ភាពយន្ត​រឿង Karate Kid ត្រូវ​បាន​ផលិត​ឡើង​ និង​ចាក់​បញ្ចាំង​តាំង​ពីជាង ១០​ឆ្នាំ​មុន​មក​ម៉្លេះ ហើយ​តួ​សម្ដែង​ក្នុង​រឿង​នេះ ដែល​នៅ​វ័យ​កុមារ​នៅ​ឡើយ​នោះ ក៏​បាន​ធំ​ធាត់​ពេញ​រូបរាង​អស់​ទៅ​ហើយ។ កាល​ពី​ចុង​ឆ្នាំ​កន្លង​មក​នេះ រូបថត​ពួកគេ ត្រូវ​បាន​បង្ហោះ​នៅ​លើ​បណ្ដាញ​សង្គម ក្នុង​នោះ​មាន​នារី​ម្នាក់​ស្លៀក​ឈុត​ប៊ីគីនី ដែល​ត្រូវ​បាន​គេ​អះអាង​ថា​ជា​នាង Wenwen Han តួ​សម្ដែង​ក្មេង​ស្រី​ក្នុង​រឿង​ Karate Kid នោះ។ ការអះអាង​ទៅ​លើ​រូបថត​នេះ ត្រូវ​បាន​ចែក​រំលែក​ព្រោង​ព្រាត​លើ​បណ្ដាញ​សង្គម។ ទោះជាយ៉ាងណា យើង​រក​ឃើញ​ថា ការ​អះអាង​នេះ មិន​ត្រឹម​ត្រូវ​នោះ​ឡើយ។

ការ​អះអាង​លើ​បណ្ដាញ​សង្គម

កម្រង​រូបថត ៤​សន្លឹក ត្រូវ​បាន​បង្ហោះ​នៅ​លើ​បណ្ដាញ​សង្គម​ហ្វេសប៊ុក​កាល​ពី​ចុង​ឆ្នាំ​២០២៣​កន្លង​មក​នេះ ដោយ​ត្រូវ​បាន​គេ​អះអាង​ថា ជា​រូបថត​របស់​​ Wenwen Han និង Jaden Smith តារាង​សម្ដែង​នៅ​ក្នុង​ភាពយន្ត​រឿង​ Karate Kid កាល​ពី​ជាង ១០​ឆ្នាំ​មុន និង​រូបថត​របស់​ពួកគេ​នៅ​ឆ្នាំ​២០២៣។

រូបថត​មួយ​សន្លឹក​ក្នុង​ចំណោម​នោះ ដែល​​បង្ហាញ​នារី​ម្នាក់​ស្លៀក​ពាក់​ស៊ិចស៊ី និង​មាន​ដើម​ទ្រូង​ធំ​ ត្រូវ​បាន​គេ​អះអាង​ថា ជា​នាង Wenwen Han នា​ពេល​សព្វថ្ងៃ​នេះ។

ការ​អះអាង​នេះ ត្រូវ​បាន​ចែក​រំលែក​យ៉ាង​ផុល​ផុស​នៅ​លើ​បណ្ដាញ​សង្គម ហើយ​ក៏​ទទួល​បាន​ប្រតិកម្ម និង​មតិ​យោបល់​ចម្រុះ​បែប​ពី​អ្នក​ប្រើ​ប្រាស់​បណ្ដាញ​សង្គម​ផង​ដែរ។

ខាង​ក្រោម​នេះ គឺ​ជា​រូបភាព​ផ្ដាម​ចេញ​ពី​ការ​អះអាង​លើ​បណ្ដាញ​សង្គម​កាល​ពី​ថ្ងៃ​ទី​៣១ ខែ​ធ្នូ ឆ្នាំ​២០២៣ ដែល​រៀបរាប់​ថា « Wenwen Han & Jaden Smith The Karate Kids (2010-2023)» ឬ​មាន​ន័យថា «Wenwen Han និង Jaden Smith ខ្សែ​ភាពយន្ត The Karate Kid (2010-2023)»។

Facebook Post | Archived Link

យុវតី​ជន​ជាតិ​ចិន​ឈ្មោះ Wenwen Han និង​កុមារា​ជន​ជាតិ​អាមេរិក Jaden Smith សុទ្ធ​តែ​ជា​តួ​សម្ដែង​នៅ​ក្នុង​ខ្សែ​ភាពយន្ត Karate Kid ​ដែល​សម្ដែង​ដោយ​តារា​ភាពយន្ត​ដ៏​ល្បី​ឈ្មោះ Jackie Chan ឬ​លោក ឈិន ឡុង។ នៅ​ពេល​ពួកគេ​ចូល​រួម​សម្ដែង​ក្នុង​ខ្សែ​ភាពយន្ត​នោះនៅ​ក្នុង​ឆ្នាំ​២០០៩ យុវតី Wenwen Han ទើប​តែ​មាន​អាយុ ១៤​ឆ្នាំ ហើយ​ Jaden Smith ទើប​តែ​មាន​អាយុ ១២​ឆ្នាំ​នៅ​ឡើយ។

ការអះអាង​ដូច​គ្នា​នេះ ក៏​ត្រូវ​បាន​បង្ហោះ​នៅ​លើ​បណ្ដាញ​សង្គម​ហ្វេសប៊ុក​ដោយ​អ្នក​ប្រើ​ប្រាស់​ហ្វេសប៊ុក​ដទៃ​ទៀត​ផង​ដែរ។ ខាង​ក្រោម​នេះ គឺ​ជា​ទំព័រហ្វេសប៊ុក​មួយ​ដែល​បាន​បង្ហោះ​កម្រិត​រូបថត​នោះដោយ​ចម្លង​ពី​ទំព័រ​ហ្វេសប៊ុក Film Legend។

Facebook Post | Archived Link

ទំព័រ​ហ្វេសប៊ុក​មួយ​ទៀត ក៏​បាន​បង្ហោះ​រូបថតតារា​សម្ដែង​ទាំង​ពីរ​រូប​នេះ​ផង​ដែរ​ជាមួយ​នឹង​សំណេរ​រៀបរាប់​ថា រូបនារី​ដ៏​ស៊ិចស៊ី​នោះ គឺ​ជា​នាង Wenwen Han នា​ពេល​សព្វថ្ងៃ​នេះ។

Facebook Post | Archived Link

ការ​អះអាង​ដូច​គ្នា​នេះ​ក៏​ត្រូវ​បាន​បង្ហោះ​នៅ​លើ​បណ្ដាញ​សង្គម Twitter ផង​ដែរ ហើយ​ក៏​ត្រូវ​បាន​ចែក​រំលែក​បន្ត​យ៉ាង​ច្រើន​ផុស​ផុល និង​មតិ​យោបល់​ចម្រុះ​ផង​ដែរ។

ខាង​ក្រោម​នេះ គឺ​ជា​រូបភាព​ផ្ដាម​ចេញ​ពី​ការ​បង្ហោះ​ការ​អះអាង​នេះ​ដោយ​អ្នក​ប្រើ​ប្រាស់ Twitter មួយ​កាល​ពី​ថ្ងៃ​ទី៣១ ខែ​ធ្នូ ឆ្នាំ​២០២៣ ដែល​រៀបរាប់​ថា «Jaden Smith And WenWen Han The Karate Kids (2010-2023)»។

Twitter Twite | Archived Link

រ​ត្រួត​ពិនិត្យ​ការ​ពិត

Fact Crescendo Cambodia បាន​ចាប់​ផ្ដើម​ត្រួត​ពិនិត្យ និង​ផ្ទៀង​ផ្ទាត់​ទៅ​លើ​ការ​អះអាង​ខាង​លើ​នេះ​​តាម​រយៈ​​ការ​ដំណើរការ​កម្មវិធី Image Reverse Search ដែល​នាំ​ឱ្យ​យើងរក​ឃើញ​ការ​ពិត​ដូច​ខាង​ក្រោម​នេះ។

តាម​រយៈ​ Google Reverse Image Search យើង​បាន​រក​ឃើញ​ថា រូបថត​តារា​សម្ដែង Jaden Smith ​នា​ពេល​សព្វ​ថ្ងៃ​ ពិត​ជា​ដូច​ទៅ​នឹង​រូបថត​ដែល​ត្រូវ​បាន​គេ​បង្ហោះ​នៅ​លើ​បណ្ដាញ​សង្គម​ពិត​មែន។

នៅ​ក្នុង​គេហទំព័រ Alamy ដែល​ជា​វេបសាយ​ផ្គត់​ផ្គង់​រូបថត និងវីដេអូ​ដ៏​ធំ​មួយ​នៅ​លើ​ពិភព​លោក យើង​បាន​រក​ឃើញ​រូបថត​របស់ Jaden Smith ដែល​ពាក់​ខ្សែ​ក​ធំ​ពណ៌​មាស​ នៅ​ឯ​កម្មវិធី​មួយនៅ​ទីក្រុង Los Angeles កាល​ពី​ថ្ងៃ​ទី​១៣ ខែ​ធ្នូ ឆ្នាំ​២០១៧​កន្លង​មក។

Alamy | Archived Link

តាម​រយៈ Google Reverse Image Search ដដែល យើង​បាន​រក​ឃើញ​ថា រូបថត​នារី​ម្នាក់​ស្លៀក​ពាក់​ឈុត​ប៊ីគីនី​ពណ៌​ខៀវ​នោះ មិន​មែន​ជា​នាង Wenwen Han ក្មេង​ស្រី​ជន​ជាតិ​ចិន​ដែល​ជា​តួ​សម្ដែង​ម្នាក់​នៅ​ក្នុង​រឿង​ Karate Kids នោះ​ឡើយ។

យើង​បាន​រក​ឃើញ​បន្ថែម​ថា នារី​ស្លៀក​ឈុត​ប៊ីគីនី​ដែល​គេអះអាង​ថា​ជា​នាង Wenwen Han នោះ ការ​ពិត​គឺ​ជា​តារា​ម៉ូឌែល​ស៊ិចស៊ី​ជន​ជាតិ​ជប៉ុន នាង Nonami Takizawa អាយុ ៣៨​ឆ្នាំ​មក​ដល់​ដើម​ឆ្នាំ​២០២៤​នេះ។

ខាង​ក្រោម​នេះ គឺ​ជា​រូបថត​របស់​នាង Nonami Takizawa ដែល​ត្រូវ​បាន​ផ្ដាម​ចេញ​ពី​វេបសាយ​ Eyval ដែល​បាន​បង្ហោះ​រូបថតជាច្រើន​​របស់​តារា​ម៉ូឌែល​ជប៉ុន​រូប​នេះ​ស្ថិត​ក្នុង​ឈុត​ប៊ីគីនី​ពណ៌​ខៀវ កាល​ពី​ថ្ងៃ​​ទី២៥ ខែ​កុម្ភៈ ឆ្នាំ​២០២០។

Eyval | Archived Link

តារា​សម្ដែង​ជន​ជាតិ​ចិន ​នាង Wenwen Han កើត​នៅ​ក្នុង​ឆ្នាំ​១៩៩៥ សព្វ​ថ្ងៃ​នេះ​​មាន​វ័យ ២៨​ឆ្នាំ​ហើយ​គិត​ត្រឹម​ដើម​ឆ្នាំ​២០២៤​​នេះ ហើយ​នាង​បាន​ចូលរួម​សម្ដែង​ជា​តួអង្គ​ឈ្មោះ Mei Ying នៅ​ក្នុង​ភាពយន្ត​ Karate Kids ដែល​ចាក់​បញ្ចាំង​នៅ​ឆ្នាំ​២០១០។

យោង​តាម​ការ​ចុះ​ផ្សាយ​របស់​សារព័ត៌មាន Byliner របស់​សហរដ្ឋ​អាមេរិក យើង​បាន​ដឹង​ថា តារា​សម្ដែង​ជន​ជាតិ​ចិន នាង Wenwen Han ដែល​មាន​ជំនាញ​លេង​វីយូឡុង និង​រាំ​ផង​នោះ បាន​សម្រាក​ពី​ការងារ​សម្ដែង​មួយ​រយៈ​ធំ បន្ទាប់​ពី​ការ​ចូល​រួម​សម្ដែង​ក្នុង​ភាពយន្ត Karate Kids។

សារព័ត៌មាន​ដដែល​នេះ បាន​រៀបរាប់​ថា តារា​សម្ដែង​ចិន​រូប​នេះ​កម្រ​បង្ហាញ​មុខ​ជា​សាធារណៈ​ណាស់ ហើយ​នាង​រស់​នៅ​ក្នុង​ភាព​ស្ងប់​ស្ងាត់​ និង​មិន​បាន​បង្ហាញ​វត្តមាន​នៅ​ក្នុង​គម្រោង​ផលិត​ភាពយន្ត​ថ្មីៗ​នោះ​ឡើយ។ សូម​អាន​លម្អិត​នៅ​ទីនេះ(Archived)

បើ​តាម​សារព័ត៌មាន Byliner ដដែល ជា​រឿយៗ តារា​សម្ដែង​ចិន​រូប​នេះ តែង​តែ​ត្រូវ​បាន​អ្នក​ប្រើ​ប្រាស់​បណ្ដាញ​សង្គម និង​អ៊ិនធឹណិត យល់​ច្រឡំ​ជាមួយ​តារា​សម្ដែង​ចិន​ម្នាក់​ទៀត​ឈ្មោះ​ Wenwen Han ដែល​មាន​អាយុ ៤២​ឆ្នាំ​ហើយ និង​បាន​រៀបការ​ជាមួយ​តារាង​ចម្រៀង​តៃវ៉ាន់ Ken Chu ដែល​ជា​តួ​សម្ដែងនៅ​ក្នុង​រឿង F4។

សារព័ត៌មាន Byliner បាន​រៀបរាប់​ថា តារាសម្ដែង​ នាង Wenwen Han បាន​ផ្លាស់​ប្ដូរ​ឈ្មោះទៅ​ជា Vivien Han វិញ ដើម្បី​កុំ​ឱ្យ​មហាជន​យល់​ច្រឡំ​រវាង​នាង និង​តារា​សម្ដែង​នាង Wenwen Han នៅ​ក្នុង​ភាពយន្ត Karate Kids។

Getty Images | Archived Link

សន្និដ្ឋានFact Crescendo Cambodia

បាន​រក​ឃើញ​ថា ការ​អះអាង​ដូច​រៀបរាប់​ខាង​លើ​នេះ មិន​ត្រឹម​ត្រូវ​នោះ​ឡើយ។ រូបថត​នារី​ម្នាក់​ស្ថិត​ក្នុង​ឈុត​ប៊ីគីនី​ពណ៌​ខៀវ​នោះ មិន​មែន​ជា​រូបថត​បច្ចុប្បន្ន​របស់​នាង Wenwen Han តារា​សម្ដែង​នៅ​ក្នុង​ភាពយន្ត Karate Kid នោះ​ឡើយ។ រូបថត​នោះ គឺ​ជា​នាង Nonami Takizawa ដែល​ជា​អតីត​តារា​ម៉ូឌែល​ស៊ិចស៊ី​ជន​ជាតិ​ជប៉ុន​។

Avatar

Title:តើ​នារី​ម្នាក់​ស្លៀក​ឈុត​ប៊ីគីនី គឺ​ជា​តួសម្ដែង​ក្នុង​រឿង Karate Kid នា​ពេល​សព្វ​ថ្ងៃ​នេះ​មែន​ឬទេ?

Written By: Jay Udom

Result: False