​ស្ពាន​អ្នក​លឿង​​​ក្លាយ​ជា​ស្ពាន​វែង​ជាង​គេ​នៅ​កម្ពុជា​អស់​រយៈ​ពេល​៧ឆ្នាំ​ហើយ

False Social

​រូប​ថត​មួយ​សន្លឹក​បង្ហាញ​អំពី​ទិដ្ឋភាព​ស្ពាន​អ្នក​លឿង​ ត្រូវ​បាន​បង្ហោះ​នៅ​លើ​បណ្ដាញ​សង្គម​ហ្វេសប៊ុក​ ដោយ​ត្រូវ​បាន​ភ្ជាប់​ជាមួយ​នឹង​ការ​អះអាង​ថា ​ស្ពាន​មួយ​នេះ​ កាន់​កាប់​ឋានៈ​ជា​​ស្ពាន​វែង​ជា​ង​គេ​ក្នុង​ប្រទេស​កម្ពុជា​​រយៈ​ពេល ​២៥​ឆ្នាំ​ហើយ​។​ ទោះជាយ៉ាងណា ការ​ត្រួត​ពិនិត្យ​ការពិត​របស់​ Fact Crescendo Cambodia បាន​រក​ឃើញ​ថា រូបថត​ភ្ជាប់​ដោយ​ការ​អះ​អាង​ និង​បង្ហោះ​នៅ​លើ​បណ្ដាញ​សង្គម​ខាង​លើ​ គឺ​មិន​ត្រឹម​ត្រូវ​នោះ​ឡើយ​។​

ការ​អះ​អាង​លើ​បណ្តាញសង្គម

កាល​ពី​ថ្ងៃ​ទី​១៦​ ខែ​ឧសភា​ ឆ្នាំ​២០២២​កន្លង​ទៅ​ថ្មី​ៗ​នេះ​ ទំព័រ​ហ្វេសប៊ុក​មួយ​​​មាន​ឈ្មោះ​ថា​ ASEAN urbanist បាន​បង្ហោះ​រូប​ថត​មួយ​សន្លឹក​ បង្ហាញ​នូវ​ទិដ្ឋភាព​ស្ពាន​អ្នក​លឿង​​នា​ពេល​រាត្រី​។​ រូប​ថត​មួយ​សន្លឹក​នេះ​ ត្រូវ​បាន​ភ្ជាប់​ជាមួយ​នឹង​ការ​អះ​អាង​ថា​ ស្ពាន​មួយ​នេះ​ បាន​គ្រង​ឋានៈ​ជា​ស្ពាន​ដែល​វែង​ជាង​គេ​​ក្នុង​ប្រទេស​កម្ពុជា​រយៈ​ពេល​២៥​ឆ្នាំ​ហើយ​។​

ការ​អះ​អាង​បែប​នេះ​ ត្រូវ​បាន​ចែក​រំលែក​ជា​ច្រើន​ពី​សំណាក់​អ្នក​ប្រើ​ប្រាស់​ហ្វេស​ប៊ុក​ និង​មាន​ការ​បញ្ចេញ​មតិ​ ប្រតិកម្ម​ចម្រុះ​ផង​ដែរ​។​

ខាង​ក្រោម​នេះ​ គឺ​ជា​រូប​ភាព​ផ្តាម​ចេញ​ពី​ទំព័រ​ហ្វេស​ប៊ុក​ខាង​លើ​ ដែល​បាន​សរសេរ​រៀប​រាប់​ជា​ភាសា​អង់​គ្លេស​ និង​មាន​អត្ថន័យ​ជា​ភាសា​ខ្មែរ​ថា​ ស្ពាន​អ្នក​លឿង​​ក្នុង​ខេត្ត​ព្រៃ​វែង​ គឺ​ជា​ស្ពាន​ដែល​វែង​ជាង​គេ​​ក្នុង​ប្រទេស​កម្ពុជា​ ២៥​ឆ្នាំ​ហើយ។​

Facebook Post | Archived Link

ការត្រួត​ពិនិត្យ​ការ​ពិត

Fact Crescendo Cambodia ចាប់​ផ្ដើម​ត្រួត​ពិនិត្យ​ទៅ​លើ​ការ​អះ​អាង​ ដែល​បាន​បង្ហោះ​​ខាង​លើ​​ តាម​រយៈ​ការ​ផ្ទៀង​ផ្ទាត់​របស់​សារព័ត៌មាន​នានា​ នាំ​ឱ្យ​យើង​រក​ឃើញ​ការពិត​ដូច​ខាង​ក្រោម​នេះ។

កាល​ពី​ថ្ងៃ​ទី​០៦​ ខែ​មេសា​​ ឆ្នាំ​២០១៥​កន្លង​ទៅ​នេះ​ គេហ​ទំព័រ​សារព័ត៌មាន​ RFI បាន​ចុះ​ផ្សព្វ​ផ្សាយ​អំពី​ការ​បើក​សម្ភោធ​ និង​ដាក់​ឲ្យ​ប្រើ​ប្រាស់​ជា​ផ្លូវ​ការ​នៃ​ស្ពាន​អ្នក​លឿង​ ឬឈ្មោះ​ជា​ភាសា​ជប៉ុន​ហៅ​ថា ​ត្សឹបាសា​ ដែល​ជា​ស្ពាន​មួយ​វែង​ជាង​គេ​បំផុត​នៅ​ក្នុង​ប្រទេស​កម្ពុជា​។​

ខាង​ក្រោម​នេះ​ គឺ​ជា​រូប​ភាព​ផ្តាម​ ដែល​បាន​បង្ហាញ​ទិដ្ឋភាព​ស្ពាន​ត្សឹបាសា​ ថត​ពី​លើ​ផ្ទៃ​អាកាស​។​

RFI News Report | Archived Link

ដូច​គ្នា​នេះ​ តាម​រយៈ​គេហ​ទំព័រ​សារព័ត៌មាន​​ភ្នំពេញ ប៉ុស្តិ៍​ ក៏​បាន​ធ្វើ​សេចក្តី​រាយ​ការណ៍​ព័ត៌​មាន​មួយ ទាក់​ទង​ទៅ​នឹង​ការ​ដាក់​ឲ្យ​ប្រើ​ប្រាស់​ជា​ផ្លូ​វ​ការ​នៃ​ស្ពាន​អ្នក​លឿង​ ឬ​ត្សឹបាសា​ ផង​ដែរ​ កាល​ពី​ថ្ងៃ​ខែ​មេសា​ ឆ្នាំ​២០១៥​កន្លង​ទៅ​នេះ​។​

ស្ពាន​អ្នក​លឿង ឬ​ហៅ​តាម​ឈ្មោះ​ជា​ភាសា​ជប៉ុន​ថា ស្ពាន​ត្សឹបាសា (Tsubassa) គឺ​ជា​ស្ពាន​ដ៏​វែង​ជាង​គេ​មួយ​នៅ​ក្នុង​ប្រទេស​កម្ពុជា ដោយ​ត្រូវ​បាន​ដាក់​ឱ្យ​ប្រើប្រាស់​ជំនួស​ការ​ឆ្លង​ទន្លេ​មេគង្គ​ដោយ​ប្រើ​ប្រាស់​ស្រឡាង ដែល​ធ្លាប់​មាន​ពី​មុន​មក នៅ​ថ្ងៃ​ទី០​៦ មេសា ឆ្នាំ​២០១៥។

ស្ពាន​អ្នក​លឿង គឺ​ជា​ស្ពាន​យោង​ដោយ​ខ្សែកាប ដែល​ត​ភ្ជាប់​ផ្លូវ​ជាតិ​លេខ​១ ឆ្លង​កាត់​ទន្លេ​មេគង្គ រវាង​តំបន់​អ្នក​លឿង​ខាង​លិច គឺ​ស្រុក​លើក​ដែក ខេត្ត​កណ្ដាល ទៅ​តំបន់​អ្នក​លឿង​ខាង​កើត ​ក្នុង​ស្រុក​ពាមរ ខេត្ត​ព្រៃវែង។

Post Khmer Link | Archived Link

ដើម្បី​ស្វែង​រក​ព័ត៌​មាន​ពិត​ សូម​តាម​ដាន​ការ​ផ្សាយ​របស់​យើង​តាម​រយៈ​ប្រព័ន្ធ​ដូច​ខាង​ក្រោម​៖

Facebook Twitter  Telegram Google News

សន្និដ្ឋាន

Fact Crescendo Cambodia រក​ឃើញ​ថា​ ការ​អះ​អាង​ដូច​បាន​រៀប​រាប់​ខាងលើ​នេះ​ គឺ​មិន​ត្រឹម​ត្រូវ​នោះ​ឡើយ​។​ ស្ពាន​អ្នក​លឿង​ ឬ​ត្សឹបាសា​ បាន​ចាប់​ផ្តើម​សាង​សង់​ឡើង​នៅ​ថ្ងៃ​ទី​១២​ ខែ​កុម្ភៈ​ ឆ្នាំ​២០១១​ និង​បាន​បញ្ចប់​ការ​សាង​សង់​រួច​រាល់ ​ព្រម​ទាំង​បាន​សម្ភោធ​ដាក់​ឲ្យ​ប្រើ​ប្រាស់​ជា​ផ្លូវ​ការ​នៅ​ថ្ងៃ​ទី​០៦​ ខែ​មេសា​ ឆ្នាំ​២០១៥​កន្លង​ទៅ​ ដែល​គិត​ត្រឹម​ឆ្នាំ​២០២២​នេះ​ មាន​​រយៈ​ពេល​ត្រឹម​តែ​៧​ឆ្នាំ​ប៉ុណ្ណោះ​។​

Avatar

Title:​ស្ពាន​អ្នក​លឿង​​​ក្លាយ​ជា​ស្ពាន​វែង​ជាង​គេ​នៅ​កម្ពុជា​អស់​រយៈ​ពេល​៧ឆ្នាំ​ហើយ

Fact Check By: Kakada Sim 

Result: False

Leave a Reply

Your email address will not be published.