តើ​គុណភាព​ខ្យល់​នៅ​រាជ​ធានី​ភ្នំពេញ​​ស្ថិត​នៅ​ក្នុង​កម្រិត​បែប​ណា​?

Insight

នៅ​សប្ដាហ៍​នេះ គុណភាព​ខ្យល់​នៅ​រាជ​ធានី​ភ្នំពេញ បាន​ក្លាយ​ជា​ប្រធាន​បទ​នៃ​ការ​ជជែក​យ៉ាង​ផុស​ផុល​របស់​មហាជន បន្ទាប់​ពី​ក្រសួង​បរិស្ថាន​អះអាង​ថា គុណភាព​ខ្យល់​នៅ​ទីក្រុង​មួយ​នេះ​នៅ​ល្អ​នៅ​ឡើយ ប៉ុន្តែ មហាជន​នៅ​លើ​បណ្ដាញ​សង្គម បាន​បង្ហាញ​មតិ​មិន​យល់​ស្រប​នោះ​ឡើយ។ តើ​គុណភាព​ខ្យល់​នៅ​រាជ​ធានី​ភ្នំពេញ​ស្ថិត​នៅ​កម្រិត​ណា?

​ព័ត៌មានខាង​លើ​ ត្រូវ​បាន​ចែក​រំលែក​យ៉ាង​ព្រោង​ព្រាត​ពី​សំណាក់​អ្នក​ប្រើ​ប្រាស់​ហ្វេសប៊ុក​និយាយ​ភាសា​ខ្មែរ ព្រម​ទាំង​ការ​បញ្ចេញ​ប្រតិកម្ម​ចម្រុះ​បែប​ និង​មតិ​យោបល់​ដ៏​ច្រើន​ អំពី​បញ្ហា​មួយ​នេះ​​នៅ​លើ​បណ្ដាញ​សង្គម​។

ខាង​ក្រោម​នេះ​ គឺ​ជា​រូប​ភាព​ផ្ដាម​ចេញពី​ទំព័រ​ហ្វេសប៊ុក​មួយ​ ដែល​បាន​សរសេរ​រៀប​រាប់​ថា​ «តើ​ជា​អ័ព្ទ​ ឬ​ជា​ខ្យល់​ពុល​នៃ​ធូលី​ម៉ដ្ឋល្អិត​ដូច​នៅ​ប្រទេស​ថៃ​? សូម្បី​តែ​ជូន​ដំណឹង​ឲ្យ​រាស្រ្ត​ប្រុងប្រយ័ត្ន​ និង​ពាក់​ម៉ាស់​ក៍ មិន​ទាន់​លឺ​ស្ថាប័ន​ណា​បន្លឺ​វាចារ​មួយ​ម៉ាត់​ផង​»​។​

Facebook Post | Archived Link

អ្នក​ប្រើ​ប្រាស់​ហ្វេសប៊ុក​ដទៃ​ទៀត​ ក៏​បាន​ធ្វើ​ការ​ចោទ​សួរ​អំពី​មូលហេតុ​ និង​ដើម​ចម​នៃ​ការ​មាន​កំហាប់​ខ្យល់​ពុល​នៅ​ក្នុង​ទីក្រុង​ភ្នំពេញ​ ដោយ​អាច​ជា​ការ​រង​ឥទ្ធិពល​ ពិ​ការ​ឆេះ​ព្រៃ​នៅ​រដ្ឋ​ California សហរដ្ឋអាមេរិក​ កាលពី​ថ្មី​ៗ​នេះ​។​

Facebook Post | Archived Link

ថ្មី​ៗ​នេះ​ អ្នក​ប្រើ​ប្រាស់​បណ្ដាញ​សង្គម​ម្នាក់​ ក៏​បាន​បញ្ជាក់​ផង​ដែរ​ថា​ បរិមាណ​ខ្យល់​ពុល​នៅ​ក្នុង​ទីក្រុង​ភ្នំពេញ​ គឺ​មាន​កម្រិត​បំពុល​ខ្ពស់​ជាង​ទីក្រុង​បាងកក​ ប្រទេស​ថៃ​ទៅ​​ទៀត​ ដោយ​តម្រូវ​ឱ្យ​ប្រជាពលរដ្ឋ​ទូទៅ​មាន​ការ​ពាក់​ម៉ាស់​ និង​ជា​ពិសេស​សម្រាប់​អ្នក​ដែល​មាន​បញ្ហា​ខាង​ផ្លូវ​ដក​ដង្ហើម​។​

Facebook Post | Archived Link

ក្រុម​ការ​ងារ​របស់​ Fact Crescendo បាន​រក​ឃើញ​ថា​ កាល​ពី​ម្សិល​មិញ​ ថ្ងៃទី​២៣​ ខែ​មករា​ ឆ្នាំ​២០២៥​នេះ​ អ្នក​នាំ​ពាក្យ​ក្រសួង​បរិស្ថាន ​លោក​ ខ្វៃ​ អាទិត្យា​ អះអាង​ថា​ ស្ថាន​ភាព​ខ្យល់​នៅ​កម្ពុជា​មិន​ទាន់​ឈាន​ដល់​កម្រិត​គ្រោះ​ថ្នាក់​នៅ​ឡើយ​ទេ​ ដោយ​លោក​បញ្ជាក់​ផង​ដែរ​ថា​ បាតុ​ភូត​ចុះ​អ័ព្ទ​ និង​គុណភាព​ខ្យល់​ជា​រឿង​ពីរ​ដាច់​ដោយ​ឡែក​ពី​គ្នា​។​

អ្នក​នាំ​ពាក្យ​រូប​នេះ​ ក៏​បាន​ឆ្លើយ​តប​ថា​ កំហាប់​ជាតិ​ពុល​ក្នុង​ខ្យល់​នៅ​កម្ពុជា​ពិត​ជា​កើន​ឡើង​មែន​ ប៉ុន្តែ​មិន​ទាន់​ដល់​កម្រិត​បង្ក​ហានិភ័យ​ណាមួយ​ដែល​ទាម​ទារ​ការ​ប្រុង​ប្រយ័ត្ន​នោះ​ទេ​ ខណៈ​ពេល​ដែល​ប្រទេស​កម្ពុជា​យើង​ បាន​កំណត់​ការ​វាស់​កម្រិត​ភាគ​ល្អិត​នៃ​ការ​បំពុល​ខ្យល់​ ត្រឹម៥០មីក្រូក្រាម​ ក្នុង​មួយម៉ែត្រគូប​​ ជា​កម្រិត​ប្រកាស​អាសន្ន​។​

ខាង​ក្រោម​នេះ​ គឺ​ជា​វីដេអូ​ឃ្លីប​បក​ស្រាយ​ និង​ពន្យល់​ទាំង​ស្រុង​ពី​សំណាក់ អ្នក​នាំ​ពាក្យ​នៃ​ក្រសួង​បរិស្ថាន​កម្ពុជា​។

Ministry of Environment | Archived Link

តាម​រយៈការ​ផ្សព្វ​ផ្សាយ​ដោយ​​ Clean Air Cambodia Project កាល​ពី​ថ្ងៃ​ទី​២៣​ ខែ​មករា​ ឆ្នាំ​២០២៥​ម្សិល​មិញ​នេះ​ ឧបករណ៍​ចាប់​ភាគ​ល្អិត​និចល​ទំហំ​ ២.៥​មីក្រូម៉ែត្រ​ (PM2.5) បាន​បង្ហាញ​ឲ្យឃើញថា​ កំហាប់​ភាគល្អិត​ PM2.5 នៅ​រាជធានី​ភ្នំពេញ​ មាន​កម្រិត​អត្រា​ខ្ពស់​លើសពី​ធម្មតា​ ចន្លោះពី​ 70 µg/m³ ទៅ​ 105 µg/m³។​

Clean Air Cambodia Project | Archived Link

ទោះ​ជា​យ៉ាង​ណា​ក្ដី​ កាល​ពី​ព្រឹក​ថ្ងៃ​ទី​២៤​ ខែ​មករា​ ឆ្នាំ​២០២៥​នេះ​ ក្រសួង​បរិស្ថាន​ ក៏​បាន​ចេញការ​ជូន​ដំណឹង​ទាក់​ទង​ទៅ​នឹង​ស្ថាន​ភាព​គុណភាព​ខ្យល់​ នៅ​តាម​បណ្ដា​ខេត្ត​នានា​នៅ​ក្នុង​ប្រទេស​កម្ពុជា​ផង​ដែរ​ ដោយ​បាន​បង្ហាញ​ខេត្ត​សំខាន់​ៗ​ដូច​ជា ខេត្ត​បន្ទាយ​មាន​ជ័យ​ ខេត្ត​កោះកុង​ ខេត្ត​សៀមរាប​ និង​រាជធានី​ភ្នំពេញ​ មាន​ស្ថានភាព​កំហាប់​នៅ​ក្នុង​ខ្យល់​កម្រិត​ខ្ពស់​ ឬ​មាន​ការ​បំពុល​ខ្លាំង​ (២០១-៣០០)។​

Ministry of Environment | Archived Link

ដូច​គ្នា​នេះ​ តាម​រយៈ​គេហទំព័រ​​ឃ្លាំ​​មើល​ខ្យល់​ IQAir ដែល​ជា​គេហទំព័រ​សន្ទស្សន៍​គុណភាព​ខ្យល់​មួយ​ដ៏​ល្បី​ បាន​បង្ហាញ​ទីក្រុងភ្នំពេញ​ ស្ថិត​នៅ​លំដាប់​ទី​៥​ ជាទីក្រុង​ដែល​មាន​ខ្យល់​បំពុល​ ឬ​គុណភាព​ខ្យល់​មិន​ល្អ​នៅ​លើ​សកល​លោក​ ដោយ​ទីក្រុង​ដាកា​ (Dhaka) ប្រទេស​បង់ក្លាដេស​ ស្ថិត​នៅ​លំដាប់​ទី​១​។​

សន្ទស្សន៍​​គុណភាព​ខ្យល់​ (AQI) គឺ​ជា​សន្ទស្សន៍​​មួយ​ ដែល​អាច​ប្រាប់​​អំពី​គុណភាព​នៃ​ខ្យល់​​នៅ​ជុំវិញ​យើង​​បាន​។ AQI កាន់​តែខ្ពស់​មាន​ន័យ​ថា​ ការ​បំពុល​ខ្យល់​ គឺ​មាន​កា​ន់តែ​ខ្លាំង​។

តារាង​សន្ទស្សន៍​ខាង​ក្រោម​នេះ​ បាន​បង្ហាញ​ទីក្រុង​ភ្នំពេញ​ ដែល​មាន​កម្រិត​កំហាប់​គុណភាព​ខ្យល់​រហូត​ទៅ​ដល់​១៨៩​ (ខ្យល់​បំពុល​ខ្លាំង​)។​

ខាង​ក្រោម​នេះ​ គឺ​ជា​តារាង​សន្ទស្សន៍​គុណភាព​ខ្យល់​នៅ​ក្នុង​រាជធានី​ភ្នំពេញ​ ប្រទេស​កម្ពុជា​ នៅ​អំឡុង​៧​ថ្ងៃ​ខាង​មុខ​។​

IQAir Link | Archived Link

នៅ​ថ្ងៃ​នេះ ក្រសួង​សុខាភិបាល​​បាន​ចេញ​ណែនាំ​ទៅ​កាន់​មហាជន​ឱ្យ​យក​ចិត្ត​ទុក​ដាក់​ចំពោះ​ការ​ប្រែ​ប្រួល​នៃ​គុណភាព​ខ្យល់​នៅ​ទូទាំង​ប្រទេស ដោយ​បាន​ណែនាំ​ដូច​ខាង​ក្រោម​នេះ៖

  1. តាម​ដាន​ព័ត៌មាន​ស្ដី​ពី​ស្ថានភាព​គុណភាព​ខ្យល់​​ដែល​ចេញ​ផ្សាយ​ដោយ​ប្រព័ន្ធផ្សព្វផ្សាយ និង​ក្រសួង​បរិស្ថាន
  2. ស្នាក់នៅ​ក្នុង​ផ្ទះ​អំឡុង​ពេល​កម្រិត​សារធាតុ​បំពុល​ខ្យល់​កើន​ឡើង​ខ្ពស់​​ចាប់​ពី​សញ្ញា​ពណ៌​ក្រហម​រហូត​ដល់​ពណ៌​ស្វាយ
  3. បិទ​ទ្វារ និង​បង្អួច​ដើម្បី​បង្ការ​ខ្យល់​មិន​ល្អ​ពី​ខាង​ក្រៅ​ចូល​ក្នុង​ផ្ទះ
  4. កាត់​បន្ថយ​សកម្មភាព​ខាង​ក្រៅ​ផ្ទះ ឬ​នៅ​ទីវាល​អំឡុង​ពេល​កម្រិត​សារធាតុ​បំពុល​ខ្យល់​កើន​ឡើង​ខ្ពស់
  5. ត្រូវ​យក​ចិត្ត​ទុក​ដាក់​ការពារ​សុខភាព​ទារក កុមារ ស្ត្រី​មាន​ផ្ទៃ​ពោះ មនុស្ស​ចាស់​ជរា អ្នក​មាន​ជំងឺ​សួត អ្នក​មាន​ជំងឺ​សរសៃ​ឈាម និង​ជំងឺ​រ៉ាំរ៉ៃ និង
  6. ប្រសិន​បើ​មាន​រោគ​សញ្ញា​ផ្លូវ​ដង្ហើម ដូចជា ពិបាក​ដក​ដង្ហើម ក្អក ហត់ ត្រូវ​ធ្វើ​ដំណើរ​ទៅ​ពិគ្រោះ​ពិភាក្សា​ជាមួយ​គ្រូ​ពេទ្យ។

Facebook Post | Archived Link

ដើម្បី​ស្វែង​រក​ព័ត៌​មាន​ពិត​ សូម​តាម​ដាន​ការ​ផ្សាយ​របស់​យើង​តាម​រយៈ​ប្រព័ន្ធ​ដូច​ខាង​ក្រោម​៖

Facebook | Twitter | Telegram | Google News | TikTok | WhatsApp

Avatar

Title:តើ​គុណភាព​ខ្យល់​នៅ​រាជ​ធានី​ភ្នំពេញ​​ស្ថិត​នៅ​ក្នុង​កម្រិត​បែប​ណា​?

Written By: Kakada Sim 

Result: Insight

Leave a Reply

Your email address will not be published. Required fields are marked *