
ចាប់តាំងពីត្រូវបានចាប់ខ្លួនបញ្ជូនទៅតុលាការឧក្រិដ្ឋកម្មអន្តរជាតិនៅទីក្រុងឡាអេមក ព័ត៌មានក្លែងក្លាយជាច្រើន ត្រូវបានផ្សព្វផ្សាយនៅលើបណ្ដាញសង្គមថា អតីតប្រធានាធិបតីហ្វីលីពីន លោក Rodrigo Duterte នឹងត្រូវដោះលែងមកវិញនៅថ្ងៃនេះ។ ព័ត៌មាននេះ ត្រូវបានចែកចាយព្រោងព្រាតនៅលើបណ្ដាញសង្កមដោយអ្នកនយោបាយ និងប្រព័ន្ធផ្សព្វផ្សាយនៅកម្ពុជា។ ទោះជាយ៉ាងណា ការផ្ទៀងផ្ទាត់របស់យើង រកឃើញថា ព័ត៌មាននេះមិនត្រឹមត្រូវនោះឡើយ។
ការអះអាងលើបណ្ដាញសង្គម
ព័ត៌មានដ៏ផុសផុលមួយនៅលើបណ្ដាញសង្គម បានផ្សព្វផ្សាយថា ប្រធានតុលាការឧក្រិដ្ឋកម្មអន្តរជាតិ (ICC) អ្នកស្រីចៅក្រោម Tomoko Akane បានចេញសេចក្ដីសម្រេចឱ្យដោះលែងអតីតប្រធានាធិបតីហ្វីលីពីន លោក Rodrigo Duterte នៅថ្ងៃពុធសប្ដាហ៍នេះ។
ព័ត៌មាននេះ ត្រូវបានចែកចាយព្រោងព្រាតលើបណ្ដាញសង្គមហ្វេសប៊ុក ជាពិសេសវាត្រូវបានបង្ហោះ និងចែកចាយដោយអ្នកនយោបាយបក្សជំទាស់ និងបក្សកាន់អំណាចរបស់កម្ពុជា
ខាងក្រោមនេះ គឺជារូបភាពផ្ដាមចេញពីការបង្ហោះព័ត៌មាននេះនៅលើបណ្ដាញសង្គមហ្វេសប៊ុកដោយអ្នកនយោបាយបក្សជំទាស់ម្នាក់នៅឯក្រៅប្រទេស ដោយភ្ជាប់ជាមួយផ្ទាំងសំណេរមួយដែលនិយាយថា អតីតប្រធានាធិបតី Duterte នឹងត្រូវដោះលែងវិញនៅថ្ងៃទី២៦ ខែមីនា ឆ្នាំ២០២៥។
ព័ត៌មាននេះ ក៏ត្រូវបានបង្ហោះ និងចែកចាយដោយអ្នកនយោបាយមួយរូបរបស់គណបក្សប្រជាជនកម្ពុជាផងដែរកាលពីថ្ងៃម្សិលមិញនេះ។
ខាងក្រោមនេះ គឺជារូបភាពផ្ដាមចេញពីការអះអាងដោយលោក សួន សេរីរដ្ឋា អ្នកនយោបាយគណបក្សកាន់អំណាច ដែលបានរៀបរាប់ក្នុងន័យថា អតីតប្រធានាធិបតីហ្វីលីពីន លោក Duterte នឹងត្រូវដោះលែងនៅថ្ងៃទី២៦ ខែមីនា ឆ្នាំ២០២៥។
ក្រៅពីអ្នកនយោបាយហើយនោះ ព័ត៌មាននេះក៏ត្រូវបានចុះផ្សាយដោយសារព័ត៌មាននានារបស់កម្ពុជាផងដែរ ដោយផ្អែកទាំងស្រុងទៅលើផ្ទាំងព័ត៌មានមួយសន្លឹក ដែលត្រូវបានគេសរសេរថា ជាសេចក្ដីសម្រេចរបស់ប្រធានតុលាការ ICC។
ព័ត៌មាននេះ ត្រូវបានចែកចាយបន្តពីសំណាក់អ្នកប្រើប្រាស់ហ្វេសប៊ុកម្ពុជារហូតដល់ទៅជាង ២០០ដង រួមជាមួយការបញ្ចេញមតិយោបល់ចម្រុះបែប និងប្រតិកម្មផ្សេងៗផងដែរ។
ខាងក្រោមនេះ គឺជារូបភាពផ្ដាមចេញពីការផ្សាយព័ត៌មាននេះដោយទំព័រហ្វេសប៊ុករបស់សារព័ត៌មាន Swift News កាលពីថ្ងៃទី២១ ខែមីនា ឆ្នាំ២០២៥។
Swift News’s Facebook Post | Archived Link
ខាងក្រោមនេះ គឺជារូបភាពផ្ដាមចេញពីទំព័រហ្វេសប៊ុកសារព័ត៌មាន Cambonomist ដែលបានសរសេរថា “អតីតប្រធានាធិបតីហ្វីលីពីន រ៉ូទ្រីហ្គោ ឌូទើតេ នឹងត្រូវតុលាការឧក្រិដ្ឋកម្មអន្តរជាតិ ICC ដោះលែងឱ្យមានសេរីភាពឡើងវិញនៅថ្ងៃទី២៦ ខែមីនា ឆ្នាំ២០២៥?”។
Cambonomist’s Facebook Post | Archived Link
ដោយសារតែព័ត៌មានត្រូវបានបង្ហោះព្រោងព្រាតលើបណ្ដាញសង្គម គេអាចរកការអះអាងដូចគ្នានេះនៅលើបណ្ដាញសង្គមតាមរយៈតំណភ្ជាប់ផ្សេងទៀតនៅទីនេះ៖ Link 1 (archived), Link 2 (archived), Link 3 (archived), Link 4 (archived), Link 5 (archived), Link 6 (archived), និង Link 7 (archived)។
ការត្រួតពិនិត្យការពិត
Fact Crescendo បានត្រួតពិនិត្យ និងផ្ទៀងផ្ទាត់ទៅលើការអះអាងដូចដែលត្រូវបានរៀបរាប់ខាងលើនេះតាមរយៈការដំណើរការ Google Image Search ការពិនិត្យមើលសេចក្ដីប្រកាសព័ត៌មានផ្លូវការរបស់តុលាការឧក្រិដ្ឋកម្មអន្តរជាតិ (ICC) និងសេចក្ដីរាយការណ៍ព័ត៌មានពីសារព័ត៌មានអន្តរជាតិធំៗ ដែលនាំឱ្យយើងរកឃើញការពិតដូចខាងក្រោមនេះ។
ការដំណើរការ Google Image Search បានបង្ហាញថា ស្ត្រីនៅក្នុងរូបថតដែលត្រូវបានគេចែកចាយព្រោងព្រាតលើបណ្ដាញសង្គមនោះ មិនមែនជាប្រធានតុលាការឧក្រិដ្ឋកម្មអន្តរជាតិ អ្នកស្រីចៅក្រម Tomoko Akane នោះឡើយ។
ផ្ទុយទៅវិញ លទ្ធផលនៃដំណើរការនេះ បង្ហាញថា ស្ត្រីក្នុងរូបថតនេះ គឺជាអ្នកស្រី Michelle Yeoh អាយុ ៦២ឆ្នាំ តារាភាពយន្តអន្តរជាតិសញ្ជាតិម៉ាឡេស៊ី ដែលត្រូវបានគេស្គាល់យ៉ាងទូលំទូលាយ។
ខាងក្រោមនេះ គឺជារូបភាពផ្ដាមចេញពីវេបសាយ GettyImage ដែលរៀបរាប់ថា តារាភាពយន្ត អ្នកស្រី Michelle Yeoh ធ្វើដំណើរចូលរួមក្នុងកម្មវិធីចាក់បញ្ចាំងភាពយន្ត “Crazy Rich Asians” នៅទីក្រុង New York កាលពីឆ្នាំ២០១៨កន្លងមក។
តាមរយៈការស្វែងឈ្មោះអ្នកស្រី Tomoko Akane នៅលើ Google យើងបានរកឃើញរូបថតគាត់ដែលខុសប្លែកគ្នាទាំងស្រុងពីអ្នកស្រី Michelle Yeoh។
ខាងក្រោមនេះ គឺជារូបថតអ្នកស្រីចៅក្រម Tomoko Akane ដែលត្រូវបានផ្ដាមចេញពីវេបសាយរបស់តុលាការឧក្រិដ្ឋកម្មអន្តរជាតិ រួមជាមួយប្រវត្តិរូបសង្ខេបរបស់អ្នកស្រីផងដែរ។
ផ្អែកតាមប្រវត្តិរូបសង្ខេបដែលផ្សព្វផ្សាយនៅលើវេបសាយផ្លូវការរបស់ ICC អ្នកស្រី Tomoko Akane អាយុ ៦៨ឆ្នាំ ដើមកំណើតជនជាតិជប៉ុន ត្រូវបានជ្រើសតាំងជាងចៅក្រមនៃតុលាការឧក្រិដ្ឋកម្មអន្តរជាតិសម្រាប់អាណត្តិ ៩ឆ្នាំចន្លោះពីឆ្នាំ២០១៨ រហូតដល់ឆ្នាំ២០២៧ និងត្រូវបានតែងតាំងជាប្រធានតុលាការមួយនេះចាប់តាំងពីខែមីនា ឆ្នាំ២០២៤កន្លងមកនេះសម្រាប់អាណត្តិ៤ឆ្នាំរហូតដល់ឆ្នាំ២០២៧។
តើអតីតប្រធានាធិបតីហ្វីលីពីន Duterte នឹងត្រូវដោះលែងមែនឬទេ?
អតីតប្រធានាធិបតីហ្វីលីពីន លោក Rodrigo Duterte អាយុ ៧៩ឆ្នាំ ត្រូវបានប៉ូលិសចាប់ខ្លួននៅទីក្រុងម៉ានីលកាលពីថ្ងៃទី១១ ខែមីនា និងបញ្ជូនទៅទីក្រុងឡាអេ ទៅតាមដីកាតុលាការឧក្រិដ្ឋកម្មអន្តរជាតិ ដែលបានចោទប្រកាន់រូបគាត់ពីបទប្រព្រឹត្តឧក្រិដ្ឋកម្មប្រឆាំងមនុស្សជាតិពាក់ព័ន្ធនឹងសង្គ្រាមគ្រឿងញៀនដ៏បង្ហូរឈាម។ អត្ថបទទាំងស្រុង
ដោយបានចូលទៅមើលព័ត៌មានផ្សព្វផ្សាយដោយតុលាការមួយនេះ គ្មានទេសេចក្ដីប្រកាសព័ត៌មានផ្លូវការណាមួយដែលនិយាយថា តុលាការអន្តរជាតិមួយនេះ នឹងដោះលែងលោក Duterte នោះ។
ខាងក្រោមនេះ គឺជារូបភាពផ្ដាមចេញពីវេបសាយផ្លូវការរបស់តុលាការឧក្រិដ្ឋកម្មអន្តរជាតិ ដែលបង្ហាញឱ្យឃើញថា គ្មានព័ត៌មានផ្លូវការណាមួយដែលផ្សព្វផ្សាយថា នឹងមានការដោះលែងលោក Duterte នោះឡើយ។
ICC’s Newsroom | Archived Link
ជាងនេះទៅទៀត យើងរកពុំឃើញទាល់តែសោះនូវសេចក្ដីរាយការណ៍ពីប្រព័ន្ធសារព័ត៌មានអន្តរជាតិនានាដែលរាយការណ៍អំពីការដោះលែងអតីតប្រធានាធិបតីហ្វីលីពីនរូបនេះ។
ខាងក្រោមនេះ គឺជារូបភាពផ្ដាមចេញពីការស្វែងរកព័ត៌មាននៅលើ Google ដែលគ្មានទាល់តែសោះនូវព័ត៌មានរាយការណ៍ថា លោក Duterte នឹងត្រូវដោះលែងនោះ។
ផ្ទុយទៅវិញ យើងបានរកឃើញសារព័ត៌មានឈានមុខរបស់ហ្វីលីពីនឈ្មោះ Rappler បានផ្ទៀងផ្ទាត់ទៅលើព័ត៌មាននេះផងដែរ ដោយរកឃើញថា វាជាព័ត៌មានក្លែងក្លាយ ដែលមានប្រភពចេញពីក្រុមអ្នកគាំទ្រលោក Duterte។ អានលម្អិតនៅទីនេះ
បើតាមសារព័ត៌មានមួយទៀតរបស់ហ្វីលីពីនឈ្មោះថា INQUIRER ព័ត៌មានក្លែងក្លាយជាច្រើន ត្រូវបានបង្កើតឡើងជាច្រើនទាក់ទងនឹងករណីលោក Duterte បន្ទាប់ពីលោកត្រូវបានចាប់ខ្លួនបញ្ជូនទៅតុលាការឧក្រិដ្ឋកម្មអន្តរជាតិនៅទីក្រុងឡាអេ។
បើតាមខ្លឹមសារសង្ខេបនូវមុខនាទីរបស់ប្រធានតុលាការឧក្រិដ្ឋកម្មអន្តរជាតិនោះ អ្នកស្រី Tomoko Akane គ្មានអំណាចចេញសេចក្ដីសម្រេចលើករណីណាមួយឡើយ ក្រៅពីការបំពេញតួនាទីជាអ្នកដឹកនាំការងាររដ្ឋបាលរបស់ស្ថាប័ន ចាត់តាំងក្រុមប្រឹក្សាចៅក្រម និងការងារទំនាក់ទំនងខាងក្រៅ។
សន្និដ្ឋាន
Fact Crescendo រកឃើញថា ព័ត៌មានដូចដែលត្រូវបានរៀបរាប់ខាងលើនេះ មិនត្រឹមត្រូវនោះឡើយ។ គ្មានសេចក្ដីសម្រេចណាមួយចេញដោយតុលាការឧក្រិដ្ឋកម្មអន្តរជាតិឱ្យដោះលែងអតីតប្រធានាធិបតីហ្វីលីពីន លោក Rodrigo Duterte នោះឡើយ។ ព័ត៌មានដែលនិយាយថា បុរសខ្លាំងរូបនេះនឹងត្រូវនោះលែងនៅថ្ងៃទី២៦ ខែមីនានោះ គឺជាព័ត៌មានក្លែងក្លាយ។

Title:ព័ត៌មានថា ICC នឹងដោះលែងលោក Duterte គឺជាព័ត៌មានក្លែងក្លាយ
Written By: Jay UdomResult: False