
បន្ទាប់ពីការផ្ទុះអាវុធនៅជិតព្រំដែនថៃ-ឡាវកាលពីថ្ងៃម្សិលមិញនេះ អ្នកប្រើប្រាស់បណ្ដាញសង្គមកម្ពុជាច្រើន បានបង្ហោះព័ត៌មាននៅលើបណ្ដាញសង្គមថា ទាហានថៃ និងទាហានឡាវបានប៉ះទង្គិចគ្នាដោយអាវុធនៅតាមព្រំដែនរវាងប្រទេសទាំងពីរកាលពីថ្ងៃម្សិលមិញនេះ។ ទោះជាយ៉ាងណា ការផ្ទៀងផ្ទាត់របស់ Fact Crescendo បានរកឃើញថា ព័ត៌មាននេះត្រូវបានផ្សព្វផ្សាយដោយមិនត្រឹមត្រូវ។
ការអះអាងលើបណ្ដាញសង្គម
ព័ត៌មានមួយដែលត្រូវបានបង្ហោះ និងចែកចាយព្រោងព្រាតនៅលើបណ្ដាញសង្គម បានលើកឡើងថា កងទ័ពថៃ និងកងទ័ពឡាវ បានប៉ះទង្គិចដោយអាវុធនៅតំបន់ព្រំដែននៃប្រទេសទាំងពីរកាលពីថ្ងៃម្សិលមិញនេះ។
ខាងក្រោមនេះ គឺជារូបភាពផ្ដាមចេញពីព័ត៌មាននោះដែលត្រូវបានបង្ហោះដោយទំព័រហ្វេសប៊ុកនៃសារព័ត៌មានមួយកាលពីថ្ងៃទី០៥ ខែឧសភា ឆ្នាំ២០២៥ រៀបរាប់ថា “មុននេះបន្តិចថៃប៉ះគ្នាជាមួយឡាវ ប៉ះទង្គិចគ្នាយ៉ាងសហាវ! កងកម្លាំងប្រដាប់អាវុធប្រហារមូលដ្ឋានយោធាឡាវមួយចំនួននៅតាមបណ្ដោយព្រំដែនថៃ។ គ្រាប់កាំភ្លើង ៧.៦២មីលីម៉ែត្រ ធ្លាក់ចូលដំបូលផ្ទះមួយកន្លែងនៅខាងថៃ ក្នុងស្រុក Wiang Kaen ខេត្ត Chiang Rai។ ទាហានកំពុងរក្សាសន្តិសុខយ៉ាងតឹងរ៉ឹង និងដាក់់ពង្រាយកម្លាំងការពារតំបន់ព្រំដែនឡាវ-ថៃដោយខ្លាចសាធារណជនព្រួយបារម្ភ”។
ព័ត៌មាន ឬការអះអាងនេះ ត្រូវបានចែកចាយបន្តជាច្រើនដងនៅលើបណ្ដាញសង្គម ហើយក៏ទាក់ទាញការចាប់អារម្មណ៍ច្រើនពីសំណាក់អ្នកប្រើប្រាស់បណ្ដាញសង្គមនៅកម្ពុជាផងដែរ។
FB Post (Archived) | FB Post (Archived) | FB Post (Archived)
ការត្រួតពិនិត្យការពិត
Fact Crescendo បានត្រួតពិនិត្យ និងផ្ទៀងផ្ទាត់ទៅលើការអះអាងខាងលើនេះតាមរយៈការពិនិត្យមើលសេចក្ដីរាយការណ៍ព័ត៌មានចុះផ្សាយដោយប្រព័ន្ធផ្សព្វផ្សាយថៃ ដែលនាំឱ្យយើងរកឃើញការពិតដូចខាងក្រោមនេះ។
សេចក្ដីរាយការណ៍(archived)របស់សារព័ត៌មានថៃ Thai PBS កាលពីថ្ងៃម្សិលមិញនេះ បានឱ្យដឹងថា សំឡេងផ្ទុះអាវុធមួយបានកើតឡើងនៅក្នុងខេត្តបរកែវ ប្រទេសឡាវ ដែលស្ថិតនៅជាប់ខេត្តឈៀងរ៉ៃ ប្រទេសថៃ ដោយមានគ្រាប់កាំភ្លើងបានធ្លាក់ចូលទឹកដីថៃ។
សារព័ត៌មានថៃដដែលនេះ បានឱ្យដឹងទៀតថា សំឡេងផ្ទុះអាវុធនៅលើទឹកដីឡាវនេះ កើតចេញពីការឡោមព័ទ្ធវាយប្រហារទៅលើមូលដ្ឋានកងទ័ពឡាវពីសំណាក់ក្រុមប្រដាប់អាវុធប្រឆាំងរដ្ឋាភិបាលឡាវ។
បើតាមសារព័ត៌មានដដែលនេះ ហេតុការណ៍ផ្ទុះអាវុធនៅលើទឹកដីប្រទេសឡាវនេះ បានជំរុញឱ្យកងទ័ពថៃពង្រឹងសន្តិសុខនៅតាមបណ្ដោយព្រំដែនក្នុងខេត្តឈៀងរ៉ៃជាប់នឹងប្រទេសឡាវ ដើម្បីការពារសុវត្ថិភាពប្រជាជននៅក្នុងសហគមន៍នៅតាមព្រំដែន។
ព័ត៌មាននេះ ក៏ត្រូវបានចុះផ្សាយដោយសារព័ត៌មានថៃដទៃទៀតដែរកាលពីថ្ងៃម្សិលមិញនេះ ដូចជា សារព័ត៌មាន Matichon និងសារព័ត៌មាន Thairath ជាដើម។
ខាងក្រោមនេះ គឺជាវីដេអូសេចក្ដីរាយការណ៍ព័ត៌មានរបស់សារព័ត៌មានថៃ Matichon ចេញផ្សាយនៅថ្ងៃទី០៦ ខែឧសភា ឆ្នាំ២០២៥ ប្រទេសថៃបានបិទការចូលទស្សនានៅត្រង់ចំណុចមើលទេសភាពមួយនៃឧទ្យានជាតិភូស៊ីហ្វានៅជាប់ព្រំដែនជាមួយប្រទេសឡាវ បន្ទាប់ពីមានហេតុការណ៍ផ្ទុះអាវុធកាលពីថ្ងៃម្សិលមិញ។
Thai PBS News Report on YouTube
ផ្អែកតាមសេចក្ដីរាយការណ៍ព័ត៌មានទាំងនេះ គ្មានទេការប៉ះទង្គិច ឬការប្រយុទ្ធគ្នារវាងកងទ័ពប្រទេសថៃ និងកងទ័ពប្រទេសឡាវ ដូចទៅនឹងការអះអាងនៅលើបណ្ដាញសង្គមពីសំណាក់អ្នកប្រើប្រាស់បណ្ដាញសង្គមកម្ពុជានោះឡើយ។
Follow Us and Stay Up to Date with Our Latest Fact-Checks
Facebook | Twitter | Telegram | TikTok | WhatsApp | Instagram
សន្និដ្ឋាន
Fact Crescendo បានរកឃើញថា ការអះអាងថា ទាហានថៃ និងឡាវប៉ះទង្គិចគ្នាដោយអាវុធកាលពីថ្ងៃម្សិលមិញនេះ មិនត្រឹមត្រូវនោះឡើយ។ សារព័ត៌មាននានានៅក្នុងប្រទេសថៃ បានចុះផ្សាយថា ក្រុមប្រដាប់អាវុធប្រឆាំងរដ្ឋាភិបាលឡាវ បានឡោមព័ទ្ធវាយប្រហារទៅលើមូលដ្ឋានយោធាមួយរបស់កងទ័ពឡាវ ស្ថិតនៅក្នុងខេត្តបរកែវ ជាប់ជាមួយខេត្តឈៀងរ៉ៃរបស់ថៃកាលពីថ្ងៃម្សិលមិញនេះ។ ហេតុការណ៍នេះ បានជំរុញឱ្យកងទ័ពថៃពង្រឹងសន្តិសុខ និងសុវត្ថិភាពការពារប្រជាជន ក្រោយការផ្ទុះអាវុធនៅឡាវ បានបណ្ដាលឱ្យមានគ្រាប់កាំភ្លើងធ្លាក់មកលើដំបូលផ្ទះប្រជាជនថៃ។

Title:ព័ត៌មានក្លែងក្លាយលើបណ្ដាញសង្គមថា ទាហានថៃ និងឡាវប៉ះគ្នាតាមព្រំដែនម្សិលមិញនេះ
Fact Check By: Jay UdomResult: False
