Fact-Check: អំឡុង​ពេល​កាន់​តំណែង តើ​​អ្នកស្រី រ៉ូណា ស្មីត ធ្លាប់​ថ្លែង​នូវ​សម្រង់​សម្ដី​នេះឬ​ទេ​?

Misleading Political

​អ្នក​រាយការណ៍​ពិសេស​អង្គការ​សហ​ប្រជាជាតិ​ស្ដី​ពី​ស្ថានភាព​សិទ្ធិ​មនុស្ស​នៅ​កម្ពុជា អ្នកស្រី រ៉ូណា ស្មីត បាន​បញ្ចប់​អាណត្តិ​របស់​អ្នកស្រី​​កាល​ពី​ខែ​ឧសភា​កន្លង​មក​នេះ​ បន្ទាប់​ពី​កាន់​តំណែង​នេះ​ចាប់​ពី​ឆ្នាំ​២០១៥​មក។ អំឡុង​ពេល​បំពេញ​បេសកកម្ម​សិទ្ធិ​មនុស្ស​នៅ​កម្ពុជា អ្នកស្រី រ៉ូណា ស្មីត បាន​ថ្លែង​រិះគន់​ជា​បន្ត​បន្ទាប់​ទៅ​លើ​ការ​ធ្លាក់​ចុះ​នៃ​ស្ថានភាព​សិទ្ធិ​មនុស្ស​នៅ​កម្ពុជា។

ថ្មីៗ​នេះ សម្រង់​សម្ដី​មួយ ត្រូវ​បាន​បង្ហោះ​លើ​បណ្ដាញ​សង្គម​ហ្វេសប៊ុក​ ដោយ​ត្រូវ​បាន​អះ​អាង​ថា ជា​សម្រង់​សម្ដី​របស់​អ្នកស្រី រ៉ូណា ស្មីត ដែល​បាន​ថ្លែង​នៅ​ក្នុង​សេចក្ដី​ប្រកាស​ព័ត៌មាន​មួយ​កាល​ពី​ឆ្នាំ​មុន។ ការ​អះ​អាង​នេះ ត្រូវ​បាន​ចែក​រំលែក​បន្ត​ជាច្រើន​ដង រួមជាមួយ​ការ​បញ្ចេញ​មតិ​ចម្រុះ​ផង​ដែរ។ ទោះជាយ៉ាងណា ការ​ត្រួត​ពិនិត្យ​ការពិត​រក​ឃើញ​ថា ការ​អះអាង​នេះ មិន​ត្រឹម​ត្រូវ​នោះ​ឡើយ។ 

ការ​អះ​អាង​លើ​បណ្ដាញ​សង្គម

កាល​ពី​ថ្ងៃ​ទី​២៦ ខែ​កក្កដា ឆ្នាំ​២០២១ អ្នក​ប្រើប្រាស់​ហ្វេសប៊ុក​ម្នាក់ បាន​​ចែក​រំលែក​នូវ​ខ្លឹមសារ​មួយ​ដែល​បង្ហាញ​សម្រង់​សម្ដី​របស់​អ្នកស្រី រ៉ូណា ស្មីត (Rhona Smith) អតីត​អ្នករាយការណ៍​ពិសេស​​របស់​អង្គការ​សហ​ប្រជាជាតិ​អំពី​ស្ថានភាព​សិទ្ធិ​មនុស្ស​នៅ​កម្ពុជា​។

Facebook Post | Archived Link

អ្នកប្រើ​ប្រាស់​ហ្វេសប៊ុក​នេះ បាន​ចែក​រំលែក​ខ្លឹមសារ​នេះ​ពី​ប៉ុស្តិ៍​មួយ​របស់​អ្នក​ប្រើ​ប្រាស់​ហ្វេសប៊ុក​ម្នាក់​ទៀត ដែល​បាន​បង្ហោះ​ខ្លឹមសារ​នេះ​កាល​ពី​ថ្ងៃ​ទី​១៦ ខែ​មករា​កន្លង​មក។

ខ្លឹមសារ​នៃ​ប៉ុស្តិ៍​នោះ បង្ហាញ​នូវ​សម្រង់​សម្ដី​របស់​អ្នក​ស្រី រ៉ូណា ស្មីត ដែល​និយាយ​ថា «នយោបាយ​ជា​អាយុ​ជីវិត​របស់​អ្នក គ្រួសារ​អ្នក វាសនា​ប្រទេស​ជាតិ​របស់​អ្នក! តើ​ហេតុអ្វីបាន​ជា​អ្នក​រាល់​គ្នា​មិន​ខ្វល់​រឿង​ជាតិ​ទឹក​ដី? ប្រទេស​មួយ​ធ្លាក់​​ទៅ​ក្នុង​ដៃ​ជន​ផ្ដាច់ការ​ ហើយ​វាសនា​របស់​អ្នក​ស្រេច​តែ​គេ​កំណត់​ឱ្យរស់! បើ​មិន​ចេះ​តស៊ូ UN ជួយ​មិន​បាន​ទេ OK?»។

ការ​បង្ហោះ​សម្រង់​សម្ដី​របស់​អ្នកស្រី រ៉ូណា ស្មីត បែប​នេះ ត្រូវ​បាន​អ្នក​ប្រើ​ប្រាស់​បណ្ដាញ​សង្គម​ហ្វេសប៊ុក​ចែក​រំលែក​រហូត​ដល់​ទៅ​រាប់​រយ​ដង រួមជាមួយ​ការ​បញ្ចេញ​មតិ​ចម្រុះ​បែប​ផង​ដែរ។

ខាង​ក្រោម​នេះ គឺ​ជា​រូបភាព​ផ្ដាម​ចេញ​ពី​ប៉ុស្តិ៍​របស់​អ្នក​ប្រើ​ប្រាស់​ហ្វេសប៊ុក​ម្នាក់​ដែល​បាន​បង្ហោះ​សារ​នេះ​កាល​ពី​ថ្ងៃ​ទី​១៦ ខែមករា​កន្លងមក​ រួម​ជាមួយ​រូបថត​របស់​អ្នកស្រី រ៉ូណា ស្មីត។

Facebook Post | Archived Link

ការ​ពិនិត្យ​ការ​ពិត

Fact Crescendo Cambodia ចាប់​ផ្ដើម​ត្រួត​ពិនិត្យ​ទៅ​លើ​សម្រង់​សម្ដីដែល​ត្រូវ​បាន​លើក​ឡើង​ខាង​លើនេះតាម​រយៈ​ការ​ផ្ទៀង​ផ្ទាត់​ទៅ​លើ​សម្រង់​សម្ដី​របស់​អ្នកស្រី រ៉ូណា ស្មីត អំឡុង​ពេល​អ្នកស្រី​កាន់​តំណែង​ជា​អ្នក​រាយការណ៍​ពិសេស​អង្គការ​សហ​ប្រជាជាតិ​ទទួល​បន្ទុក​សិទ្ធិ​មនុស្ស​កម្ពុជា​ចន្លោះ​ពី​ឆ្នាំ​២០១៥ ដល់​ពាក់​កណ្ដាល​ឆ្នាំ​២០២១​នេះ។

ប៉ុស្តិ៍​ដែល​បង្ហោះ​ដោយ​អ្នក​ប្រើ​ប្រាស់​ហ្វេសប៊ុក បង្ហាញ​រូបថត​អ្នកស្រី រ៉ូណា ស្មីត និង​ភ្ជាប់​មក​ជាមួយ​សេចក្ដី​ប្រកាស​ព័ត៌មាន (Press Release) ចេញ​កាល​ពី​ថ្ងៃ​ទី​២៥ ខែ​វិច្ឆិកា ឆ្នាំ​២០២០​កន្លង​មក​នេះ។

យើង​បាន​រក​ឃើញ​សេចក្ដី​ប្រកាស​ព័ត៌មាន​របស់​អ្នក​ជំនាញ​សិទ្ធិ​មនុស្ស​អង្គការ​សហ​ប្រជាជាតិ​រូប​នេះ​ចុះ​ថ្ងៃ​ទី​២៥ ខែ​វិច្ឆិកា ឆ្នាំ​២០២០ ដែល​ត្រូវ​បាន​ផ្សព្វផ្សាយ​នៅ​លើ​គេហទំព័រ​របស់​ការិយាល័យ​ឧត្ដម​ស្នងការ​សិទ្ធិ​មនុស្ស​អង្គការ​សហ​ប្រជាជាតិ​ប្រចាំ​នៅ​កម្ពុជា។

ក្នុង​សេចក្ដី​ប្រកាស​ព័ត៌មាន​នោះ អ្នកស្រី រ៉ូណា ស្មីត បាន​បង្ហាញ​ការ​ភ្ញាក់​ផ្អើល​ចំពោះ​ការ​ជំនុំ​ជម្រះ​ក្ដី​ទ្រង់​ទ្រាយ​ធំ​ទៅ​លើ​សកម្មជន​​គាំ​ទ្រគណបក្ស​សង្គ្រោះ​ជាតិ ដែល​ត្រូវ​បាន​រំលាយ​ចោល​ទៅ​ហើយ​នោះ។

ក្នុង​សេចក្ដី​ប្រកាស​ព័ត៌មាន​នេះ អ្នកស្រី រ៉ូណា ស្មីត មិន​បាន​ថ្លែង​ដូច​ទៅ​នឹង​សម្រង់​សម្ដី​ដែល​បាន​លើក​ឡើង​នៅ​លើ​បណ្ដាញ​សង្គម​នោះ​ឡើយ។

ខ្លឹមសារ​ទាំង​ស្រុង​នៃ​សេចក្ដី​ប្រកាស​ព័ត៌មាន​របស់​អ្នកស្រី រ៉ូណា ស្មីត អាច​រក​អាន​បាន​តាម​តំណ​ភ្ជាប់​ខាង​ក្រោម​នេះ ដែល​ត្រូវ​បាន​ផ្សព្វផ្សាយ​នៅ​លើ​គេហទំព័រ​របស់​ការិយាល័យ​ឧត្ដមស្នងការ​​សិទ្ធិ​មនុស្ស​អង្គការ​សហ​ប្រជាជាតិ​ប្រចាំ​នៅ​កម្ពុជា។

Rhona Smith’s Press Release | Archived Link

Fact Crescendo Cambodia បាន​ផ្ញើ​អ៊ីម៉ែល​សាក​សួរ​ទៅ​កាន់​អ្នកស្រី រ៉ូណា ស្មីត និង​តំណាង​ការិយាល័យ​ឧត្ដម​ស្នងការ​​នៃ​អង្គការ​សហ​ប្រជាជាតិ​ទទួល​បន្ទុក​សិទ្ធិ​មនុស្ស​​ប្រចាំ​នៅ​កម្ពុជា​ផង​ដែរ ដើម្បី​បញ្ជាក់​លើ​សម្រង់​សម្ដី​នេះ ប៉ុន្តែ នៅ​មិន​ទាន់​ទទួល​បាន​ការ​ឆ្លើយ​តប​នៅ​ឡើយ។

Fact Crescendo Cambodia នឹង​​ធ្វើ​បច្ចុប្បន្នភាព​បន្ថែម​ទៀត នៅ​ពេល​ទទួល​បាន​ការ​ឆ្លើយ​តប​ពី​អ្នកស្រី រ៉ូណា ស្មីត ឬ​តំណាង​​ការិយាល័យ​ឧត្ដម​ស្នងការ​​នៃ​អង្គការ​សហ​ប្រជាជាតិ​ទទួល​បន្ទុក​សិទ្ធិ​មនុស្ស​​ប្រចាំ​នៅ​កម្ពុជា​។

សន្និដ្ឋាន

Fact Crescendo Cambodia រក​ឃើញ​ថា ការ​អះ​អាង​ដូច​បាន​រៀបរាប់​ខាង​លើ​នេះ មិន​ត្រឹម​ត្រូវ​នោះ​ឡើយ។ អតីត​អ្នក​រាយការណ៍​ពិសេស​អង្គការ​សហ​ប្រជាជាតិ​ស្ដី​ពី​ស្ថានភាព​សិទ្ធិ​មនុស្ស​នៅ​កម្ពុជា​ អ្នកស្រី រ៉ូណា ស្មីត មិន​បាន​ថ្លែង​ជា​សាធារណៈ​បែប​នេះ​នោះ​ឡើយ​។ នៅ​ក្នុង​សេចក្ដី​ប្រកាស​ព័ត៌មាន​កាល​ពី​ថ្ងៃ​ទី​២៥ ខែ​វិច្ឆិកា ឆ្នាំ​២០២០ អ្នកស្រី រ៉ូណា ស្មីត បាន​បង្ហាញ​ការ​ភ្ញាក់​ផ្អើល​ចំពោះ​ការ​ជំនុំ​ជម្រះ​ក្ដី​ទ្រង់​ទ្រាយ​ធំ​ទៅ​លើ​សកម្មជន​គាំ​ទ្រ​បក្ស​ប្រឆាំង​នៅ​កម្ពុជា។

Updated:  មន្ត្រី​ការិយាល័យ​ឧត្ដមស្នងការ​អង្គការ​សហ​ប្រជាជាតិ​ទទួល​បន្ទុក​សិទ្ធិ​មនុស្ស​កម្ពុជា បាន​ច្រាន​ចោល​ថា សម្រង់​សម្ដី​នេះ មិន​មែន​ជា​សម្ដី​របស់​អ្នកស្រី រ៉ូណា ស្មីត នោះ​ឡើយ។

Avatar

Title:អំឡុង​ពេល​កាន់​តំណែង តើ​​អ្នកស្រី រ៉ូណា ស្មីត ធ្លាប់​ថ្លែង​នូវ​សម្រង់​សម្ដី​នេះឬ​ទេ​?

Fact Check By: Jay Udom 

Result: Misleading

Leave a Reply

Your email address will not be published.