Fact-Check: ចិន​បាន​ចាក់​​វ៉ាក់សាំង​ស៊ីណូហ្វាម និង​ស៊ីណូវ៉ាក់​​ទៅ​ដល់​ប្រជាជន​ខ្លួន​ជាច្រើន​លាន​ដូស​រួច​ហើយ​មុន​ផ្ដល់​មក​ឱ្យ​កម្ពុជា

False International

កម្ពុជា​បាន​ចាប់​ផ្ដើម​យុទ្ធនាការ​ចាក់​វ៉ាក់សាំង​បង្ការ​មេរោគ​កូវីដ​១៩​ចាប់​តាំង​ពី​ថ្ងៃ​ទី​១០ ខែ​កុម្ភៈ​ជាមួយ​វ៉ាក់សាំង​ចិន​ស៊ីណូហ្វាម(Sinpharm) ហើយ​បន្ទាប់​មក​វ៉ាក់សាំង​ខូវីសែល​របស់​ក្រុមហ៊ុន AstraZeneca ដែល​ផលិត​នៅ​ក្នុង​ប្រទេស​ឥណ្ឌា និង​វ៉ាក់សាំង​ចិន​ស៊ីណូវ៉ាក់ (Sinovac)។

បើទោះបី​ជា​កម្ពុជា​ធ្វើ​យុទ្ធនាការ​ចាក់​វ៉ាក់សាំង​ចិន​ស៊ីណូហ្វាម និង​ស៊ីណូវ៉ាក់​នេះ អស់​រយៈ​ពេល​ជិត ២​ខែ​ហើយ​ក្ដី ប៉ុន្តែ អ្នក​ប្រើ​បណ្ដាញ​សង្គម​ បាន​អះ​អាង​ថា ប្រទេស​ចិន​មិន​ទាន់​បាន​ចាក់​វ៉ាក់សាំង​ទាំង​ពីរ​​ប្រភេទ​សម្រាប់​ប្រជាជន​ខ្លួន​នៅ​ឡើយ​ទេ។

ទោះជាយ៉ាងណា ការ​ផ្ទៀង​ផ្ទាត់​របស់ Fact Crescendo Cambodia នឹង​បង្ហាញ​ថា ការ​អះ​អាង​នេះ​មិន​ត្រឹម​ត្រូវ​នោះ​ទេ។

ការ​អះ​អាង​លើ​បណ្ដាញ​សង្គម

កាល​ពីថ្ងៃ​ទី​០៥ ខែ​មេសា​នេះ អ្នក​ប្រើ​ហ្វេសប៊ុក​ម្នាក់​​បាន​អះ​អាង​ថា ប្រទេស​ចិន​មិន​ទាន់​អនុញ្ញាត​ឱ្យ​យក​វ៉ាក់សាំង​ដែល​ផលិត​ឡើង​នៅ​ក្នុង​ប្រទេស​របស់​ខ្លួន​ ចាក់​ទៅ​ឱ្យ​ពលរដ្ឋ​ចិន​នៅ​ឡើយ​ទេ ប៉ុន្តែ វ៉ាក់សាំង​ទាំង​ពីរ​ប្រភេទ​របស់​ចិន ត្រូវ​បាន​នាំ​យក​មក​ចាក់​ឱ្យ​ប្រជាជន​កម្ពុជា​មុន​ទៅ​វិញ។

ការ​អះ​អាង​លើ​បណ្ដាញ​សង្គម​ហ្វេសប៊ុក​នេះ ត្រូវ​បាន​ចែក​រំលែក​បន្ត​ដោយ​អ្នក​ប្រើ​ហ្វេសប៊ុក​ជាច្រើន​ដង និង​លាយ​ឡំ​ជាមួយ​ការ​បញ្ចេញ​មតិ​យោបល់​ចម្រុះ​ផង​ដែរ។

រូបភាព​ផ្ដាម​ចេញ​ពី​ប៉ុស្តិ៍​របស់​អ្នក​ប្រើ​ហ្វេសប៊ុក​នោះ សរសេរ​ថា​ «វ៉ាក់សាំង​ចិន គេ​មិន​ទាន់​ចាក់​ឱ្យ​ពលរដ្ឋ​គេ​ទេ តែ​គេ​យក​មក​ឱ្យ​ខ្មែរ​ចាក់​មុន! ត្បិត​តែ​ពេល​នេះ​ចាក់​គ្មាន​បញ្ហា ចុះ​ពី ៥​ ទៅ ១០​ឆ្នាំ​ខាង​មុខ មាន​អី​កើត​ឡើង?»។

Facebook Post | Archived Link

ការ​ត្រួត​ពិនិត្យ​ការ​ពិត

Fact Crescendo Cambodia បាន​ចាប់​ផ្ដើម​ផ្ទៀង​ផ្ទាត់​​ការពិត​ជុំ​វិញ​ការ​អះ​អាង​នេះ​តាម​រយៈ​​ការ​ពិនិត្យ​មើល​ព័ត៌មាន​អំពី​ការ​ចាក់​វ៉ាក់សាំង​នៅ​ក្នុង​ប្រទេស​ចិន និង​ប្រភេទ​វ៉ាក់សាំង​ដែល​ប្រទេស​នេះ​ប្រើ​សម្រាប់​ចាក់​ទៅ​ដល់​ប្រជា​ពលរដ្ឋ​របស់​ខ្លួន។ ​វិធីសាស្ត្រ​នេះ បាន​នាំ​ឱ្យ​យើង​រក​ឃើញ​សេចក្ដី​រាយការណ៍​ជាច្រើន​របស់​​ស្ថាប័ន​សារព័ត៌មាន​ល្បីៗអំពី​ការ​ចាក់​វ៉ាក់សាំង​នៅ​ក្នុង​ប្រទេស​ចិន និង​ប្រភេទ​វ៉ាក់សាំង​ដែល​ត្រូវ​បាន​ដាក់​ឱ្យ​ប្រើ​ប្រាស់។

ទីភ្នាក់ងារ​ព័ត៌មាន​រ៉យទ័រ​(Reuters)របស់​អង់គ្លេស​ បាន​ចុះ​ផ្សាយ​ថា ចិន​បាន​ផ្ដល់​ការ​យល់​ព្រម​ជា​លើក​ដំបូង​ទៅ​ដល់​​វ៉ាក់សាំង​ស៊ីណូហ្វាម ដែល​អនុញ្ញាត​ឱ្យ​ប្រើ​វ៉ាក់សាំង​នេះ​សម្រាប់​ចាក់​ឱ្យ​សាធារណជន។

Reuters’ Report | Archived Link

៥​ថ្ងៃ​ក្រោយ​មក សេចក្ដី​រាយការណ៍​របស់​ប្រព័ន្ធ​ផ្សព្វផ្សាយ​​អារ៉ាប់​អាល់ហ្សាហ្ស៊ីរ៉ា (Aljazeera) បាន​​និយាយ​ថា ប្រទេស​ចិន​បាន​ចាប់​ផ្ដើម​ចាក់​វ៉ាក់សាំង​ទ្រង់​ទ្រាយ​ធំទៅ​ដល់​ប្រជា​ពលរដ្ឋ​របស់​ខ្លួន​កាល​ពី​ថ្ងៃ​ទី០៤ ខែ​មករា​ដើម​ឆ្នាំ​នេះ ហើយ​ប្រទេស​មហា​អំណាច​មួយ​នេះ បាន​ចាក់​វ៉ាក់សាំង​ស៊ីណូហ្វាម​ទៅ​ដល់​ប្រជា​ពលរដ្ឋ​របស់​ខ្លួន​នៅ​តំបន់​​សំខាន់ៗ ដូចជា រដ្ឋ​ធានី​ប៉េកាំង ទីក្រុង​ស៊ាងហៃ ទីក្រុង​ឧស្សាហកម្ម​ហ្ស៊ិនជិន ខេត្ត​សានទុង សានស៊ី ជាដើម។

Aljazeera’s report | Archived Link

ចំណែក​ឯ​វ៉ាក់សាំង​ស៊ីណូវ៉ាក់​(Sinovac)វិញ ទីភ្នាក់ងារ​ព័ត៌មាន​រ៉យទ័រ បាន​ចុះ​ផ្សាយ​ថា ស៊ីណូវ៉ាក់ (Sinovac) ក្លាយ​ជា​វ៉ាក់សាំង​ទី​ពីរ​ផលិត​ឡើង​នៅ​ក្នុង​ប្រទេស​ចិន ដែល​ត្រូវ​​បាន​អនុម័ត​ឱ្យ​ប្រើ​ប្រាស់​សម្រាប់​សាធារណជន​នៅ​ថ្ងៃ​ទី​៦ ខែ​កុម្ភៈ​កន្លង​មក​នេះ។

Reuters’ Report | Archived Link

២០​ថ្ងៃ​ក្រោយ​មក សារព័ត៌មាន​ South China Morning Post បាន​ចុះ​ផ្សាយ​ថា រដ្ឋបាល​ពិសេស​គ្រប់​គ្រង​ទីក្រុង​ហុងកុង បាន​ចាប់​ផ្ដើម​ផ្ដល់​វ៉ាក់សាំង​​ស៊ីណូវ៉ាក់​ទ្រង់​ទ្រាយ​ធំ​សម្រាប់​បង្ការ​មេរោគ​កូវីដ​១៩​​ទៅ​ដល់​ប្រជាជន​នៅ​ទីក្រុង​មួយ​នេះ។

South China Morning Post | Archived Link

បើ​តាម​ការ​ចុះ​ផ្សាយ​របស់​ទីភ្នាក់ងារ​ព័ត៌មាន​រ៉យទ័រ វ៉ាក់សាំង​បង្ការ​កូវីដ​១៩​ស៊ីណូហ្វាម និង​វ៉ាក់សាំង​ស៊ីណូវ៉ាក់ ត្រូវ​បាន​​ប្រទេស​ចិន​សម្រេច​ចាក់​ឱ្យ​មនុស្ស​ជិត ១​លាន​នាក់​រួច​ទៅ​ហើយ​​ចាប់​តាំង​ពី​ប្រទេស​នេះ បាន​ចាប់​ផ្ដើម​កម្មវិធី​ប្រើ​ប្រាស់​បន្ទាន់​កាល​ពី​ខែ​កក្កដា​ឆ្នាំ​មុន​រហូត​ដល់​ខែ​វិច្ឆិកា។

Reuters’ Report | Archived Link

ចំណែក​ឯ​សារព័ត៌មាន​ជប៉ុន Nikkei Asia បាន​ចុះ​ផ្សាយ​ថា យ៉ាង​ហោច​ណាស់​ប្រទេស​ និង​ដែន​ដី​ចំនួន ៧០​ហើយ បាន​អនុម័ត​ឱ្យ​ប្រើ​ប្រាស់​វ៉ាក់សាំង​ចិន ឬ​ក៏​ចុះ​កិច្ចសន្យា​ទទួល​យក​វ៉ាក់សាំង​ពី​ប្រទេស​ចិន។ ជាង​នេះ​ទៀត ប្រទេស​ចិន​បាន​នាំ​ចេញ​វ៉ាក់សាំង​ដល់​ទៅ ១១៥​លាន​ដូស​ហើយ​​នៅ​ត្រឹម​ដំណាច់​ខែ​មីនា​កន្លង​មក​នេះ ខណៈ​ឥណ្ឌា​នាំ​ចេញ​វ៉ាក់សាំង​ Covishield ដែល​ផលិត​ឡើង​ក្រោម​អាជ្ញា​ប័ណ្ណ​របស់​ក្រុមហ៊ុន AstraZeneca នោះ បាន​ចំនួន​ ៦៣​លាន​ដូស​ហើយ ហើយ​សហភាព​អឺរ៉ុប​បាន​នាំ​ចេញ​វ៉ាក់សាំង​របស់​ខ្លួន​សរុប ៥៨​លាន​ដុល្លារ​ដូស​ហើយ​ទៅ​កាន់​អង់គ្លេស ជប៉ុន និង​ប្រទេស​ដទៃ​ទៀត។

ប្រទេស​ចិន​តែ​ឯង​ផលិត​វ៉ាក់សាំង​បាន ២៣០​លាន​ដូស​ហើយ​រហូត​មក​ដល់​ពេល​នេះ ជា​ចំនួន​ច្រើន​ជាង​អ្វី​ដែល​សហរដ្ឋ​អាមេរិក អឺរ៉ុប ឬ​ឥណ្ឌា​ បាន​ផលិត​ទៅ​ទៀត។

Nikkei Asia Report | Archived Link

សន្និដ្ឋាន

Fact Crescendo Cambodia រក​ឃើញ​ថា ការ​អះ​អាង​ដោយ​អ្នក​ប្រើ​ហ្វេសប៊ុក​ខាង​លើ​នេះ មិន​ត្រឹម​ត្រូវ​នោះ​ទេ។ តាម​ការ​ពិត ប្រទេស​ចិន​បាន​អនុម័ត​ឱ្យ​ប្រើ​ប្រាស់​វ៉ាក់សាំង​ស៊ីណូហ្វាម​តាំង​ពី​ចុង​ឆ្នាំ​មុន ហើយ​បន្ទាប់​មក​ប្រទេស​នេះ​ចាប់​ផ្ដើម​ចាក់​វ៉ាក់សាំង​ទ្រង់​ទ្រាយ​ធំ​ដល់​ប្រជាជន​ខ្លួន​នៅ​ដើម​ខែ​មករា។ ចំណែក​ឯ​​វ៉ាក់សាំង​ស៊ីណូវ៉ាក់​​វិញ ត្រូវ​បាន​ផ្ដល់​ទៅ​ប្រជាជន​ចិន​នៅ​ទីក្រុង​ហុងកុង​កាល​ពី​ថ្ងៃ​ទី​២៦ ខែ​កុម្ភៈ ២០​ថ្ងៃ​ក្រោយ​​ពី​ប្រទេស​ចិន​អនុម័ត​ឱ្យ​ប្រើ​ប្រាស់​វ៉ាក់សាំង​នេះ​។ វ៉ាក់សាំង​ចិន​ទាំង​ពីរ​ប្រភេទ​នេះ ត្រូវ​បាន​អនុម័ត​ឱ្យ​ប្រើ​ដោយ​ប្រទេស ឬ​ដែន​ដី​យ៉ាង​ហោច​ណាស់ ៧០​ហើយ​គិត​ត្រឹម​ដំណាច់​ខែ​មីនា​កន្លង​មក​នេះ៕

Avatar

Title:Fact-Check: ចិន​បាន​ចាក់​​វ៉ាក់សាំង​ស៊ីណូហ្វាម និង​ស៊ីណូវ៉ាក់​​ទៅ​ដល់​ប្រជាជន​ខ្លួន​ជាច្រើន​លាន​ដូស​រួច​ហើយ​មុន​ផ្ដល់​មក​ឱ្យ​កម្ពុជា

Fact Check By: Jay Udom 

Result: False

Leave a Reply

Your email address will not be published.