វីដេអូ​នេះ​បង្ហាញ​ទាហាន​អ៊ុយក្រែន​ដាក់​ទោស​លើ​ចោរ​លួច​ទ្រព្យ​សម្បត្តិ

False International

ចាប់​តាំង​ពី​សង្គ្រាម​រុស្ស៊ី-អ៊ុយក្រែន​បាន​ផ្ទុះ​ឡើង​មក វីដេអូ​ជាច្រើន​ពាក់​ព័ន្ធ​នឹង​វិបត្តិ​មួយ​នេះ ត្រូវ​បាន​ចែករំលែក​ព្រោង​ព្រាត​នៅ​លើ​បណ្ដាញ​សង្គម។ ក្នុង​ចំណោម​នោះ វីដេអូ​មួយ​ដែល​បង្ហាញ​ទាហាន​ដាក់​ទោស​ទៅ​លើ​មនុស្ស​តាម​រយ​ៈ​ការ​ចង​នឹង​បង្គោល ហើយ​សម្រាត​ខោ​ចេញ​នោះ ត្រូវ​បាន​បង្ហោះ​នៅ​លើ​បណ្ដាញ​សង្គម។ វីដេអូ​នេះ ត្រូវ​បាន​គេ​អះ​អាង​ថា ជា​ការ​ប្រព្រឹត្ត​អំពើ​ទារុណ​កម្ម​ពី​សំណាក់​ទាហាន​អ៊ុយក្រែន​ទៅ​លើ​ប្រជាជន​និយាយ​ភាសា​រុស្ស៊ី។ វីដេអូ​ជាមួយ​ការ​អះ​អាង​បែប​នេះ ត្រូវ​បាន​ចែក​រំលែក​ច្រើន​ដង​នៅ​លើ​បណ្ដាញ​សង្គម​ហ្វេសប៊ុក​។ ទោះជាយ៉ាងណា យើង​រក​ឃើញ​ថា ការ​អះ​អាង​ទៅ​លើ​វីដេអូ​នេះ មិន​ត្រឹម​ត្រូវ​នោះ​ឡើយ។

ការ​អះ​អាង​លើ​បណ្ដាញ​សង្គម

កាល​ពី​សប្ដាហ៍​មុន វីដេអូ​រយៈ​ពេល​ប្រហែល ៥​នាទី​មួយ ត្រូវ​បាន​បង្ហោះ​នៅ​លើ​បណ្ដាញ​សង្គម ដែល​បង្ហាញ​ឱ្យ​ឃើញ​មនុស្ស​ប្រុសៗ ត្រូវ​បាន​ទាហាន​ចាប់​ចង​ សម្រាត​ខោ និង​វាយ​ដោយ​រំពាត់​ទៀត​ផង។

វីដេអូ​នេះ ត្រូវ​បាន​គេ​អះ​អាង​ថា ទាហាន​អ៊ុយក្រែន បាន​ធ្វើ​ទារុណ​កម្ម​ទៅ​លើ​ប្រជាជន​និយាយ​ភាសា​រុស្ស៊ី ដែល​ទង្វើ​បែប​នេះ​បាន​កើត​ឡើង​អស់​រយៈ​ពេល ៨​ឆ្នាំ​មក​ហើយ។

ខាង​ក្រោម​នេះ គឺ​ជា​វីដេអូ​ទាំង​ស្រុង​ដែល​ត្រូវ​បាន​ផ្ដាម​ចេញ​ពី​ការ​អះ​អាង​នៅ​លើ​បណ្ដាញ​សង្គម​ហ្វេសប៊ុក​កាល​ពី​ថ្ងៃ​ទី​២១ ខែ​មេសា ឆ្នាំ​២០២២។

Facebook Post | Archived Link

វីដេអូ និង​ការ​អះ​អាង​ដូច​គ្នា​នេះ ក៏​ត្រូវ​បាន​បង្ហោះ​នៅ​លើ​បណ្ដាញសង្គម​ហ្វេសប៊ុក​ពី​សំណាក់​អ្នក​ប្រើ​ប្រាស់​ហ្វេសប៊ុក​ដទៃ​ទៀត​ផង​ដែរ ដែល​មាន​​តំណ​ភ្ជាប់​​នៅ​ទីនេះ ឬ​តំណ​ភ្ជាប់​មួយ​ទៀត​នៅ​ទីនេះ

ការ​ត្រួត​ពិនិត្យ​ការ​ពិត

Fact Crescendo Cambodia ចាប់​ផ្ដើម​ត្រួត​ពិនិត្យ និង​ផ្ទៀង​ផ្ទាត់​ទៅ​លើ​វីដេអូ​ឃ្លីប​នេះ​តាម​រយៈ​ការ​ដំណើរការ Google Reverse Image Search ដែល​នាំ​ឱ្យ​យើង​រក​ឃើញ​ការ​ពិត​ដូច​ខាង​ក្រោម​នេះ។

វីដេអូ​ដូច​គ្នា​នេះ ត្រូវ​បាន​រក​ឃើញ​នៅ​ក្នុង​អត្ថបទ​មួយ​ផ្សព្វផ្សាយ​ដោយ​សារព័ត៌មាន​អ៊ីតាលី la Repubblica កាល​ពី​ខែ​មីនា​កន្លង​មក​នេះ ដែល​និយាយ​ថា ចោរ​លួច​ទ្រព្យ​សម្បត្តិ​គេ​នៅ​ក្នុង​ប្រទេស​អ៊ុយក្រែន ត្រូវ​បាន​ក្រុម​ទាហាន​ដាក់​ទោស​ដោយ​ចង​ភ្ជាប់​នឹង​បង្គោល ហើយ​សម្រាត​ខោចេញ។

សារព័ត៌មាន​មួយ​នេះ បាន​ចុះ​ផ្សាយ​ដូចនេះ ដោយ​បាន​ដក​ស្រង់​សម្ដី​របស់​ទីប្រឹក្សា​រដ្ឋ​មន្ត្រី​មហាផ្ទៃ​អ៊ុយក្រែន លោក Vadim Denisenko ដែល​ចាត់​ទុក​ការ​ដាក់​ទោស​នេះ​ថា មិន​មែន​ការ​ប្រព្រឹត្ត​ដោយ​មិន​ត្រឹម​ត្រូវ​ទៅ​លើ​ពួក​ចោរ​នោះ​ឡើយ​នៅ​អំឡុង​ពេល​មាន​សង្គ្រាម​បែប​នេះ។

សម្រាប់​ខ្លឹមសារ​ទាំង​ស្រុង​នៃ​ការ​ចុះ​ផ្សាយ​របស់​សារព័ត៌មាន la Repubblica សូម​អាន​បន្ថែម​តាម​រយៈ​តំណ​ភ្ជាប់​នៅ​ទីនេះ ឬ​តំណ​ភ្ជាប់​ដែល​ត្រូវបាន​រក្សា​ទុក​នៅ​ទីនេះ

ក្រៅ​ពី​វីដេអូ​នេះ រូបថត​ជាច្រើន​ទៀត​ដែល​បង្ហាញ​បុរស​ស្ថិត​ក្នុង​វ័យ​ផ្សេងៗ​គ្នា ត្រូវ​បាន​ចង​ភ្ជាប់​នឹង​បង្គោល ហើយ​ត្រូវ​បាន​សម្រាត​ខោ​ចេញ ហើយ​ស្ថាប័ន​ត្រួត​ពិនិត្យ​ការ​ពិត Open បាន​បក​ស្រាយ​ថា មនុស្ស​ទាំង​នោះ គឺ​ជា​ចោរ​ដែល​ត្រូវ​បាន​ទាហាន​អ៊ុយក្រែន​ចាប់​បាន និង​ដាក់​ទោស។ សូម​អាន​អត្ថបទ​ទាំង​ស្រុង​របស់​សារព័ត៌មាន Open នៅ​ទីនេះ ឬ​តាម​រយៈ​តំណ​ភ្ជាប់​ត្រូវ​បាន​រក្សា​ទុក​នៅ​ទីនេះ

សន្និដ្ឋាន

Fact Crescendo Cambodia បាន​រក​ឃើញ​ថា ការ​អះ​អាង​លើ​វីដេអូ​ដូច​ដែល​រៀប​រាប់​ខាហ​លើ​នេះ មិន​ត្រឹម​ត្រូវ​នោះ​ឡើយ។ សកម្មភាព​ទាហាន​នៅ​ក្នុង​វីដេអូ​នេះ មិន​មែន​ជា​ការ​ប្រព្រឹត្ត​ទៅ​លើ​ពលរដ្ឋ​និយាយ​ភាសា​រុស្ស៊ី​នោះ​ឡើយ។ ការ​ពិត ទាហាន​អ៊ុយក្រែន បាន​ដាក់​ទោស​ទៅ​លើ​ពួក​ចោរ​លួច​ទ្រព្យ​សម្បត្តិ​គេ​អំឡុង​សង្គ្រាម​ប្រឆាំង​ការ​ឈ្លាន​ពាន​របស់​រុស្ស៊ី។

Avatar

Title:វីដេអូ​នេះ​បង្ហាញ​ទាហាន​អ៊ុយក្រែន​ដាក់​ទោស​លើ​ចោរ​លួច​ទ្រព្យ​សម្បត្តិ

Fact Check By: Jay Udom 

Result: False

Leave a Reply

Your email address will not be published.