Fact-Check: លោក ពូទីន មិន​បាន​ព្រលែង​តោ​បំភ័យ​ប្រជាជន​ឱ្យ​នៅ​ក្នុង​​ផ្ទះ​​ដើម្បី​ការ​ពារ​ការ​ឆ្លង​កូវីដ-១៩​នោះ​ឡើយ

False International

​កម្ពុជា​ និង​ប្រទេស​ដទៃ​ទៀត​នៅ​លើ​ពិភព​លោក នៅ​តែ​បន្ត​ប្រយុទ្ធ​​នឹង​ការ​ឆ្លង​រីក​រាល​ដាល​នៃ​មេរោគ​កូវីដ-១៩​ ដោយ​បាន​ដាក់​ចេញ​ជា​វិធានការ​ផ្សេងៗ ដូចជា ការ​ហាម​ឃាត់​ប្រជាជន​ចេញ​ពី​ផ្ទះ​សម្បែង ការ​បិទ​ខ្ទប់​ទីក្រុង ការ​ហាម​ឃាត់​ការ​ធ្វើ​ដំណើរ ការ​បិទ​ផ្អាក​ដំណើរការ​អាជីវកម្ម និង​ដំណើរការ​នៃ​ស្ថាប័ន​សាធារណៈ​នានា។ ទន្ទឹម​គ្នា​នេះ ការ​អះ​អាង​មួយ​នៅ​លើ​បណ្ដាញ​សង្គម បាន​និយាយ​ថា មេដឹកនាំ​រុស្ស៊ី​បាន​ប្រើ​សត្វ​តោ និង​សត្វ​ខ្លា​រាប់​រយ​ក្បាល ដើម្បី​រារាំង​ប្រជាជន​រុស្ស៊ី​កុំ​ឱ្យ​ចាក​ចេញ​ពី​ផ្ទះ​សម្បែង​របស់​ពួកគេ។ ទោះជាយ៉ាងណា ការ​ផ្ទៀង​ផ្ទាត់​ការ​ពិត រក​ឃើញ​ថា ការ​អះ​អាង​លើ​បណ្ដាញ​សង្គម​នេះ មិន​ត្រឹម​ត្រូវ​នោះ​ឡើយ។

ការ​អះ​អាង​លើ​បណ្ដាញ​សង្គម

កាល​ពី​ខែ​មីនា ឆ្នាំ​២០២០​កន្លង​មក ទំព័រ​ហ្វេសប៊ុក​មួយ​បាន​អះ​អាង​ថា ប្រធានាធិបតី​រុស្ស៊ី លោក វ៉្លាឌីមៀរ ពូទីន (Vladimir Putin) បាន​ព្រលែង​សត្វ​តោ និង​ខ្លា​ចំនួន ៥០០​ក្បាល​នៅ​ក្នុង​ទីក្រុង​មួយ ដើម្បី​រារាំង​ប្រជាជន​កុំ​ឱ្យ​ចាក​ចេញ​ពី​ផ្ទះ​ក្នុង​បំណង​ទប់​ស្កាត់​ការ​ឆ្លង​រីក​រាល​ដាល​នៃ​មេរោគ​កូរ៉ូណា ឬ​កូវីដ-១៩។

ការ​អះ​អាង​មួយ​នេះ ត្រូវ​បាន​ចែក​រំលែក​តៗ​គ្នា​រហូត​ដល់​ទៅ​រាប់​ម៉ឺន​ដង​កាល​ពី​ឆ្នាំ​មុន​ជាមួយ​ការ​បញ្ចេញ​មតិ​ និង​ប្រតិកម្ម​ចម្រុះ​បែប ហើយ​ថ្មីៗ​នេះ វាបាន​លេច​ឡើង​វិញ​នៅ​លើ​បណ្ដាញ​សង្គម​មួយ​នេះ។

រូបភាព​ផ្ដាម​ចេញ​ពី​ការ​អះ​អាង​ដោយ​ទំព័រ​ហ្វេសប៊ុក​មួយ​កាល​ពី​ឆ្នាំ​មុន រៀបរាប់​ថា «ដើម្បី​ទប់​ស្កាត់​ការ​រីក​រាល​ដាល​ជំងឺ​ខូវិដ​១៩ ពូទីន​ បាន​ព្រលែង​សត្វ​ខ្លា និង​តោ​ចំនួន​៨០០​ក្បាល​ទូទាំង​ប្រទេស ដើម្បី​ជំរុញ​ឱ្យ​ប្រជា​ពលរដ្ឋ​ស្នាក់នៅ​ក្នុង​ផ្ទះ😂😂😂😂😂»។

Facebook Post | Archived Link

ការត្រួត​ពិនិត្យ​ការ​ពិត

Fact Crescendo Cambodia ចាប់​ផ្ដើម​ផ្ទៀង​ផ្ទាត់​ការ​ពិត​ទៅ​លើ​ការ​អះ​អាង​នេះ​តាម​រយៈ​ការ​ពិនិត្យ​មើល​រូបថត​នៅ​ក្នុង​កម្មវិធី​ស្វែង​រក​រូបថត​របស់ Google និង​ព័ត៌មាន​​ចេញ​ផ្សាយ​ដោយ​សារព័ត៌មាន​អន្តរជាតិ​នានា ដែល​នាំ​ឱ្យ​រក​ឃើញ​ការ​ពិត​ជុំ​វិញ​ការ​អះ​អាង​នេះ។

សារព័ត៌មាន​អន្តរជាតិ​នានា សុទ្ធ​តែ​បាន​ចុះ​ផ្សាយ​ថា ប្រធានាធិបតី​រុស្ស៊ី លោក វ៉្លាឌីមៀ ពូទីន មិន​បាន​បញ្ជា ឬ​ចេញ​សម្រេច​ឱ្យ​ព្រលែង​សត្វ​តោ និងខ្លា​​នៅ​ក្នុង​ទីក្រុង​នានា​ ដើម្បី​ទប់​ស្កាត់​កុំ​ឱ្យ​ប្រជាជន​ចាក​ចេញ​ពី​ផ្ទះ​សម្បែង​របស់​ពួកគេ​នោះ​ឡើយ។

គេហទំព័រ​ទូរទស្សន៍ Global News របស់​ប្រទេស​កាណាដា​ បាន​ចុះ​ផ្សាយ​កាល​ពី​ខែ​មីនា​ឆ្នាំ​មុន​ថា លោក ពូទីន មិន​បាន​ធ្វើ​អ្វី​ដូច​ដែល​គេ​បាន​អះ​អាង​នៅ​លើ​បណ្ដាញ​សង្គម​នោះ​ឡើយ។

Global News | Archived Link

បើ​លោក ពូទីន មិន​បាន​ចេញ​បញ្ជា ឬ​ចេញ​សម្រេច​បែប​នេះ សំណួរ​ចោទ​សួរ​ថា តើ​រូបថត​សត្វ​តោ​មួយ​ក្បាល​ដើរ​តាម​ផ្លូវ​នៅ​ទីក្រុង​ មាន​ប្រភព​កើត​ឡើង​នៅ​ទីណា និង​នៅ​ពេល​ណា?

ក្រុម​ការងារ​ផ្ទៀង​ផ្ទាត់​ព័ត៌មាន​ពិត​ Fact Crescendo នៅ​ក្នុង​ប្រទេស​ឥណ្ឌា បាន​រក​ឃើញ​ថា រូបថត​សត្វ​តោ​ដើរ​នៅ​កណ្ដាល​ទីក្រុង​នេះ ត្រូវ​បាន​ចុះ​ផ្សាយ​ដោយសារព័ត៌មាន​អង់គ្លេស The Sun របស់​ប្រទេស​អង់គ្លេស​កាល​ពី​ថ្ងៃ​ទី​១៩ ខែ​ឧសភា ឆ្នាំ​២០១៦​កន្លង​មក​។

បើ​តាម​អត្ថបទ​របស់​សារព័ត៌មាន​អង់គ្លេស រូបថត​មួយ​សន្លឹក​នេះ បង្ហាញ​សត្វ​តោ​មួយ​ក្បាល​នៅ​ទីក្រុង​ចូហ៊ែនណេស្បឺក ប្រទេស​អាហ្វ្រិក​ខាង​ត្បូង។ រូបថត​មួយ​សន្លឹក​នេះ បាន​មក​ពី​ការ​ថត​ភាពយន្ត។

តោ​មួយ​ក្បាល​នេះ មាន​ឈ្មោះ​ថា​កូឡុំប៊ឺស (Columbus) ហើយ​បាន​បង្ហាញ​ខ្លួន​នៅ​ក្នុង​ភាព​យន្ត និង​វីដេអូ​ផ្សាយ​ពាណិជ្ជកម្ម​ជា​ច្រើន។ ក្រុម​ការងារ​ផលិត​ភាព​យន្ត បាន​សម្រេច​ព្រលែង​តោ​មួយ​ក្បាល​នេះ​នៅ​ក្នុង​តំបន់ និង​តាម​ផ្លូវ​ដែល​ត្រូវ​បាន​បិទ​ជិត ដើម្បី​ឱ្យ​ពួកគេ​អាច​ថត​សកម្មភាព​សត្វ​តោ​ស្រែក​គ្រហឹម​ពេញ​ទីក្រុង។

The Sun | Archived Link

សន្និដ្ឋាន

Fact Crescendo Cambodia រក​ឃើញ​ថា ការ​អះ​អាង​ដូច​បាន​រៀបរាប់​ខាង​លើ​នេះ មិន​មែន​ជា​ការ​ពិត​នោះ​ឡើយ។ ប្រធានាធិបតី​រុស្ស៊ី លោក វ៉្លាឌីមៀ ពូទីន មិន​បាន​ចេញ​បញ្ជា ឬ​សេចក្ដី​សម្រេច​ព្រលែង​សត្វ​តោ ឬ​សត្វ​ខ្លា ដើម្បី​ទប់​ស្កាត់​កុំ​ឱ្យ​ប្រជាជន​រុស្ស៊ី​ចាក​ចេញ​ពី​ផ្ទះ​សម្បែង​ពួកគេ​នោះ​ឡើយ។ រូបថត​សត្វ​តោ​ដើរ​ក្បាល​ទីក្រុង​នេះ គឺ​ជា​សត្វ​តោ​ឈ្មោះ​កូឡុំប៊ឺស ដែល​ត្រូវ​បាន​ព្រលែងនៅ​ទីក្រុង​ដើម្បី​ឱ្យ​វា​គ្រហឹម​ពេញ​ទីក្រុង​សម្រាប់​ការ​ថត​ភាព​យន្ត និង​វីដេអូ​ពាណិជ្ជកម្ម។

Avatar

Title:លោក ពូទីន មិន​បាន​ព្រលែង​តោ​បំភ័យ​ប្រជាជន​ឱ្យ​នៅ​ក្នុង​​ផ្ទះ​​ដើម្បី​ការ​ពារ​ការ​ឆ្លង​កូវីដ-១៩​នោះ​ឡើយ

Fact Check By: Jay Udom 

Result: False

Leave a Reply

Your email address will not be published.