លោក សម រង្ស៊ី មិនបានទទួលមរណភាពដូចការអះអាងនៅលើបណ្ដាញសង្គមនោះឡើយ
ខណៈដែលការបោះឆ្នោតជាតិជ្រើសតាំងតំណាងរាស្ដ្រនីតិកាលទី៧ នឹងធ្វើឡើងនៅថ្ងៃអាទិត្យចុងសប្ដាហ៍នេះនោះ រូបថតមួយសន្លឹកដែលបង្ហាញស្ត្រីមួយក្រុមស្លៀកពាក់ខ្មៅ និងសែងមឈូសមានបិទរូបថត លោក សម រង្ស៊ី ក្នុងន័យថា មេដឹកនាំបក្សប្រឆាំងរូបនេះទទួលមរណភាព។ រូបថតនេះ ត្រូវបានអ្នកប្រើប្រាស់ចែករំលែកបន្ត និងបញ្ចេញមតិប្រតិកម្មចម្រុះនាពេលថ្មីៗនេះ។ ទោះជាយ៉ាងណា ការត្រួតពិនិត្យការពិត និងផ្ទៀងផ្ទាត់របស់យើង បានរកឃើញថា រូបថតនេះត្រូវបានកាត់ត។
ការអះអាងលើបណ្ដាញសង្គម
កាលពីថ្ងៃទី១៧ ខែកក្កដា ឆ្នាំ២០២៣កន្លងទៅថ្មីៗនេះ អ្នកប្រើប្រាស់ហ្វេសប៊ុកម្នាក់ បានបង្ហោះរូបថតមួយសន្លឹក ដែលបង្ហាញស្ត្រីមួយក្រុមដង្ហែមឈូសមានរូបថតរបស់លោក សម រង្ស៊ី តាំងនៅពីមុខ ដោយភ្ជាប់ថា លោកបានទទួលមរណភាពហើយ។
រូបថតភ្ជាប់ជាមួយទៅនឹងសំណេរខាងលើនេះ ត្រូវបានចែកចាយតៗគ្នាជាច្រើនដង រួមជាមួយនឹងប្រតិកម្ម និងការបញ្ចេញមតិចម្រុះពីសំណាក់អ្នកប្រើប្រាស់សង្គមហ្វេសប៊ុកនិយាយភាសាខ្មែរជាច្រើនផងដែរ។
ខាងក្រោមនេះ គឺជារូបភាពផ្ដាមចេញពីប៉ុស្ដិ៍របស់អ្នកប្រើប្រាស់ដែលបានរៀបរាប់ថា «ត្បិតប្រឆាំងដោយចរិតបំផ្លាញជាតិ តែបើតៃហោងហើយ ក៏អហោសិកម្មចុះ»។
រូបថតមួយសន្លឹកនេះ ក៏ត្រូវបានអ្នកប្រើប្រាស់បណ្ដាញសង្គមហ្វេសប៊ុកដទៃបង្ហោះផងដែរ ហើយទទួលបានការចែករំលែកបន្តជាច្រើន និងប្រតិកម្មចម្រុះបែប។
ខាងក្រោមនេះ គឺជារូបភាពផ្ដាមចេញពីអ្នកប្រើប្រាស់ហ្វេសប៊ុកមួយដែលសរសេររៀបរាប់ថា «សពរបស់ជនក្បត់ជាតិបីជំនាន់ឈ្មោះ សម រង្ស៊ី អមដង្ហែជាប់មឈូសខ្មោចដោយស្ត្រីរកស៊ីផ្លូវភេទ៥នាក់ដែលត្រូវបានគេជួលមកឱ្យធ្វើជាកូនរបស់ខ្មោច»។
ខាងក្រោមនេះ គឺជារូបភាពផ្ដាមចេញពីអ្នកប្រើប្រាស់ហ្វេសប៊ុកមួយទៀត ដែលសរសេររៀបរាប់ថា «R.I.P ទៅឱ្យបានសុខចុះ កើតជាតិណាៗសូមកុំឱ្យអាក្រក់ក្បត់ជាតិដូចជាតិនេះទៀត ស្ដាយណាស់មិនទាន់បានវ៉ៃក្បាលនឹងស្បែកជើងផង ងាប់បាត់»។
ការត្រួតពិនិត្យការពិត
Fact Crescendo Cambodia បានត្រួតពិនិត្យ និងផ្ទៀងផ្ទាត់ទៅលើព័ត៌មានអះអាងខាងលើ តាមរយៈកម្មវិធី Google Reverse Image Search និងសារបង្ហោះរបស់លោក សម រង្ស៊ី នាប៉ុន្មានថ្ងៃចុងក្រោយនេះ។
ដំណឹងមរណភាពរបស់មេដឹកនាំប្រឆាំងកំពូលម្នាក់នេះ គួរតែត្រូវបានប្រកាសជាផ្លូវការ និងផ្សព្វផ្សាយទូលំទូលាយដោយប្រព័ន្ធផ្សព្វផ្សាយព័ត៌មាននានា ឬតាមរយៈគណបក្សរបស់ខ្លួនផ្ទាល់ ប៉ុន្ដែ គិតត្រឹមថ្ងៃទី២២ ខែកក្កដា ឆ្នាំ២០២៣នេះ ពុំមានព័ត៌មានផ្លូវការណាមួយចុះផ្សាយនោះឡើយ។
យើងបានរកឃើញវីដេអូមួយដែលបង្ហោះដោយអ្នកប្រើប្រាស់បណ្ដាញសង្គម TikTok កាលពីថ្ងៃទី១៦ ខែកក្កដា ឆ្នាំ២០២៣ ដែលបង្ហាញស្ត្រីមួយក្រុមស្លៀកពាក់ខ្មៅ បានដង្ហែមឈូសមួយមានបិទរូបថតលោកនាយករដ្ឋមន្ត្រី ហ៊ុន សែន នៅខាងមុខនោះ។
សំណេររៀបរាប់ភ្ជាប់ជាមួយវីដេអូនោះ បានឱ្យដឹងថា រូបថតនៃវីដេអូនោះ គឺជាការបង្ហាញបាតុកម្មរបស់ប្រជាពលរដ្ឋខ្មែរនៅអូស្ត្រាលីប្រឆាំងទៅនឹងលោក ហ៊ុន សែន។
ការដង្ហែហឹបមឈូសខាងលើ ត្រូវបានផ្សព្វផ្សាយដោយទំព័រហ្វេសប៊ុកមួយ ដែលបង្ហាញទិដ្ឋភាពបាតុកម្មប្រឆាំងនឹងការបោះឆ្នោតនៅក្នុងប្រទេសកម្ពុជា ដែលត្រូវបានរៀបចំឡើងនៅក្នុងទីក្រុងមែលប៊ន (Melborne) ប្រទេសអូស្រ្តាលី កាលពីថ្ងៃទី១៦ ខែកក្កដា ឆ្នាំ២០២៣កន្លងទៅ ដោយមិនបានបង្ហាញទិដ្ឋភាពរូបថតរបស់លោក សម រង្ស៊ី នោះឡើយ។
ខាងក្រោមនេះ គឺជាវីដេអូឃ្លីបនៃទិដ្ឋភាពបាតុកម្មរបស់ប្រជាពលរដ្ឋរស់នៅក្នុងប្រទេសអូស្ត្រាលី ប្រឆាំងទៅនឹងការបោះឆ្នោតនៅកម្ពុជានាថ្ងៃអាទិត្យ ទី២៣ ខែកក្កដា ខាងមុខនេះ។
មេដឹកនាំបក្សប្រឆាំង លោក សម រង្ស៊ី បានបង្ហាញវត្តមាននៅក្នុងកម្មវិធី «វេទិកាសំឡេងសង្គ្រោះជាតិ» ដែលផ្សាយនៅលើទំព័រហ្វេសប៊ុកផ្លូវការរបស់លោកនៅថ្ងៃសៅរ៍នេះ។
ខាងក្រោមនេះ គឺជាវីដេអូឃ្លីបទាំងស្រុង នៃកិច្ចពិភាក្សាផ្សាយផ្ទាល់មួយ ដែលមានវត្តមានរបស់លោក សម រង្ស៊ី បានចូលរួមជាវាគ្មិនដោយផ្ទាល់។
កម្ពុជាគ្រោងរៀបចំការបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រនៅថ្ងៃស្អែក ២៣ កក្កដា ឆ្នាំ២០២៣ ដោយគណបក្សភ្លើងទៀនមិនត្រូវបានអនុញ្ញាតឱ្យចូលរួមប្រកួតប្រជែងនោះឡើយ។
ខាងក្រោមនេះ គឺជាការប្រៀបធៀបរវាងរូបថតដែលត្រូវបានកាត់ត និងរូបថតច្បាប់ដើមដែលត្រូវបានរកឃើញផ្សព្វផ្សាយនៅលើបណ្ដាញសង្គម។
ដើម្បីស្វែងរកព័ត៌មានពិត សូមតាមដានការផ្សាយរបស់យើងតាមរយៈប្រព័ន្ធដូចខាងក្រោម៖
Facebook Twitter Telegram Google News TikTok
សន្និដ្ឋាន
Fact Crescendo Cambodia រកឃើញថា រូបថតដែលបានបង្ហោះដោយអ្នកប្រើប្រាស់ខាងលើនេះ គឺត្រូវបានកាត់ត។ ការពិត នោះគឺជាទិដ្ឋភាពនៃក្រុមបាតុករដង្ហែមឈូសក្លែងក្លាយ ដែលមានរូបថតលោកនាយករដ្ឋមន្រ្ដី ហ៊ុន សែន។ ចំណែកលោក សម រង្ស៊ី នៅរស់រានមានជីវិតជាធម្មតា ហើយលោកទើបតែបង្ហាញវត្តមាននៅក្នុងវេទិកាសំឡេងសង្គ្រោះជាតិ កាលពីថ្ងៃទី២២ ខែកក្កដា ឆ្នាំ២០២៣។
Title:លោក សម រង្ស៊ី មិនបានទទួលមរណភាពដូចការអះអាងនៅលើបណ្ដាញសង្គមនោះឡើយ
Written By: Kakada SimResult: Altered