តើរូបថតទាំងនេះជាទិដ្ឋភាពទឹកជំនន់កើតឡើងថ្មីៗនៅប្រទេស ថៃ មែនឬទេ?
ភ្លៀងខ្លាំងជាប់ៗគ្នានាពេលថ្មីៗនេះ បណ្តាលឲ្យប្រទេសថៃមានទឹកជំនន់យ៉ាងរហ័ស ដែលបាននឹងកំពុងប៉ះពាល់ដល់ខេត្តជាច្រើន។ ក្នុងនោះ រូបថតចំនួន៣សន្លឹក បង្ហាញទិដ្ឋភាពទឹកជំនន់ជន់លិចមួយកន្លែង ត្រូវបានបង្ហោះដោយទំព័រហ្វេសប៊ុកមួយ។ រូបថតទាំងឡាយនេះ ត្រូវបានផ្សារភ្ជាប់ទៅនឹងស្ថានភាពទឹកជំនន់ដែលកំពុងកើតមាននៅក្នុងប្រទេសថៃថ្មីៗនេះ។ ទោះជាយ៉ាងណា ការត្រួតពិនិត្យការពិតរបស់ Fact Crescendo Cambodia បានរកឃើញថា រូបថតភ្ជាប់ដោយសំណេរខាងលើ គឺធ្វើឲ្យមានការយល់ច្រឡំ។
ការអះអាងលើបណ្តាញសង្គម
កាលពីថ្ងៃទី១៥ ខែកញ្ញា ឆ្នាំ២០២២កន្លងទៅថ្មីនេះ ទំព័រហ្វេសប៊ុកមួយ បានបង្ហោះចំនួន ៣សន្លឹក ដែលបានបង្ហាញនូវទិដ្ឋភាពនៃការជន់លិចផ្ទះសម្បែង និងហេដ្ឋារចនាសម្ព័ន្ធផ្លូវផងដែរ។ រូបថតខាងលើនេះ ត្រូវបានភ្ជាប់ជាមួយនឹងការអះអាងថា ជាទិដ្ឋភាពទឹកជំនន់ប្រទេសថៃនាពេលប៉ុន្មានថ្ងៃចុងក្រោយនេះ។
ការបង្ហោះរូបថតខាងលើ ត្រូវបានអ្នកប្រើប្រាស់បណ្ដាញសង្គមចែករំលែកជាច្រើនដង រួមជាមួយការបញ្ចេញមតិ និងប្រតិកម្មចម្រុះបែបផងដែរ។
ខាងក្រោមនេះ គឺជារូបភាពផ្ដាមចេញពីទំព័រហ្វេសប៊ុកខាងលើ បានសរសេរថា «ខេត្តចំនួន ២៤ នៅប្រទេសថៃ ត្រូវព្រមានជាបន្ទាន់អំពីគ្រោះទឹកជំនន់»។
ការត្រួតពិនិត្យការពិត
Fact Crescendo Cambodia ចាប់ផ្ដើមត្រួតពិនិត្យទៅលើរូបភាពផ្ដាម និងការអះអាងខាងលើនេះ តាមរយៈ Google Reverse Image Search ដែលនាំឱ្យយើងរកឃើញការពិតដូចខាងក្រោមនេះ។
រូបថតមួយសន្លឹក ដែលមានទម្រង់ និងសណ្ឋានដូចគ្នាទាំងស្រុងនេះ គឺត្រូវបានរកឃើញ និងផ្សព្វផ្សាយនៅលើគេហទំព័រសារព័ត៌មាន The Star កាលពីថ្ងៃទី២១ ខែតុលា ឆ្នាំ២០១៩កន្លងទៅ។ គេហទំព័រសារព័ត៌មានដដែលខាងលើនេះ បានបញ្ជាក់នៅក្នុងសេចក្ដីរាយការណ៍របស់ខ្លួន ថាជាទិដ្ឋភាពទឹកជំនន់ដែលបានជន់លិចនៅទីក្រុងកូឡាឡាំពួរ ប្រទេសម៉ាឡេស៊ី ក្រោយពីមានភ្លៀងធ្លាក់យ៉ាងខ្លាំង។
ខាងក្រោមនេះ គឺជារូបភាពផ្ដាមចេញពីទំព័រសារព័ត៌មានខាងលើ ដែលបានបង្ហាញនូវទិដ្ឋភាពទឹកជំនន់នៅប្រទេសម៉ាឡេស៊ីកាលពីឆ្នាំ២០១៩កន្លងទៅ។
The Star News Report | Archived Link
ដូចគ្នានេះ តាមរយៈគេហទំព័រសារព័ត៌មាន Channel News Asia (CNA) ផ្សព្វផ្សាយកាលពីថ្ងៃទី២៩ ខែកញ្ញា ឆ្នាំ២០២១កន្លងទៅ ក៏បានបង្ហាញទិដ្ឋភាពក្រុមអ្នកជួយសង្រ្គោះ បានឆ្លងកាត់ទឹកជំនន់ ដើម្បីជួយសង្គ្រោះមនុស្សផងដែរ។ ទិដ្ឋភាពមួយនេះ ត្រូវបានរាយការណ៍ ថាបានកើតឡើងតាំងពីខែកញ្ញា ឆ្នាំ២០២១ ក្នុងខេត្ត Chaiyaphum ដែលជាខេត្តមួយនៅភាគឦសាននៃប្រទេសថៃ។
ខាងក្រោមនេះ គឺជារូបភាពផ្ដាមចេញពីគេហទំព័រខាងលើ រៀបរាប់ជាភាសាអង់គ្លេស ឬប្រែសម្រួលជាភាសាខ្មែរមានន័យថា «ប្រជាជនថៃដើរកាត់ទឹកជំនន់ក្នុងខេត្ត Chaiyaphum ភាគឦសាននៃទីក្រុងបាងកក ប្រទេសថៃ នៅថ្ងៃពុធ ទី២៩ ខែកញ្ញា ឆ្នាំ២០២១»។
Channel News Asia Link | Archived Link
ដើម្បីស្វែងរកព័ត៌មានពិត សូមតាមដានការផ្សាយរបស់យើងតាមរយៈប្រព័ន្ធដូចខាងក្រោម៖
Facebook Twitter Telegram Google News TikTok
សន្និដ្ឋាន
Fact Crescendo Cambodia បានរកឃើញថារូបថតភ្ជាប់ដោយសំណេរខាងលើ គឺធ្វើឲ្យមានការយល់ច្រឡំ។ រូបថតខាងលើនេះ មិនមែនជាទិដ្ឋភាពជំនន់ទឹកភ្លៀងនៅប្រទេសថៃនាពេលថ្មីៗនេះឡើយ។ រូបថតមួយសន្លឹក ត្រូវបានរកឃើញថាជាទិដ្ឋភាពទឹកជំនន់នៅក្នុងទីក្រុងកូឡាឡាំពួរ កាលពីឆ្នាំ២០១៩ និងរូបថតមួយទៀត បានកើតឡើងនៅក្នុងប្រទេសថៃតាំងពីឆ្នាំ២០២១ មកម៉្លេះ។
Title:តើរូបថតទាំងនេះជាទិដ្ឋភាពទឹកជំនន់កើតឡើងថ្មីៗនៅប្រទេស ថៃ មែនឬទេ?
Fact Check By: Kakada SimResult: Missing Context