Fact Check: តើ​ថ្នាក់​ដឹកនាំ​ជាន់​ខ្ពស់​នៃ​កម្ពុជា​បាន​កាន់​ទង់​ជាតិ​ និង​ពាក់​មួក​របស់​វៀត​ណាម​មែន​ដែរ​ឬ​ទេ​?

Political Satire

សកម្ម​ភាព​​ និង​ការ​បញ្ចេញ​មតិ​រិះគន់​ធ្វើ​ឲ្យ​ប៉ះ​ពាល់​​ដល់​​កិត្តិ​នាម​​របស់​​ព្រះមហាក្សត្រកម្ពុជា​ ត្រូវ​បាន​ធ្វើ​ឡើង​ជា​រឿយ​ៗ​ពី​សំណាក់អតីត​ប្រធាន​គណបក្ស​ប្រឆាំង​ និង​​អ្នក​គាំទ្រ​​ដ៏​ធំ​មួយ​ ដែល​វា​បាន​ក្លាយ​ជា​ប្រធាន​បទ​ដេញ​ដោល​ និង​ជជែក​វែក​ញែក​នៅ​លើ​បណ្តាញ​សង្គម​នានា​យ៉ាង​ផុស​ផុល។​

នៅ​ក្នុង​ចំណោម​នោះ​​ មាន​រូបថត​មួយ​សន្លឹក​​បង្ហាញ​រូប​ថ្នាក់​ដឹក​នាំ​កម្ពុជា​បាន​ពាក់​មួក​ និង​កាន់​ទង់​ជាតិ​របស់​ប្រទេស​វៀត​ណាម​ដែល​ត្រូវ​បាន​បង្ហោះ​ និង​ចែក​ចាយ​នៅ​លើ​បណ្តាញ​សង្គម​ហ្វេស​ប៊ុក​កម្ពុជា​។​

ទោះជាយ៉ាងណា ការ​ត្រួត​ពិនិត្យ​ការពិត​របស់​ Fact Crescendo Cambodia បាន​រក​ឃើញ​ថា រូបថត​ដែល​អ្នក​ប្រើ​ប្រាស់​បង្ហោះ​ និង​ចែក​ចាយ​នៅ​លើ​បណ្តាញ​សង្គម​នោះ មិនមែន​ជា​ការ​ពិត​នោះ​ឡើយ។

ការ​អះ​អាង​លើ​បណ្តាញសង្គម

កាល​ពី​ថ្ងៃ​ទី​១៥​​ ខែ​ឧសភា​ ឆ្នាំ​២០១៩​កន្លង​ទៅ​នេះ​ ​មាន​អ្នក​ប្រើ​ហ្វេស​ប៊ុក​ម្នាក់​ បាន​បង្ហោះ​រូប​ថត​មួយ​សន្លឹក​​ បង្ហាញ​រូប​របស់​ថ្នាក់​ដឹក​នាំ​ជាន់​ខ្ពស់កម្ពុជា​ ដែល​ក្នុង​នោះ​លោក​ ហេង​ សំរិន​ ដែល​ជា​ប្រធាន​រដ្ឋ​សភា​នៃ​កម្ពុជា​ បាន​កំពុង​ឈរ​កាន់​ទង់​ជាតិ​របស់​រដ្ឋ​កម្ពុជា​ និងទង់​ជាតិ​វៀត​ណាម​ ខណៈ​ដែល​សម្ដេច​​ព្រះ​​បរមនាថ​ នរោត្តម​ សីហមុនី​ ព្រះ​មហាក្សត្រ​នៃ​កម្ពុជា​ទ្រង់​បាន​​ពាក់​មួក​របស់​ប្រទេស​វៀត​ណាម​ផង​ដែរ​។​​

អ្នក​ប្រើ​ប្រាស់​ដដែល​ខាង​លើ​នេះ​ ពុំ​បាន​បញ្ជាក់​អំពីទី​តាំង​ និងព័ត៌​មាន​លម្អិត​ជាក់​លាក់​អំពី​ទិដ្ឋ​ភាព​នៃ​រូបថត​នោះ​ទេ​។​

រូប​ថត​នេះ​ត្រូវ​បាន​ចែក​រំលែក​ត​ៗ​គ្នា​ជាច្រើន​រយ​ដង​ រួម​ជាមួយ​នឹង​ប្រតិកម្ម​ និង​ការ​បញ្ចេញ​មតិ​ចម្រុះ​ពី​​សំណាក់​អ្នក​ប្រើ​ហ្វេស​ប៊ុក​និយាយ​ភាសា​ខ្មែរ​ផង​ដែរ​។​

រូបភាព​ផ្ដាម​ចេញ​ពី​ប៉ុស្តិ៍​របស់​អ្នក​ប្រើ​ហ្វេសប៊ុក ដែល​បាន​សរសេរ​រៀប​រាប់​ថា​ «អ្នក​ដែល​ថា​ ស្តេច​ធ្វើ​អី្វ​មិន​កើត​ ដោយ​សារ​នៅ​ក្រោម​អំណាច​ហ៊ុនសែន​នោះ​ គឺខុស​ហើយ​ តាម​ពិត​ពួក​វា​ត្រូវ​តែ​គ្នា​ហ្នឹង​ ក្បត់​ជាតិ​ដូច​តែ​គ្នា​ ចង់​ឬ​មិន​ចង់​ ស្តេច​ត្រូវ​ទទួល​ខុស​ត្រូវ​ ជាង​ហ៊ុន​សែន​ផង​ អ្នក​និយាយ​បែប​នេះ​ គឺ​ផ្កាប់​មុខ​នឹង​ស្តេច​ គ្រាន់​តែ​ចង់​លាង​គូថឲ្យ​ស្តេច​ប៉ុណ្ណោះ​ ស្តេច​បាន​ប្រថាប់​ត្រា​លើ​ទង្វើ​ក្បត់​ជាតិ​ជា​ច្រើន​ ឲ្យ​រដ្ឋាភិបាល​ សូម្បី​តែ​ច្បាប់​ក៍​នៅ​លើ​ស្តេច​ដែរ​ ហេតុ​អី្វ​ស្តេច​មិន​ក្បត់​ជាតិ​នោះ​ ពិត​ណាស់​ នេះ​ជា​ចេតនា​ស្តេច​យ៉ាង​ច្បាស់​ មិន​មែន​ស្តេច​មិន​ចង់​ឡើយ​»​។​

Facebook Post | Archived Link

ការត្រួត​ពិនិត្យ​ការ​ពិត

Fact Crescendo Cambodia បាន​ចាប់​ផ្ដើម​ត្រួត​ពិនិត្យ​​ និង​ផ្ទៀង​ផ្ទាល់​លើ​រូបភាព​នេះ​តាម​រយៈ​ការ​ដំណើរការ​កម្មវិធី​ស្វែង​រក​រូបថត​របស់ក្រុមហ៊ុន​ Google ដែលនាំ​ឱ្យ​យើង​ជួប​ប្រទះ​នូវ​ប្រភព​ និង​ខ្លឹម​សារ​រូបថត​នៃ​ច្បាប់​ដើម​មួយ​ចំនួន។ 

រូប​ថត​មួយ​សន្លឹក​ដែល​មានទម្រង់​ និង​ភិនភាគ​ដូច​គ្នា​ទាំង​ស្រុង​ ត្រូវ​បាន​រក​ឃើញ​ និង​ផ្សព្វ​ផ្សាយ​ដោយ​គេហទំព័រសារព័ត៌មាន​ Radio Free Asia កាល​ពី​ថ្ងៃ​ទី​០៩​ ខែវិចិ្ឆកា​ ឆ្នាំ​២០១៥​​កន្លង​ទៅ​នេះ​។​

រូប​ភាព​ផ្តាម​ចេញ​ពី​គេហទំព័រ​សារព័ត៌មាន​ ដែល​បាន​រៀប​រាប់​ថា​ «​​សម្ដេច​​ព្រះ​​បរមនាថ​ នរោត្តម​ សីហមុនី​ (រូប​​កណ្ដាល​) ព្រះ​មហាក្សត្រ​​នៃ​​ព្រះ​រាជា​ណាចក្រ​​កម្ពុជា​ យាង​​ចូល​រួម​​ពិធី​​ខួប​​អនុស្សាវរីយ៍​​លើក​​ទី​៦២​ នៃ​​បុណ្យ​ឯករាជ្យ​ជាតិ​៩ វិច្ឆិកា នា​វិមានឯករាជ្យ​ រាជ​ធានី​​ភ្នំពេញ​ នៅ​​ថ្ងៃ​ទី០៩​ ខែ​​វិច្ឆិកា ឆ្នាំ​​២០១៥​»​។​

Radio Free Asia’s Report | Archived Link

ពិធី​​ខួប​​អនុស្សាវរីយ៍​​លើក​​ទី​៦២​ នៃ​​បុណ្យ​ឯករាជ្យ​ជាតិ​៩ វិច្ឆិកានេះ​​ ក៏​ត្រូវ​បាន​ផ្សព្វ​ផ្សាយ​ និង​បង្ហោះ​ផង​ដែរ​នៅ​ក្នុង​គេហទំព័រ​វីដេអូ​ Youtube កាល​ពី​ថ្ងៃ​ទី​០៩​​ ខែ​វិចិ្ឆកា​ ឆ្នាំ​២០១៥​ ដោយ​ទំព័រ​សារព័ត៌មាន​ VOD News

រូប​ភាព​ផ្តាម​ចេញ​ពី​គេហទំព័រ​ដែល​បាន​សរសេរ​រៀបរាប់​ថា​ «កម្ពុជា​រំឭក​​ខួប​​៦២​ឆ្នាំ​នៃ​បុណ្យ​ឯក​រាជ្យ​ជាតិ ​ពី​អាណា​ព្យាបាល​បារាំង​​​»។

Youtube Link | Archived Link

តាម​រយៈ​គេហទំព័រ​ FreeWeChat ក៏​បាន​ផ្សព្វ​ផ្សាយ​ និង​បង្ហោះ​រូប​ថត​មួយ​សន្លឹក​ដែល​មាន​ទម្រង់​ដូច​គ្នា​របស់​សម្ដេច​​ព្រះ​​បរមនាថ​ នរោត្តម​ សីហមុនី​ និង​ថ្នាក់​ដឹក​នាំ​ជាន់​ខ្ពស់​របស់​កម្ពុជា​ផងដែរ​ ដែល​ក្នុង​នោះ​ពុំ​បាន​បង្ហាញ​ទិដ្ឋភាព​ថ្នាក់​ដឹក​នាំ​របស់​កម្ពុជា​កាន់​ទង់​ជាតិ​ ឬ​ពាក់​មួក​វៀត​ណាម​នៅ​ក្នុង​ពិធី​រំឭក​​ខួប​​៦២​ឆ្នាំ​នៃ​បុណ្យ​ឯក​រាជ្យ​ជាតិនោះ​ឡើយ​។​

រូប​ភាព​ផ្តាម​ចេញ​ពី​គេហទំព័រ​​ដែល​បាន​រៀប​រាប់​ជាភាសា​ចិន​ថា​ «柬埔寨国王与洪森总理出席独立节点灯仪式»​​ ឬ​ប្រែ​ជា​ភាសា​ខ្មែរ​តាម​រយៈ​កម្មវិធី​ Google Translate ដែល​មាន​ន័យ​ថា​ «ព្រះ​មហាក្សត្រ​នៃ​ព្រះ​រាជាណាចក្រ​កម្ពុជា​ និង​លោក​នាយក​រដ្ឋ​មន្រ្តី​ ហ៊ុន​សែន​ បាន​ចូល​រួម​ក្នុង​ពិធី​បុណ្យ​ឯករាជ្យ​ជាតិ​»​​។​

FreeWeChat Link | Archived Link

សន្និដ្ឋាន

Fact Crescendo Cambodia បាន​រក​ឃើញ​ថា រូបថត​ដូច​ដែល​បាន​រៀប​រាប់​ខាង​លើ​ត្រូវ​បាន​កាត់​ត មុន​នឹង​បង្ហោះ និង​ចែក​រំលែក​នៅ​លើ​បណ្ដាញ​សង្គម​ហ្វេសប៊ុក។ ការ​ពិត​​រូប​ថត​មួយ​សន្លឹក​នេះ​ ពុំ​បាន​បង្ហាញ​ទិដ្ឋភាព​ថ្នាក់​ដឹក​នាំ​របស់​កម្ពុជា​កាន់​ទង់​ជាតិ​ ឬ​ពាក់​មួក​វៀត​ណាម​នៅ​ក្នុង​ពិធី​រំឭក​​ខួប​​៦២​ឆ្នាំ​នៃ​បុណ្យ​ឯក​រាជ្យ​ជាតិកាល​ពី​ឆ្នាំ​២០១៥​នោះ​ទេ​។​

Avatar

Title:តើ​ថ្នាក់​ដឹកនាំ​ជាន់​ខ្ពស់​នៃ​កម្ពុជា​បាន​កាន់​ទង់​ជាតិ​ និង​ពាក់​មួក​របស់​វៀត​ណាម​មែន​ដែរ​ឬ​ទេ​?

Fact Check By: Kakada Sim 

Result: Satire

Leave a Reply

Your email address will not be published.