
ក្រោយពេលអ្នកនាង ធី សុខា ហៅ ប៉ីប៉ីលី ដែលជាអតីតសកម្មជនគណបក្សភ្លើងទៀន និងសង្គ្រោះជាតិ បានចុះចូលជាមួយគណបក្សប្រជាជនកម្ពុជារួចមក ការអះអាងដ៏ផុសផុលមួយលើបណ្ដាញសង្គម បានលើកឡើងថា ស្ត្រីរូបនេះបានទទួលមរណភាពហើយដោយសារតែគ្រោះថ្នាក់ចរាចរណ៍។ ទោះជាយ៉ាងណា ការត្រួតពិនិត្យការពិត និងផ្ទៀងផ្ទាត់របស់យើង បានរកឃើញថា ការអះអាងនេះ គឺមិនត្រឹមត្រូវនោះឡើយ។
ការអះអាងលើបណ្ដាញសង្គម
កាលពីថ្ងៃទី១១ ខែកក្កដា ឆ្នាំ២០២៣កន្លងទៅថ្មីៗនេះ អ្នកប្រើប្រាស់ហ្វេសប៊ុកម្នាក់ បានបង្ហោះរូបថតមួយសន្លឹក បង្ហាញទិដ្ឋភាពកម្រងផ្កា ដោយមានរូបថតរបស់ ប៉ីប៉ីលី រួមជាមួយនឹងការសរសេរថា នាងបានទទួលមរណភាពហើយ។ អ្នកប្រើប្រាស់ដដែលនេះ ពុំបានបញ្ជាក់ព័ត៌មានបន្ថែមអំពីមូលហេតុ ឬទីតាំងនៃគ្រោះថ្នាក់ខាងលើនោះឡើយ។
រូបថតភ្ជាប់ជាមួយនឹងសំណេរនេះ ត្រូវបានចែកចាយតៗគ្នាជាច្រើនដង រួមជាមួយនឹងប្រតិកម្ម និងការបញ្ចេញមតិចម្រុះពីសំណាក់អ្នកប្រើប្រាស់បណ្ដាញសង្គមហ្វេសប៊ុកនិយាយភាសាខ្មែរយ៉ាងផុសផុល។
ខាងក្រោមនេះ គឺជារូបភាពផ្ដាមចេញពីប៉ុស្ដិ៍របស់អ្នកប្រើប្រាស់ដែលបានរៀបរាប់ថា «គាត់ ជួបគ្រោះថ្នាក់ចរាចរណ៍កាលពីពេលថ្មីៗនេះ»។

ការត្រួតពិនិត្យការពិត
Fact Crescendo Cambodia ចាប់ផ្ដើមត្រួតពិនិត្យ និងផ្ទៀងផ្ទាត់លើព័ត៌មានអះអាងខាងលើ តាមរយៈព័ត៌មាន និងសារបង្ហោះរបស់លោកស្រី ប៉ីប៉ីលី នាប៉ុន្មានថ្ងៃចុងក្រោយនេះ។
យោងទៅតាមទំព័រហ្វេសប៊ុករបស់ ប៉ីប៉ីលី ដែលបានធ្វើការផ្សាយផ្ទាល់បញ្ចេញមតិអំពីប្រធានបទការអភិវឌ្ឍរបស់កម្ពុជា កាលពីយប់ថ្ងៃទី១៦ ខែកក្កដា ឆ្នាំ២០២៣ម្សិលមិញនេះ បានបង្ហាញរូបនាង និងយុវជន ទឹម សុជា ហៅ រាជបុត្រ សូរ្យកាយ្យ បានផ្សាយរួមគ្នា ចេញពីហាងមួយកន្លែង។
ខាងក្រោមនេះ គឺជាវីដេអូឃ្លីបទាំងស្រុង នៃការផ្សាយផ្ទាល់ចេញពីទំព័រហ្វេសប៊ុករបស់នាង។
ដូចគ្នានេះ តាមរយៈទំព័រហ្វេសប៊ុកផ្លូវការរបស់លោកស្រី ហ៊ុន ស៊ីណាត ដែលត្រូវជាប្អូនស្រីបង្កើតរបស់លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន ក៏បានបង្ហោះរូបថតជាច្រើនសន្លឹក ដែលមាន ប៉ីប៉ីលី និង រាជបុត្រ សូរ្យកាយ្យ ផងដែរ កាលពីយប់ថ្ងៃទី១៧ ខែកក្កដា ឆ្នាំ២០២៣។
លោកស្រីបានបញ្ជាក់នៅក្នុងសំណេររបស់ខ្លួនផងថា ទឹម សុជា និង ប៉ីប៉ីលី ព្រមទាំងសកម្មជនផ្សេងទៀត បានធ្វើការជួបជុំគ្នាដោយផ្ទាល់ជាមួយនឹងលោកស្រី។

ខាងក្រោមនេះ គឺជារូបភាពផ្ដាម ចេញពីទំព័រហ្វេសប៊ុកខាងលើ ដែលបានបង្ហាញទិដ្ឋភាពលោកស្រី ប៉ីប៉ីលី និងលោកស្រី ហ៊ុន ស៊ីណាត ឈរទន្ទឹមគ្នា។

ដើម្បីស្វែងរកព័ត៌មានពិត សូមតាមដានការផ្សាយរបស់យើងតាមរយៈប្រព័ន្ធដូចខាងក្រោម៖
Facebook Twitter Telegram Google News TikTok
សន្និដ្ឋាន
Fact Crescendo Cambodia បានរកឃើញថា រូបថត និងការអះអាងដែលបានបង្ហោះដោយអ្នកប្រើប្រាស់ខាងលើនេះ គឺមិនត្រឹមត្រូវនោះឡើយ។ នាង ប៉ីប៉ីលី នៅរស់រានមានជីវិតជាធម្មតា ហើយនាងទើបតែបង្ហាញវត្តមាននៅក្នុងពិធីជួបជុំគ្នាមួយជាមួយលោកស្រី ហ៊ុន ស៊ីណាត កាលពីយប់ថ្ងៃទី១៧ ខែកក្កដា ឆ្នាំ២០២៣កន្លងទៅនេះ។

Title:អតីតសកម្មជនបក្សប្រឆាំង ប៉ីប៉ីលី ពុំបានទទួលមរណភាពដូចការអះអាងនោះឡើយ
Written By: Kakada SimResult: False
