Fact-Check: អ្នក​វិភាគ​នយោបាយ​បណ្ឌិត មាស នី មិន​បាន​ដួល​ក្នុង​បន្ទប់​ទឹករង​របួស​ឡើយ

False

លោក មាស នី គឺ​ជា​អ្នក​វិភាគ​នយោបាយ​ឈាន​មុខ​ម្នាក់​នៅ​កម្ពុជា ព្រោះ​តែ​លោក​តែង​តែ​ផ្ដល់​កិច្ច​សម្ភាស​ទៅ​ដល់​ប្រព័ន្ធ​ផ្សព្វផ្សាយ​មួយ​ចំនួន​ ដែល​ត្រូវ​បាន​មើល​ឃើញ​ថា មិន​មាន​និន្នាការ​ទៅ​រក​រដ្ឋាភិបាល។ អ្នក​វិភាគ​នយោបាយ​រូប​នេះ បាន​ផ្ដល់​កិច្ច​សម្ភាស​ចុង​ក្រោយ​បំផុត​ជាមួយ​សារព័ត៌មាន​ខេមបូឌា ដេលី ដែល​ជជែក​អំពី​របៀប​ដែល​រដ្ឋាភិបាល​គ្រប់​គ្រង និង​ឆ្លើយ​តប​ទៅ​នឹង​កំណើន​នៃ​ការ​រីក​រាល​ដាល​នៃ​មេរោគ​កូវីដ​១៩។

ប៉ុន្មាន​​ថ្ងៃ​ក្រោយ​ផ្ដល់​កិច្ច​សម្ភាស​ជាមួយ​សារព័ត៌មាន​ខេមបូឌា ដេលី អ្នក​ប្រើ​​បណ្ដាញ​សង្គម​ហ្វេសប៊ុក បាន​អះអាង​ថា អ្នក​វិភាគ​រូប​នេះ បាន​ដួល​បោក​ក្បាល​ក្នុង​បន្ទប់​ទឹក​បណ្ដាល​ឱ្យ​រង​របួស​ស្រាល។ អ្នក​ប្រើ​ហ្វេសប៊ុក​អះ​អាង​ទៀត​ថា លោក មាស នី ពិសា​ស្រា​ថ្នាំ​ ទើប​បណ្ដាល​ឱ្យ​ដួល​ក្នុង​បន្ទប់​ទឹក​បែប​នេះ។

ទោះជាយ៉ាងណា ការ​ផ្ទៀង​ផ្ទាត់​របស់ Fact Crescendo Cambodia នឹង​បង្ហាញ​ថា ការ​អះ​អាង​នៅ​លើ​បណ្ដាញ​សង្គម​​នេះ មិន​ត្រឹម​ត្រូវ​នោះ​ឡើយ។

ការ​អះ​អាង​លើ​បណ្ដាញ​សង្គម

កាល​ពី​ថ្ងៃ​ទី​១៧ ខែ​មេសា​នេះ អ្នក​ប្រើ​ហ្វេសប៊ុក​ម្នាក់ បាន​អះ​អាង​ថា អ្នក​វិភាគ​បញ្ហា​នយោបាយ និង​សង្គម លោក​បណ្ឌិត មាស នី បាន​រង​របួស​ស្រាល​ បន្ទាប់​ពី​ដួល​បោក​ក្បាល​ក្នុង​បន្ទប់​ទឹក។ មូលហេតុ​នៃ​ការ​ដួល​បោក​ក្បាល​នេះ ត្រូវ​បាន​អ្នក​ប្រើ​ហ្វេសប៊ុក​ដដែល​នេះ បញ្ជាក់​ថា បណ្ដាល​មក​ពី​ស្រវឹង​ស្រា​​ថ្នាំ។

ប៉ុស្តិ៍​របស់​អ្នក​ប្រើ​ហ្វេសប៊ុក សរសេរ​រៀបរាប់​ថា «យប់ ១៧​មេសា-២០២១​នេះ លោក មាស នី ជា​អ្នក​វិភាគ​ម្នាក់ បាន​ដួល​បោក​ក្បាល​ក្នុង​បន្ទប់​ទឹក​រង​របួស​ស្រាល! មូលហេតុ​ដោយសារ​ផឹក​ស្រា​ថ្នា​បណ្ដូល​ពេជ្រ​ដែល​ត្រាំ​ទុក​ជាច្រើន​ខែ​រហូត​ស្រវឹង​ជ្រុល»។

Facebook Post | Archived Link

ការ​ពិនិត្យ​ការ​ពិត

Fact Crescendo Cambodia បាន​ចាប់​ផ្ដើម​ផ្ទៀង​ផ្ទាត់​ការ​អះ​អាង​នេះ​តាម​រយៈ​ការ​សម្ភាស​ជាមួយ​លោក​បណ្ឌិត មាស នី តាម​​ប្រព័ន្ធ​ទំនាក់​ទំនង​សង្គម។

ក្នុង​កិច្ច​សម្ភាស​ជាមួយ​​ Fact Crescendo Cambodia តាម​ប្រព័ន្ធ​សារ​អេឡិចត្រូនិច​នៅ​ថ្ងៃ​ទី​១៩ ខែ​មេសា​នេះ អ្នក​វិភាគ​នយោបាយ​រូប​នេះ បាន​ច្រាន​ចោល​នូវ​ការ​អះ​អាង​នេះ ដោយ​ចាត់​ទុក​ថា «ព័ត៌មាន​មិន​ពិត»។

លោក មាស នី បញ្ជាក់​ថា លោក​មាន​សុខភាព​ធម្មតា ដោយ​លោក​បាន​ចេញ​ទៅ​ធ្វើ​ចម្ការ​របស់​លោក​ស្ថិត​នៅ​ក្នុង​ខេត្ត​បាត់ដំបង​នៅ​ថ្ងៃ​នេះ ហើយ​ក៏​បាន​វិល​ត្រឡប់​ទៅ​ដល់​ទៅ​បំពេញ​ការងារ​របស់​លោក​ដូច​ធម្មតា​ផងដែរ។

លោក​បណ្ឌិត មាស នី បាន​បង្ហាញ​រូបថត​មួយ​ដែល​លោក​ថត​កាល​ពី​ថ្ងៃ​ទី​១៨ ខែ​មេសា មួយ​ថ្ងៃ​ក្រោយ​មាន​ការ​អះអាង​លើ​បណ្ដាញ​សង្គម ហើយរូបថតនោះ​បង្ហាញ​លោក​​ស្ថិត​នៅ​ឯ​ចម្ការ​របស់​លោក និង​លោក​មាន​សុខភាព​ធម្មតា។

Facebook Post | Archived Link

សន្និដ្ឋាន

Fact Crescendo Cambodia រក​ឃើញ​ថា ការ​អះ​អាង​លើ​បណ្ដាញ​សង្គម​ដូច​ដែល​រៀប​រាប់​ខាង​លើ មិន​ត្រឹម​ត្រូវ​នោះ​ឡើយ។ អ្នក​វិភាគ​នយោបាយ លោក​បណ្ឌិត មាស នី មិន​មាន​ដួល​ក្នុង​បន្ទប់​ទឹក​រង​របួស​ដោយសារ​ផឹក​ស្រា​ថ្នាំ​នោះ​ឡើយ។ អ្នក​វិភាគ​នយោបាយ​រូប​នេះ​មាន​សុខភាព​ល្អ​ធម្មតា និង​បំពេញ​ការងារ​ប្រចាំ​ថ្ងៃ​របស់​លោក​ដូច​សព្វ​មួយ​ដង​ដែរ។

Avatar

Title:អ្នក​វិភាគ​នយោបាយ​បណ្ឌិត មាស នី មិន​បាន​ដួល​ក្នុង​បន្ទប់​ទឹករង​របួស​ឡើយ

Fact Check By: Jay Udom 

Result: False

Leave a Reply

Your email address will not be published.