
ក្រោយពីមានព័ត៌មានផ្សព្វផ្សាយថា ប្រាសាទអង្គរវត្តរបស់កម្ពុជា បានជាប់ជាសំណង់អច្ឆរិយៈទី៨របស់ពិភពលោកនោះ វីដេអូឃ្លីបមួយដែលបង្ហាញអតីតប្រធានាធិបតីអាមេរិក លោក បារ៉ាក់ អូបាម៉ា ឈរបើកបង្ហាញផ្ទាំងរូបថតដែលមានប្រាសាទអង្គរវត្តនោះ ត្រូវបានបង្ហោះដោយទំព័រហ្វេសប៊ុកជាច្រើនយ៉ាងផុសផុល។ ការអះអាងភ្ជាប់ដោយវីដេអូខាងលើ ត្រូវបានចែកចាយបន្ដជាច្រើនដង និងមានការបញ្ចេញមតិ និងប្រតិកម្មចម្រុះបែបផងដែរ។ ទោះជាយ៉ាងណា យើងរកឃើញថា វីដេអូនេះត្រូវបានភ្ជាប់ជាមួយព័ត៌មានមិនត្រឹមត្រូវនោះឡើយ។
ការអះអាងលើបណ្ដាញសង្គម
កាលពីថ្ងៃទី២៤ ខែវិច្ឆិកា ឆ្នាំ២០២៣កន្លងទៅនេះ ទំព័រហ្វេសប៊ុកមួយ បានបង្ហោះវីដេអូឃ្លីប បង្ហាញទិដ្ឋភាពលោក អូបាម៉ា ជាអតីតប្រធានាធិបតីអាមេរិក បានឈរបង្ហាញផ្ទាំងរូបថតមួយ ដែលមានរូបប្រាសាទអង្គរវត្ត ដោយភ្ជាប់ទៅនឹងការអបអរសាទរ ក្រោយពីប្រាសាទមួយនេះ បានផ្ដួលទីក្រុង Pompeii និងបានក្លាយជាអច្ឆរិយៈទី៨ នៃពិភពលោកកាលពីម្សិលមិញនេះ។
វីដេអូឃ្លីបដែលមានសំណេរខាងលើ ត្រូវបានចែករំលែកបន្ដជាច្រើនដង រួមជាមួយការបញ្ចេញមតិយោបល់ និងប្រតិកម្មចម្រុះបែបពីអ្នកប្រើប្រាស់បណ្ដាញសង្គមនិយាយភាសាខ្មែរ។
ខាងក្រោមនេះ គឺជាវីដេអូឃ្លីបទាំងស្រុង ត្រូវបានបង្ហោះនៅលើបណ្ដាញសង្គមជាមួយសំណេររៀបរាប់ថា «អបអរសាទរ ប្រាសាទអង្គរវត្ត ក្លាយជាទីអច្ឆរិយ:ទី៨ របស់ពិភពលោក»។
វីដេអូឃ្លីបភ្ជាប់ដោយការអះអាងបែបនេះ ត្រូវបានបង្ហោះ និងរកឃើញនៅលើបណ្ដាញសង្គមហ្វេសប៊ុក ជាច្រើនទៀតផងដែរ។ សូមមើលខ្លឹមសារអះអាងទាំងស្រុង តាមរយៈតំណភ្ជាប់មាននៅទីនេះ (archived link) និងតំណភ្ជាប់មួយទៀតនៅទីនេះ (archived link)។
ការត្រួតពិនិត្យការពិត
Fact Crescendo Cambodia បានត្រួតពិនិត្យ និងផ្ទៀងផ្ទាត់ទៅលើការអះអាងខាងលើនេះ តាមរយៈការដំណើរការកម្មវិធី Google Reverse Image Search ដែលនាំយើងរកឃើញការពិតដូចខាងក្រោម។
វីដេអូឃ្លីបដែលមានទិដ្ឋភាព និងទម្រង់ដូចគ្នាទាំងស្រុង ត្រូវបានផ្សព្វផ្សាយដោយ CNN នៅលើគេហទំព័រវីដេអូ YouTube របស់ខ្លួន កាលពីថ្ងៃទី១២ ខែកុម្ភៈ ឆ្នាំ២០១៨កន្លងទៅ។ គេហទំព័រដដែលខាងលើ ពុំបានបញ្ជាក់ថានោះ គឺជាទិដ្ឋភាពអតីតប្រធានាធិបតីលោក អូបាម៉ា បានឈរបង្ហាញរូបថតប្រាសាទអង្គរវត្ត កាលពីពេលថ្មីៗនោះឡើយ។
ផ្ទុយទៅវិញ នោះគឺជាទិដ្ឋភាពរូបគំនូររបស់លោក នៅវិចិត្រសាលរូបភាពជាតិ Smithsonian ក្នុងទីក្រុងវ៉ាស៊ីនតោន កាលពីខែកុម្ភៈ ឆ្នាំ២០១៨កន្លងទៅ។
ខាងក្រោមនេះ គឺជាវីដេអូឃ្លីបទាំងស្រុង ដែលត្រូវបានរាយការណ៍ដោយគេហទំព័រសារព័ត៌មាន CNN។
ដូចគ្នានេះ ករណីខាងលើ ក៏ត្រូវបានរាយការណ៍ និងផ្សព្វផ្សាយដោយគេហទំព័រសារព័ត៌មាន NBC ផងដែរ កាលពីថ្ងៃទី១២ ខែកុម្ភៈ ឆ្នាំ២០១៨កន្លងទៅ ដោយពុំបានបង្ហាញទិដ្ឋភាពរបស់អតីតប្រធានាធិបតីអាមេរិករូបនេះ បានឈរបង្ហាញផ្ទាំងរូបថតដែលមានប្រាសាទអង្គរវត្ត របស់កម្ពុជានោះឡើយ។
ខាងក្រោមនេះ គឺជារូបភាពផ្ដាមចេញពីគេហទំព័រសារព័ត៌មានខាងលើ ដែលបានសរសេររៀបរាប់ថា «រូបថតលោក អូបាម៉ា ត្រូវបានដាក់បង្ហាញនៅវិចិត្រសាលរូបជាតិ»។

ខាងក្រោមនេះ គឺជាការប្រៀបធៀបរវាងរូបថតផ្តាមនៅក្នុងវីដេអូឃ្លីបខាងលើដែលត្រូវបានកាត់ត។

ដើម្បីស្វែងរកព័ត៌មានពិត សូមតាមដានការផ្សាយរបស់យើងតាមរយៈប្រព័ន្ធដូចខាងក្រោម៖
Facebook Twitter Telegram Google News TikTok
សន្និដ្ឋាន
Fact Crescendo Cambodia បានរកឃើញ ការអះអាងដូចដែលត្រូវបានរៀបរាប់ខាងលើនេះ មិនត្រឹមត្រូវនោះឡើយ។ វីដេអូឃ្លីបនេះ គឺជាទិដ្ឋភាពអតីតប្រធានាធិបតីអាមេរិកលោក អូបាម៉ា បង្ហាញរូបគំនូររបស់លោក នៅវិចិត្រសាលរូបភាពជាតិ Smithsonian ក្នុងទីក្រុងវ៉ាស៊ីនតោន កាលពីខែកុម្ភៈ ឆ្នាំ២០១៨កន្លងទៅ។

Title:វីដេអូចាស់អតីតប្រធានាធិបតី អូបាម៉ា ត្រូវបានកាត់តភ្ជាប់នឹងប្រាសាទអង្គរវត្តរបស់កម្ពុជា
Written By: Kakada SimResult: Altered
