បន្ទាប់​ពី​ការ​បោះឆ្នោត​កាល​ពី​ថ្ងៃ​ម្សិល​មិញ​នេះ រូបថត​មួយ​សន្លឹក​របស់​អតីត​អ្នក​គាំ​ទ្រ​បក្ស​ប្រឆាំង​មួយ​រូប​ដែល​អម​ដោយ​សំណេរ​រៀបរាប់​ថា​លោក​មិន​ចូល​រួម​បោះ​ឆ្នោត​ ហើយ​ប្រជាពលរដ្ឋ​តិច​តួច​ចេញ​ទៅ​បោះ​ឆ្នោតនោះ ត្រូវ​បាន​គេ​បង្ហោះ​លើ​បណ្ដាញ​សង្គម​កាល​ពី​ថ្ងៃ​ម្សិល​មិញ​នេះ។ រូបថត​ដែល​មាន​សំណេរ​បែប​នេះ ត្រូវ​បាន​ចែក​រំលែក​បន្ត​ជាច្រើន​ដង​ និង​មាន​ការ​បញ្ចេញ​មតិ និង​ប្រតិកម្ម​ចម្រុះ​បែប​ផង​ដែរ។ ទោះជាយ៉ាងណា យើង​រក​ឃើញ​ថា រូបថត​ដែល​មាន​សំណេរ​រៀបរាប់​បែប​នេះ ត្រូវ​បាន​បង្ហោះ​ដោយ​ភ្ជាប់​ជាមួយ​ព័ត៌មាន​មិន​ត្រឹម​ត្រូវ​នោះ​ឡើយ។

ការ​អះ​អាង​លើ​បណ្ដាញ​សង្គម

រូបថត​មួយ​សន្លឹក​ដែល​បង្ហាញ​អតីត​អ្នក​គាំ​ទ្រ​បក្ស​ប្រឆាំង លោក នី ណាក់ ​បង្ហាញ​ចង្អុល​ដៃ​គ្មាន​ជ្រលក់​ទឹក​ខ្មៅ​ និង​សរសេរ​រៀបរាប់​ថា ប្រជាពលរដ្ឋ​ចេញ​ទៅ​បោះ​ឆ្នោត​មាន​ចំនួន​តិច​តួច​នោះ ត្រូវ​បាន​អ្នក​ប្រើ​ប្រាស់​ហ្វេសប៊ុក​ឈ្មោះ ឈាម​ខ្មែរ សង្គ្រោះជាតិ បង្ហោះ​នៅ​លើ​បណ្ដាញ​សង្គម​កាល​ពី​ថ្ងៃ​ម្សិល​មិញ​នេះ។

រូបថត​ដែល​មាន​​សំណេរ​បែប​នេះ ត្រូវ​បាន​យក​​ទៅ​បង្ហោះ​ក្នុង​ន័យ​ថា ប្រជា​ពលរដ្ឋ​ចេញ​ទៅ​បោះ​ឆ្នោត​ជ្រើស​តាំង​តំណាង​រាស្ត្រ​កាល​ពី​ថ្ងៃ​ម្សិល​មិញ​នេះ មាន​ចំនួន​កាន់​តែ​តិចទៅៗ​។

រូបថតដែល​មាន​សំណេរ​បែប​នេះ ត្រូវ​បាន​ចែក​រំលែក​បន្ត​ជាច្រើន​ដង រួម​ជាមួយ​ការ​បញ្ចេញ​មតិ​យោបល់ និង​ប្រតិកម្ម​ចម្រុះ​បែប​ពី​អ្នក​ប្រើ​ប្រាស់​បណ្ដាញ​សង្គម​និយាយ​ភាសា​ខ្មែរ។

ខាង​ក្រោម​នេះ គឺ​ជា​រូបភាព​ផ្ដាម​ចេញ​ពី​ការ​អះអាង​លើ​បណ្ដាញ​សង្គម​ដែល​សរសេរ​រៀបរាប់​ថា «ពី​មួយ​អាណត្តិ​ទៅ​មួយ​អាណត្តិ ស្ងាត់​ទៅៗ បោះ​ឆ្នោត​កាន់​តែ​លែង​មាន​ន័យ កាន់​តែ​បោះ គំនរ​ទុក្ខ​សោក​ប្រជា​រាស្ត្រ កើត​មាន​កាន់​តែ​ធ្ងន់​ឡើងៗ»។

Facebook Post | Archived Link

ការ​អះអាង​ដដែល​នេះ ត្រូវ​បាន​ចែក​រំលែក​បន្ត​ទៅ​កាន់​ក្រុម​បណ្ដាញ​សង្គម​ហ្វេសប៊ុក​ជាច្រើន។ សូម​មើល​ការ​អះអាង​នេះ​តាម​រយៈ​តំណ​ភ្ជាប់​នៅ​ទីនេះ (archived) ឬ​តំណ​ភ្ជាប់​មួយ​ទៀត​នៅ​ទីនេះ (archived) ឬ​តំណ​ភ្ជាប់​មួយ​ទៀត​នៅ​ទីនេះ (archived)។

ការ​ត្រួត​ពិនិតុ្យ​ការ​ពិត

Fact Crescendo Cambodia បាន​ត្រួត​ពិនិត្យ និង​ផ្ទៀង​ផ្ទាត់​ទៅ​លើ​ការ​អះអាង​នេះ​តាម​រយៈ​​​​ការ​ស្នើ​សុំ​ការ​បក​ស្រាយ​ពី​លោក នី ណាក់ ដែល​នាំ​ឱ្យ​យើង​រក​ឃើញ​ការ​ពិត​ដូច​ខាង​ក្រោម​នេះ។

ឆ្លើយ​តប​នឹង​ការ​ស្នើសុំ​ពី Fact Crescendo Cambodia លោក នី ណាក់ បាន​បញ្ជាក់​ប្រាប់​តាម​បណ្ដាញ​សង្គម​តេឡេក្រាម​នៅ​ថ្ងៃ​នេះ​ថា លោក​បាន​ថត​រូប​នេះ​ និង​បង្ហោះ​លើ​បណ្ដាញ​សង្គម​ហ្វេសប៊ុក​នៅ​ថ្ងៃ​បោះ​ឆ្នោត​ជ្រើស​តាំង​តំណាង​រាស្ត្រ​ឆ្នាំ​២០១៨ ដែល​នៅ​ពេល​នោះ​ក្រុម​មេដឹកនាំ​បក្ស​ប្រឆាំង​រស់​នៅ​ឯ​ក្រៅ​ប្រទេស បាន​អំពាវ​នាវ​ដល់​ប្រជា​ពលរដ្ឋ​កុំ​ឱ្យ​ចេញ​ទៅ​បោះ​ឆ្នោត។

Fact Crescendo Cambodia បាន​ស្វែង​រក​រូបថត​ដែល​មាន​សំណេរ​បែប​នេះ​របស់​លោក នី ណាក់ នៅ​លើ​បណ្ដាញ​សង្គម​របស់​លោក​ផង​ដេរ ប៉ុន្តែ ពុំ​បាន​រក​ឃើញ​នោះ​ឡើយ។

លោក នី ណាក់ ដែល​ត្រូវ​បាន​កាត់​ទោស​ឱ្យ​ពន្ធនាគារ​ពាក់​ព័ន្ធ​នឹង​ការ​សរសេរ​រិះគន់​រដ្ឋាភិបាល​លោក​នាយករដ្ឋ​មន្ត្រី ហ៊ុន សែន នៅ​លើ​បណ្ដាញ​សង្គម​ហ្វេសប៊ុក​នោះ បាន​បញ្ជាក់​ថា លោក​បាន​លុប​រូបថត និង​សំណេរ​នោះ​ចេញ​ពី​បណ្ដាញ​សង្គម​ហើយ។

អតីត​អ្នក​គាំ​ទ្រ​បក្ស​ប្រឆាំង​រូប​នេះ បាន​បញ្ជាក់​ថា លោក​បាន​ចេញ​ទៅ​បោះ​ឆ្នោត​កាល​ពី​ថ្ងៃ​ម្សិល​មិញ​នេះ ហើយ​លោក​ក៏​បាន​ផ្ញើ​រូបថត​មួយ​សន្លឹកដែល​បង្ហាញ​ម្រាម​ដៃ​លោក​ប្រលាក់​ដោយ​ទឹក​ខ្មៅ។

កាល​ពី​ថ្ងៃម្សិល​មិញ​នេះ នៅ​​ក្នុង​ហ្វេសប៊ុក​ផ្ទាល់​ខ្លួន​របស់​លោក​ដែល​ដាក់​ឈ្មោះ iMan-KH លោក នី ណាក់ បាន​​សរសេរ​រៀបរាប់​ថា លោក​បាន​ទៅ​ចូល​រួម​បោះ​ឆ្នោត​ដែល​ឈ្មោះ​របស់​លោក​ស្ថិត​នៅ​ក្នុង​បរិវេណ​សាលា​បឋម​សិក្សា​វត្ត​សន្សំ​កុសល ក្នុង​រាជ​ធានី​ភ្នំពេញ។

Facebook Post | Archived Link

លោក នី ណាក់ បាន​បញ្ចាក់​បន្ថែម​ថា លោក​បាន​សង្កេត​ឃើញ​ប្រជាពលរដ្ឋ​ជាច្រើន​បាន​ចេញ​ទៅ​បោះ​ឆ្នោត​សម្រាប់​ការ​បោះឆ្នោត​ជ្រើស​តាំង​តំណាង​រាស្ត្រ​កាល​ពី​ថ្ងៃ​ម្សិល​មិញ បើទោះបីជា​គណបក្ស​ភ្លើង​ទៀន​ដែល​ជា​បក្ស​ប្រឆាំង​ធំ​ជាង​គេ​នៅ​កម្ពុជា មិន​ត្រូវ​បាន​អនុញ្ញាត​ឱ្យ​ចូលរួម​ការ​បោះ​ឆ្នោត​នេះ​ក៏​ដោយ។

សេចក្ដី​ប្រកាស​ព័ត៌មាន​របស់​គណៈកម្មាធិការ​ជាតិ​រៀបចំ​ការ​បោះ​ឆ្នោត (គ​.ជ.ប.) បាន​ឱ្យ​ដឹង​ថា ប្រជា​ពលរដ្ឋ​រហូត​ដល់ជាង ៨​.២១​លាន​នាក់ បាន​ចេញ​ទៅ​បោះ​ឆ្នោត​កាល​ពី​ថ្ងៃ​ម្សិល​មិញ​នេះ ដែល​ស្មើ​នឹង​ ៨៤.៥៨​ភាគរយ​នៃ​ចំនួន​ពលរដ្ឋ​មាន​ឈ្មោះ​បោះឆ្នោត​ក្នុង​បញ្ជី​បោះ​ឆ្នោត​សរុប​ជាង ៩.៧១​លាន​នាក់។

ខាង​ក្រោម​នេះ គឺ​ជា​របាយការណ៍​ស្ដី​ពី​ចំនួន​ប្រជា​ពលរដ្ឋ​ចេញ​ទៅ​បោះ​ឆ្នោត​ដែល​ត្រូវ​បានផ្សព្វផ្សាយ​ដោយ គ.ជ.ប. នៅ​លើ​ទំព័រ​ហ្វេសប៊ុក​ផ្លូវការ​របស់​ខ្លួន​កាល​ពី​ថ្ងៃ​ម្សិល​មិញ​នេះ​។

Facebook Post | Archived Link

សន្និដ្ឋាន

Fact Crescendo Cambodia បាន​រក​ឃើញថា ការ​អះអាង​ដូច​ដែល​ត្រូវ​បាន​រៀបរាប់​ខាង​លើ​នេះ មិន​ត្រឹម​ត្រូវ​នោះ​ឡើយ។ សាមី​ខ្លួន លោក នី ណាក់ ដែល​ជា​អតីត​អ្នក​គាំ​ទ្រ​បក្ស​ប្រឆាំង បាន​បញ្ជាក់​ថា រូបថត​នេះ​មួយ​សន្លឹក​ដែល​មាន​រូប​លោក​នោះ មិន​ពាក់​ព័ន្ធ​នឹង​ការ​បោះ​ឆ្នោត​ជ្រើស​តាំង​តំណាង​រាស្ត្រ​អាណត្តិ​ទី​៧ ឆ្នាំ​២០២៣​នោះ​ឡើយ។ លោក នី ណាក់ បញ្ជាក់​ថា លោក​បាន​ចូលរួម​បោះ​ឆ្នោត​កាល​ពី​ថ្ងៃ​ម្សិល​មិញ​នេះ។

Avatar

Title:រូបថត​ចាស់​របស់​អតីតអ្នក​រិះគន់​លោក ហ៊ុន សែន ត្រូវ​បាន​បង្ហោះ​ឡើង​ភ្ជាប់​នឹង​ការ​បោះ​ឆ្នោត​ម្សិល​មិញ​នេះ

Written By: Jay Udom

Result: False