រូបថត​មេ​ក្រុមហ៊ុន​ហុងដា​ ត្រូវ​បាន​គេ​អះអាង​ថា​ជា​រដ្ឋ​មន្ត្រី​ថាមពល​ជប៉ុន​ឱន​សុំ​ទោស​​ប្រជាជន

False International

ខណៈ​ដែល​ប្រជា​ជន​ជប៉ុន ត្រូវ​បាន​គេ​ស្គាល់​​ថា​​មាន​ទំនួល​ខុស​ត្រូវ​ខ្ពស់​នោះ រូប​ថត​មួយ​សន្លឹក​ ត្រូវ​ទំព័រ​ហ្វេសប៊ុក​មួយ​ អះអាង​ថា​ គឺ​ជា​រដ្ឋ​មន្ដ្រី​ថាម​ពល​ជប៉ុន​ ឈរ​ឱន​គោរព​សុំ​ទោស​ប្រជាជន​របស់​ខ្លួន​ ក្រោយ​ពី​មាន​ការ​ដាច់​ចរន្ដ​អគ្គិសនី​​នៅ​ក្នុង​ភូមិ​តូច​មួយ​រយៈ​ពេល ​២០​នាទី​។​ ការ​អះ​អាង​នេះ​ ត្រូវ​បាន​ចែក​ចាយ​តៗ​គ្នា​ជា​ច្រើន​ដង​​ពី​សំណាក់​អ្នក​ប្រើ​ប្រាស់​បណ្ដាញ​សង្គម​ហ្វេស​ប៊ុក​និយាយ​ភាសា​ខ្មែរ​នា​ពេល​ថ្មី​ៗ​នេះ​។​

ទោះ​ជា​យ៉ាង​ណា​ ការ​ត្រួត​ពិនិត្យ​ និង​ផ្ទៀង​ផ្ទាត់​ការ​ពិត​របស់​ក្រុម​ការងារ​ Fact Crescendo Cambodia រក​ឃើញ​ថា​ ​ការ​អះ​អាង​ដោយ​ទំព័រ​ហ្វេស​ប៊ុក​​បង្ហោះ​នៅ​លើ​បណ្តាញ​សង្គម​នោះ​ គឺ​មិន​ត្រឹម​ត្រូវ​នោះ​ឡើយ​។​

ការ​អះ​អាង​លើ​បណ្តាញសង្គម

កាល​ពី​ថ្ងៃ​ទី​២១​ ខែ​កុម្ភៈ​ ឆ្នាំ​២០២១​កន្លង​ទៅ​ ទំព័រ​ហ្វេស​ប៊ុក​មួយ​ មាន​ឈ្មោះ​ថា​​ Success Today បង្ហោះ​រូប​ថត​មួយ​សន្លឹក​ បង្ហាញ​អំពី​ទិដ្ឋភាព​បុរស​ម្នាក់​ ឈរ​ឱន​គោរព​ នៅ​ពី​មុខ​អ្នក​សារព័ត៌មាន​ជា​ច្រើន​នាក់​។​ រូប​ថត​មួយ​នេះ​ ត្រូវ​បាន​ភ្ជាប់​ដោយ​ការ​សរសេរ​ជា​ភាសា​ខ្មែរ​ថា​ «រដ្ឋ​មន្ដ្រី​ជប៉ុន​ខាង​ថាមពល​អគ្គិសនី​ ឱន​​សុំ​ការ​អភ័យ​ទោស​ចំពោះ​ប្រជាជន​ជប៉ុន​រយៈ​ពេល​២០​នាទី​ ដែល​ធ្វើ​ឲ្យ​ដាច់​ចរន្ដ​អគ្គិសនី​ក្នុង​ភូមិ​តូច​មួយ​រយៈ​ពេល​២០នាទី​»​។​

ការ​អះ​អាង​​នេះ​ ត្រូវ​បាន​ចែក​ចាយដល់​ទៅ​ជាង ២០០​ដង​​ពី​សំណាក់​អ្នក​ប្រើ​ប្រាស់​ហ្វេស​ប៊ុក​​និយាយ​ភាសា​ខ្មែរ។

ខាង​ក្រោម​នេះ​ គឺ​ជា​រូប​ភាព​ផ្តាម​ចេញ​ពី​អ្នក​ប្រើ​ប្រាស់​ហ្វេស​ប៊ុក​ខាង​លើ​ ​សរសេរ​រៀប​រាប់​ថា​ «ជន​ជាតិ​ដែល​ធ្វើ​ការ​ដោយ​ទំនួល​ខុស​ត្រូវ​ខ្ពស់​»​។​

Facebook Post | Archived Link

ដូច​គ្នា​នេះ​ រូប​ថត​ភ្ជាប់​ដោយ​ការ​អះ​អាង​ដូច​គ្នា​នេះ​ ក៏​ត្រូវ​បាន​រក​ឃើញ​ និង​ចែក​ចាយ​ដោយ​អ្នក​ប្រើ​ប្រាស់​ដទៃ​ទៀត​ នៅ​ទីនេះ​ផង​ដែរ​។​

ការត្រួត​ពិនិត្យ​ការ​ពិត

Fact Crescendo Cambodia ចាប់​ផ្ដើម​ត្រួត​ពិនិត្យ និង​ផ្ទៀង​ផ្ទាត់​ទៅ​លើ​រូបថត​ ដែល​ត្រូវ​បាន​អះ​អាង​ខាង​លើ​នេះ​ តាម​រយៈ​ Google Reverse Image Search នាំ​ឱ្យ​យើង​រក​ឃើញ​ការពិត​ដូច​ខាង​ក្រោម​នេះ។

រូប​ថត​មាន​ទម្រង់​ និង​សណ្ឋាន​ដូច​គ្នា​ បាន​រក​ឃើញ​នៅ​លើ​គេហទំព័រ​ Alamy ដែល​ជា​គេហ​ទំព័រ​សោត​ទស្សន៍​ដ៏​ធំ​មួយ​។​ គេហ​ទំព័រ​ខាង​លើ​ បាន​ផ្តល់​ព័ត៌មាន​លម្អិត​អំពី​រូបថត​មួយ​សន្លឹក​នេះ​ថា​ ​លោក​ តាកាហ៊ីរ៉ូ​ ហាជីកូ​ (Takahiro Hachigo)​ ប្រធាន​ និង​ជា​នាយក​ប្រតិបត្តិ​ថ្មី​នៃ​ក្រុមហ៊ុន​ហុងដា​ (Honda Motor Co.) បាន​ធ្វើ​សន្និសិទ​សារព័ត៌មាន​ដំបូង​ បន្ទាប់​ពី​លោក​បាន​ដឹកនាំ​ក្រុមហ៊ុន​ផលិត​រថយន្ត​ឈាន​មុខ​គេ​​របស់​ប្រទេស​ជប៉ុន​ នៅ​ការិយាល័យ​កណ្តាល​ទីក្រុង​តូក្យូ​របស់​ខ្លួន​ កាល​ពី​ថ្ងៃ​ចន្ទ​ ទី​០៦​ ខែ​កក្កដា​ ឆ្នាំ​២០១៥​។

លោក​ ហាជីកូ​ ចូលរួម​ជាមួយ​ក្រុមហ៊ុន​ហុងដា​ នៅ​ក្នុង​ឆ្នាំ​១៩៨២​ ទទួល​បន្ទុក​ក្នុង​ការ​អភិវឌ្ឍន៍​រថយន្ត​ធុន​តូច​ ជំនាន់​ទី១​ ផលិត​ដោយ​សហរដ្ឋអាមេរិក​ ដែល​ត្រូវ​ដាក់​ឱ្យ​ដំណើរការ​ក្នុង​ឆ្នាំ​១៩៩៩​ សម្រាប់​ទីផ្សារ​សហរដ្ឋ​អាមេរិក​។​

Alamy Link | Archived Link

ករណី​ខាង​លើ​នេះ​ ក៏​ត្រូវ​បាន​ផ្ទៀង​ផ្ទាត់​ដោយ​ក្រុម​ការងារ​របស់​យើង​នៅ​ក្នុង​ប្រទេស​ស្រី​លង្កា​ (Fact Crescendo Sri Lanka) ផង​ដែរ​​កាល​ពី​ថ្ងៃ​ទី​២៥​ ខែ​វិច្ឆិកា​ ឆ្នាំ​២០២១​កន្លង​ទៅ​នេះ​។​ គេហ​ទំព័រ​ដដែល​ខាង​លើ​នេះ​ បាន​សរសេរ​រៀប​រាប់​ជា​ភាសា​របស់​ស្រី​លង្កា​ (Sinhala) និង​ផ្តល់​ព័ត៌មាន​លម្អិត​ ថា​ការ​ផ្សព្វផ្សាយ​នៅ​លើ​ប្រព័ន្ធ​ផ្សព្វផ្សាយ​សង្គម​ ថា​រដ្ឋមន្ត្រី​ក្រសួង​ថាមពល​ជប៉ុន​ ឱន​ក្បាល​នៅ​ចំពោះ​មុខ​ប្រព័ន្ធ​ផ្សព្វផ្សាយ​រយៈ​ពេល​ ២០​នាទី​ បន្ទាប់​ពី​មាន​ការ​ដាច់​ចរន្ត​អគ្គិសនី​រយៈ​ពេល​ ២០​នាទី​នៅ​ក្នុង​ភូមិ​តូច​មួយ​ គឺ​​មិន​ពិត​នោះ​ឡើយ​។ ការ​ពិត​រូប​ថត​នោះ​ គឺ​ជា​លោក​ តាកាហ៊ីរ៉ូ​ ហាជីកូ​ (Takahiro Hachigo) នាយក​ប្រតិបត្តិ​របស់​ក្រុមហ៊ុន​ហុងដា​ ឱន​ក្បាល​ទៅ​កាន់​អ្នក​សារព័ត៌មាន​ក្នុង​សន្និសីទ​កាសែត​ ដំបូង​របស់​គាត់​នៅ​ក្នុង​ឆ្នាំ​២០១៥​កន្លង​ទៅ​។​

Fact Crescendo Link | Archived Link 

ក្រុម​ការងារ​របស់​ Fact Crescendo Cambodia រក​ឃើញ​ថា​ ពុំ​មាន​ករណី​ និង​ព័ត៌មាន​​ផ្លូវ​ការ​ណា​មួយ​នៃ​ការ​ឱន​ក្បាល​សុំទោស​ទៅ​កាន់​ប្រជា​ជន​ ចំពោះ​ការ​ដាច់​ភ្លើង​រយៈ​ពេល​២០​នាទី​ពី​សំណាក់​រដ្ឋមន្ត្រី​ថាមពល​របស់​ជប៉ុន​នោះ​ទេ​។​

លោក​ ហូសាកា ស៊ីន​ (Hosaka Shin) ត្រូវ​បាន​គេ​ស្គាល់​ថា​ គឺ​ជា​ប្រធាន​ទីភ្នាក់ងារ​នៃ​ធន​ធាន​ធម្មជាតិ​ និង​ថាមពល​នៅ​ក្នុង​ក្រសួងសេដ្ឋកិច្ច​ ពាណិជ្ជកម្ម​ និង​ឧស្សាហកម្ម​ (METI) របស់​ប្រទេស​ជប៉ុន​ ចាប់​តាំង​ពី​ខែ​កក្កដា​ ឆ្នាំ២០២០​កន្លង​មក​។ លោក​បាន​ត្រួតពិនិត្យ​គ្រប់​វិស័យ​នៃ​គោល​នយោបាយ​ថាមពល​ រួម​ទាំង​ការ​អភិវឌ្ឍន៍​ថាមពល​ យុទ្ធសាស្ត្រ​ និង​ធ្វើ​ផែនការ​ធានា​ការ​ផ្គត់ផ្គង់​ថាមពល​ប្រកប​ដោយ​សុវត្ថិភាព​ និយ័តកម្ម​វិស័យ​អគ្គិសនី​ និង​ឧស្ម័ន​ ក៏​ដូចជា​ការ​លើក​កម្ពស់​ថាមពល​កកើត​ឡើង​វិញ​ និង​ការ​អភិរក្ស​ផង​ដែរ​។

METI Link | Archived Link

ដើម្បី​ស្វែង​រក​ព័ត៌​មាន​ពិត​ សូម​តាម​ដាន​ការ​ផ្សាយ​របស់​យើង​តាម​រយៈ​ប្រព័ន្ធ​ដូច​ខាង​ក្រោម​៖

Facebook Twitter  Telegram Google News

សន្និដ្ឋាន

Fact Crescendo Cambodia រក​​ឃើញ​ថារូប​ថត និង​ការ​អះអាង​​ដោយ​ទំព័រ​ហ្វេស​ប៊ុក​​ខាង​លើ​នោះ​ គឺ​មិន​ត្រឹម​ត្រូវ​នោះ​ឡើយ​។​ រូប​ថត​មួយ​សន្លឹក​នេះ​ មិន​មែន​ជា​ទិដ្ឋ​ភាព​លោក​រដ្ឋ​មន្ដ្រី​ថាមពល​របស់​ប្រទេស​ជប៉ុន​​ កំពុង​ឈរ​ឱន​ក្បាល​សុំទោស​ទៅ​កាន់​ប្រជា​ជន​ ចំពោះ​ការ​ដាច់​ភ្លើង​រយៈ​ពេល​២០​នាទី​នោះ​ទេ​។​ ការ​ពិត​ រូប​ថត​នេះ​ គឺ​​លោក​ តាកាហ៊ីរ៉ូ​ ហាជីកូ​ (Takahiro Hachigo) ​នាយក​ប្រតិបត្តិ​នៃ​ក្រុមហ៊ុន​ហុងដា​ (Honda Motor Co.) អំឡុង​សន្និសិទ​សារព័ត៌មាន​នៅ​ក្នុង​ទីក្រុង​តូក្យូ​ កាល​ពី​ថ្ងៃ​ទី​០៦​ ខែ​កក្កដា​ ឆ្នាំ​២០១៥​កន្លង​ទៅ​។​

Avatar

Title:រូបថត​មេ​ក្រុមហ៊ុន​ហុងដា​ ត្រូវ​បាន​គេ​អះអាង​ថា​ជា​រដ្ឋ​មន្ត្រី​ថាមពល​ជប៉ុន​ឱន​សុំ​ទោស​​ប្រជាជន

Fact Check By: Kakada Sim 

Result: False

Leave a Reply

Your email address will not be published.