
ខណៈដែលប្រជាជនជប៉ុន ត្រូវបានគេស្គាល់ថាមានទំនួលខុសត្រូវខ្ពស់នោះ រូបថតមួយសន្លឹក ត្រូវទំព័រហ្វេសប៊ុកមួយ អះអាងថា គឺជារដ្ឋមន្ដ្រីថាមពលជប៉ុន ឈរឱនគោរពសុំទោសប្រជាជនរបស់ខ្លួន ក្រោយពីមានការដាច់ចរន្ដអគ្គិសនីនៅក្នុងភូមិតូចមួយរយៈពេល ២០នាទី។ ការអះអាងនេះ ត្រូវបានចែកចាយតៗគ្នាជាច្រើនដងពីសំណាក់អ្នកប្រើប្រាស់បណ្ដាញសង្គមហ្វេសប៊ុកនិយាយភាសាខ្មែរនាពេលថ្មីៗនេះ។
ទោះជាយ៉ាងណា ការត្រួតពិនិត្យ និងផ្ទៀងផ្ទាត់ការពិតរបស់ក្រុមការងារ Fact Crescendo Cambodia រកឃើញថា ការអះអាងដោយទំព័រហ្វេសប៊ុកបង្ហោះនៅលើបណ្តាញសង្គមនោះ គឺមិនត្រឹមត្រូវនោះឡើយ។
ការអះអាងលើបណ្តាញសង្គម
កាលពីថ្ងៃទី២១ ខែកុម្ភៈ ឆ្នាំ២០២១កន្លងទៅ ទំព័រហ្វេសប៊ុកមួយ មានឈ្មោះថា Success Today បង្ហោះរូបថតមួយសន្លឹក បង្ហាញអំពីទិដ្ឋភាពបុរសម្នាក់ ឈរឱនគោរព នៅពីមុខអ្នកសារព័ត៌មានជាច្រើននាក់។ រូបថតមួយនេះ ត្រូវបានភ្ជាប់ដោយការសរសេរជាភាសាខ្មែរថា «រដ្ឋមន្ដ្រីជប៉ុនខាងថាមពលអគ្គិសនី ឱនសុំការអភ័យទោសចំពោះប្រជាជនជប៉ុនរយៈពេល២០នាទី ដែលធ្វើឲ្យដាច់ចរន្ដអគ្គិសនីក្នុងភូមិតូចមួយរយៈពេល២០នាទី»។
ការអះអាងនេះ ត្រូវបានចែកចាយដល់ទៅជាង ២០០ដងពីសំណាក់អ្នកប្រើប្រាស់ហ្វេសប៊ុកនិយាយភាសាខ្មែរ។
ខាងក្រោមនេះ គឺជារូបភាពផ្តាមចេញពីអ្នកប្រើប្រាស់ហ្វេសប៊ុកខាងលើ សរសេររៀបរាប់ថា «ជនជាតិដែលធ្វើការដោយទំនួលខុសត្រូវខ្ពស់»។

ដូចគ្នានេះ រូបថតភ្ជាប់ដោយការអះអាងដូចគ្នានេះ ក៏ត្រូវបានរកឃើញ និងចែកចាយដោយអ្នកប្រើប្រាស់ដទៃទៀត នៅទីនេះផងដែរ។
ការត្រួតពិនិត្យការពិត
Fact Crescendo Cambodia ចាប់ផ្ដើមត្រួតពិនិត្យ និងផ្ទៀងផ្ទាត់ទៅលើរូបថត ដែលត្រូវបានអះអាងខាងលើនេះ តាមរយៈ Google Reverse Image Search នាំឱ្យយើងរកឃើញការពិតដូចខាងក្រោមនេះ។
រូបថតមានទម្រង់ និងសណ្ឋានដូចគ្នា បានរកឃើញនៅលើគេហទំព័រ Alamy ដែលជាគេហទំព័រសោតទស្សន៍ដ៏ធំមួយ។ គេហទំព័រខាងលើ បានផ្តល់ព័ត៌មានលម្អិតអំពីរូបថតមួយសន្លឹកនេះថា លោក តាកាហ៊ីរ៉ូ ហាជីកូ (Takahiro Hachigo) ប្រធាន និងជានាយកប្រតិបត្តិថ្មីនៃក្រុមហ៊ុនហុងដា (Honda Motor Co.) បានធ្វើសន្និសិទសារព័ត៌មានដំបូង បន្ទាប់ពីលោកបានដឹកនាំក្រុមហ៊ុនផលិតរថយន្តឈានមុខគេរបស់ប្រទេសជប៉ុន នៅការិយាល័យកណ្តាលទីក្រុងតូក្យូរបស់ខ្លួន កាលពីថ្ងៃចន្ទ ទី០៦ ខែកក្កដា ឆ្នាំ២០១៥។
លោក ហាជីកូ ចូលរួមជាមួយក្រុមហ៊ុនហុងដា នៅក្នុងឆ្នាំ១៩៨២ ទទួលបន្ទុកក្នុងការអភិវឌ្ឍន៍រថយន្តធុនតូច ជំនាន់ទី១ ផលិតដោយសហរដ្ឋអាមេរិក ដែលត្រូវដាក់ឱ្យដំណើរការក្នុងឆ្នាំ១៩៩៩ សម្រាប់ទីផ្សារសហរដ្ឋអាមេរិក។

ករណីខាងលើនេះ ក៏ត្រូវបានផ្ទៀងផ្ទាត់ដោយក្រុមការងាររបស់យើងនៅក្នុងប្រទេសស្រីលង្កា (Fact Crescendo Sri Lanka) ផងដែរកាលពីថ្ងៃទី២៥ ខែវិច្ឆិកា ឆ្នាំ២០២១កន្លងទៅនេះ។ គេហទំព័រដដែលខាងលើនេះ បានសរសេររៀបរាប់ជាភាសារបស់ស្រីលង្កា (Sinhala) និងផ្តល់ព័ត៌មានលម្អិត ថាការផ្សព្វផ្សាយនៅលើប្រព័ន្ធផ្សព្វផ្សាយសង្គម ថារដ្ឋមន្ត្រីក្រសួងថាមពលជប៉ុន ឱនក្បាលនៅចំពោះមុខប្រព័ន្ធផ្សព្វផ្សាយរយៈពេល ២០នាទី បន្ទាប់ពីមានការដាច់ចរន្តអគ្គិសនីរយៈពេល ២០នាទីនៅក្នុងភូមិតូចមួយ គឺមិនពិតនោះឡើយ។ ការពិតរូបថតនោះ គឺជាលោក តាកាហ៊ីរ៉ូ ហាជីកូ (Takahiro Hachigo) នាយកប្រតិបត្តិរបស់ក្រុមហ៊ុនហុងដា ឱនក្បាលទៅកាន់អ្នកសារព័ត៌មានក្នុងសន្និសីទកាសែត ដំបូងរបស់គាត់នៅក្នុងឆ្នាំ២០១៥កន្លងទៅ។

Fact Crescendo Link | Archived Link
ក្រុមការងាររបស់ Fact Crescendo Cambodia រកឃើញថា ពុំមានករណី និងព័ត៌មានផ្លូវការណាមួយនៃការឱនក្បាលសុំទោសទៅកាន់ប្រជាជន ចំពោះការដាច់ភ្លើងរយៈពេល២០នាទីពីសំណាក់រដ្ឋមន្ត្រីថាមពលរបស់ជប៉ុននោះទេ។
លោក ហូសាកា ស៊ីន (Hosaka Shin) ត្រូវបានគេស្គាល់ថា គឺជាប្រធានទីភ្នាក់ងារនៃធនធានធម្មជាតិ និងថាមពលនៅក្នុងក្រសួងសេដ្ឋកិច្ច ពាណិជ្ជកម្ម និងឧស្សាហកម្ម (METI) របស់ប្រទេសជប៉ុន ចាប់តាំងពីខែកក្កដា ឆ្នាំ២០២០កន្លងមក។ លោកបានត្រួតពិនិត្យគ្រប់វិស័យនៃគោលនយោបាយថាមពល រួមទាំងការអភិវឌ្ឍន៍ថាមពល យុទ្ធសាស្ត្រ និងធ្វើផែនការធានាការផ្គត់ផ្គង់ថាមពលប្រកបដោយសុវត្ថិភាព និយ័តកម្មវិស័យអគ្គិសនី និងឧស្ម័ន ក៏ដូចជាការលើកកម្ពស់ថាមពលកកើតឡើងវិញ និងការអភិរក្សផងដែរ។

ដើម្បីស្វែងរកព័ត៌មានពិត សូមតាមដានការផ្សាយរបស់យើងតាមរយៈប្រព័ន្ធដូចខាងក្រោម៖
Facebook Twitter Telegram Google News
សន្និដ្ឋាន
Fact Crescendo Cambodia រកឃើញថារូបថត និងការអះអាងដោយទំព័រហ្វេសប៊ុកខាងលើនោះ គឺមិនត្រឹមត្រូវនោះឡើយ។ រូបថតមួយសន្លឹកនេះ មិនមែនជាទិដ្ឋភាពលោករដ្ឋមន្ដ្រីថាមពលរបស់ប្រទេសជប៉ុន កំពុងឈរឱនក្បាលសុំទោសទៅកាន់ប្រជាជន ចំពោះការដាច់ភ្លើងរយៈពេល២០នាទីនោះទេ។ ការពិត រូបថតនេះ គឺលោក តាកាហ៊ីរ៉ូ ហាជីកូ (Takahiro Hachigo) នាយកប្រតិបត្តិនៃក្រុមហ៊ុនហុងដា (Honda Motor Co.) អំឡុងសន្និសិទសារព័ត៌មាននៅក្នុងទីក្រុងតូក្យូ កាលពីថ្ងៃទី០៦ ខែកក្កដា ឆ្នាំ២០១៥កន្លងទៅ។

Title:រូបថតមេក្រុមហ៊ុនហុងដា ត្រូវបានគេអះអាងថាជារដ្ឋមន្ត្រីថាមពលជប៉ុនឱនសុំទោសប្រជាជន
Fact Check By: Kakada SimResult: False
