញ ក៏​បាន​សម្រេច​បន្ត​ហាម​ឃាត់​ការ​ជួប​ជុំ​ ឬ​ការ​ប្រមូល​ផ្ដុំ​មនុស្ស​ជា​លក្ខណៈ​ឯកជន​នៅ​ក្នុង​ភូមិសាស្ត្រ​របស់​ខ្លួន​ផង​ដែរ។

បើ​តាម​សេចក្ដី​សម្រេច​នោះ វិធានការ​នេះ​ចាប់​ផ្ដើម​អនុវត្ត​ចាប់​ពី​ថ្ងៃ​ទី​១០ រហូត​ដល់​ថ្ងៃ​ទី​២៣ ខែ​កក្កដា ឆ្នាំ​២០២១ ដើម្បី​ទប់​ស្កាត់​ការ​ឆ្លង​រីក​រាល​ដាល​នៃ​មេរោគ​កូវីដ-១៩។

Facebook Post | Archived Link

ខាង​ក្រោម​នេះ គឺ​ជា​សកម្មភាព​មុខ​របរ ការងារ និង​អាជីវកម្ម ដែល​សាលា​រាជ​ធានី​ភ្នំពេញ​សម្រេច​ឱ្យ​ផ្អាក​ជា​បណ្ដោះ​អាសន្ន ១៤​ថ្ងៃ​សិន​ចន្លោះ​ពី​ថ្ងៃ​ទី​១០ ដល់​ថ្ងៃ​ទី​២៣ ខែ​កក្កដា​នេះ។

សន្និដ្ឋាន

Fact Crescendo Cambodia រក​ឃើញ​ថា ព័ត៌មាន​ដែល​ត្រូវ​បាន​ចែក​រំលែក​តៗ​គ្នា​លើ​បណ្ដាញ​សង្គម​ដូច​ដែល​បាន​រៀប​រាប់​ខាង​លើ​នេះ មិន​ត្រឹម​ត្រូវ​នោះ​ឡើយ។ សាលារាជ​ធានី​ភ្នំពេញ មិន​បាន​បញ្ជា​ឱ្យ​បិទ​ខ្ទប់​ភូមិសាស្ត្រ​ភ្នំពេញ​ជា​ថ្មី​ទៀត​នោះ​ឡើយ។ សាលា​រាជ​ធានី​ភ្នំពេញ គ្រាន់​តែ​សម្រេច​ហាម​ឃាត់​ការ​ប្រមូល​ផ្ដុំ​ ឬ​ការ​ជួប​ជុំ​មនុស្សជា​លក្ខណៈ​ឯកជន និង​​ផ្អាក​សកម្មភាព​ការងារ មុខ​របរ និង​អាជីវកម្ម​មួយ​ចំនួន ដែល​មាន​ហានិភ័យ​ខ្ពស់​សម្រាប់​ការ​ឆ្លង​រីក​រាល​ដាល​នៃ​មេរោគ​កូវីដ-១៩។

Avatar

Title:តើ​សាលា​រាជ​ធានី​ភ្នំពេញ​សម្រេច​បិទ​ខ្ទប់​ទីក្រុង​ភ្នំពេញ​ឡើង​វិញ​មែន​​ឬ​ទេ?

Fact Check By: Jay Udom 

Result: False

Leave a Reply

Your email address will not be published.