Fact-Check: ដំណើរការ​បោះ​ពុម្ព​លិខិត​ឆ្លង​ដែន​កម្ពុជា​​ធ្វើ​ឡើង​នៅ​ភ្នំពេញ មិន​មែន​ធ្វើ​នៅ​ទីក្រុង​ហូជីមិញទេ

Misleading Political

ខណៈ​ដែល​ការ​បោះ​ឆ្នោត​ក្រុម​ប្រឹក្សា​ឃុំ​សង្កាត់ និង​ការ​បោះ​ឆ្នោត​ជាតិ កាន់​តែ​ខិត​​ចូល​មក​ដល់​នៅ​ឆ្នាំ​២០២២ និង​ឆ្នាំ​២០២៣​ជា​បន្ត​បន្ទាប់​នោះ ការ​រិះគន់​ទៅ​លើ​រដ្ឋាភិបាល​ដឹកនាំ​ដោយ​គណបក្ស​ប្រជាជន​កម្ពុជា​ដែល​កំពុង​ដឹកនាំ​ប្រទេស​កម្ពុជា បាន​កើត​ឡើង​ជា​រឿយៗ។ ក្នុង​ចំណោម​ការ​រិះគន់​ផ្សេងៗ លិខិត​ឆ្លង​ដែន​កម្ពុជា បាន​ក្លាយ​ជា​ប្រធាន​បទ​នៃ​ការ​ចោទ​សួរ​ថា តើ​វា​ផលិត​ឡើងនៅ​ឯណា បន្ទាប់​ពី​មាន​បុរស​ម្នាក់​អះអាង​ថា លិខិត​ឆ្លង​ដែន​កម្ពុជា ត្រូវ​បាន​ផលិត​ឡើង​នៅ​ប្រទេស​វៀតណាម។ ទោះជាយ៉ាងណា ការ​ផ្ទៀង​ផ្ទាត់​ការ​ពិត នឹង​បញ្ជាក់​ថា លិខិត​ឆ្លង​ដែន​កម្ពុជា មិន​មែន​បោះ​ពុម្ព​នៅ​ប្រទេស​វៀតណាម​នោះ​ឡើយ។

ការ​អះ​អាង​លើ​បណ្ដាញ​សង្គម

កាល​ពី​ថ្ងៃ​ទី​១៧ ខែ​មីនា​កន្លង​មក​នេះ ទំព័រហ្វេសប៊ុក​មួយ​បាន​បង្ហោះ​វីដេអូ​មួយ ​ដែល​លិខិត​ឆ្លង​ដែន និង​បុរស​ម្នាក់​បាន​អះ​អាង​ថា លិខិត​ឆ្លង​ដែន​កម្ពុជា ត្រូវ​បាន​ផលិត​ឡើង​នៅ​ឯ​ប្រទេស​វៀតណាម​ជាច្រើន​ឆ្នាំ​មក​ហើយ។ វីដេអូ​ឃ្លីប​រយៈ​ពេល​ជាង ១៤​នាទី​នោះ ត្រូវ​បាន​ទស្សនា​រាប់​ពាន់​ដង និង​មាន​ការ​បញ្ចេញ​មតិ​យ៉ាង​ច្រើន​ពី​សំណាក់​អ្នក​ប្រើ​ហ្វេសប៊ុក​និយាយ​ភាសា​ខ្មែរ។

ទំព័រ​ហ្វេសប៊ុក​នេះ ចោទ​សួរ​ថា «ហេតុ​អ្វី​លិខិត​ឆ្លង​ដែន​ខ្មែរ KH ធ្វើ​នៅ​ទីក្រុង​ហូជីមិញ VN?»។

ភ្ជាប់​ជាមួយ​សំណេរ​នោះ វីដេអូ​មួយ​បង្ហាញ​បុរស​ម្នាក់​ដែល​ទំនង​ជា​អនិជន​ខ្មែរ​រស់នៅ​ឯ​ក្រៅ​ប្រទេស បាន​និយាយ​ថា «ហេតុអ្វី​បាន​ជា​លិខិត​ឆ្លងដែន​ខ្មែរ​បោះ​ពុម្ព​នៅ​ក្រុង​ហូជីមិញ? សូម​ប្អូន​ឱ្យ​យល់​ណា ខ្មែរ​គេ​គ្រប់​គ្រង​បាន​ទៅ​ហើយ យួន​គេ​គ្រប់​គ្រង​បាន​ទៅ​ហើយ​។ យើង​ឱ្យ​​ដឹង​ថា ស្រុក​ខ្មែរ​យើង​នេះ វា​នៅ​ក្រោម​ការ​ដឹកនាំ​របស់​យួន​ទៅ​ហើយ។ ការ​សម្រេច​ចិត្ត សម្រេច​នយោបាយ គេ​មក​ពី​ហាណូយ​នោះ​ទេ មិន​មែន ហ៊ុន សែន សម្រេចចិត្ត​ទេ។ ប្អូន​សូម​ឱ្យ​យល់​កន្លែង​ហ្នឹង សូម​ឱ្យ​ភ្ញាក់​ខ្លួន​ឡើង​ណា។ ស្រុក​ខ្មែរ​នេះ ប្រទេស​យើង​នេះ គេ​កាន់កាប់​បាន​ទៅ​ហើយ បាន​ជា​គេ​ធ្វើ​ស្អី បោះ​ត្រា​នេះ គេ​អនុម័ត​ពី​ទីក្រុង​ព្រៃនគរ ហូជីមិញ[…]»។

Facebook Post | Archived Link

ការ​ពិនិត្យ​ការ​ពិត

Fact Crescendo Cambodia បាន​ចាប់​ផ្ដើម​ផ្ទៀង​ផ្ទាត់​ការ​អះ​អាង​នេះ​តាម​រយៈ​ការ​សម្ភាស​ជាមួយ​មន្ត្រី​ស្ថាប័ន​អត្តសញ្ញាណកម្ម​នៃ​ក្រសួង​មហាផ្ទៃ និង​សម្ភាស​ជាមួយ​មន្ត្រី​ក្រសួង​ការបរទេស​កម្ពុជា​អំពី​របៀប​នៃ​ការ​ត​សុពលភាព​លិខិត​ឆ្លង​ដែន។

ក្នុង​កិច្ច​សម្ភាស​ជាមួយ Fact Crescendo Cambodia នៅ​ថ្ងៃ​ទី​០២ ខែ​ឧសភា ឆ្នាំ​២០២១ លោក តុប នេត អគ្គនាយក​រង និង​ជា​អ្នក​នាំ​ពាក្យ​នៃ​អគ្គនាយកដ្ឋាន​អត្តសញ្ញាណ​កម្ម​របស់​ក្រសួង​មហាផ្ទៃ បាន​ច្រាន​ចោល​ការ​អះ​អាង​ខាង​លើ ហើយ​ប្រាប់​ថា ការ​បោះ​ពុម្ព​លិខិត​ឆ្លង​ដែន​កម្ពុជា ត្រូវ​បាន​ធ្វើ​ឡើង​នៅ​ឯ​រោងពុម្ព​ស្ថិត​នៅ​ក្រោម​ចំណុះ​ទីស្ដីការ​ក្រសួង​មហាផ្ទៃ ស្ថិត​នៅ​តាម​បណ្ដោយ​ផ្លូវ​ព្រះនរោត្តម ក្នុង​រាជ​ធានី​ភ្នំពេញ។

លោក តុប នេត មាន​ប្រសាសន៍​ថា​៖ «មិន​ពិត​ទេ ព្រោះ​ធម្មតា លិខិត​ឆ្លង​ដែនរបស់​ខ្មែរ​យើង គឺ​មាន​ចេញ​តែ​មួយ​កន្លែង​ទេ គឺ​នៅ​នាយកដ្ឋាន​លិខិត​ឆ្លង​ដែន នៃ​អគ្គនាយកដ្ឋាន​អត្ត​សញ្ញាណកម្ម​របស់​ក្រសួង​មហាផ្ទៃ»។

មន្ត្រី​អត្តសញ្ញាណ​កម្ម​កម្ពុជា​រូប​នេះ បញ្ជាក់​ថា គ្រប់​ដំណាក់​កាល​នៃ​ដំណើរការ​​បោះ​ពុម្ព​លិខិត​ឆ្លង​ដែន​កម្ពុជា ត្រូវ​បាន​ធ្វើ​ឡើង​នៅ​ឯ​រោង​ពុម្ព​ស្ថិត​នៅ​ក្រោម​ក្រសួង​មហាផ្ទៃ ហើយ​ក៏​មិន​ត្រូវ​បាន​បោះ​ពុម្ព​ដោយ​គ្រឹះស្ថាន​បោះ​ពុម្ព​ឯកជន​ក្នុង​ស្រុក​ផង​ដែរ។

លោក តុប នេត មាន​ប្រសាសន៍​បន្ត៖ «គំរូ​លិខិត​ឆ្លង​ដែន​ហ្នឹង​តែ​ម្ដង គឺ​យើង​កុម្ម៉ង់​[បញ្ជា​ទិញ]មក​ពី​ក្រៅ​ប្រទេស មក​ពី​អឺរ៉ុប ប៉ុន្តែ អាហ្នឹង​មិន​ទាន់​មាន​ទិន្ន័យ​ទេ នៅ​ជា​គម្រូ​សៀវភៅ។ ដោយ​ឡែក យើង​យក​មក យើង​បោះពុម្ព យើង​បញ្ចូល​ទិន្នន័យ​​នៅ​ក្រសួង​មហាផ្ទៃ​ទាំង​អស់​។ អ៊ីចឹង អត់​មាន​លិខិត​ឆ្លង​ដែន​ណា​ចេញ​[ផលិត​]នៅ​ក្រៅ​ប្រទេស​ទេ»។

សន្និដ្ឋាន

Fact Crescendo Cambodia រក​ឃើញ​ថា ការ​អះ​អាង​នៅ​លើ​បណ្ដាញ​សង្គម​ថា លិខិត​ឆ្លង​ដែន​កម្ពុជា ត្រូវ​បាន​ធ្វើ​ឡើង​នៅ​ទីក្រុង​ហូជីមិញ ប្រទេស​វៀតណាម​នោះ មិន​ត្រឹម​ត្រូវ​នោះ​ទេ។ មន្ត្រី​នៅ​អគ្គនាយកដ្ឋាន​អត្ត​សញ្ញាណកម្ម​បញ្ជាក់​ថា រាល់​ដំណើរការ​​បញ្ចូល​ទិន្នន័យ និង​ការ​បោះ​ពុម្ព​លិខិត​ឆ្លង​ដែន​កម្ពុជា ត្រូវ​បាន​ធ្វើ​ឡើង​នៅ​ឯ​នាយកដ្ឋាន​លិខិត​ឆ្លង​ដែន ស្ថិត​នៅ​​ឯ​សង្កាត់​និរោធ ខណ្ឌ​ច្បារអំពៅ ​រាជ​ធានី​ភ្នំពេញ។

Avatar

Title:Fact-Check: ដំណើរការ​បោះ​ពុម្ព​លិខិត​ឆ្លង​ដែន​កម្ពុជា​​ធ្វើ​ឡើង​នៅ​ភ្នំពេញ មិន​មែន​ធ្វើ​នៅ​ទីក្រុង​ហូជីមិញទេ

Fact Check By: Jay Udom 

Result: Misleading

Leave a Reply

Your email address will not be published.