
រូបថត និងវីដេអូឃ្លីបនានាជាច្រើន ត្រូវបានបង្ហោះនៅលើបណ្តាញសង្គម ដោយក្នុងនោះមានទាំងរូបថត និងវីដេអូក្លែងក្លាយ មិនត្រឹមត្រូវផងដែរ។ ទន្ទឹមនឹងនេះ រូបថតបួនសន្លឹកបង្ហាញអំពីទិដ្ឋភាពគ្រោងឆ្អឹងដ៏ធំ ត្រូវបានទំព័រហ្វេសប៊ុកមួយអះអាងថា គឺជាគ្រោងឆ្អឹងបុរាណដែលត្រូវបានរកឃើញនៅក្នុងប្រទេសថៃ។ ការអះអាងនេះ ទទួលបានមតិប្រតិកម្មចម្រុះជាច្រើន និងមានការចែកចាយពីសំណាក់អ្នកប្រើប្រាស់ហ្វេសប៊ុកនិយាយភាសាខ្មែរយ៉ាងផុសផុលផងដែរ។
ទោះជាយ៉ាងណា ការត្រួតពិនិត្យ និងផ្ទៀងផ្ទាត់ការពិតរបស់ក្រុមការងារ Fact Crescendo Cambodia បានរកឃើញថា ការអះអាង ភ្ជាប់ដោយរូបថតដែលទំព័រហ្វេសប៊ុកបានបង្ហោះនៅលើបណ្តាញសង្គមនោះ គឺមិនត្រឹមត្រូវនោះឡើយ។
ការអះអាងលើបណ្តាញសង្គម
កាលពីថ្ងៃទី១១ ខែមិថុនា ឆ្នាំ២០២២កន្លងទៅថ្មីៗនេះ ទំព័រហ្វេសប៊ុកមួយ ដែលមានឈ្មោះថា BruNet បានបង្ហោះរូបថតចំនួនបួនសន្លឹក បង្ហាញឱ្យឃើញនូវគ្រោងឆ្អឹងមនុស្សដ៏ធំមួយ។ ទំព័រហ្វេសប៊ុកដដែលនេះ បានអះអាងថា គ្រោងឆ្អឹងនេះ គឺជាគ្រោងឆ្អឹងបុរាណ និងត្រូវបានសង្ស័យជាយក្ស ដែលត្រូវបានពស់យក្សរុំរហូតដល់ស្លាប់។
រូបថតភ្ជាប់ដោយការអះអាងខាងលើនេះ ត្រូវបានចែករំលែកយ៉ាងព្រោងព្រាតនៅលើបណ្ដាញសង្គមហ្វេសប៊ុក ហើយអ្នកប្រើប្រាស់ហ្វេសប៊ុកជាច្រើន បានបញ្ចេញប្រតិកម្មផងដែរចំពោះព័ត៌មាននេះ។
រូបភាពផ្ដាមចេញពីទំព័រហ្វេសប៊ុកខាងលើ បានសរសេររៀបរាប់នៅក្នុងសំណេររបស់ខ្លួនថា «រកឃើញឆ្អឹងបុរាណ សង្ស័យជាយក្សត្រូវពស់យក្ស រុំស្លាប់ទាំងពីរ នៅក្នុងរូងភ្នំ»។

ការត្រួតពិនិត្យការពិត
Fact Crescendo Cambodia បានចាប់ផ្ដើមធ្វើការត្រួតពិនិត្យ និងផ្ទៀងផ្ទាត់លើរូបថតនេះតាមរយៈ ការដំណើរការកម្មវិធីស្វែងរករូបថតរបស់ក្រុមហ៊ុន Google ដែលនាំឱ្យយើងប្រទះនូវប្រភពមួយចំនួន។
តាមរយៈគេហទំព័រ Shutterstock ដែលជាគេហទំព័រសោតទស្សន៍ដ៏ធំមួយ បានបញ្ជាក់ថា គ្រោងឆ្អឹងទាំងនោះ គឺជារូបចម្លាក់ និងមិនមែនជាគ្រោងឆ្អឹងមនុស្សពិតប្រាកដនោះឡើយ។
ខាងក្រោមនេះ គឺជារូបភាពផ្តាមចេញពីគេហទំព័រខាងលើ ដែលបានសរសេររៀបរាប់ជាភាសាអង់គ្លេស និងប្រែសម្រួលជាភាសាខ្មែរមានន័យថា «ចម្លាក់គ្រោងឆ្អឹងមនុស្ស ស្ថិតនៅក្នុងល្អាង Khao Khanap Nam, ខេត្តក្រាប៊ី ប្រទេសថៃ»។

Shutterstock Link | Archived Link
ដូចគ្នានេះ គេហទំព័រសារព័ត៌មាន Taiwan Today ផ្សព្វផ្សាយកាលពីថ្ងៃទី០៦ ខែវិច្ឆិកា ឆ្នាំ២០១៨កន្លងទៅ ក៏បានបញ្ជាក់ថា ស្នាដៃសិល្បៈនេះ ត្រូវបានបង្កើតដោយវិចិត្រករតៃវ៉ាន់ម្នាក់ឈ្មោះ Tu Wei Cheng។ ស្នាដៃរបស់លោក ត្រូវបានដាក់បង្ហាញនៅឯពិព័ណ៌សិល្បៈ Thailand Biennale ចាប់ពីឆ្នាំ២០១៨-២០១៩កន្លងទៅ។
ខាងក្រោមនេះ គឺជារូបភាពផ្តាមដែលបង្ហាញវិចិត្រករ Tu Wei Cheng និងគ្រោងឆ្អឹងដែលលោកបានបង្កើតឡើង។

Taiwan Today Link | Archived Link
ករណីខាងលើមួយនេះ ក៏ត្រូវបានផ្ទៀងផ្ទាត់ពិនិត្យការពិតផងដែរដោយទីភ្នាក់ងារសារព័ត៌មាន Reuters កាលពីថ្ងៃទី០១ ខែកក្កដា ឆ្នាំ២០២១កន្លងទៅ។
គេហទំព័រដដែលនេះ បានបញ្ជាក់ថា គ្រោងឆ្អឹងដែលអ្នកទាំងអស់គ្នាបានឃើញនេះមិនមែនជារបស់ពិតនោះទេ ព្រោះវាគ្រាន់តែជាគ្រោងឆ្អឹងប្លាស្ទិក ជាស្នាដៃសិល្បៈរបស់វិចិត្រករតៃវ៉ាន់ លោក Tu Wei Cheng ដែលដកស្រង់ចេញពីរឿងព្រេងមួយក្នុងខេត្តក្រាប៊ី ទាក់ទងនឹងរូងភ្នំ និងការធ្វើសង្រ្គាមរវាងយក្ស និងសត្វពស់ដ៏ធំ ហើយនៅទីបំផុត ពួកគេទាំងពីរបានវាយគ្នារហូតដល់ស្លាប់ ហើយក្លាយជាភ្នំតូចមួយ និងជាភ្នំធំមួយនៅក្នុងខេត្តមួយនេះ។
ស្នាដៃសិល្បៈនេះត្រូវបានគេដាក់តាំងបង្ហាញនៅ Thailand Biennale ដែលជាពិព័រណ៍សិល្បៈរបស់ប្រទេសថៃកាលពីថ្ងៃទី០២ ខែវិច្ឆិកា ឆ្នាំ២០១៨ ដល់ថ្ងៃទី២៨ ខែកុម្ភៈ ឆ្នាំ២០១៩កន្លងទៅ។ ខាងក្រោមនេះ គឺជាវីដេអូឃ្លីបឯកសារនៃការបង្កើតរូបចម្លាក់នៃគ្រោងឆ្អឹងរបស់វិចិត្រករជនជាតិតៃវ៉ាន់។
ដើម្បីស្វែងរកព័ត៌មានពិត សូមតាមដានការផ្សាយរបស់យើងតាមរយៈប្រព័ន្ធដូចខាងក្រោម៖
Facebook Twitter Telegram Google News
សន្និដ្ឋាន
Fact Crescendo Cambodia បានរកឃើញថា រូបថតភ្ជាប់ដោយការអះអាងបង្ហោះដោយទំព័រហ្វេសប៊ុកខាងលើ គឺមិនត្រឹមត្រូវនោះឡើយ។ រូបថតនេះ គឺជាទិដ្ឋភាពរូបចម្លាក់គ្រោងឆ្អឹងប្លាស្ទិករបស់វិចិត្រករតៃវ៉ាន់ លោក Tu Wei Cheng ដកស្រង់ចេញពីរឿងព្រេងប្រជាប្រិយអំពីសត្វពស់ និងយក្សប្រយុទ្ធគ្នានៅខេត្តក្រាប៊ីតែប៉ុណ្ណោះ។

Title:ចម្លាក់ធ្វើពីប្លាស្ទីកនាំឱ្យមានការយល់ច្រឡំថាជាគ្រោងឆ្អឹងយក្សត្រូវបានរកឃើញនៅថៃ
Fact Check By: Kakada SimResult: False
