ខណៈ​ដែល​វត្តមាន​វៀតណាម​នៅ​ក្នុង​ទឹក​ដី​កម្ពុជា គឺ​ជា​បញ្ហា​រសើប​ជាយូរ​មកហើយ​នោះ ព័ត៌មានដ៏​ផុស​ផុល​មួយ​នៅថ្ងៃ​ម្សិល​មិញ​នេះ បាន​លើក​ឡើង​ថា វៀតណាម​បាន​បង្ហាញ​ឥទ្ធិពល​របស់​ខ្លួន​ដល់​កណ្ដាល​ប្រទេស​កម្ពុជា​ហើយ​ បន្ទាប់​ពី​មាន​ការ​តុប​តែង​ទង់​ជាតិ​វៀតណាម​នៅ​ក្នុង​បរិវេណ​បញ្ជាការដ្ឋាន​យោធា​មួយ​របស់​កម្ពុជា។ ព័ត៌មាន​នេះ ត្រូវ​បាន​ចែក​រំលែក​ព្រោង​ព្រាត​លើ​បណ្ដាញ​សង្គម។ ទោះជាយ៉ាងណា យើង​រក​ឃើញ​ថា ព័ត៌មាន​នេះ​មិន​ត្រឹម​ត្រូវ​នោះ​ឡើយ។

ការអះអាង​លើ​បណ្ដាញ​សង្គម

ព័ត៌មាន​ល្បី​ផុស​ផុល​នៅ​លើ​បណ្ដាញ​សង្គម​នៅ​ថ្ងៃ​នេះ បាន​បង្ហោះ​នូវ​រូបថតចំនួន​បី​សន្លឹក​ដែល​បង្ហាញ​ទង់​ជាតិ​វៀតណាម​ជាច្រើន ត្រូវ​បាន​តាំង​បង្ហាញ​នៅ​ក្នុង​បរិវេណ​នៃ​បញ្ជាការដ្ឋាន​កង​ទ័ព​កម្ពុជា​នៅ​ក្នុង​ខេត្ត​កំពង់ធំ។

រូបថត​ទាំង​នេះ ត្រូវ​បាន​បង្ហោះ​ជាមួយ​សំណេរ​ផ្សេងៗ​ក្នុង​ន័យ​ថា វៀតណាម​បាន​ឈ្លាន​ពាន​លើ​អធិបតេយ្យភាព​របស់​កម្ពុជា​រហូត​ដល់​ថ្នាក់​មូលដ្ឋាន ជាពិសេស​នៅ​ខេត្ត​កំពង់ធំ ដែល​ស្ថិត​នៅ​ភាគ​កណ្ដាល​របស់​ប្រទេស។

រូបថត​ជាមួយ​សំណេរ​បែប​នេះ ត្រូវ​បាន​ចែក​រំលែក​បន្ត​ព្រោង​ព្រាត​ពី​សំណាក់​អ្នក​ប្រើ​ប្រាស់​បណ្ដាញ​សង្គម​កម្ពុជា ដោយ​ពុំ​បាន​ដឹង​ពី​រឿង​រ៉ាវ​ពិត​ប្រាកដ​នៃ​ការ​ដោត​ទង់​ជាតិ​វៀតណាម​នៅ​ឯ​បញ្ជាការដ្ឋាន​សឹក​រង​ខេត្ត​កំពង់ធំ​នោះ​ឡើយ។

ខាង​ក្រោម​នេះ គឺ​ជា​រូបភាព​ផ្ដាម​ចេញ​ពី​ការ​បង្ហោះ​ព័ត៌មាន​នេះ​នៅ​លើ​បណ្ដាញ​សង្គម​នៅ​ថ្ងៃ​ទី០៥ ខែ​មេសា ឆ្នាំ​២០២៤ ដោយ​មាន​សំណេរ​រៀបរាប់​ថា “កុំ​រវល់​តែ​ឈ្លោះគ្នា គេ​មក​ដល់​ដំបូល​ផ្ទះ​យើង​ហើយ”។

Facebook Post | Archived Link

រូបថត​ដូច​គ្នា​នេះ ក៏​ត្រូវ​បាន​បង្ហោះ​នៅ​លើ​បណ្ដាញ​សង្គម​ដោយ​អ្នក​ប្រើ​ប្រាស់​ហ្វេសប៊ុក​ដទៃ​ទៀត ដែល​សរសេរ​រៀបរាប់​ក្នុង​ន័យ​ថា កម្ពុជា​នឹង​ផ្ដល់​ដី​ស្រប​ច្បាប់​ទៅ​ដល់​ពលរដ្ឋ​វៀតណាម។

ខាង​ក្រោម​នេះ គឺ​ជា​រូបភាព​ផ្ដាម​ចេញ​ពី​ការ​បង្ហោះ​ព័ត៌មាន​នេះ​នៅ​លើ​បណ្ដាញ​សង្គម​កាល​ពី​ថ្ងៃ​ទី​០៥ ខែ​មេសា ឆ្នាំ​២០១៤ ដែល​សរសេរ​រៀបរាប់​ថា “ប្លង់​រឹង​ជិត​ធ្លាក់​មក​ហើយ​បង​អូន​ស៊្មែរ​អើយ”។

Facebook Post | Archived Link

ចំណែកទំព័រ​ហ្វេសប៊ុក​មួយ​ទៀត បាន​បង្ហោះ​រូបថត​ពីរ​សន្លឹក​នៅ​ក្នុង​ចំណោម​រូបថត​ទាំង​បី​សន្លឹក ដោយ​សរសេរ​រៀបរាប់​ថា ប្រទេស​កម្ពុជា​ចាប់​ផ្ដើម​មាន​ស្ថានភាព​ដូច​ទៅ​នឹង​ប្រទេស​ឡាវ​បណ្ដើរៗ​ហើយ។

ខាង​ក្រោម​នេះ គឺ​ជា​រូបភាព​ផ្ដាម​ពី​ការ​បង្ហោះ​ព័ត៌មាន​នៅ​លើ​បណ្ដាញ​សង្គម​កាល​ពី​ថ្ងៃ​ទី​០៥ ខែ​មេសា ឆ្នាំ​២០២៤ ដែល​សរសេរ​រៀបរាប់​ថា “ស្ថានភាព​ប្រទេស​យើង​ពេល​នេះ​ចាប់​ផ្ដើម​ដូច​ប្រទេស​ឡាវ​បណ្ដើរៗ​ហើយ”។

Facebook Post | Archived Link

ខាង​ក្រោម​នេះ គឺ​ជា​វីដេអូ​មាន​រូបថត​ទាំង​បី​សន្លឹក​នោះ ដែល​ត្រូវ​បាន​បង្ហោះ​នៅ​លើ​បណ្ដាញ​សង្គម​ក្នុង​ន័យ​ថា វៀតណាម​​បង្ហាញ​អំណាច​របស់​ខ្លួន​នៅ​ក្នុង​ទឹក​ដី​កម្ពុជា។

Facebook Post | Archived Link

ខាង​ក្រោម​នេះ គឺ​ជា​វីដេអូ​មាន​រូបថត​ទាំង​បី​សន្លឹក​នោះ​ដែល​ត្រូវ​បាន​បង្ហោះ​នៅ​លើ​បណ្ដាញ​សង្គម​កាល​ពី​ថ្ងៃ​ទី​០៥ ខែ​មេសា ឆ្នាំ​២០២៤ ហើយ​ត្រូវ​បាន​ចែក​រំលែក​បន្ត​យ៉ាង​ច្រើន។

Facebook Post | Archived Link

ខាង​ក្រោម​នេះ គឺ​ជា​វីដេអូ​មួយ​ទៀត​ដែល​ត្រូវ​បាន​បង្ហោះ​នៅ​លើ​បណ្ដាញ​សង្គម​កាល​ពី​ថ្ងៃ​ទី​០៥ ខែ​មេសា ឆ្នាំ​២០២៤ ជាមួយ​សំណេរ​រៀបរាប់​ថា “ជ្រៅ​ទៅៗ​ហើយ​ខ្មែរ​អើយ…”។

Facebook Post | Archived Link

ការ​ត្រួត​ពិនិត្យ​ការ​ពិត

Fact Crescendo Cambodia បាន​ចាប់​ផ្ដើម​ត្រួត​ពិនិត្យ និង​ផ្ទៀង​ផ្ទាត់​ទៅ​លើ​ការ​អះអាង​​ខាង​លើ​នេះ​​តាម​រយៈ​ការ​សម្ភាស​មន្ត្រី​យោធា​កម្ពុជា​នៅ​ខេត្ត​កំពង់ធំ ដែល​នាំ​ឱ្យ​យើង​រក​ឃើញ​​ការ​ពិត​ដូច​ខាង​ក្រោម​នេះ។

ដោយ​ឃើញ​ថា ព័ត៌មាន​នេះ​ពាក់​ព័ន្ធ​នឹង​បញ្ជាការដ្ឋាន​សឹក​រង​ខេត្ត​កំពង់ធំ Fact Crescendo Cambodia បាន​ស្វែង​រក​ការ​បក​ស្រាយ​ពី​មន្ត្រី​យោធា​នៅ​ក្នុង​ខេត្ត​នេះ។

នៅ​ពេល​ទាក់​ទង​តាម​តេឡេក្រាម​ទៅ​កាន់​លោក​នៅ​ថ្ងៃទី​០៦ ខែ​មេសា ឆ្នាំ​២០២៤ មេ​បញ្ជាការ​តំបន់​ប្រតិបត្តិការ​សឹក​រង​ខេត្ត​កំពង់ធំ លោក សោម ស៊ុន មិន​បាន​បក​ស្រាយ​អ្វី​ទេ ប៉ុន្តែ លោក​បាន​បង្ហាញ​សេចក្ដី​ប្រកាស​ព័ត៌មាន​មួយ​របស់​រដ្ឋបាល​ខេត្ត​កំពង់ធំ ដែល​បក​ស្រាយ​អំពី​រឿង​រ៉ាវ​មួយ​នេះ។

នៅ​ក្នុង​លិខិត​នោះ រដ្ឋបាល​ខេត្ត​កំពង់ធំ​បាន​បញ្ជាក់​ថា ការ​រៀបចំ​តុប​តែង​ទង់​ជាតិ​វៀតណាម​នៅ​ក្នុង​បរិវេណ​បញ្ជាការដ្ឋាន​សឹករង​ខេត្ត​កំពង់ធំ ត្រូវ​បាន​ធ្វើ​ឡើង​ដើម្បី​ស្វាគមន៍​ប្រតិភូ​យោធា​វៀតណាម ដែល​ធ្វើ​ដំណើរ​ទៅ​សួរ​សុខ​ទុក្ខ និង​ជូនពរ​ក្នុង​ឱកាស​ឆ្នាំ​ថ្មី​ដល់​កង​ទ័ព​កម្ពុជា​នៅ​ទីនោះ។

រដ្ឋបាល​ខេត្ត​កំពង់ធំ បាន​បញ្ជាក់​ទៀត​ថា នេះ​គឺ​ជា​របៀប​ទទួល​ភ្ញៀវ​អន្តរជាតិដែល​ត្រូវ​បាន​អនុវត្ត​ជា​សកល ហើយ​ពិធី​បែប​នេះ ត្រូវ​បាន​ធ្វើ​ឡើង​រៀង​រាល់​ឆ្នាំ​រវាង​កង​ទ័ព​កម្ពុជា​នៅ​តំបន់​ប្រតិបត្តិការ​សឹក​រង​ខេត្ត​កំពង់ធំ និង​ប្រតិភូ​កង​ទ័ព​វៀតណាម​មក​ពី​ទីក្រុង​ហូជីមិញ។

រដ្ឋបាល​ខេត្ត​កំពង់ធំ​ថែម​ទាំង​ចាត់​ទុក​ការ​បង្ហោះ​ខ្លឹមសារ​នៅ​លើ​បណ្ដាញ​សង្គម​ជា​ “ការ​ញុះ​ញង់” និង​ “រើស​អើង​ជាតិ​សាសន៍” ព្រម​ទាំង​ធ្វើ​ឱ្យ​សាធារណជន​យល់​ច្រឡំ​ទៀត​ផង។

ខាង​ក្រោម​នេះ គឺ​ជា​លិខិត​របស់​រដ្ឋបាល​ខេត្ត​កំពង់ធំ ដែល​បាន​បំភ្លឺ​ជុំ​វិញ​ព័ត៌មាន​ខាង​លើ​នេះ ហើយ Fact Crescendo Cambodia ក៏​បាន​រក​ឃើញ​លិខិត​នេះ​ផង​ដែរ​នៅ​លើ​ទំព័រ​ហ្វេសប៊ុក​​ឈ្មោះ “រដ្ឋបាល​ខេត្ត​កំពង់ធំ” នៅ​ថ្ងៃ​ទី​០៦ ខែ​មេសា ឆ្នាំ​២០២៤​។

Facebook Post | Archived Link

ការ​បក​ស្រាយ​បំភ្លឺ​ដោយ​រដ្ឋបាល​ខេត្ត​កំពង់ធំ​នេះ ត្រូវ​បាន​ចុះ​ផ្សាយ​ដោយ​សារព័ត៌មាន​នានា​នៅ​ក្នុង​ស្រុក ដូចជា​ ក្រសួង​ព័ត៌មាន (archived) និង​សារព័ត៌មាន​នគរវត្ត (archived) ជាដើម។

ជាង​នេះ​ទៅ​ទៀត ទំព័រ​ហ្វេសប៊ុក​ឈ្មោះ “កង​ទ័ព​ជើង​គោក​នៃ​កង​យោធ​ពល​ខេមរ​ភូមិន្ទ Royal Cambodian Army” ក៏​បាន​​បង្ហោះ​ផង​ដែរ​នូវ​ព័ត៌មាន​ដែល​និយាយ​អំពី​ជំនួប​រវាង​កង​ទ័ព​កម្ពុជា​នៅ​តំបន់​ប្រតិបត្តិការ​សឹក​រង​ខេត្ត​កំពង់ធំ និង​គណៈ​បញ្ជាការ​យោធា​ទីក្រុង​ហូជីមិញ នៃ​កង​ទ័ព​ប្រជាជន​វៀតណាម។

បើ​តាម​ព័ត៌មាន​នេះ ជំនួប​មួយ​នេះ ត្រូវ​បាន​រៀបចំ​ធ្វើ​ឡើង​នៅ​ឯ​បញ្ជាការដ្ឋាន​តំបន់​ប្រតិបត្តិការ​សឹក​រង​ខេត្ត​កំពង់ធំ កាល​ពី​ថ្ងៃ​ទី​០៤ ខែ​មេសា ឆ្នាំ​២០២៤ ដោយ​ប្រតិភូ​វៀតណាម​ជូន​ពរ​ភាគី​កង​ទ័ព​កម្ពុជា។

ខាង​ក្រោម​នេះ គឺ​ជា​ខ្លឹមសារ​ទាំង​ស្រុង​នៃ​ព័ត៌មាន​បង្ហោះ​ដោយ​ទំព័រ​ហ្វេសប៊ុក “កង​ទ័ព​ជើង​គោក​នៃ​កង​យោធ​ពល​ខេមរ​ភូមិន្ទ Royal Cambodian Army” កាល​ពី​ថ្ងៃ​ទី​០៥ ខែ​មេសា ឆ្នាំ​២០២៤។

Facebook Post | Archived Link

សន្និដ្ឋាន

Fact Crescendo Cambodia បាន​រក​ឃើញ​ថា ការ​អះអាង​ដូច​ដែល​ត្រូវ​បាន​រៀបរាប់​ខាង​លើ​នេះ មិន​ត្រឹម​ត្រូវ​នោះ​ឡើយ។ ការ​រៀបចំ​តុប​តែង​ទង់​ជាតិ​វៀតណាម​នៅ​បញ្ជាការដ្ឋាន​តំបន់​ប្រតិបត្តិការ​សឹក​រង​ខេត្ត​កំពង់ធំ ត្រូវ​បាន​ធ្វើ​ឡើង​ដើម្បី​ទទួល​ប្រតិភូ​យោធា​វៀតណាម ដែល​ជួប​សួរ​សុខ​ទុក្ខ និង​ជូនពរ​ដល់​កង​ទ័ព​កម្ពុជា​នៅ​ទីនោះ។ រដ្ឋបាល​ខេត្ត​កំពង់ធំ​បញ្ជាក់​ថា ការ​រៀបចំ​តុប​តែង​ទង់​ជាតិ​បរទេស​នេះ ត្រូវ​បាន​អនុវត្ត​ជា​សកល​សម្រាប់​ទទួល​ប្រតិភូ​មក​ពី​ប្រទេស​ណា​មួយ។

Avatar

Title:ទង់​ជាតិ​វៀតណាម​នៅ​កណ្ដាល​ប្រទេស​កម្ពុជា តើ​ការ​ពិត​បែប​ណា​វិញ?

Written By: Jay Udom

Result: Misleading