Fact Check: ​តើ​លោក​ ហ៊ុន ​សែន ​បាន​ថ្លែង​បណ្ដេញ​អ្នក​ពាក់​ម៉ាស់​ពេល​​លោក​​ចាក់​វ៉ាក់​សាំង​មែន​ឬ​ទេ​?

Misleading Political Social

ខណៈ​ដែល​មេរោគ​កូវីដ-១៩​កំពុង​បន្ត​ឆ្លង​រាល​ដាល​នៅ​កម្ពុជា​នោះ រដ្ឋាភិបាល​បាន​ជំរុញ​ឱ្យ​ពាក់​ម៉ាស់ រក្សា​គម្លាត​សុវត្ថិភាព លាង​ដៃ​ជាមួយ​ទឹក​អនាម័យ​ជា​ប្រចាំ និង​ចាក់​វ៉ាក់សាំង​បង្ការ​ជំងឺ​មួយ​នេះ។ ទន្ទឹម​គ្នា​នេះ វីដេអូ​មួយ​ ​ត្រូវ​បាន​បង្ហោះ​លើ​បណ្ដាញ​សង្គម​ហ្វេសប៊ុក ដោយ​បង្ហាញ​លោក​នាយករដ្ឋ​មន្ត្រី ហ៊ុន សែន ទទួល​ការ​ចាក់​វ៉ាក់សាំង ហើយ​​ថ្លែងថា លោក​នឹង​​បណ្ដេញ​បុគ្គល​ដែល​ពាក់​ម៉ាស់​ចេញ​ពី​កម្មវិធី​របស់​លោក។ ទោះ​យ៉ាង​ណា​ ការ​ផ្ទៀង​​ផ្ទាត់​ការ​ពិត ​បង្ហាញ​ថា រូបភាព​នៃ​វីដេអូ និង​សំឡេង​ មិន​ត្រឹម​ត្រូវ​នោះ​ឡើយ។

ការ​អះ​អាង​លើ​បណ្តាញសង្គម

កាល​ពី​ថ្ងៃទី​០៦​ ខែ​ឧសភា​ ឆ្នាំ​២០២១​កន្លង​ទៅ​​នេះ​ ​មាន​​អ្នក​ប្រើ​​បណ្តាញ​សង្គម​ហ្វេស​​ប៊ុក​​មួយ​​​ បាន​​​​បង្ហោះ​វីដេអូ​មួយ​ ដែល​បង្ហាញ​លោក​នាយក​រដ្ឋ​មន្ត្រី ហ៊ុន សែន ​ការ​ចាក់​វ៉ាក់​សាំង​។ វីដេអូ​នេះ ក៏​បង្ហាញ​ការ​ថ្លែង​របស់​លោក ហ៊ុន សែន ដែល​បាន​ថ្លែង​បណ្ដេញ​បុគ្គល​ពាក់​ម៉ាស់​ចេញ​ពី​កម្មវិធី​របស់​លោក​ផង​ដេរ។ វីដេអូ​​រយៈ​ពេល ៦​នាទី​មួយ​នេះ មាន​អ្នក​ចូល​ទស្សនា​រហូត​ដល់​ទៅ​រាប់​ពាន់​ដង។

សំឡេង​លោក ហ៊ុន សែន នៅ​ក្នុង​វីដេអូ​ «នែ៎​​! នៅ​​ក្នុង​​ហ្នឹ​ង បើ​​សិន​​មាន​​នរណា​​មួយ​ពាក់​​ម៉ាស់​ ខ្ញុំ​​ដេញ​ចេញ​​! មក​​ពាក់​​ម៉ាស់​​ស្អី ​នៅ​​ក្នុង​​កន្លែង​​នេះ​​? នេះ​​អត់​​មាន​​អ្នក​ណា​​ពាក់​​ម៉ាស់​​ទេ​ បើ​សិន​​ជា​​ពាក់​​ម៉ាស់​​ខ្ញុំ​​ដេញ​ចេញ​​។ អត់​​ឲ្យ​​នៅ​​ហ្នឹង​​ទេ​! អ្ហែង​​ទៅ​​ស៊ី​​ជាមួយ​​ម៉ាស់​ ទៅ​​នៅ​​ជាមួយ​​ម៉ាស់​​ទៅ​​! ខ្លា​​មិន​​ខ្លា​ច​ទៅ​​ខ្លាច​​អាចម៍​​ខ្លា​​! វា​​ឆ្ងល់​​រឿង​​កន្លែង​​ហ្នឹង​​! អត់​​ទាន់​​ងាប់​​ម្នាក់​​ផង»​។ ការបង្ហោះ​នូវ​វីដេអូ​មួយ​នេះ​​ ត្រូវ​​​បាន​​ចែក​​​រំលែក​ត​ៗគ្នា​ជា​ច្រើន​​​នា​ប៉ុន្មាន​ថ្ងៃ​ចុង​ក្រោយ​នេះ​​ពី​​ សំណាក់​​អ្នក​ប្រើ​ហ្វេសប៊ុក​និយាយ​ភាសា​ខ្មែរ។

Video link

រូប​ភាព​ផ្ដាម​ចេញ​ពី​ប៉ុស្តិ៍​របស់​​អ្នក​ប្រើ​ប្រាស់​​ហ្វេស​ប៊ុក​ដែល​បាន​រៀប​រាប់​​ថា​​​ «​Style! អា​ណា​ពាក់​ម៉ាស់!​ ដេញ​ចេញ​!»។

Facebook Post | Archived Link 

ការត្រួត​ពិនិត្យ​ការ​ពិត

Fact Crescendo Cambodia បាន​​ចាប់​​ផ្តើម​​​​​​ផ្ទៀង​​ផ្ទាត់​វីដេអូ​ និង​សំឡេង​​​​តាម​រយៈ​ការ​​ត្រួត​​ពិនិត្យ​នូវ​ឯកសារ​វីដេអូ​បង្ហោះ​​របស់​ទំព័រ​ហ្វេសប៊ុក​​លោក​នាយក​រដ្ឋ​មន្ត្រី​ ហ៊ុន​ សែន​ ​ដែល​​នាំ​​ឲ្យ​​ទៅ​​រក​​ឃើញ​​ការ​​ពិត​​ប្រភព​​​ដើម​​នៃ​វីដេអូ​ និង​ការ​ថ្លែង​​របស់​​លោក​ ហ៊ុន សែន ​ដែល​​​​មាន​​​ទម្រង់​​​ដូច​​គ្នា​​ទាំង​ស្រុង។

វីដេអូ​មួយ​នេះ ត្រូវ​បាន​រក​ឃើញ​នៅ​លើ​​ទំព័រ​ហ្វេស​ប៊ុក​ផ្លូវ​ការ​របស់​លោក​នាយក​រដ្ឋ​មន្ត្រី​ ហ៊ុន​ សែន​ ដែល​បាន​ផ្សាយ​កាល​ពី​ថ្ងៃ​ទី​២០​ ខែ​មេសា​ ឆ្នាំ​២០២១​កន្លង​​មក​នេះ​ អំពី​ការ​ចាក់​វ៉ាក់សាំង​ដូស​ទី​២​របស់​លោក និង​ក្រុម​គ្រួសារ​របស់​លោក ដែល​ធ្វើ​ឡើង​នៅ​គេហដ្ឋាន​​របស់​លោក​ស្ថិត​នៅ​ឯ​​​ក្រុង​តាខ្មៅ​។ ក្នុង​វីដេអូ​ដែល​មាន​រយៈ​ពេល​ប្រមាណ​ជា​ ៣នាទី​នោះ​ លោក​ពុំ​បាន​ថ្លែង​​អំពី​ការ​បណ្តេញ​​ចេញ​អ្នក​ដែល​ពាក់​ម៉ាស់​នោះ​ឡើយ​។

រូប​ភាព​ផ្ដាម​ចេញ​ពីទំព័រ​ហ្វេស​បុ៊ុក​របស់​លោក​នាយក​រដ្ឋ​មន្ត្រី​​ ហ៊ុន សែន ដែល​បាន​សរសេរ​រៀប​រាប់​​​ជា​ភាសា​ខ្មែរថា​ «សម្តេច​តេជោ​ ហ៊ុន​ សែន​ និង​សម្តេច​កិត្តិ​ព្រឹទ្ធ​បណ្ឌិត​ ព្រម​ទាំង​បុត្រី​ពៅ​ អញ្ជើញ​ចាក់​វ៉ាក់​សាំង​កូវីដ​-១៩​ ដូស​ទី២​​​»។

Facebook Post | Archived Link

សំឡេង​នៅ​ក្នុង​វីដេអូ​នេះ ត្រូវ​បាន​រក​ឃើញ​នៅ​ក្នុង​ការ​ផ្សាយ​ផ្ទាល់​លើ​ទំព័រ​​ហ្វេស​ប៊ុក​​ផ្លូវ​ការ​​របស់​​គាត់​កាល​ពី​ថ្ងៃ​ទី​៣០ ខែ​មករា ឆ្នាំ​២០២០​កន្លង​មក​ ដែល​លោក​បាន​ថ្លែង​អំពី​មេរោគ​កូវីដ-១៩។ មេដឹកនាំ​កម្ពុជា​រូប​នេះ បាន​បញ្ចេញ​នូវ​ការ​យល់​ឃើញ​របស់​លោក​មិន​យល់​ស្រប​ទៅ​នឹង​ការ​ឆ្លង​រីក​រាល​ដាល​នៃ​មេរោគ​កូរ៉ូណា និង​ហានិភ័យ​នៃ​មេរោគ​មួយ​នេះ​ ដែល​ការ​ឆ្លង​លើក​ដំបូង​ត្រូវ​បាន​រក​ឃើញ​នៅ​ទីក្រុង​អ៊ូហាន ប្រទេស​ចិន​ នោះ​ឡើយ។

ក្នុង​វីដេអូ​នៅ​ត្រង់​នាទី​៥០​​ដល់​នាទី៥១​​ លោក ហ៊ុន សែន ​​ថ្លែងថា​ «នែ៎​​! នៅ​​ក្នុង​​ហ្នឹ​ង បើ​​សិន​​មាន​​នរណា​​មួយ​ពាក់​​ម៉ាស់​ ខ្ញុំ​​ដេញ​ចេញ​​! មក​​ពាក់​​ម៉ាស់​​ស្អី ​នៅ​​ក្នុង​​កន្លែង​​នេះ​​? នេះ​​អត់​​មាន​​អ្នក​ណា​​ពាក់​​ម៉ាស់​​ទេ​ បើ​សិន​​ជា​​ពាក់​​ម៉ាស់​​ខ្ញុំ​​ដេញ​ចេញ​​។ អត់​​ឲ្យ​​នៅ​​ហ្នឹង​​ទេ​! អ្ហែង​​ទៅ​​ស៊ី​​ជាមួយ​​ម៉ាស់​ ទៅ​​នៅ​​ជាមួយ​​ម៉ាស់​​ទៅ​​! ខ្លា​​មិន​​ខ្លា​ច​ទៅ​​ខ្លាច​​អាចម៍​​ខ្លា​​! វា​​ឆ្ងល់​​រឿង​​កន្លែង​​ហ្នឹង​​! អត់​​ទាន់​​ងាប់​​ម្នាក់​​ផង»។

រូប​ភាព​ផ្ដាម​ចេញ​ពីទំព័រ​ហ្វេស​ប៊ុក​របស់​លោក​នាយក​រដ្ឋ​មន្រ្តី​​ ដែល​​​បាន​​សរសេរ​​រៀប​​រាប់​​ថា​​​ «​​​ការ​ថ្លែង​សារ​របស់​លោក​ នាយក​រដ្ឋ​មន្ត្រី​ អំពី​ជំងឺ​រលាក​ផ្លូវ​ដង្ហើម​កូ​រ៉ូ​ណា​»។

Facebook Post | Archived Link

សន្និដ្ឋាន (Conclusion)

Fact Crescendo Cambodia បាន​​រក​ឃើញ​ថា ​វីដេ​អូ​មួយ​​ដែល​​មាន​សំឡេង​​លោក​នាយក​រដ្ឋមន្ត្រី​ ហ៊ុន សែន ដែល​បាន​ថ្លែង​ដេញ​ អ្នក​ដែល​ពាក់​ម៉ាស់​នោះ​ គឺ​ជា​ការ​ធ្វើ​ឲ្យ​មាន​ការ​យល់​ច្រឡំ​។ ​វីដេអូ​មួយ​នេះ បង្ហាញ​លោក ហ៊ុន សែន ទទួល​ការ​ចាក់​វ៉ាក់សាំង​ដូស​ទី​២​កាល​ពី​ខែ​មេសា​ ឆ្នាំ​២០២១​​។ សំឡេង​នៅ​ក្នុង​វីដេអូ​នេះ គឺ​ជា​សំឡេង​ដើម​របស់​លោក ហ៊ុន សែន ដែល​បាន​ថ្លែងក​ាល​ពី​ចុង​ខែ​មករា ឆ្នាំ​២០២០​កន្លង​មក។

Avatar

Title:តើ​លោក​ ហ៊ុន ​សែន ​បាន​ថ្លែង​បណ្ដេញ​អ្នក​ពាក់​ម៉ាស់​ពេល​​លោក​​ចាក់​វ៉ាក់​សាំង​មែន​ឬ​ទេ​?

Fact Check By: Kakada Sim 

Result: Misleading

Leave a Reply

Your email address will not be published. Required fields are marked *