ការអះអាងមិនត្រឹមត្រូវមួយថា កម្ពុជានឹងបិទបណ្ដាញសង្គម Facebook
នៅចុងខែមិថុនាកន្លងមកនេះ លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន បានសម្រេចលុបចោលទំព័រហ្វេសប៊ុកផ្លូវការរបស់លោក បន្ទាប់ពីក្រុមប្រឹក្សាភិបាលត្រួតពិនិត្យខ្លឹមសារព័ត៌មានរបស់ក្រុមហ៊ុនបណ្ដាញសង្គមហ្វេសប៊ុក បានទាមទារឱ្យព្យួរទំព័រហ្វេសប៊ុករបស់មេដឹកនាំកម្ពុជារូបនេះ។ លោក ហ៊ុន សែន ក៏បានគំរាមបិទបណ្ដាញសង្គមនេះផងដែរ។
ទន្ទឹមគ្នានេះ ការអះអាងមួយបានលើកឡើងថា បណ្ដាញសង្គមហ្វេសប៊ុក នឹងត្រូវបិទមិនឱ្យប្រជាជនកម្ពុជាប្រើប្រាស់នោះឡើយ និងបានប្រាប់ឱ្យត្រៀមខ្លួនសម្រាប់ការវិវត្តនេះ។ ការអះអាងនេះ ត្រូវបានចែករំលែកយ៉ាងច្រើន និងមានការបញ្ចេញមតិយោបល់ចម្រុះផងដែរ។ ទោះជាយ៉ាងណា ការផ្ទៀងផ្ទាត់របស់យើង រកឃើញថា ការអះអាងនេះមិនត្រឹមត្រូវទេ។
ការអះអាងលើបណ្ដាញសង្គម
ការអះអាងមួយនៅលើបណ្ដាញសង្គម បានលើកឡើងថា បណ្ដាញសង្គមហ្វេសប៊ុក នឹងត្រូវបិទមិនឱ្យមាននៅក្នុងប្រទេសកម្ពុជានោះឡើយ បន្ទាប់ពីរដ្ឋាភិបាលប្រទេសនេះបណ្ដេញ និងហាមឃាត់បុគ្គលិក ២២នាក់របស់ក្រុមហ៊ុនបណ្ដាញសង្គមមួយនេះ ពីប្រទេសកម្ពុជា។
ការអះអាងនេះ ត្រូវបានចែករំលែកយ៉ាងផុសផុលនៅលើបណ្ដាញសង្គម និងមានការបញ្ចេញមតិយ៉ាងច្រើនផងដែរពីសំណាក់អ្នកប្រើប្រាស់បណ្ដាញសង្គមហ្វេសប៊ុកនិយាយភាសាខ្មែរ។
ខាងក្រោមនេះ គឺជារូបភាពផ្ដាមពីការអះអាងលើបណ្ដាញសង្គមហ្វេសប៊ុកកាលពីថ្ងៃទី០៧ ខែកក្កដា ឆ្នាំ២០២៣ ដែលរៀបរាប់ថា «សូមត្រៀមចិត្តទៅ Facebook ប្រហែលជានឹងបិទទាំងស្រុង ក្រោយមានការបណ្ដេញបុគ្គលិកទាំង ២២នាក់ចេញ។ អាណិតតែអ្នកលក់ផលិត[ផល]ផ្សេងៗលើ FB និងអ្នក Live បែបស៊ីអារម្មណ៍មិនដឹងមានអីទៀត»។
ការត្រួតពិនិតុ្យការពិត
Fact Crescendo Cambodia បានត្រួតពិនិត្យ និងផ្ទៀងផ្ទាត់ទៅលើការអះអាងនេះតាមរយៈការពិនិត្យមើលសេចក្ដីសម្រេចរបស់រាជរដ្ឋាភិបាលកម្ពុជា ដែលនាំឱ្យយើងរកឃើញការពិតដូចខាងក្រោមនេះ។
កាលពីចុងខែមិថុនាកន្លងមកនេះ លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន បានគំរាមបិទបណ្ដាញសង្គមហ្វេសប៊ុកនៅកម្ពុជា បន្ទាប់ពីក្រុមប្រឹក្សាភិបាលត្រួតពិនិត្យខ្លឹមសារព័ត៌មានរបស់ក្រុមហ៊ុន Meta ដែលជាក្រុមហ៊ុនមេរបស់ Facebook បានជំរុញឱ្យព្យួរទំព័រហ្វេសប៊ុកផ្លូវការរបស់មេដឹកនាំកម្ពុជារូបនេះជុំវិញការថ្លែងដោយពាក្យសម្ដីហិង្សាទៅលើគូភាគីនយោបាយរបស់លោក។ សូមមើលខ្លឹមសារទាំងស្រុងនៅទីនេះ (archived)
ប៉ុន្មានថ្ងៃក្រោយមក រាជរដ្ឋាភិបាលកម្ពុជាបានសម្រេចបណ្ដេញតំណាងក្រុមហ៊ុន Facebook ចេញពីកម្ពុជា និងបានហាមឃាត់សមាជិកទាំង ២២រូបនៃក្រុមប្រឹក្សាត្រួតពិនិត្យខ្លឹមសារព័ត៌មានរបស់ក្រុមហ៊ុន Facebook មិនឱ្យចូលប្រទេសកម្ពុជា។ សូមមើលខ្លឹមសារទាំងស្រុងនៅទីនេះ (archived)
បន្ទាប់ពីការគំរាមបែបនេះ សំណួរមួយបានចោទសួរថា តើកម្ពុជានឹងបិទបណ្ដាញសង្គមហ្វេសប៊ុកមែនឬយ៉ាងណា ប៉ុន្តែ លោក ហ៊ុន សែន បានបញ្ជាក់ឡើងវិញថា លោកមិនបិទបណ្ដាញសង្គមហ្វេសប៊ុកនៅកម្ពុជានោះទេ។ លោកបញ្ជាក់ទៀតថា លោកលុបចោលតែទំព័រហ្វេសប៊ុករបស់លោកតែប៉ុណ្ណោះ។ សូមមើលខ្លឹមសារទាំងស្រុងនៅទីនេះ (archived)
សន្និដ្ឋាន
Fact Crescendo Cambodia បានរកឃើញថា ការអះអាងដូចដែលត្រូវបានរៀបរាប់ខាងលើនេះ មិនត្រឹមត្រូវនោះឡើយ។ លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន បានបញ្ជាក់នៅដើមខែកក្កដានេះថា កម្ពុជាមិនបិទបណ្ដាញសង្គមហ្វេសប៊ុកនោះឡើយ។
Title:ការអះអាងមិនត្រឹមត្រូវមួយថា កម្ពុជានឹងបិទបណ្ដាញសង្គម Facebook
Written By: Jay UdomResult: False