រូបថត Cristiano Ronaldo ហូប​បាយ​ដំណើប​ស្វាយ​ទុំ គឺ​ជា​រូបថត​កាត់​ត

Altered International

តារា​ចម្រៀង​ថៃ​មួយ​រូប បាន​ហូប​ស្វាយ​ជាមួយ​បាយ​ដំណើប​នៅ​លើ​ឆាក​សម្ដែង​របស់​នាង​នៅ​ឯ​សហរដ្ឋ​អាមេរិក​កាល​ពី​ប៉ុន្មាន​ថ្មីៗ​នេះ ដែល​នាំ​ឱ្យ​តម្រូវការ​ស្វាយ​ទុំ​ និង​បាយ​ដំណើប​នៅ​ក្នុង​ប្រទេស​ថៃ​ហក់​ឡើង​ខ្ពស់។ បន្ទាប់​មក ស្រាប់​តែ​មាន​រូបថត​មួយ​សន្លឹក​ដែល​បង្ហាញ​ Cristiano Ronaldo កីឡាករ​បាល់​ទាត់​​ដ៏​ល្បី​ល្បាញ​របស់​ពិភព​លោក ហូប​ផ្លែ​ស្វាយ​ជាមួយ​បាយ​ដំណើប ត្រូវ​បាន​បង្ហោះ​នៅ​លើ​បណ្ដាញ​សង្គម​ហ្វេសប៊ុក ដែល​នាំ​ឱ្យ​មាន​ការ​បញ្ចេញ​មតិ និង​ប្រតិកម្ម​ច្រើន​ទៅ​នឹង​រូបថត​នោះ។ ទោះជាយ៉ាងណា បន្ទាប់​ពី​ដំណើរការ​ស្វែង​រក​រូបថត យើង​រក​ឃើញ​ថា រូបថត​នេះ ត្រូវ​បាន​កាត់​ត។​

​ការ​អះ​អាង​លើ​បណ្ដាញ​សង្គម

អ្នក​ប្រើ​ប្រាស់​​ហ្វេសប៊ុក​មួយ បាន​បង្ហោះ​រូបថត​មួយ​សន្លឹក​នៅ​លើ​បណ្ដាញ​សង្គម​កាល​ពី​ពីរ​ថ្ងៃ​មុន​នេះ ដែល​បង្ហាញ​ឱ្យ​ឃើញ​កីឡាករ​បាល់​ទាត់​លំដាប់​ថ្នាក់​ពិភព​លោក Cristiano Ronaldo អង្គុយ​នៅ​នឹង​មុខ​ចាន​បាយ​ដំណើប​ស្វាយ​ទុំ។ អ្នក​ប្រើ​ប្រាស់​បណ្ដាញ​សង្គម​ដដែល​នេះ សរសេរ​ថា កីឡាករ​បាល់​ទាត់​សញ្ជាតិ​ព័រទុយកាល់​រូប​នេះ ចូល​ចិត្ត​ហូប​ម្ហូប​ថៃ។

រូបថត​នេះ ក៏​ត្រូវ​បាន​គេ​ចែក​រំលែក​ទៅ​ក្នុង​ក្រុម​បណ្ដាញ​សង្គម​ផង​ដែរ ដែល​នាំ​ឱ្យ​មាន​ការ​ជជែក និង​ប្រតិកម្ម​ជាច្រើន​ពី​អ្នក​ប្រើ​ប្រាស់​បណ្ដាញ​សង្គម។

ខាង​ក្រោម​នេះ គឺ​ជា​រូបភាព​ផ្ដាម​ចេញ​ពី​ប៉ុស្តិ៍​នោះ​ដែល​សរសេរ​រៀបរាប់​ជា​ភាសា​អង់គ្លេស​ដែល​មាន​ន័យ​ថា «Ronaldo ចូល​ចិត្ត​ហូប​ម្ហូប​ថៃ។ ប៉ុន្តែ គាត់​មិន​ចូល​ចិត្ត​ម្ហូប​ខ្មែរ​ដ៏​កខ្វក់​នោះ​ឡើយ»។

FACEBOOK POST | ARCHIVED LINK

ការ​ត្រួត​ពិនិត្យ​ការ​ពិត

Fact Crescendo Cambodia បាន​ចាប់​ផ្ដើម​ត្រួត​ពិនិត្យ និង​ផ្ទៀង​ផ្ទាត់​ទៅ​លើ​រូបថត​មួយ​សន្លឹក​នេះ​តាម​រយៈ​ការ​ដំណើរការ Google Reverse Image Search ដែល​នាំ​ឱ្យ​យើង​រក​ឃើញ​ការ​ពិត​ដូច​ខាង​ក្រោម​នេះ។

រូបថត​ Ronaldo អង្គុយ​នៅ​នឹង​មាន​អាហារ​មួយ​ចាន​នៅ​ពី​មុខ​នេះ ត្រូវ​បាន​រក​ឃើញ​ចុះ​ផ្សាយ​នៅ​ក្នុង​អត្ថបទ​មួយ​របស់​សារព័ត៌មាន SUN កាល​ពី​ឆ្នាំ​២០១៨​កន្លង​មក​ ដែល​និយាយ​ពី​របៀប​ដែលកីឡាករ​ព័រទុយកាល់​រូប​នេះ ជ្រើស​រើស​របប​អាហារ​ដើម្បី​រក្សា​រាង​កាយ​របស់​គាត់​ឱ្យ​សមស្រប​សម្រាប់​ការ​ប្រកួត​បាល់​ទាត់។

រូបថត​ដែល​ចុះ​ផ្សាយ​ដោយ​សារព័ត៌មាន​អង់គ្លេស បង្ហាញ​ឱ្យ​ឃើញ​កីឡាករ​បាល់​ទាត់​លំដាប់​ពិភព​លោក​រូប​នេះ ថត​រូប​ស៊ែលហ្វី​ជាមួយ​ចាន​ម្ហូប ដែល​ចាន​ម្ហូប​នោះ​គ្មាន​ស្វាយ​ទុំ​ជាមួយ​បាយ​ដំណើប​នោះ​ឡើយ។

ខាង​ក្រោម​នេះ គឺ​ជា​រូបភាព​ផ្ដាម​ចេញ​ពី​អត្ថបទ​មួយ​របស់​សារព័ត៌មាន SUN ដែល​​សរសេរ​រៀបរាប់​ជា​ភាសា​អង់គ្លេស​ថា «Ronaldo នឹង​ធានា​ថា គាត់​កាត់​បន្ថយ​ម្ហូប​អាហារ​សម្បូរ​ជាតិ​ស្ករ និង​អាហារ​សម្រេច​នានា»។

THE SUN | ARCHIVED LINK

សារព័ត៌មាន​មួយ​នេះ បាន​ផ្ដល់​តម្លៃ​រូបថត​នេះ​ទៅ Cristiano Ronaldo ដែល​បាន​​បង្ហោះ​រូបថត​មួយ​សន្លឹក​នេះ​នៅ​លើ​គណនី​ Instagram ផ្ទាល់​ខ្លួន​របស់​គេ។

តាម​រយៈ​ការ​ផ្ទៀង​ផ្ទាត់​ទៅ​លើ​គណនី​ Instagram ផ្ទាល់​ខ្លួន​របស់​គាត់ យើង​បាន​រក​ឃើញ​រូបថត​ដូច​គ្នា ដែល​ត្រូវ​បាន​បង្ហោះ​លើ​បណ្ដាញ​សង្គម​កាល​ពី​ខែ​កញ្ញា ឆ្នាំ​២០១៦​កន្លង​មក។

ខាង​ក្រោម​នេះ គឺ​ជា​រូបភាព​ផ្ដាម​ចេញ​ពី​ប៉ុស្តិ៍​គណនី Instagram របស់ Cristiano Ronaldo កាល​ពី​ថ្ងៃ​ទី​២៣ ខែ​កញ្ញា ឆ្នាំ​២០១៦​កន្លង​មក។

INSTAGRAM | ARCHIVED LINK

ចំណែក​ឯ​រូបថត​ម្ហូប​បាយ​ដំណើប​ស្វាយ​ទុំមួយ​ចាន​វិញ ត្រូវ​បាន​រក​ឃើញ​នៅ​លើ​វេបសាយ Shutterstock ហើយ​គេ​អាច​​មើល​រូបថត​មួយ​សន្លឹក​នេះ និង​រូបថត​ដទៃ​ទៀត​តាម​រយៈ​តំណ​ភ្ជាប់​នៅ​ទីនេះ

SHUTTERSTOCK | ARCHIVED LINK

កីឡាករ​បាល់​ទាត់​ព័រទុយកាល់​ Cristiano Ronaldo អាយុ ៣៧​ឆ្នាំ​នៅ​ឆ្នាំ​នេះ ត្រូវ​បាន​គេ​ដឹង​យ៉ាង​ច្បាស់​ពី​របៀប​ដែល​គាត់​ថែ​រក្សា​ខ្លួន​គាត់​ឱ្យ​បាន​ល្អ​នៅ​កម្រិត​ខ្ពស់​ ដើម្បី​ត្រៀម​ខ្លួន​សម្រាប់​ការ​ប្រកួត​បាល់​ទាត់​ឱ្យ​បាន​យូរ​ឆ្នាំ។ 

ក្រៅ​ពី​រូបថត​ខាង​លើ​នេះ កីឡាករ​បាល់​ទាត់​រូប​នេះ ក៏​បាន​បង្ហោះ​រូបថត​ផ្សេង​ទៀត​នៅ​លើ​គណនី Instagram ផ្ទាល់​ខ្លួន​ផងដែរ ដែល​បង្ហាញ​ឱ្យ​ឃើញ​មុខ​ម្ហូប​អាហារ​ដែល​លោក​ជ្រើស​រើស​សម្រាប់​ការ​ថែរក្សា​រូប​រាង​កាយ​របស់​លោក។ គេ​អាច​រូបថត​ទាំង​នោះ​បាន​តាម​រយៈ​តំណ​ភ្ជាប់​នៅ​ទីនេះ ឬ​តំណ​ភ្ជាប់​មួយ​ទៀត​នៅ​ទីនេះ និង​រូបថត​មួយ​សន្លឹក​ទៀត​នៅ​ទីនេះ​ផង​ដែរ។

សន្និដ្ឋាន

Fact Crescendo Cambodia រក​ឃើញ​ថា រូបថត​ដែល​ត្រូវ​បាន​ចែក​រំលែក​លើ​បណ្ដាញ​សង្គម​នោះ គឺ​ជា​រូបថត​កាត់​ត។ រូបថត​ច្បាប់​ដើម ត្រូវ​បាន​គេ​មើល​ឃើញ​ថា កីឡាករ​បាល់​ទាត់​លំដាប់​ពិភព​លោក Cristiano Ronaldo កំពុង​​ទទួល​ទាន​អាហារ​មួយ​ចាន ដែល​អាហារ​មួយ​ចាន​នោះ​ត្រូវ​បាន​គេ​បក​ស្រាយ​ថា​ជា​របប​អាហារ​សម្រាប់​ថែ​រក្សា​រូប​រាង​កាយ​ ប៉ុន្តែ អាហារ​មួយ​ចាន​នោះ មិន​មែន​ជា​ស្វាយ​ទុំ​ជាមួយ​បាយ​ដំណើប​នោះ​ឡើយ។

Avatar

Title:រូបថត Cristiano Ronaldo ហូប​បាយ​ដំណើប​ស្វាយ​ទុំ គឺ​ជា​រូបថត​កាត់​ត

Fact Check By: Jay Udom 

Result: Altered

Leave a Reply

Your email address will not be published. Required fields are marked *