Fact-Check: រូបថត​៣សន្លឹក​​ភ្ជាប់​ដោយ​មិន​ត្រឹម​ត្រូវ​ទៅ​នឹង​ការ​វាយ​ប្រហារ​របស់​អ៊ីស្រាអែល​លើ​ទីក្រុង​កាហ្សា

International Misleading

បន្ទាប់​ពី​ការ​វាយ​ប្រហារ​របស់​អ៊ីស្រាអែល​ទៅ​លើ​ទីក្រុង​កាហ្សា​កាល​ពី​សប្ដាហ៍​មុន បញ្ហា​ជម្លោះ​អ៊ីស្រាអែល-ប៉ាឡេស្ទីន បាន​ក្លាយ​ជា​ប្រធាន​បទ​នៃ​ការ​ជជែក និង​ចែក​ចាយ​​នៅ​លើ​បណ្ដាញ​សង្គម​ចាប់​តាំង​ពី​ពេល​នោះ​មក។ ទន្ទឹម​គ្នា​នេះ រូបថត​ ៣​សន្លឹក​ក្នុង​ចំណោម​សំណុំ​រូបថត ៤​សន្លឹក ត្រូវ​បាន​បង្ហោះ​ និង​ចែក​ចាយ​លើ​បណ្ដាញ​សង្គម​ជាមួយ​ការ​អះ​អាង​ថា ជា​ហេតុការណ៍​នៃ​ការ​វាយ​ប្រហារ​នៅ​ទីក្រុង​កាហ្សា​នា​ពេល​ថ្មីៗ​នេះ។ ទោះជាយ៉ាងណា ការ​ផ្ទៀង​ផ្ទាត់​ការ​ពិត រក​ឃើញ​ថា រូបថត ៣​សន្លឹក​នោះ ត្រូវ​បាន​ភ្ជាប់​ដោយ​មិន​ត្រឹម​ត្រូវ​នឹង​ហេតុការណ៍​នៃ​ការ​វាយ​ប្រហារ​របស់​អ៊ីស្រាអែល​លើ​តំបន់​កាហ្សា​នា​ពេល​ថ្មីៗ​នេះ។

ការ​អះ​អាង​លើ​បណ្ដាញ​សង្គម

កាល​ពី​ថ្ងៃ​ទី​១៥ ខែ​ឧសភា ឆ្នាំ​២០២១ រូបថត​ ៤​សន្លឹក ត្រូវ​បាន​បង្ហោះ​ដោយ​អ្នក​ប្រើ​​ហ្វេសប៊ុក​ម្នាក់​​ជាមួយ​ការ​សំណេរ​រៀបរាប់​រូបថត​ទាំង​នេះ​ទៅ​នឹង​​ការ​វាយ​ប្រហារ​របស់​កង​ទ័ព​អ៊ីស្រាអែល​ទៅ​លើ​ទីក្រុង​កាហ្សា (Gaza)​នាពេល​ថ្មីៗ​នេះ ដែល​បាន​បង្ក​សោកនាដកម្ម​ទៅ​លើ​ជន​ស៊ីវិល​ស្លូត​ត្រង់​ជា​ជន​ជាតិ​ប៉ាឡេស្ទីន​ជាច្រើន​នាក់។ អ្នក​ប្រើ​ហ្វេសប៊ុក​​ដដែល​នេះ បាន​រៀបរាប់​បន្ត​ថា ការ​វាយ​ប្រហារ​តាម​ផ្លូវ​អាកាស​ពី​សំណាក់​កងទ័ព​អ៊ីស្រាអែល​នេះ គឺ​ជា​ការ​សង​សឹក​ទៅ​លើ​ក្រុម​ហាម៉ាស​(Hamas) ដែល​ជា​ក្រុម​បះបោរ​ប្រដាប់​អាវុធ​របស់​ជន​ជាតិ​ប៉ាឡេស្ទីន​ប្រឆាំងន​ឹង​ប្រទេស​អ៊ីស្រាអែល។

រូបថត​ទាំង ៤​សន្លឹក​ដែល​ត្រូវ​បាន​បង្ហោះ​ភ្ជាប់​នឹង​សំណេរ​នេះ រួម​មាន៖

១. រូបថត​​បង្ហាញ​យន្ត​ចម្បាំង​យោធា ៤​គ្រឿង​ហោះ​ហើរ​លើ​ដែន​អាកាស

២. រូបថត​បង្ហាញ​កំសួល​ភ្លើង និង​ផ្សែង​ផ្ទុះ​ឡើង​គ្រប​ដណ្ដប់​លើ​អគារ​លំនៅឋាន​ខ្ពស់ៗ

៣. រូបថត​នាយករដ្ឋ​មន្ត្រី​អ៊ីស្រាអែល​បច្ចុប្បន្ន លោក បេនចាមីន ណេតាន់យ៉ាហ៊ូ (Benjamin Netanyahu)​

៤. រូបថត​បង្ហាះ​មនុស្ស​មួយ​ក្រុម​ស្លៀក​ពាក់​ស៊ីវិល​ផង និង​ស្លៀក​ពាក់​ឯក​សណ្ឋាន​យោធា​ផង​ ប្រមូល​ផ្ដុំ​បង្ហាញ​​ការ​តវ៉ា និង​ដុត​ទង់ជាតិ​ និង​រូបថត​មេដឹកនាំ​អ៊ីស្រាអែល

រូបថតជាមួយ​សំណេរ​បែប​នេះ ត្រូវ​បាន​ចែក​រំលែក​ជាច្រើន​ដង​ជាមួយ​ការ​បញ្ចេញ​ប្រតិកម្ម និង​មតិ​ចម្រុះ​បែប​ផង​ដែរ។ វា​ក៏​ត្រូវ​បាន​ចែក​រំលែក​កាន់​គ្រុប​ហ្វេសប៊ុក​ដទៃ​ទៀត​ដែល​មាន​សមាជិក​ដល់​ទៅ​ជាង ២២​ម៉ឺន​គណនី​ហ្វេសប៊ុក​ផង​ដែរ។

រូបភាព​ផ្ដាម​ចេញ​ពី​ប៉ុស្តិ៍​ភ្ជាប់​ជាមួយ​រូបថត រៀបរាប់​ថា​ «Canada May 15, 2021 មួយ​ប៉ប្រិច​ភ្នែក​នៃ​ការ​សម្លាប់​រង្គាល​ Gaza Strip»។

«គ្រាន់​តែ​មួយ​ប៉ប្រិច​ភ្នែក​ប៉ុណ្ណោះ តំបន់ Gaza Strip ក្លាយ​ជា​សោកនាដកម្ម​សែន​រន្ធត់ ដែល​សម្លាប់​ប្រជាជន​ស្លូត​ត្រង់​ Palestine រាប់​រយ​នាក់​ដោយ​ការ​វាយ​ប្រហារ​តាម​អាកាស​របស់​អ៊ីស្រាអែល ដើម្បី​សង​សឹក​ក្រុម Hamas។ កាសែត​អារ៉ាប់​សរសេរ​ថា ជាង ៧៣​ឆ្នាំ​ចាប់​តាំង​ពី​ការ​បង្កើត​រដ្ឋ​ Israel ឆ្នាំ​១៩៤៨​មក មនុស្ស​ជិត ២​ម៉ឺន​នាក់ បាន​ស្លាប់ និង​ភូមិ​ជាង ១៥០​មិន​នៃ​តំបន់ Gaza Strip ត្រូវ​បាន​កម្ទេច​ក្នុង​ការ​ពង្រីក​រដ្ឋ​អ៊ីស្រាអែល។ #សូម​ចូលរួម​មរណ​ទុក្ខ​ជាមួយ​ពលរដ្ឋ​ប៉ាឡេស្ទីន តែ​មិន​គាំ​ទ្រ​ក្រុម​ហាម៉ាស់​នោះ​ឡើយ»។

Facebook Post | Archived Link

ការ​ពិនិត្យ​ការ​ពិត

Fact Crescendo Cambodia ចាប់​ផ្ដើម​ត្រួត​ពិនិត្យ​ទៅ​លើ​រូបថត​ទាំង ៤​សន្លឹក​ដែល​ត្រូវ​បាន​បង្ហោះ​ចូល​បណ្ដាញ​សង្គម​ ហើយ​ភ្ជាប់​ទៅ​នឹង​ហេតុការណ៍​នៃ​ការ​វាយ​ប្រហារ​នា​ពេល​ថ្មីៗ​នេះ​របស់​អ៊ីស្រាអែល​ទៅ​លើ​តំបន់​កាហ្សា ដែល​ដំណើរការ​ត្រួត​ពិនិត្យ​នេះ​ត្រូវ​បាន​ធ្វើ​ឡើង​តាម​រយៈ​កម្មវិធី​ស្រាវ​ជ្រាវ​រូបថត​របស់​ Google។

តាម​រយៈ​ប្រព័ន្ធ​ស្វែង​រក​រូបថត​របស់ Google យើង​បាន​រក​ឃើញ​រូបថត​ដើម​ដូច​ទៅ​នឹង​រូបថត​ដែល​ត្រូវ​បាន​រៀប​រាប់​ខាង​លើ​នេះ ដែល​បង្ហាញ​ព័ត៌មាន​លម្អិត​ដូច​ខាង​ក្រោម​នេះ៖

១. រូបថត​យន្ត​ហោះ​ចម្បាំង ៤​គ្រឿង ត្រូវ​បាន​ចុះ​ផ្សាយ​ជាមួយ​​អត្ថបទ​មួយ​របស់​សារ​ព័ត៌មាន The Times of Israel កាល​ពី​ខែ​ឧសភា ឆ្នាំ​២០១៧។ ក្រៅ​ពី​រូបថត វីដេអូ​នៃ​យន្តហោះ​ចម្បាំង ៤​គ្រឿង ក៏​ត្រូវ​បាន​ភ្ជាប់​ជាមួយ​អត្ថបទ​សារព័ត៌មាន​ផង​ដែរ។ អត្ថបទ​សារព័ត៌មាន​នោះ និយាយ​ថា កង​ទ័ព​អាកាស​អ៊ីស្រាអែល និង​សហរដ្ឋ​អាមេរិក ធ្វើ​សមយុទ្ធ​រួម​គ្នា​មួយ​នៅ​មុន​ដំណើរ​ទស្សនកិច្ច​របស់​លោក ដូណាល់ ត្រាំ ដែល​ជា​ប្រធានាធិបតី​អាមេរិក​នៅ​ក្នុង​ឆ្នាំ​២០១៧។

ព័ត៌មាន​លម្អិត​​នៅ​ក្រោម​​រូបថត​នេះ (Photo caption) ត្រូវ​បាន​សរសេរ​ថា យន្ត​ហោះ​ចម្បាំង F-15 និង F-16 របស់​អ៊ីស្រាអែល និង​សហរដ្ឋ​អាមេរិក ហោះ​ហើរ​រួម​គ្នា​នៅ​លើ​ដែន​អាកាស​ភាក​ខាង​ត្បូង​នៃ​ប្រទេស​អ៊ីស្រាអែល​នៅ​ក្នុង​ខែ​ឧសភា ឆ្នាំ​២០១៧។

The Times of Israel Report | Archived Link

២. ចំណែ​ករូបថត​បង្ហាញ​​កំសួល​ភ្លើង និង​ផ្សែង​គ្រប​ដណ្ដប់​លើ​អគារ​ជាច្រើន​នោះ ត្រូវ​បាន​ចុះ​ផ្សាយ​នៅ​ក្នុង​អត្ថបទ​មួយ​របស់​សារព័ត៌មាន The Wall Street Journal (WSJ) កាល​ពី​ខែ​កក្កដា ឆ្នាំ​២០១៤។ រូបថត​នេះ គឺ​ជា​កម្មសិទ្ធិ​របស់​ទីភ្នាក់ងារ​ព័ត៌មាន​រូបថត​អឺរ៉ុប(European Pressphoto Agency – EPA) ដែល​មាន​មូលដ្ឋាន​នៅ​ទីក្រុង​ Frankfurt ប្រទេស​អាល្លឺម៉ង់។

ព័ត៌មាន​លម្អិត​នៃ​រូបថត​នេះ រៀបរាប់​ថា កំសួល​ភ្លើង​ផ្ទុះ​ឡើង​លើ​អាកាស​កើត​ចេញ​ពី​ការ​វាយ​ប្រហារ​តាម​ផ្លូវ​អាកាស​របស់​អ៊ីស្រាអែល​ទៅ​លើ​ទីក្រុង​កាហ្សា កាល​ពី​ថ្ងៃ​អង្គារ (០៨ កក្កដា) ចំ​ពេល​កំពុង​មាន​ការ​វាយ​ប្រហារ​ខ្លាំង​ក្លា​បំផុត​ទៅ​លើ​ដែនដី​ប៉ាឡេស្ទីន​ចាប់​តាំង​ពី​មាន​ជម្លោះ​ជាមួយ​ពួក​ហាម៉ាស់​ចាប់​ពី​ថ្ងៃ​ទី​០៨ ខែ​កក្កដា ឆ្នាំ​២០១៤។

The WSJ’s report | Archived Link

៣. រូបថត​មួយ​សន្លឹក​ទៀត​ដែល​បង្ហាញ​ពី​ក្រុម​មនុស្ស​ស្លៀក​ពាក់​ស៊ីវិល និង​មួយ​ចំនួន​ទៀត​ស្លៀក​ពាក់​ឯក​សណ្ឋាន​យោធា​ ហើយ​ដុត​ទង់​ជាតិ​អ៊ីស្រាអែល​នោះ ត្រូវ​បាន​ចុះ​ផ្សាយ​ជាមួយ​នឹង​អត្ថបទ​ព័ត៌មាន​មួយ​របស់​សារព័ត៌មាន ARAB NEWS កាល​ពីខែ​តុលា ឆ្នាំ​២០២០។ រូបថត​នេះ គឺ​ជា​កម្មសិទ្ធិ​របស់​ទីភ្នាក់ងារ​ព័ត៌មាន​បារាំង AFP។

ព័ត៌មាន​នៃ​រូបថត​នេះ ត្រូវ​បាន​សរសេរ​ថា ជន​ជាតិ​ប៉ាឡេស្ទីន​ជា​អ្នក​គាំ​ទ្រ​​ក្រុម​ឥស្លាម​ជីហាដ​ ដុត​រូបថត​នាយក​រដ្ឋ​មន្ត្រី​អ៊ីស្រាអែល លោក បេនចាមីន ណេតាន់យ៉ាហ៊ូ និង​ទង់​ជាតិ​អ៊ីស្រាអែល អំឡុង​ការ​តវ៉ា​មួយ​នៅ​រ៉ាហ្វាហ៍ (Rafah) នៅ​ផ្នែក​ខាង​ត្បូង​នៃ​​តំបន់​កាហ្សា ថ្ងៃ​ទី​០៦ ខែ​តុលា ឆ្នាំ​២០២០។

Arab News report | Archived Link

សន្និដ្ឋាន

Fact Crescendo Cambodia បាន​រក​ឃើញ​ថា រូបថត​ទាំង ៣​សន្លឹក​ដែល​ត្រូវ​បាន​បង្ហោះ​នៅ​លើ​បណ្ដាញ​សង្គម​នោះ ត្រូវ​បាន​ភ្ជាប់​ដោយ​មិន​ត្រឹម​ត្រូវ​ទៅ​នឹង​ហេតុការណ៍​នៃ​ជម្លោះ​អ៊ីស្រាអែល-ប៉ាឡេស្ទីន​នា​ពេល​ថ្មីៗ​នេះ​ឡើយ។ រូបថត​ទាំង ៣​សន្លឹក សុទ្ធ​តែ​ជា​ព្រឹត្តិការណ៍​កើត​ឡើង​មុន​ការ​ផ្ទុះ​ជម្លោះ​កាល​ពី​ថ្ងៃ​ទី​១០ ខែ​ឧសភា ឆ្នាំ​២០២១​ទៅ​ទៀត។ រូបថត​យន្ត​ហោះ ៤​គ្រឿង គឺ​ជា​សកម្មភាព​សម​យុទ្ធ​កាល​ពី​ឆ្នាំ​២០១៧ ខណៈ​ដែល​រូបថត​កំសួល​ភ្លើង​គ្រប​ដណ្ដប់​លើ​អគារ​ជាច្រើន គឺ​ជា​ការ​វាយ​ប្រហារ​របស់​អ៊ីស្រាអែល​លើ​តំបន់​កាហ្សា​កាល​ពី​ឆ្នាំ​២០១៤ ហើយ​រូបថត​បង្ហាញ​ក្រុម​មនុស្ស​ដុត​ទង់​ជាតិ​អ៊ីស្រាអែល បាន​កើត​ឡើង​កាល​ពី​ខែ​តុលា ឆ្នាំ​២០២០។

Avatar

Title:រូបថត​៣សន្លឹក​​ភ្ជាប់​ដោយ​មិន​ត្រឹម​ត្រូវ​ទៅ​នឹង​ការ​វាយ​ប្រហារ​របស់​អ៊ីស្រាអែល​លើ​ទីក្រុង​កាហ្សា

Fact Check By: Jay Udom 

Result: Misleading

Leave a Reply

Your email address will not be published.