​វីដេអូ​ឃាតកម្ម​​នៅ​ហ្វីលីពីន​ត្រូវ​បាន​គេ​អះអាង​ថា​ជាការ​បាញ់​ប្រហារ​​​​កើត​ឡើង​នៅ​កម្ពុជា

False Political

ឃ្លីប​វីដេអូ​មួយ​ដែល​បង្ហាញ​ហេតុការណ៍​បាញ់​ប្រហារ​មួយ ត្រូវ​បាន​គេ​បង្ហោះ​នៅ​លើ​បណ្ដាញ​សង្គម​ដោយ​ភ្ជាប់​ជាមួយ​សំណេរ​ក្នុង​ន័យ​ថា វា​ជា​អំពើ​ឃាតកម្ម​កើត​ឡើង​នៅ​ក្នុង​ប្រទេស​កម្ពុជា។ ឃ្លីប​វីដេអូ​ភ្ជាប់​មក​ជាមួយ​សំណេរ​បែប​នេះ ត្រូវ​បាន​ចែក​រំលែក​ព្រោង​ព្រាត​លើ​បណ្ដាញ​សង្គម ដែល​នាំ​ឱ្យ​មាន​ការចោទ​អំពី​ទីតាំង​នៃ​ហេតុការណ៍​បាញ់​ប្រហារ​នោះ។ ទោះជាយ៉ាងណា ការ​ផ្ទៀង​ផ្ទាត់​​រក​ឃើញ​ថា ការ​អះអាង​នេះ​ មិន​ត្រឹម​ត្រូវ​នោះ​ឡើយ។

ការ​អះអាង​លើ​បណ្ដាញ​សង្គម

ឃ្លីប​វីដេអូ​កាមេរ៉ា​សុវត្ថិភាព​មួយ​​ដែល​ថត​បាន​​បុរស​ម្នាក់​បាញ់​ប្រហារ​ទៅ​លើ​បុរស​ម្នាក់​ទៀត ត្រូវ​បាន​គេ​បង្ហោះ​នៅ​លើ​បណ្ដាញ​សង្គម​កាល​ពី​ថ្ងៃ​ម្សិល​មិញ​នេះ​ជាមួយ​សំណេរ​រៀបរាប់​ក្នុង​ន័យ​ថា ករណី​បាញ់​ប្រហារ​នេះ​កើត​ឡើង​នៅ​ក្នុង​ប្រទេស​កម្ពុជា។

ឃ្លីប​វីដេអូ​​ជាមួយ​សំណេរ​បែប​នេះ ត្រូវ​បាន​ចែក​រំលែក​ព្រោង​ព្រាត​នៅ​លើ​បណ្ដាញ​សង្គម​ហ្វេសប៊ុក​ពី​សំណាក់​អ្នក​ប្រើ​ប្រាស់​ហ្វេសប៊ុក​កម្ពុជា ដែលបាន​បញ្ចេញ​ប្រតិកម្ម​ចម្រុះ​បែប និង​មតិ​យោបល់​ផ្សេងៗ ក្នុង​នោះ​មាន​ការ​ចោទ​សួរ​ថា តើ​ករណី​បាញ់​ប្រហារ​នេះ​កើត​ឡើង​នៅ​ទីណា​ពិត​ប្រាកដ។

ខាង​ក្រោម​នេះ គឺ​ជា​ឃ្លីប​វីដេអូ​ទាំង​ស្រុង​ដែល​ត្រូវ​បាន​បង្ហោះ​នៅ​លើ​បណ្ដាញ​សង្គម​កាល​ពី​ថ្ងៃ​ទី​០៤ ខែ​កុម្ភៈ ឆ្នាំ​២០២៥ ជាមួយ​សំណេរ​រៀបរាប់​ថា “អរគុណ​សន្តិ​ផេះ ជីវិត​មនុស្ស​មិន​ស្មើ​ឆ្កែ​មួយ​ក្បាល”។

Facebook Post | Archived Link

ការ​ត្រួត​ពិនិត្យ​ការ​ពិត

Fact Crescendo បាន​ត្រួត​ពិនិត្យ និង​ផ្ទៀង​ផ្ទាត់​ទៅ​លើ​ការ​អះអាង​ដូច​ដែល​ត្រូវ​បាន​រៀបរាប់​ខាង​លើ​នេះ​តាមរយៈ​ការដំណើរការ Google Reverse Image Search ដែល​នាំ​ឱ្យ​យើង​រក​ឃើញ​ការពិត​ដូច​ខាង​ក្រោម​នេះ។

តាម​រយៈ​ដំណើរការ Google Reverse Image Search យើង​បាន​រក​ឃើញ​ថា ឃ្លីប​វីដេអូ​នៃ​ហេតុការណ៍​បាញ់​ប្រហារ​នេះ ត្រូវ​បាន​បង្ហោះ​ព្រោង​ព្រាត​នៅ​លើ​បណ្ដាញ​អ៊ិនធឹណិត ហើយ​ក៏​ផ្ដល់​ព័ត៌មាន​លម្អិត​អំពី​ហេតុការណ៍​បាញ់​ប្រហារ​នេះផង​ដែរ។

​សេចក្ដី​រាយការណ៍​របស់​សារព័ត៌មាន​ហ្វីលីពីន GMA News Online កាល​ពី​ថ្ងៃ​ចន្ទ​កន្លង​មក​នេះ បាន​ឱ្យ​ដឹង​ថា ករណី​បាញ់​ប្រហារ​នេះ បាន​កើត​ឡើង​នៅ​ទីក្រុង Antipolo ស្ថិត​នៅ​ភាគ​ខាង​រដ្ឋ​ធានី​ម៉ានីល ប្រទេស​ហ្វីលីពីន។

សារព័ត៌មាន​ដដែល​នេះ បាន​រាយការណ៍​បន្ត​ថា បុរស​ជា​សន្តិសុខ​ម្នាក់​បាន​បាញ់​សម្លាប់​អ្នក​រួម​ការងារ​ជាមួយ​គ្នា​ដោយសារ​តែ​ជន​រង​គ្រោះ​មក​ធ្វើការ​យឺត​យ៉ាវ​រហូត​ដល់ ៣០​នាទី​ស្ទើតែ​​រៀង​រាល់​ថ្ងៃ និង​ដោយសារ​ជន​រង​គ្រោះ​គំរាម​កំហែងដល់​ក្រុម​គ្រួសារ​របស់​ខ្មាន់​កាំភ្លើង។

ខាង​ក្រោម​នេះ គឺ​ជា​រូបភាព​ផ្ដាម​ចេញ​ពី​សេចក្ដីរាយការណ៍​របស់​ប្រព័ន្ធ​ផ្សព្វផ្សាយ​ហ្វីលីពីន GMA News Online កាល​ពី​ថ្ងៃ​ទី​០៣ ខែ​កុម្ភៈ ឆ្នាំ​២០២៥។

GMA News Online | Archived Link

ខាង​ក្រោម​នេះ គឺ​ជា​វីដេអូ​សេចក្ដី​រាយការណ៍​ព័ត៌មាន​អំពី​ហេតុការណ៍​បាញ់​ប្រហារ​នេះ ដែល​ផ្សាយ​ដោយ​សារព័ត៌មាន GMA News នៅ​បណ្ដាញ YouTube របស់​ខ្លួន​កាល​ពី​ថ្ងៃ​ទី​០៣ ខែ​កុម្ភៈ ឆ្នាំ​២០២៥។

GMA News’s YouTube | Archived Link

បន្ទាប់​ឃ្លីប​វីដេអូ​បាញ់​ប្រហារ​នេះ ត្រូវ​បាន​បង្ហោះ​នៅ​លើ​បណ្ដាញ​សង្គម​ជាមួយ​សំណេរ​ក្នុង​ន័យ​ថា វា​ជា​ហេតុការណ៍​កើត​ឡើង​នៅ​កម្ពុជា​នោះ អ្នក​នាំ​ពាក្យ​រដ្ឋាភិបាល​កម្ពុជា​ក៏​បាន​ច្រាន​ចោល​ព័ត៌មាន​នេះ​ផង​ដែរ ដោយ​អះអាង​ថា វា​​ព័ត៌មាន​ “ភាន់​ច្រឡំ” និង​បាន​អំពាវ​នាវ​ទៅ​មហាជន​ឱ្យ​បញ្ឈប់​ការ​ចែក​ចាយ​វីដេអូ​នេះ​នៅ​លើ​បណ្ដាញ​សង្គម។

ខាង​ក្រោម​នេះ គឺ​ជា​រូបភាព​ផ្ដាម​ចេញ​ពី​ការបញ្ជាក់​របស់​លេខាធិការដ្ឋាន​គណៈកម្មាធិការ​ជាតិ​សម្រប​សម្រួល​កិច្ចការ​ព័ត៌មាន និង​សាធារណមតិ ដែល​ត្រូវ​បាន​បង្ហោះ​នៅ​លើ​បណ្ដាញ​សង្គម​ហ្វេសប៊ុក​របស់​អង្គភាព​អ្នក​នាំ​ពាក្យ​រាជ​រដ្ឋាភិបាល​កម្ពុជា​កាល​ពី​ថ្ងៃ​ទី​០៣ ខែ​កុម្ភៈ ឆ្នាំ​២០២៥។

Facebook Post | Archived Link

សន្និដ្ឋាន

Fact Crescendo រក​ឃើញ​ថា ការ​អះអាង​ដូច​ដែល​ត្រូវ​បាន​រៀបរាប់​ខាង​លើ​នេះ មិន​ត្រឹម​ត្រូវ​នោះ​ឡើយ។ វីដេអូ​​នៃ​ហេតុការណ៍​បាញ់​ប្រហារ​នេះ មិន​មែន​ជា​ករណី​បាញ់​ប្រហារ​កើត​ឡើង​នៅ​ក្នុង​ប្រទេស​កម្ពុជា​នោះ​ឡើយ។ វា​ជា​ហេតុការណ៍​បាញ់​ប្រហារ​កើតឡើង​នៅ​ក្នុង​ទីក្រុង Antipolo ប្រទេស​ហ្វីលីពីន​ កាល​ពី​ថ្ងៃ​ទី​០៣ ខែ​កុម្ភៈ ឆ្នាំ​២០២៥។

Avatar

Title:វីដេអូ​ឃាតកម្ម​​នៅ​ហ្វីលីពីន​ត្រូវ​បាន​គេ​អះអាង​ថា​ជាការ​បាញ់​សម្លាប់​​​កើត​ឡើង​នៅ​កម្ពុជា

Written By: Jay Udom 

Result: False

Leave a Reply

Your email address will not be published. Required fields are marked *