ខណៈ​ដែល​ទីក្រុង​ឌូបៃ​ត្រូវ​លិច​លង់​ក្នុង​ទឹក​ជំនន់​បង្ក​ឡើង​ដោយ​ភ្លៀង​ធ្លាក់​ខ្លាំង​ក្លា​នោះ វីដេអូ​មួយ​ដែល​បង្ហាញ​រថយន្ត​ជាច្រើន​គ្រឿង​អណ្ដែត​តាម​ទឹក​ជំនន់​នោះ ត្រូវ​បាន​គេ​បង្ហោះ​លើ​បណ្ដាញ​សង្គម​ជាមួយ​ការ​អះអាង​ថា ជា​ហេតុការណ៍​ទឹក​ជំនន់​នៅ​ទីក្រុង​ឌូបៃ។ ការ​អះអាង​នេះ ត្រូវ​បាន​ចែក​រំលែក​បន្ត​ព្រោង​ព្រាត​លើ​​បណ្ដាញ​សង្គម​នា​ពេល​ថ្មីៗ​នេះ។ ទោះជាយ៉ាងណា យើង​រក​ឃើញ​ថា ការ​អះអាង​នេះ មិន​ត្រឹម​ត្រូវ​នោះ​ឡើយ។

ការអះអាង​លើ​បណ្ដាញ​សង្គម

វីដេអូ​ទឹក​ជំនន់​វាយ​ប្រហារ​ទីក្រុង​មួយ ត្រូវ​បាន​គេ​បង្ហោះ​លើ​បណ្ដាញ​សង្គម​ជាមួយ​សំណេរ​រៀបរាប់​ថា វា​ជា​ទឹក​ជំនន់​វាយ​ប្រហារ​ទីក្រុង​ឌូបៃ ប្រទេស​អារ៉ាប់​រួម កាល​ពី​ថ្ងៃ​ទី​២៦ ខែ​កុម្ភៈ ឆ្នាំ​២០២៤។

វីដេអូ​ដែល​ភ្ជាប់​ជាមួយ​សំណេរ​បែប​នេះ ត្រូវ​បាន​ចែក​រំលែក​បន្ត​ព្រោង​ព្រាត​រហូត​ដល់​រាប់​ពាន់​ដង​ពី​សំណាក់​អ្នក​ប្រើ​ប្រាស់​បណ្ដាញ​សង្គម​ហ្វេសប៊ុក ក្នុង​នោះ​​មាន​អ្នក​ប្រើ​ប្រាស់​ហ្វេសប៊ុក​និយាយ​ភាសា​ខ្មែរ​ជាច្រើន បាន​បញ្ចេញ​ប្រតិកម្ម និង​មតិយោបល់​ទៅ​នឹង​វីដេអូ​នេះ។

ខាង​ក្រោម​នេះ គឺ​ជា​វីដេអូ​ទាំង​ស្រុង​ដែល​ត្រូវ​បាន​បង្ហោះ​លើ​បណ្ដាញ​សង្គម​ហ្វេសប៊ុក​កាល​ពី​ថ្ងៃ​ទី​២៦ ខែ​កុម្ភៈ ឆ្នាំ​២០២៤ ជាមួយ​សំណេរ​រៀបរាប់​ថា “ទឹក​ជំនន់​នៅ​ទីក្រុង​ឌូបៃ”។

Facebook Post | Archived Link

ការ​ត្រួត​ពិនិត្យ​ការ​ពិត

Fact Crescendo Cambodia បាន​ចាប់​ផ្ដើម​ត្រួត​ពិនិត្យ និង​ផ្ទៀង​ផ្ទាត់​ទៅ​លើ​ការ​អះអាង​​ខាង​លើ​នេះ​តាម​រយៈ​ការ​​​ដំណើរការ Google Reverse Image Search ដែល​នាំ​ឱ្យ​យើង​រក​ឃើញ​ការពិត​ដូច​ខាង​ក្រោម​នេះ។

តាម​រយៈ Google Reverse Image Search យើង​បាន​រក​ឃើញ​វីដេអូ​ទឹក​ជំនន់​នេះនៅ​លើ​បណ្ដាញ YouTube ដែល​បង្ហោះ​ដោយ​ឆាណែល EURONEWS កាល​ពី ១២​ឆ្នាំ​មុន។

ឆាណែល​មួយ​នេះ បញ្ជាក់​ថា វីដេអូ​មួយ​នេះគឺ​ជា​ការ​វាយ​ប្រហារ​ដោយ​រលក​យក្ស​ស៊ូណាមិ​ទៅ​លើ​ទីក្រុង Sendai ដែល​បាន​សម្លាប់​មនុស្ស​រាប់​រយ​នាក់ និង​បាន​បោក​បក់​យក​គ្រប់​យ៉ាង​ទៅ​តាម​ទឹក​។

ខាង​ក្រោម​នេះ គឺ​ជា​វីដេអូ​ទាំង​ស្រុង​ដែល​ផ្សព្វផ្សាយ​ដោយ​ឆាណែល EURONEWS កាល​ពីថ្ងៃ​ទី​១២ ខែមីនា ឆ្នាំ​២០១១។

EURONEWS |Archived Link

វីដេអូ​ព័ត៌មាន​មួយ​នេះ ក៏​ត្រូវ​បាន​ផ្សព្វផ្សាយនៅ​លើ​បណ្ដាញ​ YouTube ​ជា​ភាសា​អេស្ប៉ាញ់​ដោយ​ឆាណែល​ EURONEWS ដដែល​ផង​ដែរ​កាល​ពី ១២​ឆ្នាំ​មុន។

តំបន់​ភាគ​ខាង​កើត​ប្រទេស​ជប៉ុន​ក្នុង​នោះ​មាន​ទាំង​ទីក្រុង Sendai នៃ​ខេត្ត Miyagi បាន​រង​ការ​វាយ​ប្រហារ​ពី​រលក​យក្ស​ស៊ូណាមិ​កម្ពស់​រហូត​ដល់ ៤០ម៉ែត្រ ដែល​បង្ក​ឡើង​ដោយ​រញ្ជួយ​ដី​កម្រិត ៩​រ៉ិកទ័រ​នៅ​បាត​សមុទ្រ​ក្នុង​មហា​សមុទ្រ​ប៉ាស៊ីហ្វិក​កាល​ពី​ថ្ងៃ​ទី​១១ ខែ​មីនា ឆ្នាំ​២០១១។

របាយការណ៍​របស់​រដ្ឋាភិបាល​ជប៉ុន បាន​ឱ្យ​ដឹង​ថា គ្រោះ​មហន្តរាយ​ដ៏​សម្បើម​នេះ បាន​សម្លាប់​ជីវិត​មនុស្ស​ខ្ទង់ ២​ម៉ឺន​នាក់ មនុស្ស​ជាង ៦​ពាន់​បាន​រង​របួស និង​ជាង ២,៥៥៣​នាក់​ទៀត​បាត់​ខ្លួន។

ដោយសារ​តែ​វីដេអូ​នេះ គឺ​ជា​ការ​វាយ​ប្រហារ​ដោយ​រលក​យក្ស​ស៊ូណាមិ​កើត​នៅ​ប្រទេស​ជប៉ុន​នោះ វា​មិន​ពាក់​ព័ន្ធ​ទៅ​នឹង​ជំនន់​ទឹក​ភ្លៀង​ដែលកើត​ឡើង​នៅ​ក្នុង​ប្រទេស​អារ៉ាប់​រួម​នោះ​ឡើយនា​ពេល​ថ្មីៗ​នេះ​ឡើយ។

ទីភ្នាក់ងារ​ព័ត៌មាន​អាមេរិក AP បាន​ផ្សាយ​ថា ភ្លៀង​ធ្លាក់​ខ្លាំង​ក្លា​បាន​បង្ក​ជា​ទឹក​ជំនន់​ជន់​លិច​ទីក្រុង Dubai និង​តំបន់​ជាច្រើន​របស់​ប្រទេស​អារ៉ាប់​រួម​អស់​រយៈ​ពេល ៣​សប្ដាហ៍​ម​កហើយ។

ខាង​ក្រោម​នេះ គឺ​ជា​វីដេអូ​និយាយ​អំពី​ភ្លៀង​ធ្លាក់​នៅ​ទីក្រុង​ឌូបៃ ដែល​រាយការណ៍​ដោយ AP នៅ​ថ្ងៃ​ទី​០៩ ខែ​មីនា ឆ្នាំ​២០២៤។

ខាង​ក្រោម​នេះ គឺ​ជា​វីដេអូ​​សេចក្ដី​រាយការណ៍​របស់ AP ដែល​និយាយ​អំពី​ទឹក​ជំនន់នៅ​ទីក្រុង​ឌូបៃ ក្រោយ​ពី​មាន​ភ្លៀង​ធ្លាក់​ខ្លាំង​ក្លា​កាល​ពី​ ៣​សប្ដាហ៍​មុន។

សន្និដ្ឋាន

Fact Crescendo Cambodia បាន​រក​ឃើញ​ថា ការ​អះអាង​ដូច​ដែល​ត្រូវ​បាន​រៀបរាប់​ខាង​លើ​នេះ មិន​ត្រឹម​ត្រូវ​នោះ​ឡើយ។ វីដេអូ​ដែល​បង្ហាញ​ទឹក​ជំនន់​វាយ​បោក​បក់​យក​រថយន្ត​ជាច្រើន​គ្រឿង​នោះ មិន​មែន​ជា​ហេតុការណ៍​ទឹក​ជំនន់​កើត​ឡើង​នៅ​ទីក្រុង​ឌូបៃ​នោះ​ឡើយ។ វា​គឺ​ជា​វីដេអូ​ចាស់​នៃ​ការ​វាយ​ប្រហារ​ដោយ​រលក​យក្ស​ស៊ូណាមិទៅ​លើ​ទីក្រុង​ Sendai ប្រទេស​ជប៉ុន​កាល​ពី ១២​ឆ្នាំ​មុន។

Avatar

Title:វីដេអូ​ចាស់​ស៊ូណាមិ​វាយ​ប្រហារ​ជប៉ុន​កាល​ឆ្នាំ​២០១១ ត្រូវ​បាន​អះអាង​ថា ទឹក​ជំនន់​នៅ​ឌូបៃ

Written By: Jay Udom

Result: Misleading