តើ​​លោក អ៊ូ វីរៈ ធ្វើ​យុទ្ធានាការ​តាម​អនឡាញ​​ទាមទារ​ឱ្យ​បញ្ឈប់​ប្រើ​ពាក្យ​«យួន»​មែន​ឬទេ?

Altered Social

កាល​ពី​ចុង​ឆ្នាំ​២០១៣​កន្លង​មក លោក អ៊ូ វីរៈ ដែល​មាន​តួនាទី​ជា​ប្រធាន​មជ្ឈ​មណ្ឌល​សិទ្ធិ​មនុស្ស​កម្ពុជា (CCHR)​នា​ពេល​នោះ បាន​ថ្លែង​រិះ​គន់​មេដឹកនាំ​គណបក្ស​សង្គ្រោះ​ជាតិ​ លោក សម រង្ស៊ី ដែល​បាន​ប្រើ​ពាក្យ​«យួន»​នៅ​ក្នុង​សារ​នយោបាយ​របស់​គាត់។ សកម្មជន​ការពារ​សិទ្ធិ​មនុស្ស​រូប​នេះ ចាត់​ទុក​ការ​ប្រើ​ពាក្យ​«យួន»​ជា​ភាសា​រើស​អើង​ពូជ​សាសន៍​ប្រឆាំង​នឹង​ជន​ជាតិ​វៀតណាម។

ជាង ៩​ឆ្នាំ​ក្រោយ​មក រូបថត​មួយ​សន្លឹក​ដែល​បង្ហាញ​លោក អ៊ូ វីរៈ ធ្វើ​យុទ្ធនាការ​តាម​អនឡាញ​ទាម​ទារ​ឱ្យ​បញ្ឈប់​ការ​ប្រើ​ពាក្យ​«យួន» ត្រូវ​បាន​បង្ហោះ​នៅ​លើ​បណ្ដាញ​សង្គម​ហ្វេសប៊ុក។ ទោះជាយ៉ាងណា ការ​ផ្ទៀង​ផ្ទាត់​របស់​យើង បាន​រក​ឃើញ​ថា រូបថត​មួយ​សន្លឹក​នេះ ត្រូវ​បាន​កាត់​ត។

ការ​អះ​អាង​លើ​បណ្ដាញ​សង្គម

គណនី​អ្នក​ប្រើ​ប្រាស់​ហ្វេសប៊ុក​មួយ​ឈ្មោះ Damarin Phlong បាន​បង្ហោះ​រូបថត​មួយ​សន្លឹក​ ដែល​រូបថត​នោះ​បង្ហាញ​​លោក អ៊ូ វីរៈ ប្រធាន​វេទិកា​អនាគត (Future Forum) កាន់​ក្រដាស​មួយ​សន្លឹក​ដែល​សរសេរ​ថា «កុំ​ប្រើ​ពាក្យ​យួន វា​ជា​ការ​រើស​អើង​ពូជ​សាសន៍»។

រូបថត​នេះ ត្រូវ​បាន​បង្ហោះ​លើ​បណ្ដាញ​សង្គម​ហ្វេសប៊ុក​តាំង​ពី​ឆ្នាំ​២០២០​កន្លងម​ក ហើយ​វា​បាន​បង្ហាញ​លើ​បណ្ដាញ​សង្គម​ជាថ្មី​​នៅ​រយៈ​ពេល ២​ឆ្នាំ​ក្រោយ​មក។

លោក អ៊ូ វីរៈ គឺ​ជា​អតីត​នាយក​ប្រតិបត្តិ​មជ្ឈ​មណ្ឌល​សិទ្ធិ​មនុស្ស​កម្ពុជា (CCHR) និង​ជា​សកម្មជន​ការពារ​សិទ្ធិ​មនុស្ស​ឈាន​មុខ​ផង​ដែរ​នៅ​ពេល​លោក​កាន់​តំណែង​មួយ​នេះ។

ខាង​ក្រោម​នេះ គឺ​ជា​រូបភាព​ផ្ដាម​ចេញ​ពី​ប៉ុស្តិ៍​របស់​អ្នក​ប្រើ​ប្រាស់​ហ្វេសប៊ុក ដែល​បាន​បង្ហោះ​រូបភាព​នេះ​​កាល​ពី​ថ្ងៃ​ទី​៩ ខែ​កុម្ភៈ ឆ្នាំ​២០២០​កន្លង​មក។

Facebook Post | Archived Link

ការ​ត្រួត​ពិនិត្យ​ការ​ពិត

Fact Crescendo Cambodia បាន​ចាប់​ផ្ដើម​ផ្ទៀង​ផ្ទាត់​ទៅ​លើ​រូបថត​នេះ​តាម​រយៈ​ការ​ដំណើរការ reverse-search image ដែល​នាំ​ឱ្យ​យើង​បាន​រក​ឃើញ​រូបថត​ច្បាប់​ដើម និង​ខ្លឹមសារ​នៃ​រូបថត​នេះ។

រូបថត​ច្បាប់​ដើម ត្រូវ​បាន​រក​ឃើញ​បង្ហោះ​នៅ​ក្នុង​ទំព័រ​ហ្វេសប៊ុក​របស់​មជ្ឈ​មណ្ឌល​សិទ្ធិ​មនុស្ស កាល​ពី​ថ្ងៃ​ទី​២៨ ខែ​មិថុនា ឆ្នាំ​២០១៣​​​កន្លង​មក​ ពោល​គឺ​នៅ​ពេល​លោក អ៊ូ វីរៈ នៅ​ដឹក​នាំ​អង្គការ​សិទ្ធិ​មនុស្ស​មួយ​នេះ។

រូបថត​ដែល​បង្ហោះ​នៅ​លើ​ទំព័រ​ហ្វេសប៊ុក​របស់​អង្គការ​សិទ្ធិ​មនុស្ស​មួយ​នេះ បង្ហាញ​លោក អ៊ូ វីរៈ កាន់​ក្រដាស​មួយ​សន្លឹក​ដែល​មាន​សំណេរ​ថា «ដោះ​លែង យ៉ោម បុប្ផា FREE YORM BOPHA»។

បើ​តាម​ទំព័រ​ហ្វេសប៊ុក​ដដែល​នេះ លោក អ៊ូ វីរៈ ប្រធាន​មជ្ឈ​មណ្ឌល​សិទ្ធិ​មនុស្ស​កម្ពុជា (ម.ស.ម.ក.)​នា​ពេល​នោះ បាន​ចូលរួម​យុទ្ធនាការ​តាម​អនឡាញ ដែល​ទាមទារ​ឱ្យ​ដោះ​លែង​សកម្មជន​ដី​ធ្លី អ្នកស្រី យ៉ោម បុប្ផា ដែល​ត្រូវ​បាន​អាជ្ញាធរ​ចាប់​​ដាក់​ឃុំ​ក្នុង​ពន្ធនាគារ​អស់​រយៈ​ពេល ៣០៣​ថ្ងៃហើយ​នា​ពេល​នោះ។

ខាង​ក្រោម​នេះ គឺ​ជា​រូបភាព​ផ្ដាម​ចេញ​ពី​ប៉ុស្តិ៍​របស់​ទំព័រ​ហ្វេសប៊ុក​មជ្ឈមណ្ឌល​សិទ្ធិ​មនុស្ស​កម្ពុជា ដែល​សរសេរ​រៀបរាប់​ថា «មក​ដល់​ថ្ងៃ​នេះ គឺ​ជា​ថ្ងៃ​ទី​៣០៣ ដែល​អ្នកស្រី យ៉ោម បុប្ផា ត្រូវ​បាន​ឃុំ​ឃាំង​ក្នុង​ពន្ធនាគារ។ លោក អ៊ូ វីរៈ ប្រធាន ម.ស.ម.ក ចូលរួម​យុទ្ធនាការ​គាំទ្រ​ការ​ដោះ​លែង​អ្នកស្រី យ៉ោម បុប្ផា»។

CCHR’s Facebook Page | Archived Link

កាល​ពី​ខែ​ធ្នូ ឆ្នាំ​២០១៣​កន្លង​មក លោក អ៊ូ វីរៈ បាន​​ថ្លែង​រិះគន់​មេដឹកនាំ​គណបក្ស​សង្គ្រោះ​ជាតិ លោក សម រង្ស៊ី នា​ពេល​នោះ ដែល​បាន​ប្រើ​ពាក្យ​«យួន»​នៅ​ក្នុង​សារ​នយោបាយ។ សកម្មជន​សិទ្ធិ​មនុស្ស​រូប​នេះ ចាត់​ទុក​ការ​ប្រើ​ពាក្យ​«យួន»នៅ​ក្នុង​សារ​នយោបាយ​របស់​មេដឹកនាំ​បក្ស​ប្រឆាំង​ថា ជា​ភាសា​រើស​អើង​ពូជ​សាសន៍​វៀតណាម។ ប៉ុន្មាន​ថ្ងៃ​ក្រោយ​មក លោក អ៊ូ វីរៈ បាន​ប្រាប់​វិទ្យុ​អាស៊ី​សេរី​ថា លោក​នៅ​តែ​រក្សា​ការ​រិះ​គន់​របស់​លោក​ទៅ​លើ​មេដឹកនាំ​បក្ស​ប្រឆាំង​ដដែល។

ខាង​ក្រោម​នេះ គឺ​ជា​រូបភាព​ផ្ដាម​ចេញ​ពី​សេចក្ដី​រាយការណ៍​របស់​វិទ្យុ​អាស៊ី​សេរី​ចុះ​ផ្សាយ​ថ្ងៃ​ទី​១៨ ខែ​ធ្នូ ឆ្នាំ​២០១៣ ដែល​រាយការណ៍​អំពី​ជំហរ​របស់​លោក អ៊ូ វីរៈ ដែល​រិះគន់​ទៅ​លើ​មេដឹកនាំ​បក្ស​ប្រឆាំង លោក សម រង្ស៊ី ជុំវិញ​ការ​ប្រើ​ពាក្យ​«យួន»​នៅ​ក្នុង​សារ​នយោបាយ។

RFA’s Report | Archived Link

សន្និដ្ឋាន

Fact Crescendo Cambodia បាន​រក​ឃើញ​ថា រូបថត​ដូច​ដែល​រៀបរាប់​ខាង​លើ​នេះ គឺ​ជា​រូបភាព​កាត់​ត។ អតីត​ប្រធាន​មជ្ឈ​មណ្ឌល​សិទ្ធិ​មនុស្ស​កម្ពុជា (CCHR) លោក អ៊ូ វីរៈ មិន​បាន​ធ្វើ​យុទ្ធនាការ​គាំទ្រ​ឱ្យ​បញ្ឈប់​ការ​ប្រើ​ពាក្យ​«យួន»​នោះ​ឡើយ។ រូបថត​ច្បាប់​ដើម បង្ហាញ​លោក អ៊ូ វីរៈ ចូលរួម​ធ្វើ​យុទ្ធនាការ​តាម​អនឡាញ​កាល​ពី​ឆ្នាំ​២០១៣ ដែល​ទាមទារ​ឱ្យ​ដោះ​លែង​សកម្មជន​ដី​ធ្លី អ្នកស្រី យ៉ោម បុប្ផា ដែល​ត្រូវ​បាន​ចាប់​ដាក់​ឃុំ​ឃាំង​​ពាក់​ព័ន្ធ​នឹង​ជម្លោះ​ដី​ធ្លី​នៅ​តំបន់​បឹងកក់។

Avatar

Title:តើ​​លោក អ៊ូ វីរៈ ធ្វើ​យុទ្ធានាការ​តាម​អនឡាញ​​ទាមទារ​ឱ្យ​បញ្ឈប់​ប្រើ​ពាក្យ​«យួន»​មែន​ឬទេ?

Fact Check By: Jay Udom 

Result: Altered

Leave a Reply

Your email address will not be published. Required fields are marked *