
ខណៈដែលការបោះឆ្នោតក្រុមប្រឹក្សាឃុំសង្កាត់ និងការបោះឆ្នោតជាតិ កាន់តែខិតចូលមកដល់នៅឆ្នាំ២០២២ និងឆ្នាំ២០២៣ជាបន្តបន្ទាប់នោះ ការរិះគន់ទៅលើរដ្ឋាភិបាលដឹកនាំដោយគណបក្សប្រជាជនកម្ពុជាដែលកំពុងដឹកនាំប្រទេសកម្ពុជា បានកើតឡើងជារឿយៗ។ ក្នុងចំណោមការរិះគន់ផ្សេងៗ លិខិតឆ្លងដែនកម្ពុជា បានក្លាយជាប្រធានបទនៃការចោទសួរថា តើវាផលិតឡើងនៅឯណា បន្ទាប់ពីមានបុរសម្នាក់អះអាងថា លិខិតឆ្លងដែនកម្ពុជា ត្រូវបានផលិតឡើងនៅប្រទេសវៀតណាម។ ទោះជាយ៉ាងណា ការផ្ទៀងផ្ទាត់ការពិត នឹងបញ្ជាក់ថា លិខិតឆ្លងដែនកម្ពុជា មិនមែនបោះពុម្ពនៅប្រទេសវៀតណាមនោះឡើយ។
ការអះអាងលើបណ្ដាញសង្គម
កាលពីថ្ងៃទី១៧ ខែមីនាកន្លងមកនេះ ទំព័រហ្វេសប៊ុកមួយបានបង្ហោះវីដេអូមួយ ដែលលិខិតឆ្លងដែន និងបុរសម្នាក់បានអះអាងថា លិខិតឆ្លងដែនកម្ពុជា ត្រូវបានផលិតឡើងនៅឯប្រទេសវៀតណាមជាច្រើនឆ្នាំមកហើយ។ វីដេអូឃ្លីបរយៈពេលជាង ១៤នាទីនោះ ត្រូវបានទស្សនារាប់ពាន់ដង និងមានការបញ្ចេញមតិយ៉ាងច្រើនពីសំណាក់អ្នកប្រើហ្វេសប៊ុកនិយាយភាសាខ្មែរ។
ទំព័រហ្វេសប៊ុកនេះ ចោទសួរថា «ហេតុអ្វីលិខិតឆ្លងដែនខ្មែរ KH ធ្វើនៅទីក្រុងហូជីមិញ VN?»។
ភ្ជាប់ជាមួយសំណេរនោះ វីដេអូមួយបង្ហាញបុរសម្នាក់ដែលទំនងជាអនិជនខ្មែររស់នៅឯក្រៅប្រទេស បាននិយាយថា «ហេតុអ្វីបានជាលិខិតឆ្លងដែនខ្មែរបោះពុម្ពនៅក្រុងហូជីមិញ? សូមប្អូនឱ្យយល់ណា ខ្មែរគេគ្រប់គ្រងបានទៅហើយ យួនគេគ្រប់គ្រងបានទៅហើយ។ យើងឱ្យដឹងថា ស្រុកខ្មែរយើងនេះ វានៅក្រោមការដឹកនាំរបស់យួនទៅហើយ។ ការសម្រេចចិត្ត សម្រេចនយោបាយ គេមកពីហាណូយនោះទេ មិនមែន ហ៊ុន សែន សម្រេចចិត្តទេ។ ប្អូនសូមឱ្យយល់កន្លែងហ្នឹង សូមឱ្យភ្ញាក់ខ្លួនឡើងណា។ ស្រុកខ្មែរនេះ ប្រទេសយើងនេះ គេកាន់កាប់បានទៅហើយ បានជាគេធ្វើស្អី បោះត្រានេះ គេអនុម័តពីទីក្រុងព្រៃនគរ ហូជីមិញ[…]»។
ការពិនិត្យការពិត
Fact Crescendo Cambodia បានចាប់ផ្ដើមផ្ទៀងផ្ទាត់ការអះអាងនេះតាមរយៈការសម្ភាសជាមួយមន្ត្រីស្ថាប័នអត្តសញ្ញាណកម្មនៃក្រសួងមហាផ្ទៃ និងសម្ភាសជាមួយមន្ត្រីក្រសួងការបរទេសកម្ពុជាអំពីរបៀបនៃការតសុពលភាពលិខិតឆ្លងដែន។
ក្នុងកិច្ចសម្ភាសជាមួយ Fact Crescendo Cambodia នៅថ្ងៃទី០២ ខែឧសភា ឆ្នាំ២០២១ លោក តុប នេត អគ្គនាយករង និងជាអ្នកនាំពាក្យនៃអគ្គនាយកដ្ឋានអត្តសញ្ញាណកម្មរបស់ក្រសួងមហាផ្ទៃ បានច្រានចោលការអះអាងខាងលើ ហើយប្រាប់ថា ការបោះពុម្ពលិខិតឆ្លងដែនកម្ពុជា ត្រូវបានធ្វើឡើងនៅឯរោងពុម្ពស្ថិតនៅក្រោមចំណុះទីស្ដីការក្រសួងមហាផ្ទៃ ស្ថិតនៅតាមបណ្ដោយផ្លូវព្រះនរោត្តម ក្នុងរាជធានីភ្នំពេញ។
លោក តុប នេត មានប្រសាសន៍ថា៖ «មិនពិតទេ ព្រោះធម្មតា លិខិតឆ្លងដែនរបស់ខ្មែរយើង គឺមានចេញតែមួយកន្លែងទេ គឺនៅនាយកដ្ឋានលិខិតឆ្លងដែន នៃអគ្គនាយកដ្ឋានអត្តសញ្ញាណកម្មរបស់ក្រសួងមហាផ្ទៃ»។
មន្ត្រីអត្តសញ្ញាណកម្មកម្ពុជារូបនេះ បញ្ជាក់ថា គ្រប់ដំណាក់កាលនៃដំណើរការបោះពុម្ពលិខិតឆ្លងដែនកម្ពុជា ត្រូវបានធ្វើឡើងនៅឯរោងពុម្ពស្ថិតនៅក្រោមក្រសួងមហាផ្ទៃ ហើយក៏មិនត្រូវបានបោះពុម្ពដោយគ្រឹះស្ថានបោះពុម្ពឯកជនក្នុងស្រុកផងដែរ។
លោក តុប នេត មានប្រសាសន៍បន្ត៖ «គំរូលិខិតឆ្លងដែនហ្នឹងតែម្ដង គឺយើងកុម្ម៉ង់[បញ្ជាទិញ]មកពីក្រៅប្រទេស មកពីអឺរ៉ុប ប៉ុន្តែ អាហ្នឹងមិនទាន់មានទិន្ន័យទេ នៅជាគម្រូសៀវភៅ។ ដោយឡែក យើងយកមក យើងបោះពុម្ព យើងបញ្ចូលទិន្នន័យនៅក្រសួងមហាផ្ទៃទាំងអស់។ អ៊ីចឹង អត់មានលិខិតឆ្លងដែនណាចេញ[ផលិត]នៅក្រៅប្រទេសទេ»។
សន្និដ្ឋាន
Fact Crescendo Cambodia រកឃើញថា ការអះអាងនៅលើបណ្ដាញសង្គមថា លិខិតឆ្លងដែនកម្ពុជា ត្រូវបានធ្វើឡើងនៅទីក្រុងហូជីមិញ ប្រទេសវៀតណាមនោះ មិនត្រឹមត្រូវនោះទេ។ មន្ត្រីនៅអគ្គនាយកដ្ឋានអត្តសញ្ញាណកម្មបញ្ជាក់ថា រាល់ដំណើរការបញ្ចូលទិន្នន័យ និងការបោះពុម្ពលិខិតឆ្លងដែនកម្ពុជា ត្រូវបានធ្វើឡើងនៅឯនាយកដ្ឋានលិខិតឆ្លងដែន ស្ថិតនៅឯសង្កាត់និរោធ ខណ្ឌច្បារអំពៅ រាជធានីភ្នំពេញ។

Title:Fact-Check: ដំណើរការបោះពុម្ពលិខិតឆ្លងដែនកម្ពុជាធ្វើឡើងនៅភ្នំពេញ មិនមែនធ្វើនៅទីក្រុងហូជីមិញទេ
Fact Check By: Jay UdomResult: Misleading