តើ​លោក​ សម​ រង្ស៊ី​ ត្រូវ​បាន​គេ​ចាប់​ខ្លួន​មែន​ដែរ​ឬ​ទេ​?​

Altered Political

អតីត​ប្រធាន​គណបក្ស​ប្រឆាំង​ដ៏​ធំ​មួយ​នៅ​ក្នុង​ប្រទេស​កម្ពុជា​ លោក​ សម​ រង្ស៊ី​ ដែល​បាន​ទទួល​បាន​សម្លេង​គាំទ្រ​ ​៥៥​អាសនៈ​​នៅ​ក្នុង​ចំណោម​អាសនៈ​សរុប​ទាំង ​១២៣​នោះ​ បច្ចុប្បន្ន ​កំពុង​រស់​នៅ​និរទេស​ខ្លួន​ចាប់​តាំង​ពី​ឆ្នាំ​២០១៥​មក​ និង​ត្រូវ​បាន​គេ​រិះ​គន់​ និង​ប្រតិកម្ម​ជា​រឿយ​ៗ​ពី​សំណាក់​អ្នក​គាំទ្រ​ និង​ថ្នាក់​ដឹក​នាំ​គណបក្ស​ប្រជា​ជន​កម្ពុជា​។​

ក្នុង​ចំណោម​នោះ​​​​ រូប​ថត​មួយ​សន្លឹក​បង្ហាញ​ទិដ្ឋ​ភាព​លោក​ ស​ម រង្ស៊ី​ ត្រូវ​បាន​ចាប់​ខ្លួន​ត្រូវ​បាន​បង្ហោះ​ឡើង​ដោយ​អ្នក​ប្រើ​ប្រាស់​បណ្តាញ​ហ្វេស​ប៊ុក​ម្នាក់​។​ រូប​ថត​នេះ​ អាច​នឹង​ត្រូវ​បាន​គិត​ថា​គឺ​ជា​ រូប​ថត​ពិត​ ដោយ​មាន​អ្នក​ប្រើ​ប្រាស់​ហ្វេស​ប៊ុក​ចែក​ចាយ​ និង​មាន​ការ​បញ្ចេញ​មតិ​ចម្រុះ​ផង​ដែរ​។​

ទោះ​ជា​យ៉ាង​ណា​ ការ​ត្រួត​ពិនិត្យ​ និង​ផ្ទៀង​ផ្ទាត់​ការ​ពិត​របស់​ក្រុម​ការងារ​ Fact Crescendo Cambodia បាន​រក​ឃើញ​ថា​ រូប​ថត​ដែល​អ្នក​ប្រើ​ប្រាស់​បាន​បង្ហោះ​នៅ​លើ​បណ្តាញ​សង្គម​នោះ​ គឺ​ជា​រូប​ថត​កែ​ច្នៃ​។​

ការ​អះ​អាង​លើ​បណ្តាញសង្គម

កាល​ពី​ថ្ងៃ​ទី០៨​ ខែ​ធ្នូ​ ឆ្នាំ​២០២១​កន្លង​ទៅ​ថ្មី​ៗ​នេះ​ អ្នក​ប្រើ​ប្រាស់​ហ្វេស​ប៊ុក​ម្នាក់​ ​បង្ហោះ​រូប​ថត​មួយ​សន្លឹក​ ដែល​បាន​បង្ហាញ​នូវ​ទិដ្ឋ​ភាព​លោក​ សម​ រង្ស៊ី​ មេ​ដឹក​នាំ​គណ​បក្ស​សង្គ្រោះ​ជាតិ​ ត្រូវ​បាន​ចាប់​ខ្លូន​ និង​នាំ​ដំណើរ​ដោយ​សមត្ថកិច្ច​នគរបាលមួយ​រូប​។​ អ្នក​ប្រើ​ប្រាស់​ដដែល​នេះ​ ពុំ​បាន​បញ្ជាក់​លំអិត​អំពី​ទីតាំង​ និងការ​ចាប់​ខ្លួន​នេះ​ឡើយ​។​ រូប​ថត​នេះ​ ក៏​ត្រូវ​បាន​ចែក​ចាយ​ និង​ប្រតិកម្ម​ដោយ​អ្នក​ប្រើ​ប្រាស់​ ហ្វេស​ប៊ុក​និយាយ​ភាសា​ខ្មែរ​ជា​ច្រើន​ដង​ផង​ដែរ​។​

រូបភាព​ផ្ដាម​ចេញ​ពី​ប៉ុស្តិ៍​របស់​អ្នក​ប្រើ​ហ្វេសប៊ុកបាន​សរសេរ​រៀប​រាប់​ថា​ «​ក្រោម​មេឃ​តែ​មួយ​ វាសនា​ខុស​គ្នា​»។​

Facebook Post | Archived Link

ការត្រួត​ពិនិត្យ​ការ​ពិត

Fact Crescendo Cambodia បាន​ចាប់​ផ្ដើម​ធ្វើ​ការ​ត្រួត​ពិនិត្យ​​ និង​ផ្ទៀង​ផ្ទាត់​​លើ​រូប​ថត​នេះ​តាម​រយៈ​ ការ​ដំណើរការ​កម្មវិធី​ស្វែង​រក​រូបថត​របស់ក្រុមហ៊ុន​ Google ដែលនាំ​ឱ្យ​យើង​​ប្រទះ​នូវ​ប្រភព​មួយ​ចំនួន​។​ 

រូប​ថត​មួយស​ន្លឹក​ដែល​មាន​ទម្រង់​ និង​ភិន​ភាគ​ដូច​គ្នា​ទាំង​ស្រុង​នេះ​ ត្រូវ​បាន​រក​ឃើញ​នៅ​ក្នុង​គេហ​ទំព័រ​សារព័ត៌​មាន​ ​VOD ​ចុះ​ផ្សព្វ​ផ្សាយ​កាល​ពី​ថ្ងៃ​ទី​២០​ ខែ​សីហា​ ឆ្នាំ​២០១៩​កន្លង​ទៅ​នេះ​។​ រូប​ថត​ដដែល​នេះ​ ពុំ​បាន​បង្ហាញ​នូវ​ទិដ្ឋ​ភាព​លោក​ សម​ រង្ស៊ី​ ត្រូវ​បាន​ចាប់​ខ្លួន​នោះ​ឡើយ​។​ ការ​ពិត​នេះ​ គឺ​ជា​ទិដ្ឋភាព​សមត្ថកិច្ច​នគរបាល​ខេត្ត​ចាប់​ខ្លួន​លោក​ នុត​ ពេជ​ ដែល​​ជា​​​អនុ​ប្រធាន​​ប្រតិបត្តិ​របស់​​អតីត​​គណបក្ស​​សង្គ្រោះ​ជាតិ​នៅ​ស្រុក​ឈូក​ ចេញ​ពី​ស្រែ​កំពុង​ស្ទូង​ នៅ​ឃុំ​បឹង​និមល​ ស្រុក​ឈូក​ ខេត្ត​កំពត​ កាល​ពី​ថ្ងៃ​ទី​១៧​ ខែ​សីហា​ ឆ្នាំ​២០១៩​កន្លង​ទៅ​។​

ខាង​ក្រោម​នេះ​ គឺ​ជា​រូប​ភាព​ផ្តាម​ចេញ​ពី​គេហទំព័រ​សារព័ត៌​មាន ​VOD បាន​បង្ហាញ​នូវ​ទិដ្ឋ​ភាព​លោក​នុត​ ពេជ​ ត្រូវ​បាន​នាំ​ខ្លួន​ដោយ​សមត្ថកិច្ច​នគរបាល​ខេត្ត​កំពត​។​

VOD News Report | Archived Link

ដូច​គ្នា​នេះ​ តាម​រយៈ​គេហ​ទំព័រ​វិទ្យុ​អាស៊ី​សេរី​ ផ្សព្វ​ផ្សាយ​កាល​ពី​ថ្ងៃ​ទី​២២​ ខែ​សីហា​ ឆ្នាំ​២០១៩​ ក៏​បាន​បង្ហាញ​នូវ​ទិដ្ឋ​ភាព​ការ​នាំ​ខ្លួន​លោក​ នុត​ ពេជ​ ពី​សំណាក់​សមត្ថកិច្ច​នគរបាល​ខេត្តកំពត​ផង​ដែរ​។​

ខាង​ក្រោម​នេះ​ គឺ​ជា​រូប​ភាព​ចេញ​ពី​គេហ​ទំព័រ​សារ​ព័ត៌​មាន​អាស៊ី​សេរី​ ដែល​មាន​​ចំណង​ជើង​ជា​ភាសា​ខ្មែរ​ថា​ «អ្នក​ស្រី​ មូរ​ សុខ​ហួរ​ ស្នើ​អ.ស.ប​ជួយ​រក​យុត្តិធម៌​រឿង​ចាប់​ខ្លួន​លោក​ នុត​ ពេជ​ តាម​​ទំនើង​ចិត្ត​ និង​ដោយ​អមនុស្សធម៌​»។​

RFA Khmer News Report | Archived Link

ករណី​នៃ​ការ​ចាប់​ខ្លួន​មួយ​នេះ​ ក៏​ត្រូវ​បាន​បង្ហោះ​ និង​ផ្សព្វ​ផ្សាយ​នៅ​លើ​គេហ​ទំព័រ​វីដេអូ​ Youtube ផង​ដែរ​កាល​ពី​ថ្ងៃ​ទី១៩​ ខែ​សីហា​ ឆ្នាំ​២០១៩​កន្លង​ទៅ​។​ ខាង​ក្រោម​នេះ​ គឺ​ជា​រូប​ភាព​ផ្តាម​ចេញ​ពី​គេហ​ទំព័រ​ បាន​បង្ហាញ​នូវ​ទិដ្ឋ​ភាព​លោក​ នុត​ ពេជ​ ត្រូវ​បាន​ចាប់​ខ្លួន​នៅ​ក្នុង​ស្រុក​ឈូក​ ខេត្ត​កំពត​កន្លង​ទៅ​នេះ​។​

Youtube Link | Archived Link

ដើម្បី​ស្វែង​រក​ព័ត៌​មាន​ពិត​ សូម​តាម​ដាន​ការ​ផ្សាយ​របស់​យើង​តាម​រយៈ​ប្រព័ន្ធ​ដូច​ខាង​ក្រោម​៖

Facebook Twitter  Telegram Google News

សន្និដ្ឋាន

Fact Crescendo Cambodia បាន​​រក​​ឃើញ​​ថា រូប​ថត​ដែល​បាន​បង្ហោះ​ដោយ​អ្នក​ប្រើ​ប្រាស់​ខាង​លើ​នោះ​ គឺ​ពិត​ជា​មិន​ត្រឹម​ត្រូវ​នោះ​ឡើយ​។​ រូប​ថត​មួយ​សន្លឹក​នេះ​ ត្រូវ​បាន​កាត់​ត​មុន​នឹង​បង្ហោះ​នៅ​លើ​បណ្តាញ​សង្គម​។​ ការ​ពិត​ច្បាប់​ដើម​នៃ​រូប​ថត​នេះ​ គឺ​ជា​ទិដ្ឋភាព​សមត្ថកិច្ច​នគរបាល​ខេត្ត​ចាប់​ខ្លួន​លោក​ នុត​ ពេជ​ ដែល​​ជា​​​អនុ​ប្រធាន​​ប្រតិបត្តិ​របស់​​អតីត​​គណបក្ស​​សង្គ្រោះ​ជាតិ​នៅ​ស្រុក​ឈូក​ ចេញ​ពី​ស្រែ​កំពុង​ស្ទូង​ នៅ​ឃុំ​បឹង​និមល​ ស្រុក​ឈូក​ ខេត្ត​កំពត​ កាល​ពី​ថ្ងៃ​ទី​១៧​ ខែ​សីហា​ ឆ្នាំ​២០១៩​កន្លង​ទៅ​។​

Avatar

Title:តើ​លោក​ សម​ រង្ស៊ី​ ត្រូវ​បាន​គេ​ចាប់​ខ្លួន​មែន​ដែរ​ឬ​ទេ​?​

Fact Check By: Kakada Sim 

Result: Altered

Leave a Reply

Your email address will not be published.