បុរស​ឥណ្ឌា​ស្ទូង​ស្រូវ​លើ​ផ្លូវ​បែក​ភក់ ត្រូវ​បាន​អ្នក​ប្រើ​ប្រាស់​បណ្ដាញ​សង្គម​កម្ពុជា​បក​ស្រាយ​ខុស

Misleading Social

រូបថត និង​វីដេអូ​ជាច្រើន ត្រូវ​បាន​ចែក​រំលែក​នៅ​លើ​បណ្ដាញ​សង្គម​ជារៀង​រាល់​ថ្ងៃ ក្នុង​នោះ​មាន​រូបថត និង​វីដេអូ​មួយ​ចំនួន ត្រូវ​បាន​បក​ស្រាយ​ខុស​ពី​អត្ថន័យ​ដើម​របស់​វា។ ក្នុង​ចំណោម​នោះ មាន​រូបថត​មួយ​សន្លឹកដែល​បង្ហាញ​បុរស​ម្នាក់​ស្ទូង​ស្រូវ​នៅ​លើ​កំណាត់​ផ្លូវ​បែក​ភក់​មួយ​កន្លែង ត្រូវ​បាន​ចែក​រំលែក​លើ​បណ្ដាញ​សង្គម​ជាមួយ​នឹង​ការ​រៀបរាប់​ថា បុគ្គល​ជោគ​ជ័យ គឺ​ជា​បុគ្គល​ចេះ​ឆ្លៀត​ឱកាស។ រូបថត​រួម​ជាមួយ​សំណេរ​បែប​នេះ ត្រូវ​បាន​ចែក​រំលែក​ទៅ​ក្នុង​ក្រុម​បណ្ដាញ​សង្គម​ដែល​មាន​គណនី​ហ្វេសប៊ុក​រាប់​សែន​ជា​សមាជិក។ ទោះជាយ៉ាងណា ការ​ផ្ទៀង​ផ្ទាត់​របស់​យើង រក​ឃើញ​ថា រូបថត​មួយ​សន្លឹក​នេះ ត្រូវ​បាន​បក​ស្រាយ​មិន​ត្រឹម​ត្រូវ។

ការ​អះ​អាង​លើ​បណ្ដាញ​សង្គម

កាល​ពី​ថ្ងៃ​ទី​១៧ ខែ​មករា​កន្លង​មក​នេះ គណនី​ហ្វេសប៊ុក​មួយ​ឈ្មោះ Vireak Stone បាន​បង្ហោះ​រូបថត​មួយ​សន្លឹក​ដែល​បង្ហាញ​បុរស​ម្នាក់​ស្ទូង​ស្រូវ​នៅ​ត្រង់​កំណាត់​ផ្លូវ​មួយ​កន្លែង។ អ្នក​ប្រើ​ប្រាស់​ហ្វេសប៊ុក​ដដែល​នេះ បាន​សរសេរ​ថា បុរស​នៅ​ក្នុង​រូបថត​នោះ បាន​ដាំ​ដុះ​នៅ​លើ​ផ្លូវ​មាន​ភក់​បែប​នេះ គឺ​ជា​ការ​ឆ្លៀត​ឱកាស​របស់​បុគ្គល​ជោគជ័យ។

​អ្នក​ប្រើ​ប្រាស់​ហ្វេសប៊ុក​មួយ​នេះ ត្រូវ​បាន​ចែក​រំលែក​ប៉ុស្តិ៍​របស់​ខ្លួន​នៅ​ក្នុង​ក្រុម​បណ្ដាញ​សង្គម ដែល​នាំ​ឱ្យ​ការ​បញ្ចេញ​មតិយ៉ាង​ច្រើន និង​ប្រតិកម្ម​ចម្រុះ​បែប។

ខាង​ក្រោម​នេះ គឺជា​រូបភាព​ផ្ដាម​ចេញ​ពី​ប៉ុស្តិ៍របស់​អ្នក​ប្រើ​ប្រាស់​ហ្វេសប៊ុក Vireak Stone ដែល​រៀបរាប់​ថា «បុគ្គល​ជោគជ័យ​គឺ​ជា​បុគ្គល​ដែល​ចេះ​ឆ្លៀត​ឱកាស»។

Facebook Post | Archived Link

ការ​ត្រួត​ពិនិត្យ​ការ​ពិត

Fact Crescendo Cambodia បាន​ត្រួត​ពិនិត្យ​ទៅ​លើ​រូបថត​មួយ​សន្លឹក​នេះ និង​អត្ថន័យ​ពិត​ប្រាកដ​នៃ​រូបថត​នេះ​តាម​រយៈ​ការ​ដំណើរការ Google Reverse Image Search ដែល​នាំ​ឱ្យ​យើង​បាន​ជួប​ប្រទះ​រូបថត​នេះ និង​អត្ថន័យ​នៃ​រូបថត​មួយ​សន្លឹក​នេះ។

រូបថត​មួយ​សន្លឹក​នេះ ត្រូវ​បាន​រក​ឃើញ​​នៅ​លើ​សារព័ត៌មាន​ឥណ្ឌា​មួយ​ឈ្មោះ​ថា India Today នៅ​ក្នុង​អត្ថបទ​មួយ​ចុះ​ផ្សាយកាល​ពី​ថ្ងៃ​ទី​១៩ ខែ​កក្កដា ឆ្នាំ​២០១៨​កន្លង​មក។

បើ​តាម​សារព័ត៌មាន​ឥណ្ឌា​មួយ​នេះ អ្នក​ភូមិ​ជន​ជាតិ​ឥណ្ឌា​ម្នាក់​រស់​នៅ​ក្នុង​ស្រុក Almora ក្នុង​រដ្ឋ Uttarakhand បាន​ស្ទូង​ស្រូវ​នៅ​លើ​កំណាត់​ផ្លូវ Chaukhutia-Masi ដើម្បី​បង្ហាញ​ការ​តវ៉ា​ទៅ​នឹង​ស្ថានភាព​ផ្លូវ​បែក​ភក់​នោះ។

ដើម្បី​បញ្ជាក់​ពី​សុក្រឹត​ភាព​របស់​ខ្លួន សារព័ត៌មាន​មួយ​នេះ បាន​សម្ភាស​ជាមួយ​ពលរដ្ឋ​ម្នាក់​នៅ​ភូមិ​នោះ ដែល​បាន​ចូលរួម​នៅ​ក្នុង​ការ​តវ៉ា​ទាមទារ​ឱ្យ​កែ​លម្អ​ស្ថានភាព​ផ្លូវ​មួយ​នោះ។

សារព័ត៌មាន​ឥណ្ឌា​មួយ​នេះ បាន​ចុះ​ផ្សាយ​ទៀត​ថា កំណាត់​ផ្លូវ​មួយ​ខ្សែ​នោះ ត្រូវ​បាន​អាជ្ញា​កែលម្អ បន្ទាប់​ពី​ប្រជាជន​សម្ដែង​ការ​តវ៉ា​តាម​រយៈ​ការ​យក​ស្រូវ​ទៅ​ស្ទូង​លើ​ផ្លូវ​បែក​ភក់​នោះ។

គេ​អាច​ស្វែង​រក​អាន​អត្ថបទ​ទាំង​ស្រុង​របស់​សារព័ត៌មាន​ឥណ្ឌា​នៅ​ក្នុង​តំណ​ភ្ជាប់​មាន​នៅ​ទីនេះ ឬ​តំណ​ភ្ជាប់​ដែល​ត្រូវ​បាន​រក្សា​នៅ​ទីនេះ​ផង​ដែរ។

India Today’s Fact Check | Archived Link

រូបថត​នៃ​ការ​តវ៉ា​របស់​ប្រជាជន​ឥណ្ឌានេះ ក៏​ត្រូវ​បាន​ស្ថាប័ន​ត្រួត​ពិនិត្យ​ការពិត​មួយ​ទៀត​ឈ្មោះ​ថា FACTLY លាតត្រដាង​ការពិត​ផង​ដែរ​តាម​រយៈ​អត្ថបទ​របស់​ខ្លួន​ចុះ​ផ្សាយ​កាល​ពី​ថ្ងៃ​ទី​២៤ ខែ​កក្កដា ឆ្នាំ​២០២០​កន្លង​មក​នេះ។ អត្ថបទ​ទាំង​ស្រុង អាច​រក​អាន​បាន​តាម​រយៈ​តំណ​ភ្ជាប់​មាន​នៅ​ទីនេះ

FACTLY | Archived Link

សន្និដ្ឋាន

Fact Crescendo Cambodia រក​ឃើញ​ថា អត្ថន័យ​របស់​រូបថត​មួយ​សន្លឹក​នេះ ត្រូវ​បាន​បក​ស្រាយ​ដោយ​មិន​ត្រឹម​ត្រូវ ដែល​នាំ​ឱ្យ​មាន​ការ​យល់​ច្រឡំ។ រូបថត​មួយ​សន្លឹក​នេះ មិន​មែន​បង្ហាញ​ឱ្យ​ឃើញ​បុគ្គល​ម្នាក់​ទាញ​យក​ផល​ប្រយោជន៍​ពី​ស្ថានភាព​ផ្លូវ​បែក​ភក់​នោះ​ឡើយ។ អត្ថន័យ​ដើម​នៃ​រូបថត​មួយ​សន្លឹក​នេះ បង្ហាញ​ពី​ការ​តវ៉ា​របស់​ប្រជាជន​ឥណ្ឌា​ទៅ​កាន់​អាជ្ញាធរ ដែល​មិន​បាន​កែ​លម្អ​ស្ថានភាព​កំណាត់​ផ្លូវ​មួយ​ខ្សែ​ស្ថិត​នៅ​ក្នុង​រដ្ឋ Uttarakhand។

Avatar

Title:បុរស​ឥណ្ឌា​ស្ទូង​ស្រូវ​លើ​ផ្លូវ​បែក​ភក់ ត្រូវ​បាន​អ្នក​ប្រើ​ប្រាស់​បណ្ដាញ​សង្គម​កម្ពុជា​បក​ស្រាយ​ខុស

Fact Check By: Jay Udom 

Result: Misleading

Leave a Reply

Your email address will not be published.