តើ​ឆ្អឹង​ក្នុង​ប្រអប់​កញ្ចក់​នេះ​ជា​ឆ្អឹង​ដង​កាំបិទ​របស់​ព្រះ​ពុទ្ធ​មែន​ឬទេ?

Misleading Social

រឿង​រ៉ាវ​ជាច្រើន​ទាក់​ទង​នឹង​ព្រះ​ពុទ្ធ​សាសនា ត្រូវ​បាន​បង្ហោះ​នៅ​លើ​បណ្ដាញ​សង្គម​ព្រោង​ព្រាត ដោយសារ​តែ​ពលរដ្ឋ​កម្ពុជា​ភាគច្រើន​ប្រតិបត្តិ​តាម​ព្រះ​ពុទ្ធ​សាសនា។ ក្នុង​ចំណោម​នោះ រូបថត​មួយ​សន្លឹក​ដែល​បង្ហាញ​ឆ្អឹង​មួយ​ដុំ​នៅ​ក្នុង​ទូ​កញ្ចក់ ត្រូវ​បាន​បង្ហោះ​នៅ​លើ​បណ្ដាញ​សង្គម​ជាមួយ​ការ​រៀបរាប់​ថា ជា​ឆ្អឹង​ដង​កាំបិត​របស់​ព្រះ​ពុទ្ធ។ រូបថត​ជាមួយ​សំណេរ​បែប​នេះ ទទួល​បាន​ការ​ចែក​រំលែក​ព្រោង​ព្រាត​នៅ​លើ​បណ្ដាញ​សង្គម​ចាប់​តាំង​ពី​ដើម​ខែ​មករា​នេះ​មក។ ទោះជាយ៉ាងណា យើង​រកឃើញថា ការអះអាង​នេះ​មិន​ត្រឹម​ត្រូវ​នោះ​ឡើយ។

ការ​អះអាង​លើ​បណ្ដាញ​សង្គម

រូបថត​ឆ្អឹង​ដ៏​ធំ​មួយ​ដែល​ត្រូវ​បាន​រក្សា​ទុក​នៅ​ក្នុង​ទូរ​កញ្ចក់​មួយ ត្រូវ​បាន​គេ​បង្ហោះ​ព្រោង​ព្រាត​នៅ​លើ​បណ្ដាញ​សង្គម​ជាមួយ​ការ​អះអាង​ថា វា​ជា​ឆ្អឹង​ដង​កាំបិត​របស់​ព្រះ​សម្មា​សម្ពុទ្ធ ដែល​ជា​ស្ថាបនិក​នៃ​ព្រះ​ពុទ្ធ​សាសនា។

រូបថត​ជាមួយ​សំណេរ​អះអាង​បែប​នេះ ត្រូវ​បាន​ចែក​រំលែក​ផុស​ផុល​នៅ​លើ​បណ្ដាញ​សង្គម​ហ្វេសប៊ុក​​នៅ​ដើម​ឆ្នាំ​២០២៤​នេះ ហើយ​មាន​អ្នក​ប្រើ​ប្រាស់​ហ្វេសប៊ុក​និយាយ​ភាសា​ខ្មែរ​ជាច្រើន​ បាន​បញ្ចេញ​ប្រតិកម្ម​ចម្រុះ និង​មតិ​យោបល់​យ៉ាង​ច្រើន ដោយជឿ​ថា វា​ជា​ការ​ពិត។

ខាង​ក្រោម​នេះ គឺ​ជា​រូបភាព​ផ្ដាម​ចេញ​ពី​ការ​អះអាង​ខាង​លើ​ដោយ​ទំព័រ​ហ្វេសប៊ុក​មួយ​​កាល​ពី​ថ្ងៃ​ទី​០២ ខែ​មករា ឆ្នាំ​២០២៤ ដែល​បាន​បង្ហោះ​រូបថត​ជាមួយ​សំណេរ​រៀបរាប់​ថា «ឆ្អឹង​ដង​កាំបិត​របស់​ព្រះ​សម្មា​សម្ពុទ្ធ​គួរ​ជា​ទី​ជ្រះ​ថ្លា​ណាស់ សូម​អនុមោទនា​បុណ្យ»។

Facebook Post | Archived Link

រូបថត និង​ការ​អះអាង​ដូច​គ្នា​នេះ ក៏​ត្រូវ​បាន​បង្ហោះ​នៅ​លើ​បណ្ដាញ​សង្គម​ដោយ​អ្នក​ប្រើ​ប្រាស់​ហ្វេសប៊ុក​ដទៃ​ទៀត​ផង​ដែរ ដែល​នាំ​ឱ្យ​មាន​ការ​ចែក​រំលែក​បន្ត​យ៉ាង​ច្រើន និង​ការ​បញ្ចេញ​មតិ​យោបល់​ជាច្រើន។

Facebook Post | Archived Link

ខាង​ក្រោម​នេះ គឺ​ជា​រូបភាព​ផ្ដាម​ចេញ​ពី​ការ​អះអាង​ដែល​បង្ហោះ​ដោយ​ទំព័រ​ហ្វេសប៊ុក ដែល​ទទួល​បាន​ការ​ចែក​រំលែក​បន្ត​ជាច្រើន​ផង​ដែរ និង​មាន​អ្នក​ប្រើ​ប្រាស់​ហ្វេសប៊ុក​ជាច្រើន​បាន​បញ្ចេញ​មតិ​តប​នឹង​ការ​បង្ហោះ​នេះ។

Facebook Post | Archived Link

ខាង​ក្រោម​នេះ គឺ​ជា​រូបភាព​ផ្ដាម​ចេញ​ពី​ការ​អះអាង​ដែល​បង្ហោះ​ដោយ​ទំព័រ​ហ្វេសប៊ុក​មួយ​ផ្សេង​ទៀត ហើយ​​ទទួល​បាន​ការ​ចែក​រំលែក​បន្ត​ជាច្រើន​ផង​ដែរ និង​មាន​អ្នក​ប្រើ​ប្រាស់​ហ្វេសប៊ុក​ជាច្រើន​បាន​បញ្ចេញ​មតិ​តប​នឹង​ការ​បង្ហោះ​នេះ។

Facebook Post | Archived Link

គេ​អាច​រក​មើល​​រូបថត​ជាមួយ​ការ​អះអាង​ដូច​គ្នា​នេះ​ដែល​ត្រូវ​បាន​បង្ហោះ​នៅ​លើ​បណ្ដាញ​សង្គម​ហ្វេសប៊ុក​តាម​រយៈ​តំណ​ភ្ជាប់​នៅ​ទីនេះ (archived), (archived), និង (archived)។

ការ​ត្រួត​ពិនិត្យ​ការ​ពិត

Fact Crescendo Cambodia បាន​ចាប់​ផ្ដើម​ត្រួត​ពិនិត្យ និង​ផ្ទៀង​ផ្ទាត់​ទៅ​លើ​ការ​អះអាង​ខាង​លើ​នេះ​​តាម​រយៈ​​ការ​​ដំណើរការ Google Reverse Image Search ដែល​នាំ​ឱ្យ​យើង​រក​ឃើញ​ការ​ពិត​ដូច​ខាង​ក្រោម​នេះ។

តាមរយៈ​ការ​ដំណើរការ Google Reverse Image Search យើង​បាន​រក​ឃើញ​រូបថត​ដូច​គ្នា​នេះ និង​រូបថត​អំពី​ឆ្អឹង​នៅ​ក្នុង​ប្រអប់​កញ្ចក់​នេះ ដែល​ត្រូវ​បាន​បង្ហោះ​នៅ​លើ​បណ្ដាញ​សង្គម​ហ្វេសប៊ុក​ដោយ​អ្នក​ប្រើ​ប្រាស់​ហ្វេសប៊ុក​នៅ​ប្រទេស​ស្រីលង្កា កាល​ពី​ចុង​ឆ្នាំ​២០២៣​កន្លង​មក​នេះ។

ទំព័រ​ហ្វេសប៊ុក​នោះ​បាន​សរសេរ​រៀបរាប់​ជា​ភាសា​ស៊ីនហាឡេ​នៅ​លើ​បណ្ដាញ​សង្គម​ហ្វេសប៊ុក​កាល​ពី​ថ្ងៃ​ទី២៨ ខែ​ធ្នូ ឆ្នាំ​២០២៣ ហើយ​ការ​ប្រែ​សម្រួល​តាម​ Google Translate បាន​ឱ្យ​ដឹង​ថា ឆ្អឹង​​នៅ​ក្នុង​ប្រអប់​កញ្ចក់​នោះ គ្រាន់​តែ​ជា​ចម្លាក់​ដែល​ចម្លង​តាម​ឆ្អឹង​ដក​កាំបិត​របស់​ព្រះ​ពុទ្ធ​តែ​ប៉ុណ្ណោះ។

សំណេរ​បង្ហោះ​នៅ​លើ​ទំព័រ​ហ្វេសប៊ុក​ដដែល​នេះ បាន​ឱ្យ​ដឹង​ទៀត​ថា ចម្លាក់​ចម្លង​តាម​ឆ្អឹង​ដង​កាំបិត​ខាង​ស្ដាំ​របស់​ព្រះ​ពុទ្ធ​នេះ ត្រូវ​បាន​ប្រារព្ធ​ពិធី​ដង្ហែ​នៅ​ឯ​ព្រះវិហារ Thuparama ដែល​វិហារ​ពុទ្ធ​សាសនា​ដ៏​ចំណាស់​បំផុត​នៅ​ក្នុង​ប្រទេស​ស្រីលង្កា ពោល​គឺ​មាន​អាយុ​កាល​ដំណាល​គ្នា​នឹង​ការ​នាំ​យក​ពុទ្ធសាសនា​ទៅ​កាន់​ដែនដី​កោះ​មួយ​នេះ។

បើ​តាម​ខ្លឹមសារ​សំណេរ​បង្ហោះ​នៅ​លើ​បណ្ដាញ​សង្គម​ហ្វេសប៊ុក​ដដែល​នេះ ការ​ឆ្លាក់​ចម្លង​តាម​ឆ្អឹង​ដង​កាំបិត​ស្ដាំ​របស់​ព្រះ​ពុទ្ធ​នេះ ត្រូវ​បាន​ធ្វើ​ឡើង​ក្នុង​គោល​បំណង​ផ្ដល់​នូវ​ការ​យល់​ដឹង​ដ៏​ត្រឹម​ត្រូវ​អំពី​ភិនភាគ និង​រូបរាង​ឆ្អឹង​ដង​កាំបិត​របស់​ព្រះ​ពុទ្ធ​ដែល​មនុស្ស​ភាគ​ច្រើន​មិន​បាន​ដឹង។

Facebook Post | Archived Link

បើ​តាម​ការ​រៀបរាប់​នៅ​លើ​វេបសាយ NEKHOR ឆ្អឹង​ដង​កាំបិត​ខាង​ស្ដាំ​ពិត​ប្រាកដ​របស់​ព្រះ​ពុទ្ធ ត្រូវ​បាន​រក្សា​ទុក​នៅ​ក្នុង​ព្រះវិហារ Thuparama ដែល​ត្រូវ​បាន​កសាង​ឡើង​លើក​ដំបូង​នៅ​ទីក្រុង​​អនុរធបុរៈ (Anuradhapura) ហើយ​មាន​ទំនាក់​ទំនង​ជិត​ស្និទ្ធ​នឹង​ការ​ហូរ​ចូល​របស់​ព្រះពុទ្ធ​សាសនា​ទៅ​ក្នុង​ប្រទេស​ស្រីលង្កា។ អាន​លម្អិត​នៅ​ទីនេះ (archived)

NEKHOR ORGANIZAION | Archived Link

សន្និដ្ឋាន

Fact Crescendo Cambodia បាន​រក​ឃើញ​ថា ការ​អះអាង​ដូច​រៀបរាប់​ខាង​លើ​នេះ មិន​ត្រឹម​ត្រូវ​នោះ​ឡើយ។ ឆ្អឹង​នៅ​ក្នុង​ប្រអប់​កញ្ចក់​នោះ មិន​មែន​ជា​ឆ្អឹង​ដង​កាំបិត​ពិត​ប្រាកដ​របស់​ព្រះពុទ្ធ​ទេ ប៉ុន្តែ ឆ្អឹង​នេះ​គ្រាន់​តែ​ចម្លាក់​ចម្លង​តាម​ឆ្អឹង​ដង​កាំបិទ​របស់​ព្រះ​ពុទ្ធ។

Avatar

Title:តើ​ឆ្អឹង​ក្នុង​ប្រអប់​កញ្ចក់​នេះ​ជា​ឆ្អឹង​ដង​កាំបិទ​របស់​ព្រះ​ពុទ្ធ​មែន​ឬទេ?

Written By: Jay Udom 

Result: Misleading

Leave a Reply

Your email address will not be published. Required fields are marked *