ខណៈ​ដែល​វីដេអូ​ចម្លែកៗ​ជាច្រើន​ត្រូវ​បាន​បង្ហោះ​នៅ​លើ​បណ្ដាញ​សង្គម​នោះ ​វីដេអូ​មួយ​បង្ហាញ​ហេតុការណ៍​ផ្ទុះ​ដ៏​ខ្លាំង​ក្លាយ​មួយ ត្រូវ​បាន​គេ​អះអាង​ថា វា​ជា​ហេតុការណ៍​វាយ​ប្រហារ​បណ្ដាល​មក​ពី​សង្គ្រាម។ វីដេអូ​ជាមួយ​សំណេរ​បែប​នេះ ត្រូវ​បាន​ចែក​រំលែក​ជាច្រើន​ដង​នៅ​លើ​បណ្ដាញ​សង្គម។ ទោះជាយ៉ាងណា យើង​រក​ឃើញ​ថា ការ​បង្ហោះ​វីដេអូ​នេះ​មិន​ត្រឹម​ត្រូវ​នោះ​ឡើយ។

ការអះអាង​លើ​បណ្ដាញ​សង្គម

វីដេអូ​នៃ​ការ​ផ្ទុះ​ដ៏​មហិមា​មួយ ត្រូវ​បាន​គេ​បង្ហោះ​នៅ​លើ​បណ្ដាញ​សង្គម​ជាមួយ​នឹង​សំណេរ​រៀបរាប់​ថា ការ​ផ្ទុះ​នោះ​ជា​លទ្ធផល​នៃ​សង្គ្រាម ប៉ុន្តែ ពុំ​បាន​ផ្ដល់​ព័ត៌មាន​លម្អិត​បន្ថែម​ទៀត​នោះឡើយ។

វីដេអូ​ជាមួយ​សំណេរ​បែប​នេះ ត្រូវ​បាន​ចែក​រំលែក​បន្ត​ជាច្រើន​ដង​ពី​សំណាក់​អ្នក​ប្រើ​ប្រាស់​ហ្វេសប៊ុក ក្នុង​មាន​ទាំង​ការ​បញ្ចេញ​ប្រតិកម្ម​ផ្សេង និង​មតិ​យោបល់​ផង​ដែរ។

ខាង​ក្រោម​នេះ គឺ​ជា​វីដេអូ​ទាំងស្រុង​នៃ​ការ​ផ្ទុះ​ដ៏​ធំ​សម្បើម​នោះ​ដែល​ត្រូវបាន​បង្ហោះ​លើ​បណ្ដាញ​សង្គម​កាល​ពី​ថ្ងៃ​ទី​២៧ ខែ​កុម្ភៈ ឆ្នាំ​២០២៤ ជាមួយ​សំណេរ​រៀបរាប់​ថា “នេះហើយ​សង្គ្រាម”។

Facebook Post | Archived Link

ការ​ត្រួត​ពិនិត្យ​ការ​ពិត

Fact Crescendo Cambodia បាន​ចាប់​ផ្ដើម​ត្រួត​ពិនិត្យ និង​ផ្ទៀង​ផ្ទាត់​ទៅ​លើ​ការ​អះអាង​​ខាង​លើ​នេះ​តាម​រយៈ​ការ​​​ដំណើរការ Google Reverse Image Search ដែល​នាំ​ឱ្យ​យើង​រក​ឃើញ​ការពិត​ដូច​ខាង​ក្រោម​នេះ។

តាម​រយៈ Google Reverse Image Search យើង​បាន​រក​ឃើញ​វីដេអូ​នៃ​ការ​ផ្ទុះ​ដ៏​ខ្លាំង​ក្លា​នេះ ត្រូវ​បាន​ចុះ​ផ្សាយ​ដោយ​បណ្ដាញ​សារព័ត៌មាន​អន្តរជាតិ​​កាល​ពី ៤​ឆ្នាំ​មុន​មក​ម៉្លេះ។

នៅ​ក្នុង​សេចក្ដី​រាយការណ៍​របស់​ខ្លួន​កាល​ពី​ខែ​សីហា ឆ្នាំ​២០២០ ទស្សនាវដ្ដី​អនឡាញ TMZ បាន​និយាយ​ថា វីដេអូ​នៃ​ការ​ផ្ទុះ​ដ៏​ខ្លាំង​នេះ គឺ​ជា​ហេតុការណ៍​ផ្ទុះ​ឃ្លាំង​ផ្ទុះ​សារធាតុ​គីមី​នៅ​តំបន់​កំពង់ផែ​មួយ​នៃ​ទីក្រុង​បៃរ៉ូត (Beirut) ប្រទេស​លីបង់ ដែល​បាន​សម្លាប់​មនុស្ស​យ៉ាង​តិច ១៣៥​នាក់ និង​បង្ក​ឱ្យ​មនុស្ស​ ៥,០០០​នាក់​រង​របួស​កាល​ពី​ដើម​ខែ​សីហា​ក្នុង​ឆ្នាំ​២០២០។

បើ​តាម​សេចក្ដី​រាយការណ៍​ដដែល​នេះ វីដេអូ​មួយ​ផ្នែក​ត្រូវ​បាន​អ្នកជិះ​ម៉ូតូ​ទឹក​ផ្ដិត​យក​បាន​នៅ​ឯ​តំបន់​មាត់​សមុទ្រ​ ជាទី​ដែល​ការ​ផ្ទុះ​ឃ្លាំង​គីមី​នោះ​បាន​កើត​ឡើង។

ខាង​ក្រោម​នេះ គឺ​ជា​រូបភាព​ផ្ដាម​ចេញ​ពី​អត្ថបទ​របស់​ទស្សនាវដ្ដី TMZ មាន​ចំណង​ជើង​ជា​ភាសា​អង់គ្លេស “BEIRUT EXPLOSION: JET SKI DRIVER GETS MOST DRAMATIC VIDEO OF BLAST.”

TMZ Article | Archived Link

នៅ​ក្នុង​អត្ថបទ​នេះ ទស្សនាវដ្ដី TMZ ក៏​បាន​ភ្ជាប់​មក​ជាមួយ​នូវ​វីដេអូ​បង្ហាញ​ពី​ការ​ផ្ទុះ​ឃ្លាំង​ផ្ទុះ​សារធាតុ​គីមី​នោះ​ដែរ ដែល​វីដេអូ​នោះ​ថត​ដោយ​អ្នក​បើក​បរ​ម៉ូតូ​ទឹក​ម្នាក់។ ទស្សនាវដ្ដី​មួយ​នេះ​បញ្ជាក់​ថា វីដេអូ​ដែល​ថត​បាន​នេះ ត្រូវ​បាន​យក​ពី​បណ្ដាញ YouTube ឈ្មោះ ViralHog។

ក្រៅ​ពី​វីដេអូ​មួយ​ជ្រុង​នៃ​ការ​ផ្ទុះ​ឃ្លាំង​ផ្ទុក​សារធាតុ​គីមី​នៅ​ទីក្រុង​បៃរូត​ត្រូវ​បាន​ថត​ដោយ​អ្នក​ជិះ​ម៉ូតូ​ទឹក វីដេអូ​មួយ​ផ្នែក​ទៀត បង្ហាញ​ពី​ការ​ផ្ទុះ​ដ៏​ខ្លាំង​ក្លា​នោះ​ពី​ជ្រុង​ម្ខាង​ទៀត ហើយ​ត្រូវ​បាន​ផ្ទៀង​ផ្ទាត់​រួច​ហើយ​ដោយ​ក្រុម​ការពារ​ត្រួត​ពិនិត្យ​ព័ត៌មាន​ក្លែង​ក្លាយ​របស់​ទីភ្នាក់ងារ​ព័ត៌មាន​បារាំង AFP។ សូម​មើល​អត្ថបទ​​ទាំង​ស្រុង​នៅ​ទីនេះ

ខាង​ក្រោម​នេះ គឺ​ជា​វីដេអូ​ផ្គុំ​ចេញ​ពី​ប្រភព​នានា ដែល​បង្ហាញ​ពី​កម្លាំង​ផ្ទុះ​ឃ្លាំង​ផ្ទុក​សារធាតុ​គីមី​នៅ​កំពង់ផែ​ក្នុង​ទីក្រុង​បៃរូត ប្រទេស​លីបង់ កាល​ពី​ខែ​សីហា ឆ្នាំ​២០២០​កន្លង​មក។

លោក​អ្នក​អាច​រក​មើល​បាន​នូវ​វីដេអូ​ដទៃ​ទៀត​នៃ​ហេតុការណ៍​ផ្ទុះនោះ​​តាម​រយៈ​ពាក្យ​គន្លឹះ “Beirut Explosion” ឬ​ពាក្យ​ប្រហាក់​ប្រហែល​នឹង​ពាក្យ​គន្លឹះ​នេះ​ផង​ដែរ។

ខាង​ក្រោម​នេះ គឺ​ជា​វីដេអូ​មួយ​ទៀត​ដែល​បង្ហាញ​ពី​ហេតុការណ៍​ផ្ទុះ​នោះ ដែល​ត្រូវ​បាន​បង្ហោះ​នៅ​លើ​បណ្ដាញ YouTube ដោយប្រព័ន្ធ​ផ្សព្វផ្សាយ​ព័ត៌មាន​អង់គ្លេស Guardian News នៅ​ថ្ងៃ​ទី​០៥ ខែ​សីហា ឆ្នាំ​២០២០។

ហេតុករណ៍​ផ្ទុះ​នេះ ក៏​ត្រូវ​បាន​គេ​យល់​ផ្សព្វផ្សាយ​មិន​ត្រឹម​ត្រូវ​ដែរ​កាល​ពី​ខែ​សីហា ឆ្នាំ​២០២៣​កន្លង​មក ហើយ​ក្រុម​ការងារ​ផ្ទៀង​ផ្ទាត់​ការពិត​នៃ​ស្ថាប័ន Fact Crescendo Cambodia បាន​ត្រួត​ពិនិត្យ​ទៅ​លើ​រឿង​នេះរួច​ហើយ​ដែរ។ សូម​មើល​ខ្លឹមសារ​ទាំង​ស្រុង​នៅ​ទីនេះ

សន្និដ្ឋាន

Fact Crescendo Cambodia បាន​រក​ឃើញ​ថា ការ​អះអាង​ដូច​ដែល​ត្រូវ​បាន​រៀបរាប់​ខាង​លើ​នេះ មិន​ត្រឹម​ត្រូវ​នោះ​ឡើយ។ វីដេអូ​បង្ហាញ​ការ​ផ្ទុះ​ដ៏​ខ្លាំង​ក្លា​នេះ មិន​មែន​ជា​ហេតុការណ៍​វាយ​ប្រហារ​ដោយ​កម្លាំង​យោធា​នៅ​ក្នុង​សង្គ្រាម​ណា​មួយ​នោះ​ឡើយ។ វីដេអូ​នេះ បង្ហាញ​ពី​ទិដ្ឋភាព​ពី​ជ្រុង​ផ្សេងៗ​នៃ​ហេតុការណ៍​ផ្ទុះ​ឃ្លាំង​ផ្ទុក​សារធាតុ​គីមី​មួយ​នៅ​កំពង់ផែ​ក្នុង​ទីក្រុង​បៃរូត ប្រទេស​លីបង់ កាល​ពី​ ៤​ឆ្នាំ​មុន។

Avatar

Title:វីដេអូ​នៃ​ហេតុការណ៍​ផ្ទុះ​ឃ្លាំង​ផ្ទុក​សារធាតុ​គីមី​នៅ​លីបង់​៤​ឆ្នាំ​មុន ត្រូវ​បាន​អះអាង​ដោយ​មិន​ត្រឹម​ត្រូវ

Written By: Jay Udom

Result: Misleading