
ខណៈពេលដែលកម្ពុជាបានឈានកាន់តែជិតដល់ការបោះឆ្នោតសកលនៅថ្ងៃអាទិត្យ ទី២៣ ខែកក្កដាខាងមុខនេះ ការអះអាងដ៏ផុសផុលមួយនៅលើបណ្ដាញសង្គម បានលើកឡើងថា លោក សម រង្ស៊ី ដែលជាអតីតប្រធានគណបក្សភ្លើងទៀន និងគណបក្សសង្គ្រោះជាតិនោះ បានទទួលមរណភាពហើយ។ ការបង្ហោះបែបនេះ ត្រូវបានអ្នកប្រើប្រាស់ចែករំលែកបន្ត និងបញ្ចេញមតិប្រតិកម្មចម្រុះនាពេលថ្មីៗនេះ។ ទោះជាយ៉ាងណា ការត្រួតពិនិត្យការពិត និងផ្ទៀងផ្ទាត់របស់យើង បានរកឃើញថា ការអះអាងនេះ គឺមិនត្រឹមត្រូវនោះឡើយ។
ការអះអាងលើបណ្ដាញសង្គម
កាលពីថ្ងៃទី០៧ ខែកក្កដា ឆ្នាំ២០២៣កន្លងទៅថ្មីៗនេះ អ្នកប្រើប្រាស់ហ្វេសប៊ុកម្នាក់ បានបង្ហោះរូបថតមួយសន្លឹកដែលបង្ហាញកម្រងផ្កាដោយមានរូបថតរបស់លោក សម រង្ស៊ី តាំងនៅលើរថយន្តមួយគ្រឿង ដោយភ្ជាប់ថា លោកបានទទួលមរណភាព។
រូបថតភ្ជាប់ជាមួយនឹងសំណេរខាងលើនេះ ត្រូវបានចែកចាយតៗគ្នាជាច្រើនដង រួមជាមួយនឹងប្រតិកម្ម និងការបញ្ចេញមតិចម្រុះពីសំណាក់អ្នកប្រើប្រាស់សង្គមហ្វេសប៊ុកនិយាយភាសាខ្មែរជាច្រើនផងដែរ។
ខាងក្រោមនេះ គឺជារូបភាពផ្ដាមចេញពីប៉ុស្ដិ៍របស់អ្នកប្រើប្រាស់ដែលបានរៀបរាប់ថា «ប៉ាប្រធានយើង ស្លាប់ហើយបងប្អូនអើយ»។

ការត្រួតពិនិត្យការពិត
Fact Crescendo Cambodia បានត្រួតពិនិត្យ និងផ្ទៀងផ្ទាត់ទៅលើព័ត៌មានអះអាងខាងលើ តាមរយៈព័ត៌មាន និងសារបង្ហោះរបស់លោក សម រង្ស៊ី នាប៉ុន្មានថ្ងៃចុងក្រោយនេះ។
ដំណឹងមរណភាពរបស់មេដឹកនាំប្រឆាំងកំពូលម្នាក់នេះ គួរតែត្រូវបានប្រកាសជាផ្លូវការ និងផ្សព្វផ្សាយដោយប្រព័ន្ធផ្សព្វផ្សាយព័ត៌មាននានា ឬតាមរយៈគណបក្សរបស់ខ្លួនផ្ទាល់។ ប៉ុន្ដែគិតត្រឹមថ្ងៃទី១២ ខែកក្កដា ឆ្នាំ២០២៣នេះ ពុំមានព័ត៌មានផ្លូវការណាមួយ បានបញ្ជាក់ថាអតីតមេដឹកនាំរូបនេះ បានទទួលមរណភាពនោះឡើយ។
យោងទៅតាមទំព័រហ្វេសប៊ុកផ្លូវការរបស់លោក សម រង្ស៊ី ដែលបានធ្វើការផ្សាយផ្ទាល់នូវ «វេទិកាសំឡេងសង្គ្រោះជាតិ» កាលពីថ្ងៃទី១១ ខែកក្កដា ឆ្នាំ២០២៣ថ្មីៗនេះ បានបង្ហាញអតីតមេដឹកនាំគណបក្សសង្គ្រោះជាតិលោក សម រង្ស៊ី មានវត្តមានជាវាគ្មិននៅក្នុងកិច្ចពិភាក្សាស្ដីអំពីលោក ហ៊ុន សែន ប្រើល្បែងបោះឆ្នោតដើម្បីយកអំណាចបន្ដពូជ។
ខាងក្រោមនេះ គឺជាវីដេអូឃ្លីបទាំងស្រុង នៃកិច្ចពិភាក្សាផ្សាយផ្ទាល់មួយ ដែលមានវត្តមានរបស់លោក សម រង្ស៊ី បានចូលរួមដោយផ្ទាល់។
ដូចគ្នានេះ រូបថតមួយសន្លឹក ដែលមានទម្រង់ និងសណ្ឋានដូចគ្នាទាំងស្រុង ក៏ត្រូវបានរកឃើញនៅលើគណនីហ្វេសប៊ុករបស់អ្នកប្រើប្រាស់ម្នាក់ផងដែរ ដោយពុំបានបង្ហាញទិដ្ឋភាពកម្រងផ្កាដោយមានរូបថតរបស់លោក សម រង្ស៊ី តាំងនៅលើរថយន្ដនោះទេ។ រូបថតមួយសន្លឹកដដែលនេះ បានបង្ហាញទិដ្ឋភាពការដង្ហែក្បួននៃគណបក្សភ្លើងទៀន ដែលរូបតាំងនៅលើរថយន្តពណ៌សមួយគ្រឿងនោះ គឺជាស្លាកសម្គាល់របស់គណបក្សភ្លើងទៀនតែប៉ុណ្ណោះ។

ខាងក្រោមនេះ គឺជាការប្រៀបធៀបរវាងរូបថតដែលត្រូវបានកាត់ត និងរូបថតច្បាប់ដើមដែលត្រូវបានរកឃើញផ្សព្វផ្សាយនៅលើបណ្ដាញសង្គម។

ដើម្បីស្វែងរកព័ត៌មានពិត សូមតាមដានការផ្សាយរបស់យើងតាមរយៈប្រព័ន្ធដូចខាងក្រោម៖
Facebook Twitter Telegram Google News TikTok
សន្និដ្ឋាន
Fact Crescendo Cambodia រកឃើញថា រូបថតដែលបានបង្ហោះដោយអ្នកប្រើប្រាស់ខាងលើនេះ គឺមិនត្រឹមត្រូវនោះឡើយ។ រូបថតមួយសន្លឹកនេះ ត្រូវបានកាត់តមុននឹងបង្ហោះនៅលើបណ្ដាញសង្គម។ ចំណែកលោក សម រង្ស៊ី នៅរស់រានមានជីវិតជាធម្មតា ហើយលោកទើបតែបង្ហាញវត្តមាននៅក្នុងវេទិកាសំឡេងសង្គ្រោះជាតិ កាលពីថ្ងៃទី១១ ខែកក្កដា ឆ្នាំ២០២៣កាលពីពេលថ្មីៗនេះ។

Title:មេបក្សប្រឆាំងលោក សម រង្ស៊ី នៅរស់រានមានជីវិតជាធម្មតានៅឡើយទេ
Written By: Kakada SimResult: False
