ថ្មីៗ​នេះ វីដេអូ​មួយ​ដែល​បង្ហាញ​ពី​ក្បួន​ដង្ហែ​ដ៏​វែង​មួយ​នៅ​ខេត្ត​សុរិន្ទ្រ ត្រូវ​បាន​គេ​បង្ហោះ​នៅ​លើ​បណ្ដាញ​សង្គម​ជាមួយ​នឹង​ការ​អះអាង​ថា វា​ជា​ពិធី​រំលឹក​ខួប​នៃ​ការ​បាត់​បង់​ទឹក​ដី​ស្រុក​ប្រាសាទ​ទៅ​ខាង​ប្រទេស​ថៃ ដែល​រៀបចំ​ធ្វើ​ឡើង​ដោយ​ប្រជាជន​ខ្មែរ​លើ​នៅ​ខេត្ត​សុរិន្ទ្រ។ វីដេអូ​នៃ​ការអះអាង​នេះ ត្រូវបាន​ចែក​រំលែក​បន្ត​យ៉ាង​ផុស​ផុល ហើយ​មាន​អ្នក​ប្រើ​ប្រាស់​បណ្ដាញ​សង្គម​ជាច្រើន បាន​ជឿ​ថា ការ​អះអាង​នេះ​ពិត​ជាត្រឹម​ត្រូវ។ បន្ទាប់​ពី​ត្រួត​ពិនិត្យ និង​ផ្ទៀង​ផ្ទាត់​រួច យើង​រក​ឃើញ​ថា ការ​អះអាង​នេះ​មិន​ត្រឹម​ត្រូវ​ទេ។

ការអះអាង​លើ​បណ្ដាញ​សង្គម

វីដេអូ​នៃ​ការ​ដង្ហែ​ក្បួន​ដ៏​ធំ​មួយ​របស់​ប្រជាជន​ថៃ ត្រូវ​បាន​គេ​បង្ហោះ​នៅ​លើ​បណ្ដាញ​សង្គម​កាល​ពី​ចុង​សប្ដាហ៍​កន្លង​មក​នេះ ដោយគេ​អះអាង​ថា ក្បួនដង្ហែ​ដ៏​ធំ​នោះ គឺ​ជា​ពិធី​រំលឹក​ខួប ៨០​ឆ្នាំ​នៃ​ការ​បាត់​បង់​ទឹកដី​ខេត្ត​សុរិន្ទ្រ​របស់​ប្រជាជន​ខ្មែរ​នៅ​ខេត្តមួយ​នេះ។

វីដេអូ​ជាមួយ​សំណេរ​រៀបរាប់​បែប​នេះ ទទួល​បាន​ការ​ចែក​រំលែក​បន្ត​រហូត​ដល់​ទៅ ១​ម៉ឺន​ដង ខណៈ​ដែល​អ្នក​ប្រើ​ប្រាស់​ហ្វេសប៊ុក​និយាយ​ភាសា​ខ្មែរ​ជាច្រើន បាន​បញ្ចេញ​ប្រតិកម្ម និង​មតិ​យោបល់​ទៅ​នឹងវីដេអូ​នេះ។

ខាង​ក្រោម​នេះ គឺ​ជា​វីដេអូ​ទាំង​ស្រុង​ដែល​ត្រូវ​បាន​បង្ហោះ​នៅ​លើ​បណ្ដាញ​សង្គម​កាល​ពី​ថ្ងៃ​ទី​០៤ ខែ​ឧសភា ឆ្នាំ​២០២៤ ជាមួយ​សំណេរ​រៀបរាប់​ថា “ពិធី​គម្រប់​ខួប ៨០​ឆ្នាំ​នៃ​ការ​បាត់​បង់​ខេត្ត​សុរិន្ទ្រ​របស់​បង​ប្អូន​ខ្មែរ​លើ​ស្ថិត​ក្នុង​ស្រុក​ប្រាសាទ ខេត្ត​សុរិន្ទ្រ”។

Facebook Post | Archived Link

វីដេអូ​ជាមួយ​ការ​អះអាង​ដូច​គ្នា​នេះ ក៏​ត្រូវ​បាន​បង្ហោះ​នៅ​លើ​បណ្ដាញ​សង្គម​ដោយ​អ្នក​ប្រើ​ប្រាស់​ហ្វេសប៊ុក​មួយ​ទៀត​ផង​ដែរ​កាល​ពី​ចុង​សប្ដាហ៍​កន្លង​មក​នេះ ហើយ​ក៏​ត្រូវ​បាន​ចែក​រំលែក​បន្ត​យ៉ាង​ច្រើន​ទៀត​ផង។

ខាង​ក្រោម​នេះគឺ​ជា​វីដេអូ​ទាំង​ស្រុង​ដែល​ត្រូវ​បាន​បង្ហោះ​នៅ​លើ​បណ្ដាញ​សង្គម​កាល​ពី​ថ្ងៃ​ទី​០៤ ខែ​ឧសភា ឆ្នាំ​២០២៤ ជាមួយ​សំណេរ​រៀបរាប់​ថា “ពិធី​គម្រប់​ខួប ៨០​ឆ្នាំ​នៃ​ការ​បាត់​បង់​ខេត្ត​សុរិន្ទ្រ​របស់​បង​ប្អូន​ខ្មែរ​លើ ស្ថិត​ក្នុង​ស្រុក​ប្រាសាទ ខេត្ត​សុរិន្ទ្រ ០៤ ០៥ ២០២៤”។

Facebook Post | Archived Link

វីដេអូ​ជាមួយ​ការ​អះអាង​ដូច​គ្នា​នេះ ក៏​ត្រូវ​បាន​បង្ហោះ​នៅ​លើ​បណ្ដាញ​សង្គម​ដោយ​ទំព័រ​ហ្វេសប៊ុក​ដទៃ​ទៀត​ផង​ដែរ ហើយ​ក៏​ត្រូវ​បាន​ចែក​រំលែក​បន្ត​ជាច្រើន​ដង។ សម្រាប់​វីដេអូ និង​ការ​អះអាង​ដូច​គ្នា​នេះ សូម​ចូល​ទៅ​មើល​តាម​រយៈ​តំណ​ភ្ជាប់​នៅ​ទីនេះ , , , , , និង

ការ​ត្រួត​ពិនិត្យ​ការ​ពិត

Fact Crescendo Cambodia បាន​ចាប់​ផ្ដើម​ត្រួត​ពិនិត្យ និង​ផ្ទៀង​ផ្ទាត់​ទៅ​លើ​ការ​អះអាង​​ខាង​លើ​នេះ​តាម​រយៈ​​ពាក្យ​គន្លឹះ​ជា​ភាសា​ថៃ ដែល​នាំ​ឱ្យ​យើង​រក​ឃើញ​ការពិត​ដូច​ខាង​ក្រោម​នេះ។

នៅ​ក្នុង​ដំណើរ​ត្រួត​ពិនិត្យ និង​ផ្ទៀង​ផ្ទាត់​លើ​វីដេអូ​នេះ យើង​បាន​កត់​សម្គាល់​លេខ ៨០ ដែល​ត្រូវ​បាន​ដាក់​តាំង​នៅ​លើ​រថយន្ត​នៃ​ក្បួន​ដង្ហែ​នេះ ហើយ​យើង​ក៏​បាន​កត់​សម្គាល់​ទីតាំង​នៃ​វីដេអូ​នេះ ដែល​ត្រូវ​បាន​គេ​បញ្ជាក់​ថា វា​ស្ថិត​នៅ​ក្នុង​ស្រុក​ប្រាសាទ នៃ​ខេត្ត​សុរិន។

តាមរយៈ​ពាក្យ​គន្លឹះ​ “អាំភើ​ប្រាសាទ” (อำเภอปราสาท) នេះ យើង​ក៏​បាន​រក​ឃើញ​វីដេអូ​ក្បួន​ដង្ហែ​ដ៏​ធំ​មួយ​នេះ​ដែល​ត្រូវ​បាន​បង្ហោះ​នៅ​លើ​បណ្ដាញ​សង្គម និង​នៅ​លើ​បណ្ដាញ YouTube តាំង​ពី​ប៉ុន្មាន​ឆ្នាំ​មុន​មក​ម៉្លេះ។

យើង​បាន​​រក​ឃើញ​វីដេអូ​មួយ​មាន​រយៈ​ពេល​ជិត ៣០​នាទី ដែល​បង្ហោះ​ដោយ​​ទំព័រ​ហ្វេសប៊ុក Surin Live Stream កាល​ពី​ដើម​ឆ្នាំ​២០១៩​កន្លង​មក​ជាមួយ​សំណេរ​រៀប​រាប់​ថា វា​ជា​ការ​ដង្ហែ​ក្បួន​​ពិធី​បុណ្យ​គម្រប់​ខួប ៨០​ឆ្នាំ​នៃ​កំណើត​ស្រុក​ប្រាសាទ​របស់​ខេត្ត​សុរិន្ទ្រ។

ខាង​ក្រោម​នេះ គឺ​ជា​វីដេអូ​ទាំង​ស្រុង​បង្ហោះ​ដោយ​ទំព័រ​ហ្វេសប៊ុក Surin Live Stream កាល​ពី​ថ្ងៃ​ទី១០ ខែ​មករា ឆ្នាំ​២០១៩ ដែល​សរសេរ​រៀបរាប់​ជា​ភាសា​ថៃ​ក្នុង​ន័យ​ថា វា​ជា​ទិដ្ឋភាព​ពិធី​បុណ្យ​គម្រប់ខួប ៨០​ឆ្នាំ​របស់​ស្រុក​ប្រាសាទ និង​ពិធី​បុណ្យ​កាក​បាទ​ក្រហម ខេត្ត​សុរិន្ទ្រ ប្រចាំ​ឆ្នាំ​២៥៦១ (២០១៨) ផ្ដិត​យក​រូបភាព​ដោយ​ក្រុម​ការងារ​គ្រូទី​វីដេអូ។

Facebook Post | Archived Link

ក្រៅ​ពី​វីដេអូ​ខាង​លើ​នេះ យើង​ក៏​បាន​រក​ឃើញ​វីដេអូ​នៃ​ការ​ដង្ហែ​ក្បួន​ពិធី​បុណ្យ​នេះ​ដែល​ត្រូវ​បាន​បង្ហោះ​នៅ​លើ​បណ្ដាញ​ YouTube កាល​ពី​ចុងឆ្នាំ​ ២០១៨​កន្លង​មកផង​ដែរ។

ខាង​ក្រោម​នេះ គឺ​ជា​វីដេអូ​ទាំង​ស្រុង​ដែល​ត្រូវ​បាន​បង្ហោះ​នៅ​លើ​បណ្ដាញ​ YouTube កាល​ថ្ងៃទី​១១ ខែ​ធ្នូ ឆ្នាំ​២០១៨ ដោយ​ឆាណែល physics kroosunday ដែល​រៀបរាប់​ជា​ភាសា​ថៃ​ក្នុង​ន័យ​ថា វីដេអូ​នេះ គឺ​ជា​ក្បួន​ដង្ហែ​សិល្បៈ​វប្បធម៌​របស់​ឃុំ​តាបៅ នៅ​ក្នុង​ពិធី​បុណ្យ​គម្រប់​ខួប ៨០​ឆ្នាំ​ នៃ​ស្រុក​ប្រាសាទ ឆ្នាំ​២៥៦១ (២០១៨)។

បើ​ទោះបី​ជា​វីដេអូ​នេះ​បង្ហាញ​មុំ​ផ្សេង​ពី​វីដេអូ​ដែល​ត្រូវ​បាន​គេ​អះអាង​លើ​បណ្ដាញ​សង្គម​ក្ដី ប៉ុន្តែ យើង​បាន​មើល​ឃើញ​រូបភាព​ដូច​គ្នា​ជាច្រើន​នៅ​ក្នុង​វីដេអូ​ទាំង​ពីរ​នេះ ដូចជា បុរស​នារី​មួយ​គូ​​កាន់​ផ្ទាំង​អក្សរ “สืบสานงานประเพณี” (ថែ​រក្សា​ពិធី​បុណ្យ​ប្រពៃណី)។

ខាង​ក្រោម​នេះ គឺ​ជា​ការ​ប្រៀប​ធៀប​រវាង​រូបភាព​ផ្ដាម​ចេញ​ពី​វីដេអូ​នៃ​ការ​អះអាង​ខាង​លើ និង​រូបភាពផ្ដាម​ចេញ​ពី​វីដេអូ​ដែល​ត្រូវ​បាន​បង្ហោះ​លើ​បណ្ដាញ​ YouTube កាល​ពី​ចុង​ឆ្នាំ​២០១៨​កន្លង​មក។

ខាង​ក្រោម​នេះ​ គឺ​​ជា​ការ​ប្រៀប​ធៀប​គ្នា​រវាង​រូបភាព​ផ្ដាម​ចេញ​ពី​វីដេអូ​នៃ​ការ​អះអាង​លើ​បណ្ដាញ​សង្គម​នា​ពេល​ថ្មីៗ​នេះ និង​រូបភាព​នៃ​វីដេអូ​ដែល​ត្រូវ​បាន​បង្ហោះ​នៅ​លើ​បណ្ដាញ YouTube កាលពី ៥​ឆ្នាំ​មុន។

សេចក្ដី​ជូន​ដំណឹង​មួយ បាន​ឱ្យ​ដឹង​ថា ពិធី​បុណ្យ​គម្រប់ ៨០​ឆ្នាំ​នៃ​កំណើត​ស្រុក​ប្រាសាទ ត្រូវ​បាន​រៀបចំ​ធ្វើ​ឡើង​ចន្លោះ​ថ្ងៃ​ទី​៨ ដល់​ថ្ងៃ​ទី១២ ខែ​ធ្នូ ឆ្នាំ​២០១៨ នៅ​ឯ​ស្រុក​ប្រាសាទ ស្ថិត​ក្នុង​ខេត្ត​សុរិន្ទ្រ ដែល​ជា​ខេត្ត​ជាប់​នឹងព្រំដែន​កម្ពុជា។

រដ្ឋាភិបាល​ថៃ​បាន​រៀបចំ​បង្កើត​រដ្ឋបាល​ស្រុក​ប្រាសាទ​​នៅ​ក្នុង​ឆ្នាំ​១៩៣៨ ដោយ​ស្ថិត​នៅ​ក្នុង​ផ្នែក​មួយ​នៃ​ដែន​ដី​រដ្ឋបាល​ខេត្ត​សុរិន្ទ្រ ដែល​ស្ថិត​នៅ​ជាប់​ព្រំដែន​ជាមួយ​កម្ពុជា។

សន្និដ្ឋាន

Fact Crescendo Cambodia បាន​រក​ឃើញ​ថា ការ​អះអាង​ដូច​ដែល​ត្រូវ​បាន​រៀបរាប់​ខាង​លើ​នេះ មិន​ត្រឹម​ត្រូវ​នោះ​ឡើយ។ ក្បួន​ដង្ហែ​ដ៏​វែង​នៅ​ក្នុង​វីដេអូ​នេះ មិន​មែន​​ជា​ពិធី​រំលឹក​ខួប​នៃ​ការ​បាត់​បង់​ទឹក​ដី​ស្រុក​ប្រាសាទ​របស់​ខេត្ត​សុរិន្ទ្រ​ទៅ​ប្រទេស​ថៃ​នោះ​ឡើយ។ វីដេអូ​នេះ គឺ​ជា​ពិធី​បុណ្យ​គម្រប់​ខួប ៨០​ឆ្នាំ​នៃ​ការកកើត​ស្រុក​ប្រាសាទ​របស់​ខេត្ត​សុរិន្ទ្រ ដែល​ពិធី​បុណ្យ​នេះ​ត្រូវ​បាន​រៀបចំ​ធ្វើ​ឡើង​នៅ​ចុង​ឆ្នាំ​២០១៨។

Avatar

Title:​វីដេអូ​ចាស់​​ពិធី​បុណ្យ​​ខួប​នៃ​ការ​កកើត​ស្រុក​ប្រាសាទ ត្រូវបាន​បង្ហោះ​លើ​បណ្ដាញ​សង្គមដោយ​មិន​ត្រឹម​ត្រូវ

Fact Check By: Jay Udom

Result: False