កាល​ពី​ចុង​ខែ​មករា​កន្លង​មក​នេះ រូបថត​មួយ​សន្លឹក​របស់​តារា​សម្ដែង​ភាពយន្ត​ដ៏​ល្បី​របស់​អាមេរិក លោក Arnold Schwarzenegger គេង​នៅ​មុខរូប​ចម្លាក់​របស់​លោក ត្រូវ​បាន​គេ​បង្ហោះ​នៅ​លើ​បណ្ដាញ​សង្គម​ជាមួយ​សំណេរ​រៀបរាប់​ថា អតីត​អភិបាល​រដ្ឋ​កាលីហ្វ័រញ៉ា​រូប​នេះ សម្រេច​ចិត្ត​គេង​បែប​នេះ បន្ទាប់​ពី​បុគ្គលិក​សណ្ឋាគារ​មួយ​បដិសេធ​ផ្ដល់​បន្ទប់​ពិសេស​ដល់​រូប​លោក ដែល​ម្ចាស់​សណ្ឋាគារ​នោះ​ធ្លាប់​សន្យា​ផ្ដល់​ឱ្យ​លោក​ស្នាក់នៅ​ដោយ​ឥត​គិត​ថ្លៃ។ ទោះជាយ៉ាងណា យើង​រក​ឃើញ​ថា ការ​អះអាង​នេះ​មិន​ត្រឹម​ត្រូវ​នោះ​ឡើយ។

ការអះអាង​លើ​បណ្ដាញ​សង្គម

អតីត​មន្ត្រីក្រសួង​ព័ត៌មាន លោក ខៀវ កាញ៉ារីទ្ធ បាន​បង្ហោះ​រូបថត​តារា​ភាពយន្ត​អាមេរិក លោក Arnold Schwarzenegger នៅ​លើ​បណ្ដាញ​សង្គម​ហ្វេសប៊ុក​កាល​ពី​ខែ​មករា​កន្លង​មក​នេះ ដោយ​សរសេរ​រៀបរាប់​ថា តារា​ភាពយន្ត​រូប​នេះ បាន​គេង​នៅ​មុខ​រូប​ចម្លាក់​របស់​លោក។

សំណេរ​របស់​លោក​បន្ត​ថា អតីត​អភិបាល​រដ្ឋ​កាលីហ្វ័រញ៉ា​រូប​នេះ បាន​សម្រេច​គេង​នៅចិញ្ចើម​ថ្នល់​ក្បែរ​រូប​សំណាក់​ទង់ដែង​របស់​លោក បន្ទាប់​ពីបុគ្គលិក​សណ្ឋាគារ​ដែល​ធ្លាប់​សន្យា​ផ្ដល់​បន្ទប់​ឱ្យ​លោក​ស្នាក់នៅ​ដោយ​ឥត​គិត​ថ្លៃ​នោះ បាន​បដិសេធរូប​លោក។

រូបថត និង​សំណេរ​បែប​នេះ ត្រូវ​បាន​ចែក​រំលែក​បន្ត​យ៉ាង​ច្រើន​រហូត​ដល់​ជាង ៧​ពាន់​ដង ហើយ​មាន​អ្នក​ប្រើ​ប្រាស់​ហ្វេសប៊ុក​និយាយ​ភាសា​ខ្មែរ​ជាច្រើន បាន​បញ្ចេញ​ប្រតិកម្ម និង​មតិ​យោបល់​ទៅ​នឹង​សារ​មួយ​នេះ។

ខាង​ក្រោម​នេះ គឺ​ជា​រូបភាព​ផ្ដាម​ចេញ​ពី​ការ​បង្ហោះ​នៅ​លើ​បណ្ដាញ​សង្គម​របស់​លោក ខៀវ កាញ៉ារីទ្ធ កាល​ពី​ថ្ងៃ​ទី២៦ ខែ​មករា ឆ្នាំ​២០២៤។

Facebook Post | Archived Link

ព័ត៌មាន​នេះ ក៏​ត្រូវ​បាន​ចុះ​ផ្សាយ​ដោយ​សារព័ត៌មាន​ក្នុង​ស្រុក​មួយ​ផង​ដែរកាល​ពី​ចុង​ខែ​មករា​កន្លង​មក​នេះ ប៉ុន្មាន​​ម៉ោង​ក្រោយ​ពី​លោក ខៀវ កាញ៉ារីទ្ធ បាន​បង្ហោះ​នៅ​លើ​បណ្ដាញ​សង្គម​របស់​លោក។

ខាង​ក្រោម​នេះ គឺ​ជា​រូបភាព​ផ្ដាម​ចេញ​ពី​អត្ថបទ​ព័ត៌មាន​មាន​ចំណង​ជើង​ថា “មូល​ហេតុ​នៅ​ពី​ក្រោយ​តារា​ភាពយន្ត​ដ៏​ល្បី លោក Arnold គេង​នៅ​ចិញ្ចើម​ថ្នល់” ចុះ​ផ្សាយ​ដោយ​សារព័ត៌មាន​ត្នោ (TNAOT) កាល​ពី​រសៀល​ថ្ងៃ​ទី​២៦ ខែ​មករា ឆ្នាំ​២០២៤។

TNAOT Report| Archived Link

ការ​ត្រួត​ពិនិត្យ​ការ​ពិត

Fact Crescendo Cambodia បាន​ចាប់​ផ្ដើម​ត្រួត​ពិនិត្យ និង​ផ្ទៀង​ផ្ទាត់​ទៅ​លើ​រូបថត​ខាង​លើ​តាម​រយៈ​ការ​ដំណើរការ Google Reverse Image Search ដែល​នាំ​ឱ្យ​យើង​រក​ឃើញ​ការ​ពិត​ដូច​ខាង​ក្រោម​នេះ។

តាម​រយៈ​ការ​ដំណើរការ Google Reverse Image Search យើង​បាន​រក​ឃើញ​នូវ​អត្ថបទ​ត្រួត​ពិនិត្យ​ព័ត៌មាន​ក្លែង​ក្លាយ​ដែល​ត្រូវ​បាន​ផ្ទៀង​ផ្ទាត់​ដោយ​ក្រុម​ការងារ Fact Crescendo នៅ​ឯ​ប្រទេស​ស្រីលង្កា។

ក្រុម​ផ្ទៀង​ផ្ទាត់​ការ​ពិត​ Fact Crescendo នៅ​ស្រីលង្កា បាន​ឱ្យ​ដឹង​ថា តារា​ភាពយន្ត​ហូលីវូដ លោក Arnold បាន​បង្ហោះ​រូបថត​មួយ​សន្លឹក​នេះ​នៅ​លើ​បណ្ដាញ​សង្គម​ផ្ទាល់​ខ្លួន​កាល​ពី​ខែ​មករា ឆ្នាំ​២០១៦​កន្លង​មក ដែល​ប្រហែល​ជា​និយាយ​លេង​សើច​តែ​ប៉ុណ្ណោះ។

ដោយ​ស្រាវជ្រាវ​ព័ត៌មាន​អំពី​រូប​ចម្លាក់​មួយ​នេះ គេ​បាន​ដឹង​ថា រូប​ចម្លាក់​មួយ​នេះ ដំបូង​ឡើយ ត្រូវ​បាន​គេ​តម្កល់​នៅ​ខាង​ក្រៅ​វិមាន​អនុស្សាវរីយ៍ Franklin County Veteran Memorial នៅ​ក្នុង​ឆ្នាំ​២០១២ ប៉ុន្តែ ត្រូវ​បាន​គេ​ប្ដូរ​យក​ទៅ​តម្កល់​នៅ​ទីតាំង​បច្ចុប្បន្ន​នេះ ដែល​ស្ថិត​នៅ​ខាង​ក្រៅ​មជ្ឈ​មណ្ឌល​សន្និបាត Greater Columbus Convention Center កាល​ពី​ឆ្នាំ​២០១៤។

Google Map | Archived Link

ដោយ​ពិនិត្យ​មើល​ទីតាំង​ថ្មី​នៃ​រូប​ចម្លាក់​នេះ គេ​បាន​រក​ឃើញ​ថា គ្មាន​សណ្ឋាគារ​ណា​មួយ​ស្ថិត​នៅ​ទល់​មុខ​នឹង​រូប​ចម្លាក់​នេះ​ដូច​ដែល​ការ​អះអាង​នៅ​លើ​បណ្ដាញ​សង្គម​នោះ​ឡើយ។

Google Map | Archived Link

រូបថត​របស់​តារា​ភាព​យន្ត​រូប​នេះ ក៏​ត្រូវ​បាន​ចុះ​ផ្សាយ​នៅ​ក្នុង​អត្ថបទ​ព័ត៌មាន​មួយ​របស់​សារព័ត៌មាន​អង់គ្លេស Daily Mail ដោយ​រៀបរាប់​ថា លោក Arnold សម្ដែង​ធ្វើ​ជា​មនុស្ស​គ្មាន​ទីជម្រក​ផ្ទះ​សម្បែង គេង​នៅ​ក្បែរ​ខឿន​រូប​ចម្លាក់​របស់​លោក​នៅ​រដ្ឋ Ohio។

Daily Mail | Archived Link

បន្ថែម​ពី​លើ​នេះ អត្ថបទ​ព័ត៌មាន​របស់​ទីភ្នាក់ងារ​ព័ត៌មាន Armen Press បាន​ឱ្យ​ដឹង​ថា តារា​សម្ដែង​ភាពយន្ត​រូប​នេះ បាន​ថត​រូប​មួយ​សន្លឹក​នេះអំឡុង​ពេល​លោក​ចុះ​ថត​ឈុត​មួយ​នៃ​ភាពយន្តរឿង “Aftermath”​កាល​ពី​ឆ្នាំ​២០១៦។

Armen Press | Archived Link

សូម​អាន​អត្ថបទ​ទាំង​ស្រុង​របស់ Fact Crescendo Sri Lanka ដែល​បាន​ផ្ទៀង​ផ្ទាត់​លើ​ព័ត៌មាន​រូបថត​នេះ​កាល​ពី​ឆ្នាំ​២០២០​កន្លង​មក​ ហើយ​ចុះ​ផ្សាយ​នៅ​ក្នុង​អត្ថបទ​មួយ​នៅ​ទីនេះ

ក្រៅ​ពីស្ថាប័ន Fact Crescendo Sri Lanka ស្ថាប័ន​ត្រួត​ពិនិត្យ​ព័ត៌មាន​ក្លែង​ក្លាយ FACTLY ក៏​បាន​ផ្ទៀង​ផ្ទាត់​ទៅ​លើ​រូបថត​នេះ​ផង​ដែរ ហើយ​រក​ឃើញ​ថា ព័ត៌មាន​ដែល​បង្ហោះ​ជាមួយ​រូបថត​នេះ មិន​ត្រឹម​ត្រូវ​នោះ​ឡើយ។

សន្និដ្ឋានFact Crescendo Cambodia

បាន​រក​ឃើញ​ថា ការ​អះអាង​ដូច​ដែល​ត្រូវ​បាន​រៀបរាប់​ខាង​លើ​នេះ មិន​ត្រឹម​ត្រូវ​នោះ​ឡើយ។ តារា​ភាពយន្ត​ហូលីវូដ លោក Arnold Schwarzenegger គ្រាន់​តែ​សម្ដែង​ធ្វើ​ជា​ជន​អនាថា​គេង​តាម​ចិញ្ចើម​ផ្លូវ​នៅ​ក្បែរ​ជើង​តម្កល់​រូប​ចម្លាក់​លោក​តែ​ប៉ុណ្ណោះ។

Avatar

Title:តារា​ភាព​យន្ត​អាមេរិក Arnold Schwarzenegger សម្ដែង​ធ្វើ​ជា​ជន​អនាថា​ដេក​តាម​ផ្លូវ

Written By: Jay Udom

Result: Misleading