Fact Check: រូប​ថត​​មួយ​សន្លឹក​ដែល​បង្ហាញ​អំពី​ជណ្តើរ​យន្ត​នេះ​​​ស្ថិត​នៅ​ក្នុង​ខេត្ត​ហឺ​ប៉ី​ ប្រទេស​ចិន​

False Social

ភ្នំ​សំពៅ​ គឺ​ជា​រមណីយ​ដ្ឋាន​ធម្មជាតិ​មួយ​ដែល​ស្ថិត​នៅ​តាម​ដង​ផ្លូវ​ជាតិ​លេខ​៥៧​ ស្ថិត​នៅ​ក្នុង​ស្រុក​បាណន់​ ខេត្ត​បាត់​ដំបង​។ ភ្នំ​នេះ​មាន​កម្ពស់​​ប្រមាណ​ ១០០​ម៉ែត្រ​ មានកាំ​ជណ្តើរ​ឡើង​ចំនួន​ ១០៣០​កាំ​ និង​មាន​ចំងាយ​ប្រមាណ​ ១២​គីឡូ​ម៉ែត្រ​​ ពី​ទីរួម​ខេត្ត​។ ថ្មី​ៗ​​​នេះ​ យេីង​សង្កេត​ឃេីញ​មាន​​ការ​បង្ហោះ​រូបភាព​មួយ​សន្លឹក​ដែល​បង្ហាញ​ពីទិដ្ឋភាព ​ជណ្តើរ​យន្ត​ ដែល​ធ្វើ​ឡើង​ទៅ​កាន់​កំពូល​ភ្នំ​មួយ​​ និង​បាន​លើក​ឡើង​ថា​ វា​ស្ថិត​នៅ​ក្នុង​តំបន់​ភ្នំ​សំពៅ​។ រូបថត​​​នេះ​ ត្រូវ​បាន​ចែក​រំលែ​បន្ត​ពី​សំណាក់​អ្នក​ប្រើ​បណ្ដាញ​សង្គម​និយាយ​ភាសា​ខ្មែរ។ ទោះ​យ៉ាង​ណា​ ការ​ផ្ទៀង​​ផ្ទាត់​របស់ Fact Crescendo Cambodia បាន​បង្ហាញ​ថា ការ​អះអាង​​នេះ​ គឺ​មិន​ត្រឹម​ត្រូវ​នោះ​ឡើយ។

ការ​អះ​អាង​លើ​បណ្តាញសង្គម

កាល​ពី​ថ្ងៃទី​០៤ ខែ​ឧសភា ឆ្នាំ​២០២១​នេះ ​មាន​អ្នក​ប្រើ​​បណ្តាញ​សង្គម​ហ្វេសប៊ុក​ម្នាក់​ បាន​បង្ហោះ​រូបភាព​​មួយ​ សន្លឹក​ ដែល​​​បង្ហាញ​អំពី​រូបភាពជណ្តើរ​យន្ត​ ដែល​ធ្វើ​ឡើង​ទៅ​កាន់​កំពូល​ភ្នំ​មួយ​។ អ្នក​ប្រើ​ហ្វេសប៊ុក​​​ដដែល​​នេះ ​​ក៏​បាន​ អះ​អាង​ដែរ​​ថា​ «ភ្នំ​សំពៅ​ ២០​២១​»។ ការ​​អះ​អាង​នេះ ត្រូវ​បាន​ចែក​រំលែក​តៗ​គ្នា​ជាច្រើន​ដង​ពី​សំណាក់​អ្នក​ប្រើ​ ហ្វេសប៊ុក​និយាយ​ភាសា​ខ្មែរ។

រូបភាព​ផ្ដាម​ចេញ​ពី​ប៉ុស្តិ៍​របស់​អ្នក​ប្រើ​ប្រាស់​​​​ ដែល​បាន​រៀប​រាប់​​ថា​​ «ភ្នំ​សំពៅ​ ២០២១​ អាប់​ដេត​សាហាវ​ តែ​ប៉ុណ្ណេះ ​លែង​ចុក​រោយ​ដៃ​ ជើង​ទៀត​ហើយ​»។

Facebook Post | Archived Link 

ការត្រួត​ពិនិត្យ​ការ​ពិត

Fact Crescendo Cambodia បាន​ចាប់ផ្តើម​ធ្វើការ​ត្រួត​ពិនិត្យ និង​​ផ្ទៀង​ផ្ទាត់​រូបថត​​តាមរយៈ​កម្មវិធី​ Google Reverse Image​ និង​ការ​បញ្ជាក់​ពី​ខាង​មន្ទីរ​ទេសចរណ៍​ខេត្ត​បាត់ដំបង​ផ្ទាល់​ ដែល​នាំ​ឲ្យ​ទៅ​រក​ឃើញ​ការ​ពិត​ប្រភព​ដើម​នៃ​ រូប​ភាព​ជណ្តើរ​យន្ត​​ ដែល​មាន​ទម្រង់​ដូច​គ្នា​ទាំង​ស្រុង។

តាម​រយៈ​ការ​បង្ហោះ​រូប​ភាព​មួយ​ដែល​មាន​ទម្រង់​ដូច​គ្នា​ទាំង​ស្រុង​​នៅ​លើ​បណ្តាញ​ទំព័រ​ហ្វេស​ប៊ុក​​ China Elevator Consultant កាល​ពី​ថ្ងៃ​ទី​០១ ខែ​ឧសភា ឆ្នាំ​២០២១​កន្លង​ទៅ​នេះ ដែល​បាន​បញ្ជាក់​ថា ​រូប​ថត​​នេះ​ គឺ​ត្រូវ​បាន​ ថត​ឡើង​នៅ​ក្នុង​តំបន់​ភ្នំ​មួយ​ដែល​មាន​ឈ្មោះ​ថា​ Taihang ស្ថិត​នៅ​ក្នុង​ខេត្ត​ហឺប៉ី​ ប្រទេសចិន​។ សារ​បង្ហោះ​មួយ​នេះ​ គឺ​ត្រូវ​បាន​បង្ហោះ​មុន​រយៈ​ពេល​៣ថ្ងៃ​ ដែលអ្នក​ប្រើ​ប្រាស់​បណ្តាញ​សង្គម​នៅ​កម្ពុជា​យើង​ បាន​យក​មក​បង្ហោះ​បន្ត​ ដែល​បាន​អះ​អាង​ថា​នៅ​ភំ្ន​សំពៅ​ទៅ​វិញ​។  

រូប​ភាព​ផ្ដាម​ចេញ​ពីទំព័រ​ហ្វេសប៊ុក ដែល​បាន​សរសេរ​រៀប​រាប់​​​ជា​ភាសា​អង់គ្លេស​ថា​ «Chinese escalator in the mountains» ​ប្រែ​ជា​ភាសា​ខ្មែរ​មាន​ន័យ​ថា «ជណ្តើរ​យន្ត​របស់​ប្រទេស​ចិន​​នៅ​តាម​តំបន់​ភ្នំ​»។

Facebook Post | Archived Link

ឆ្លើយ​តប​នឹង​ការ​សាក​សួរ​ពី Fact Crescendo Cambodia តាម​ប្រព័ន្ធ​ផ្ញើ​សារ Messenger នៅ​ថ្ងៃ​ទី​១៣ ខែ​ឧសភា ឆ្នាំ​២០២១ ទំព័រ​ហ្វេសប៊ុក​​មន្ទីរ​ទេសចរណ៍​ខេត្ត​បាត់ដំបង បាន​​បដិសេធ​ទៅ​នឹង​ព័ត៌មាន​ខាង​លើ​នេះ ហើយ​​បញ្ជាក់​ថា មិន​មាន​ជណ្ដើ​យន្ត​ត្រូវ​បាន​ដំឡើង​នៅ​ភ្នំ​សំពៅ​នោះ​ឡើយ។

ឆ្លើយ​តប​នឹង​ការ​សាក​សួរ​បន្ថែម​ពី Fact Crescendo Cambodia តាម​រយៈ​ប្រព័ន្ធ​ផ្ញើ​សារ​នៅ​ថ្ងៃ​នេះ​ អ្នក​ប្រើហ្វេសប៊ុក​​ដែល​បាន​អះ​អាង​ខាង​លើ​ ប្រាប់​​ថា​ គាត់​បាន​យក​រូបថត​ជណ្ដើរ​យន្ត​នេះ​ចេញ​ពី​ទំព័រ​ហ្វេសប៊ុក​​ China Elevator Consultant ដើម្បី​ទាក់​ទាញ​ចំណាប់​អារម្មណ៍​របស់​អ្នក​តាម​ដាន​តែ​ប៉ុណ្ណោះ​​។ លោក​ក៏​បាន​ទទួល​ស្គាល់​ដូច​គ្នា​ផង​ដែរ​ថា​ រូបភាព​ដែល​បង្ហាញ​អំពី​ជណ្តើរ​យន្ត​នេះ​​ មិន​​មែន​​ស្ថិត​នៅ​ភ្នំ​សំពៅ​ ខេត្ត​បាត់ដំបង​នោះ​ទេ​។

សន្និដ្ឋាន (Conclusion)

Fact Crescendo Cambodia បាន​រក​ឃើញ​ថា រូបថត​ដែល​អ្នក​ប្រើ​ប្រាស់​បណ្ដាញ​សង្គម​កម្ពុជា​អះ​អាង​ថា​ជាទិដ្ឋភាព ជណ្តើរ​យន្ត​​នៅ​ភ្នំ​សំពៅ​ ខេត្ត​បាត់​ដំបង​នោះ​ គឺ​មិន​មែន​ជា​ការ​ពិត​ទេ។ គ្មាន​ជណ្ដើ​យន្ត​ ត្រូវ​បាន​ដំឡើង​នៅ​ឯ​ភ្នំ​សំពៅ​នៃ​ទឹក​ដី​ខេត្ត​បាត់ដំបង​នោះ​ឡើយ ហើយ​ជណ្ដើរ​​យន្ត​ឡើង​ភ្នំ​នៅ​ក្នុង​រូបថត​នោះ គឺ​ជា​ជណ្ដើរ​​យន្ត​ដែល​ត្រូវ​បាន​ដំឡើង​នៅ​ឯ​ភ្នំ​ Taihang ស្ថិត​នៅ​​ក្នុង​ខេត្ត​ហឺប៉ី ប្រទេស​ចិន។

Avatar

Title:រូប​ថត​​មួយ​សន្លឹក​ដែល​បង្ហាញ​អំពី​ជណ្តើរ​យន្ត​នេះ​​​ស្ថិត​នៅ​ក្នុង​ខេត្ត​ហឺ​ប៉ី​ ប្រទេស​ចិន​

Fact Check By: Kakada Sim 

Result: False

Leave a Reply

Your email address will not be published.