
កាលពីសប្ដាហ៍កន្លងមកនេះ កុមារកម្ពុជាចំនួន ១១នាក់ បានលង់ទឹកស្លាប់ បន្ទាប់ពីទូកចម្លងមួយគេមួយគ្រឿងបានលិចអំឡុងពេលឆ្លងពីរៀននៅឯភូមិមួយស្ថិតក្នុងស្រុកលើកដែក ខេត្តកណ្ដាល។ បន្ទាប់ពីហេតុការណ៍ដ៏រន្ធត់នេះបានកើតឡើង រូបថតចំនួន៣សន្លឹកដែលបង្ហាញឱ្យក្ដាមឈូសជាច្រើនតម្រៀបគ្នា ត្រូវបានគេបង្ហោះនៅលើបណ្ដាញសង្គមជាមួយការអះអាងថា ជាពិធីបុណ្យសពកុមារកម្ពុជាដែលស្លាប់ដោយសារលិចទូកដនៅភូមិកោះចម្រើន។ ការអះអាងនេះ ត្រូវបានចែករំលែកបន្តគ្នាជាច្រើនដងពីសំណាក់អ្នកប្រើប្រាស់បណ្ដាញសង្គម។ ទោះជាយ៉ាងណា ការត្រួតពិនិត្យការពិតរបស់ Fact Crescendo Cambodia បានរកឃើញថា ការអះអាងលើរូបថតនេះ គឺជាមិនត្រឹមត្រូវនោះឡើយ។
ការអះអាងលើបណ្តាញសង្គម
កាលពីថ្ងៃទី១៤ ខែតុលា ឆ្នាំ២០២២ ទំព័រហ្វេសប៊ុកមួយឈ្មោះ «ព្រះធម៌.Page» បានបង្ហោះរូបថតចំនួន ៥សន្លឹក ដែលក្នុងនោះមានរូបថត ៣សន្លឹក បង្ហាញទិដ្ឋភាពនៃពិធីបុណ្យបូជាសពជាច្រើននាពេលរាត្រី។ ទំព័រហ្វេសប៊ុកដដែលខាងលើនេះ បានភ្ជាប់រូបថតទាំងនេះទៅនឹងហេតុការណ៍លិចទូកចម្លង ដែលបានកើតឡើងកាលពីថ្ងៃទី១៣ ខែតុលា ឆ្នាំ២០២២កន្លងទៅ នៅភូមិសាស្ត្រស្រុកលើកដែក ខេត្តកណ្ដាល។
ការអះអាងទៅលើរូបថតទាំងនេះ ត្រូវបានអ្នកប្រើប្រាស់បណ្ដាញសង្គមចែករំលែកជាច្រើនដង រួមជាមួយការបញ្ចេញមតិ និងប្រតិកម្មចម្រុះបែបផងដែរ។
ខាងក្រោមនេះ គឺជារូបភាពផ្ដាមចេញពីទំព័រហ្វេសប៊ុកខាងលើ ដែលបានសរសេររៀបរាប់ថា «សោកនាដកម្មដ៏គួរឲ្យសង្វេគ សូមចូលរួមរំលែកទុក្ខក្រុមគ្រួសារនៃសព សូមប្អូនបានទៅកាន់សុខគតិភព កេីតជាតិណាៗ សូមប្អូនបានកេីតជាខ្មែរ បន្តការសិក្សាឲ្យដល់ទីបញ្ចប់ កុំអាយុខ្លីដូចជាតិនេះទៀត»។

ការត្រួតពិនិត្យការពិត
Fact Crescendo Cambodia ចាប់ផ្ដើមត្រួតពិនិត្យទៅលើរូបថតខាងលើនេះតាមរយៈការដំណើរការ Google Reverse Image Search ដែលនាំឱ្យយើងរកឃើញការពិតដូចខាងក្រោមនេះ។
រូបថតដែលមានទម្រង់ និងសណ្ឋានដូចគ្នានេះ ត្រូវបានរកឃើញនៅលើគេហទំព័រសារព័ត៌មាន Business Times កាលពីថ្ងៃទី១១ ខែតុលា ឆ្នាំ២០២២កន្លងទៅ។ សារព័ត៌មានដដែលនេះ បានបញ្ជាក់ថា រូបថតនេះ គឺជាទិដ្ឋភាពការរៀបចំពិធីបុណ្យបូជាសពក្មេងដែលបាត់បង់ជីវិតនៅក្នុងហេតុការណ៍បាញ់រះនៅមជ្ឈមណ្ឌលថែទាំកុមារ នៅក្នុងប្រទេសថៃ កាលពីថ្ងៃទី០៦ ខែតុលា ឆ្នាំ២០២២កន្លងទៅ។
ខាងក្រោមនេះ គឺជារូបភាពផ្ដាមចេញពីគេហទំព័រខាងលើ ដែលបានសរសេររៀបរាប់ជាភាសាអង់គ្លេស ឬប្រែសម្រួលជាភាសាខ្មែរមានន័យថា «ក្រុមគ្រួសារប្រមូលផ្តុំគ្នាធ្វើពិធីបូជាសពជនរងគ្រោះ ដែលរងការវាយប្រហារនៅមជ្ឈមណ្ឌលថែទាំកុមារមួយ នៅក្នុងប្រទេសថៃ»។

Business Times Report | Archived Link
ការបូជាសពក្មេងថៃដែលបានបាត់បង់ជីវិតដោយសារតែការបាញ់រះនៅក្នុងប្រទេសថៃនោះ ក៏ត្រូវបានផ្សព្វផ្សាយ និងរាយការណ៍ជាវីដេអូនៅក្នុងសារព័ត៌មាន South China Morning Post ផងដែរ កាលពីថ្ងៃទី១២ ខែតុលា ឆ្នាំ២០២២កន្លងទៅ។ ខាងក្រោមនេះ គឺជាវីដេអូឃ្លីបព័ត៌មាននៃការប្រារព្ធពិធីបូជាសពក្មេងថៃដែលបានបាត់បង់ជីវិតនៅក្នុងបរិវេណវត្តអារាមមួយកន្លែង។
South China Morning Post | Archived Link
ករណីលិចទូកដចម្លងសិស្សសាលាចំនួន ១៥នាក់ កាលពីព្រលប់ថ្ងៃទី១៣ ខែតុលា ឆ្នាំ២០២២កន្លងទៅ នៅភូមិកោះចម្រើន ឃុំកំពង់ភ្នំ ស្រុកលើកដែក ខេត្តកណ្ដាល បានបណ្ដាលឲ្យសិស្សសាលាចំនួន ១១នាក់ ស្លាប់បាត់បង់ជីវិត និងកុមារចំនួន ៤នាក់ទៀត ត្រូវបានជួយសង្គ្រោះបាន។
ដើម្បីស្វែងរកព័ត៌មានពិត សូមតាមដានការផ្សាយរបស់យើងតាមរយៈប្រព័ន្ធដូចខាងក្រោម៖
Facebook Twitter Telegram Google News TikTok
សន្និដ្ឋាន
Fact Crescendo Cambodia រកឃើញថា រូបថត និងការលើកឡើងដោយទំព័រហ្វេសប៊ុកខាងលើនោះ គឺពិតជាមិនត្រឹមត្រូវនោះឡើយ។ ការពិតរូបថតបង្ហាញទិដ្ឋភាពការបូជាសពក្មេង ដែលបាត់បង់ជីវិតនៅក្នុងហេតុការណ៍បាញ់រះនៅមជ្ឈមណ្ឌលថែទាំកុមារ នៅក្នុងប្រទេសថៃ កាលពីថ្ងៃទី០៦ ខែតុលា ឆ្នាំ២០២២កន្លងទៅ។

Title:រូបថតពិធីបុណ្យសពក្មេងជនជាតិថៃមិនជាប់ទាក់ទងអ្វីនឹងករណីលិចទូកចម្លងនៅកម្ពុជាទេ
Fact Check By: Kakada SimResult: False
