ទឹកស្ទឹងសង្កែប្រែពណ៌នាំឱ្យមានការចោទសួរអំពីការលេចធ្លាយសំណល់រាវចូលស្ទឹងជាថ្មី
កាលពីសប្ដាហ៍មុន អ្នកសារព័ត៌មាននៅក្នុងខេត្តបាត់ដំបង បានរាយការណ៍ថា ទឹកស្ទឹងសង្កែបានប្រែពណ៌ទៅជាបៃតងខុសពីធម្មតាដោយសារតែការបង្ហូរកាក់សំណល់រាវពីរោងចក្រមួយចូលទៅក្នុងទឹកស្ទឹង ប៉ុន្តែ ក្រុមមន្ត្រីអះអាងថា ទឹកស្ទឹងប្រែពណ៌ដូច្នេះ បណ្ដាលពីការកកើតស្លែ។
ព័ត៌មានដ៏ផុសផុលមួយនៅលើបណ្ដាញសង្គមកាលពីសប្ដាហ៍មុន បានលើកឡើងថា ទឹកស្ទឹងសង្កែនៅក្នុងខេត្តបាត់ដំបង បានប្រែពណ៌ទៅជាបៃតង ដែលបណ្ដាលមកពីការហូរទឹកចេញពីរោងចក្រមួយកន្លែង នៅខាងលើខ្សែទឹក ស្ថិតនៅក្នុងស្រុករតនៈមណ្ឌល។
ព័ត៌មាននេះត្រូវបានចែករំលែកយ៉ាងព្រោងព្រាតពីសំណាក់អ្នកប្រើប្រាស់ហ្វេសប៊ុកនិយាយភាសាខ្មែរ ព្រមទាំងការបញ្ចេញប្រតិកម្មចម្រុះបែប និងមតិយោបល់ដ៏ច្រើន ដែលជឿទៅតាមការអះអាងនេះ បន្ទាប់ពីវាត្រូវបានបង្ហោះនៅលើបណ្ដាញសង្គម។
ខាងក្រោមនេះ គឺជាព័ត៌មានទាំងស្រុងដែលផ្សព្វផ្សាយលើបណ្ដាញសង្គមដោយអ្នកប្រើប្រាស់ហ្វេសប៊ុកម្នាក់នៅថ្ងៃទី១២ ខែមិថុនា ឆ្នាំ២០២៤ ដែលសរសេររៀបរាប់ថា “ខេត្តបាត់ដំបងៈ ទឹកស្ទឹងសង្កែប្រែពណ៌ជាបៃតង តាមប្រភពបឋមបានឱ្យដឹងថា ជាហេតុបណ្ដាលឱ្យទឹកស្ទឹងសង្កែមានពណ៌បៃតងនេះ បណ្ដាលមកពីការហូរចេញពីរោងចក្រមួយដែលមានឈ្មោះថា អ៊ិនដាស្ទ្រៀលហ្វីនិក ដែលមានទីតាំងនៅចំណុចភូមិភ្ញាវ ឃុំត្រែង ស្រុករតនៈមណ្ឌល ខេត្តបាត់ដំបង។ សង្ឃឹមថា ក្រសួងព្រមទាំងមន្ទីរពាក់ព័ន្ធនានា និងមានវិធានការដើម្បីទប់ស្កាត់នូវបញ្ហាដដែល បញ្ចៀសនូវការប៉ះពាល់ដល់មច្ឆជាតិ និងជីវៈចម្រុះផ្សេងៗ ព្រមទាំងសុខភាពមនុស្សសត្វជាដើម។ ១២ មិថុនា ២០២៤” ។
ព័ត៌មានដូចគ្នានេះ ក៏ត្រូវបានបង្ហោះនៅលើបណ្ដាញសង្គមដោយអ្នកប្រើប្រាស់បណ្ដាញសង្គមដទៃទៀតដែរ ហើយក៏ត្រូវបានចែករំលែកបន្តយ៉ាងច្រើន ព្រមទាំងប្រតិកម្ម និងមតិយោបល់ចម្រុះបែបពីអ្នកប្រើប្រាស់ហ្វេសប៊ុកនិយាយភាសាខ្មែរ។
ខាងក្រោមនេះ គឺជាព័ត៌មានទាំងស្រុងដែលត្រូវបានចម្លងទាំងស្រុងពីព័ត៌មានខាងលើ ហើយត្រូវបានបង្ហោះបន្តនៅលើបណ្ដាញសង្គមហ្វេសប៊ុកកាលពីថ្ងៃទី១៣ ខែមិថុនា ឆ្នាំ២០២៤។
ទំព័រហ្វេសប៊ុកសារព័ត៌មានមេគង្គប៉ុស្តិ៍ ក៏បានចម្លងព័ត៌មានខាងលើទាំងស្រុងយកទៅបង្ហោះបន្តនៅលើទំព័រហ្វេសប៊ុករបស់ខ្លួនផងដែរកាលពីថ្ងៃទី១២ ខែមិថុនា ឆ្នាំ២០២៤ ហើយក៏ត្រូវបានចែករំលែកបន្តដោយអ្នកប្រើប្រាស់ហ្វេសប៊ុក។
ព័ត៌មានស្រដៀងគ្នានេះ ក៏ត្រូវបានបង្ហោះនៅលើបណ្ដាញសង្គមដោយទំព័រហ្វេសប៊ុក Viral Post Today ផងដែរកាលពីថ្ងៃទី១២ ខែមិថុនា ឆ្នាំ២០២៤ ដែលនាំឱ្យមានការចែករំលែកបន្តជាច្រើនដង។
ព័ត៌មានដូចគ្នានេះ ក៏ត្រូវបានបង្ហោះនៅលើបណ្ដាញសង្គមដោយអ្នកប្រើប្រាស់ហ្វេសប៊ុកដទៃទៀតផងដែរ។ សូមមើលព័ត៌មានដូចគ្នា ឬស្រដៀងគ្នានេះតាមរយៈតំណភ្ជាប់មាននៅទីនេះ Link 1 (archived), Link 2 (archived), និង Link 3 (archived)។
ការផ្សព្វផ្សាយព័ត៌មាននេះ បានកើតឡើងមួយថ្ងៃក្រោយពីប្រជាពលរដ្ឋជាអ្នកប្រើប្រាស់ហ្វេសប៊ុកមួយ បានបង្ហោះរូបថត ៣សន្លឹក និងព័ត៌មាននិយាយថា ទឹកក្នុងស្ទឹងសង្កែបានប្រែពណ៌ខុសពីធម្មតានៅម្ដុំភូមិគីឡូ ឃុំត្រែង ស្រុករតនមណ្ឌល។
បន្ទាប់ព័ត៌មាននេះល្បីផុសផុលនៅលើបណ្ដាញសង្គម អាជ្ញាធរខេត្តបាត់ដំបង បានអះអាងនៅក្នុងលិខិតបំភ្លឺមួយថា ទឹកស្ទឹងសង្កែប្រែទៅជាពណ៌បៃតងដូច្នេះ គឺបណ្ដាលមកពីការកកើតឡើងនៃស្លែ បន្ទាប់ពីត្រូវកម្ដៅថ្ងៃ។
អាជ្ញាធរខេត្តមួយនេះ អះអាងទៀតថា ក្រុមមន្ត្រីបានយកសំណាកទឹកនោះទៅពិនិត្យនៅមន្ទីរពិសោធន៍របស់ក្រសួងបរិស្ថាន ហើយលទ្ធផលនៃការពិសោធន៍ បានរកឃើញថា ស្លែពណ៌បៃតងបានកើតឡើងជាធម្មតានៅក្នុងប្រព័ន្ធទឹកស្ទឹង ឬប្រឡាយ ហើយថា ត្រី និងសត្វល្អិតក្នុងទឹកមួយចំនួន រស់នៅដូចធម្មតា។
ខាងក្រោមនេះ គឺជាការបង្ហោះសេចក្ដីប្រកាសព័ត៌មានរបស់មន្ទីរបរិស្ថានខេត្តបាត់ដំបងកាលពីថ្ងៃទី១៣ ខែមិថុនា ឆ្នាំ២០២៤ ដែលភ្ជាប់មកជាមួយសេចក្ដីបំភ្លឺមួយសន្លឹករបស់រដ្ឋបាលខេត្តបាត់ដំបង និងរូបថត ៥សន្លឹក ដែលបង្ហាញមនុស្សមួយក្រុម ឈរមើលទឹកហូរនៅតាមប្រឡាយបង្ហូរទឹក។
នៅក្នុងសេចក្ដីបំភ្លឺរបស់ខ្លួនកាលពីថ្ងៃទី១៣ ខែមិថុនា ឆ្នាំ២០២៤ រដ្ឋបាលខេត្តបាត់ដំបង បានច្រានចោលព័ត៌មានដែលផ្សព្វផ្សាយដោយអ្នកសារព័ត៌មាននៅលើបណ្ដាញសង្គម ដោយចាត់ទុកជាព័ត៌មាន “មិនពិត”។
រដ្ឋបាលខេត្តបាត់ដំបង បានអះអាងថា ក្រុមមន្ត្រីមកពីស្ថាប័នពាក់ព័ន្ធនៅក្នុងខេត្ត បានចុះទៅពិនិត្យដល់ទីតាំងនីមួយៗនៅក្នុងបរិវេណរោងចក្រ Phoenix Industrial Co., Ltd និងរកពុំឃើញស្លាកស្នាមនៃការបញ្ចេញសារធាតុរាវមានជាតិពុលពីរោងចក្រនោះឡើយ។
ខាងក្រោមនេះ គឺជាការបង្ហោះសេចក្ដីបំភ្លឺព័ត៌មានរបស់រដ្ឋបាលខេត្តបាត់ដំបងនៅលើទំព័រហ្វេសប៊ុកផ្លូវការរបស់ខ្លួនកាលពីល្ងាចថ្ងៃទី១៣ ខែមិថុនា ឆ្នាំ២០២៤ ដោយភ្ជាប់មកជាមួយនូវរូបថត ៤សន្លឹកដែលបង្ហាញមនុស្សមួយក្រុមចុះពិនិត្យមើលប្រឡាយទឹក និងបុរសម្នាក់ដូសទឹកចេញស្ទឹង។
ហេតុអ្វីបានរដ្ឋបាលខេត្តបាត់ដំបងចេញវិធានការបន្ថែមទៅរោងចក្រឱ្យគ្រប់គ្រងការបង្ហូរកាក់សំណល់?
បើទោះបីរដ្ឋបាលខេត្តបាត់ដំបងចាត់ទុកព័ត៌មានផ្សព្វផ្សាយដោយអ្នកសារព័ត៌មាននៅលើបណ្ដាញសង្គមថាជាព័ត៌មាន “មិនពិត” ប៉ុន្តែ រដ្ឋបាលខេត្តនេះ បានបញ្ជាក់ក្នុងសេចក្ដីបំភ្លឺដដែលនេះថា ខ្លួនបានចង្អុលបង្ហាញទៅរោងចក្រនេះ ឱ្យរៀបចំអាងស្តុកទឹក ដើម្បីកុំឱ្យទឹកស្អុយ និងកាក់សំណល់ហូរចូលស្ទឹងសង្កែ កែច្នៃទម្រង់ប្រឡាយទឹកគ្រប់កន្លែងក្នុងបរិវេណរោងចក្រទៅតាមលក្ខណៈបច្ចេកទេសនៅក្នុងរយៈពេល ១សប្ដាហ៍។
រដ្ឋបាលខេត្តបាត់ដំបង ថែមទាំងព្រមានថា នឹងធ្វើរបាយការណ៍ទៅក្រសួងបរិស្ថាន និងក្រសួងឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនាវានុវត្ត ក្នុងករណីរោងចក្រមិនអនុវត្តតាមការណែនាំរបស់រដ្ឋបាលខេត្តនៅក្នុងរយៈពេល ១សប្ដាហ៍។
បើតាមរដ្ឋបាលខេត្តបាត់ដំបង ថ្នាក់ដឹកនាំរោងចក្រមួយនេះ បានយល់ព្រមអនុវត្តទៅតាមការណែនាំរបស់ខ្លួន ដោយកែសម្រួលប្រព័ន្ធប្រឡាយទាំងអស់នៅក្នុងបរិវេណរោងចក្រ រួមទាំងប្រឡាយបញ្ចេញកាក់សំណល់ពីផ្ទះបាយ ប្រឡាយបញ្ចេញទឹកប្រើប្រាស់របស់កម្មករ និងប្រឡាយរំដោះទឹកភ្លៀង។
បន្ទាប់ពីការចេញវិធានការដូច្នេះ អ្នកប្រើប្រាស់បណ្ដាញសង្គមមួយចំនួន បានចោទសួរថា ហេតុអ្វីបានរដ្ឋបាលខេត្តបាត់ដំបង តម្រូវឱ្យរោងចក្រនេះកែប្រែប្រព័ន្ធបង្ហូរកាកសំណល់រាវចេញពីរោងចក្រចូលទៅក្នុងស្ទឹង ហើយថែមទាំងព្រមានធ្វើរបាយការណ៍បញ្ចូនទៅក្រសួងទៀត។
អ្នកនាំពាក្យរដ្ឋបាលខេត្តបាត់ដំបង លោក សឿម ប៊ុនរិទ្ធ ដែលជាអភិបាលរងខេត្តផងនោះ បានឱ្យដឹងថា រដ្ឋបាលខេត្តបានដាក់លក្ខខណ្ឌបន្ថែមទៅរោងចក្រ ដើម្បីធានាថា គ្មានប្រឡាយរងទឹកភ្លៀងណាមួយត្រូវបានបង្ហូរចូលស្ទឹងសង្កែនោះឡើយ ដែលលោកថា នេះគឺជាវិធានការបង្ការ និងការពារទុកជាមុន។ (សំឡេងលោក សឿម ប៊ុនរិទ្ធ)
ប្រធានមន្ទីរបរិស្ថានខេត្តបាត់ដំបង លោក កត បូរ៉ាន់ បានបញ្ជាក់ថា វិធានការប៉ុន្មានចំណុចរបស់រដ្ឋបាលខេត្តនេះ បានកើតឡើងបន្ទាប់ពីក្រុមមន្ត្រីរកឃើញមានការបង្ហូរទឹកប្រើប្រាស់ដោយកម្មករចូលទៅក្នុងស្ទឹងសង្កែ ដោយលោកថា វាដូចគ្នាទៅនឹងករណីប្រជាជនរស់នៅតាមដងស្ទឹង ហើយបង្ហូរទឹកពីផ្ទះបាយចូលទៅក្នុងស្ទឹងដែរ។ (សំឡេងលោក កត បូរ៉ាន់)
តើមានករណីត្រី សត្វចិញ្ចឹម និងសត្វល្អិតផ្សេងទៀតស្លាប់នៅក្នុងទឹកស្ទឹងដែរឬទេ?
បើតាមការបញ្ជាក់របស់លោក សឿម ប៊ុនរិទ្ធ ការលេចធ្លាយ ឬការបង្ហូរកាកសំណល់រាវចេញពីរោងចក្រនេះ បានកើតឡើង ៣លើករួចមកហើយកាលពីឆ្នាំ២០២៣កន្លងមក។
រោងចក្រនេះក៏ត្រូវបានក្រសួងបរិស្ថានផាកពិន័យរហូតដល់ជិត ៥សែនដុល្លារកាលពីឆ្នាំមុន បន្ទាប់ពីត្រូវបានរកឃើញថា រោងចក្រនេះបានបង្ហូរកាកសំណល់រាវចូលទឹកសង្កែកាលពីខែសីហាឆ្នាំមុន ដែលបណ្ដាលទឹកស្ទឹងប្រែពណ៌ជាខ្មៅ និងត្រីងាប់អណ្តែតទឹកដ៏ច្រើន។ (អត្ថបទសារព័ត៌មានខេមបូចា និងសារព័ត៌មានអេអ៊ីស៊ី)
ករណីត្រីងាប់អណ្ដែតទឹកស្ទឹងសង្កែ បានកើតឡើងចុងក្រោយកាលពីដើមខែឧសភាកន្លងមកនេះ ដោយរដ្ឋបាលស្រុករតនមណ្ឌល បានរកឃើញថា ករណីនេះបណ្ដាលមកពីរោងចក្រកែច្នៃស្វាយ Cambodian Gome Farm Food Co., Ltd បានបញ្ចេញទឹកខ្មៅកខ្វក់ចូលទៅអូរត្រែង និងហូរធ្លាក់ចូលទៅក្នុងស្ទឹងសង្កែ។
នាយខណ្ឌរដ្ឋបាលជលផលខេត្តបាត់ដំបង លោក ជួង សុភា បានឱ្យដឹងថា ប្រសិនបើទឹកស្ទឹងរងការបំពុលកម្រិតស្រាល ត្រីមានស្រកាស នឹងងាប់អណ្ដែតទឹកមុនគេ ហើយបើករណីត្រីឆ្លូញ និងអន្ទង់ងាប់ដែរ នោះមានន័យថា ទឹកស្ទឹងរងការបំពុលធ្ងន់ធ្ងរ។
ប៉ុន្តែ មន្ត្រីជលផលរូបនេះ បានបញ្ជាក់ថា គ្មានការរាយការណ៍ណាមួយអំពីករណីត្រីងាប់អណ្ដែតទឹកព្រោងព្រាតនោះឡើយនៅក្នុងរយៈពីរបីសប្ដាហ៍ចុងក្រោយនេះ ដែលនេះបញ្ជាក់ថា ទឹកស្ទឹងមិនរងការបំពុលពីសារធាតុគីមីពុលណាមួយឡើយ។ (សំឡេងលោក ជួង សុភា)
ជំទប់ទី១ នៃឃុំត្រែងក្នុងស្រុករតនមណ្ឌល លោក នូ ស៊ីណា ប្រាប់ថា លោកធ្លាប់ឃើញត្រីងាប់អណ្ដែតទឹកស្ទឹងសង្កែកាលពីខែមុន និងឆ្នាំកន្លងមកនេះ បន្ទាប់ពីទឹកស្ទឹងនេះប្រែពណ៌ទៅជាខ្មៅដូចកាហ្វេកាលពីឆ្នាំមុន។
ប៉ុន្តែ លោកបញ្ជាក់ថា បន្ទាប់ពីទឹកស្ទឹងសង្កែប្រែទៅជាពណ៌បៃតងចាប់តាំងពីថ្ងៃទី៧ រហូតដល់ថ្ងៃទី១១ ខែមិថុនា លោកពុំឃើញ និងពុំទទួលបានសេចក្ដីរាយការណ៍ណាអំពីត្រី ឬសត្វស្លាប់នោះឡើយ។ (សំឡេងលោក នូ ស៊ីណា)
តើកត្តាអ្វីបណ្ដាលឱ្យកើតមានស្លែនៅក្នុងស្ទឹងសង្កែ?
ប្រធានមន្ទីរបរិស្ថាន លោក កត បូរ៉ាន់ បញ្ជាក់ថា ស្លែបៃតងនៅក្នុងស្ទឹងសង្កែ កើតឡើងបណ្ដាលមកពីកម្រិតទឹកបានថយចុះ បន្ទាប់ពីមានការទប់ទឹកសម្រាប់ផ្គត់ផ្គង់ទឹកស្អាតនៅផ្នែកខាងលើ។
ប្រធានមន្ទីរបរិស្ថានរូបនេះ បានអះអាងថា ក្រុមមន្ត្រីចម្រុះបានចុះពិនិត្យទឹកស្ទឹងសង្កែរហូតដល់ស្រុកសំឡូត ហើយបានរកឃើញថា ស្លែបានកើតឡើងនៅទីនោះផងដែរ ដែលជាផ្នែកខាងលើហួសពីទីតាំងរោងចក្រ Phoenix Industrial Co., Ltd ទៅទៀត។ (សំឡេង លោក កត បូរ៉ាន់)
ស្ទឹងសង្កែទទួលទឹកមកពីដៃស្ទឹង ឬប្រភពនានា ស្ថិតនៅផ្នែកខាងលើដែលមានប្រភពទឹកពីតំបន់ជួរភ្នំក្រវាញ ក្នុងនោះមានស្ទឹងចម្លងកួយស្ថិតនៅក្នុងស្រុកសំឡូតផងដែរ។
នាយប៉ុស្តិ៍នគរបាលរដ្ឋបាលឃុំអូរសំរិល លោក ហែម ឆុន បានប្រាប់ Fact Crescendo Cambodia កាលពីចុងសប្ដាហ៍នេះថា ទឹកស្ទឹងចម្លងកួយមិនមានប្រែពណ៌បៃតងនោះឡើយ ប៉ុន្តែ លោកថា វាបានប្រែពណ៌ទៅជាល្អក់ដោយសារតែភ្លៀងធ្លាក់បានហូរនាំដីចូលទៅក្នុងស្ទឹង។ (សំឡេងលោក ហែម ឆុន)
នាយខណ្ឌរដ្ឋបាលជលផលខេត្តបាត់ដំបង លោក ជួង សុភា ក៏អះអាងដូចគ្នាថា ចរន្តទឹកស្ទឹងទាបដែលបណ្ដាលមកពីការទប់ទឹកនៅផ្នែកខាងលើនៃស្ទឹងសង្កែ បណ្ដាលឱ្យកើតស្លែនៅក្នុងស្ទឹង និងធ្វើឱ្យថយចុះកម្រិតអុកស៊ីហ្សែនក្នុងទឹក ដែលប៉ះពាល់ដល់សត្វរស់នៅក្នុងទឹក។ (សំឡេង លោក ជួង សុភា)
អង្គភាព St. Johns River Water Management District ដែលជាអង្គភាពគ្រប់គ្រងធនធានទឹកក្រោមដី និងទឹកលើដីនៅក្នុងសង្កាត់ ៥ របស់រដ្ឋ Florida សហរដ្ឋអាមេរិក បានរៀបរាប់នៅក្នុងអត្ថបទមួយបង្ហោះនៅលើវេបសាយរបស់ខ្លួនថា ស្លែ ឬភាសាអង់គ្លេសហៅថា algal bloom កើតចេញពីការបំពុលសមាសធាតុទ្រទ្រង់ជីវិត ការកើនឡើងដ៏លើសលប់នៃនីដ្រូហ្សែន និងផូស្វ័រ (phosphorus) ជាសមាសធាតុសំខាន់សម្រាប់ទ្រទ្រង់រុក្ខជាតិ។
អត្ថបទរបស់អង្គភាពដដែលនេះ បានរៀបរាប់បន្តថា សមាសធាតុទាំងនេះ ចូលទៅក្នុងទឹកពីប្រភព ២សំខាន់ គឺប្រភពច្បាស់លាស់ និងមិនច្បាស់លាស់ ដែលសុទ្ធតែជាប់ពាក់ព័ន្ធនឹងសកម្មភាពរបស់មនុស្ស។
បើអត្ថបទដដែលនេះ ប្រភពច្បាស់លាស់មានដូចជា ការបង្ហូរកាកសំណល់ចេញពីរោងចក្រឧស្សាហកម្ម និងរោងចក្រប្រព្រឹត្តកម្មកាកសំណល់រាវ ហើយប្រភពមិនច្បាស់លាស់ មានដូចជា ធុងទឹកស្អុយ ទឹកហូរចេញពីតំបន់ទីក្រុង ពីកសិដ្ឋាន និងពីតំបន់លំនៅឋាន និងទឹកធ្លាក់ដែលសម្បូរទៅដោយសមាសធាតុចិញ្ចឹមជីវិត។
អង្គភាពគ្រប់គ្រងទឹកមួយនេះ បានលម្អិតថែមទៀតថា ការកើនឡើងនៃសមាសធាតុនីដ្រូហ្សែន និងផូស្វ័រដ៏ច្រើនបូករួមនឹងការកើនឡើងកម្ដៅថ្ងៃ និងចរន្តទឹកហូរយឺត ជំរុញឱ្យមានស្លែកាន់តែលឿន។
អង្គភាពគ្រប់គ្រងទឹកដដែលនេះ និយាយថា បើទោះបីជាសមាសធាតុនីដ្រូហ្សែន និងផូស្វ័រ អាចកើតឡើងដោយធម្មជាតិ និងមានសារសំខាន់ទ្រទ្រង់ដល់រុក្ខជាតិក៏ដោយ ប៉ុន្តែ វត្តមានដ៏ច្រើនលើសលប់នៃសមាសធាតុទាំងពីរនេះ នឹងបង្កឱ្យមានអតុល្យភាពនៅក្នុងប្រព័ន្ធអេកូឡូស៊ីរបស់ប្រព័ន្ធទឹកមួយ។
រូបភាពពីផ្កាយរណបបង្ហាញអាងស្តុកកាកសំណល់រាវពណ៌ខ្មៅ និងបៃតង
រោងចក្រ Phoenix Industrial Co., Ltd ដែលមានម្ចាស់ជាជនជាតិចិន មានទីតាំងស្ថិតនៅចម្ងាយប្រហែល ២០០ម៉ែត្រប៉ុណ្ណោះពីទំនប់វារីអគ្គិសនីសេកសក ស្ថិតក្នុងឃុំត្រែង នៃស្រុករតនមណ្ឌល។ (ទីតាំងនៅលើ Google Map)
បើតាមប្រវត្តិសង្ខេបរបស់ក្រុមហ៊ុនដែលផ្សព្វផ្សាយនៅលើគេហទំព័ររបស់ខ្លួន រោងចក្រ Phoenix Industrial Co., Ltd ចម្រាញ់សមាសធាតុគីមីចេញពីដំឡូងមី និងកែច្នៃចេញទៅជាផលិតផលគីមីសម្រាប់ប្រើប្រាស់ក្នុងវិស័យវេជ្ជសាស្ត្រ និងផលិតកម្មអាហាររក្សាទុកបានយូរ។ (archived)
អភិបាលរងខេត្តបាត់ដំបង លោក សឿម ប៊ុនរិទ្ធ បានឱ្យដឹងថា រោងចក្រនេះផលិតសមាសធាតុអេតាណុលដែលកែច្នៃចេញពីដំបូងមី ដែលក្រុមហ៊ុនបានប្រមូលទិញពីប្រជាកសិករនៅក្នុងខេត្តបាត់ដំបង និងបណ្ដាខេត្តនៅជុំវិញខេត្តបាត់ដំបង។
ដោយមើលតាមរូបភាពផ្កាយរណប រោងចក្រមួយនេះស្ថិតនៅជាប់នឹងដងស្ទឹងសង្កែ ហើយនៅក្នុងបរិវេណរោងចក្រ យើងឃើញមានអាងស្តុកទឹកតូចធំចំនួន ៦ មានរូបរាងដូចស្រះទឹកតូចធំ និងមានអាង ២មានរាងមូល។
រូបភាពដែលផ្ដាមដោយផ្កាយរណបកាលពី ២ឆ្នាំមុននោះ បានបង្ហាញឱ្យឃើញស្រះទឹកមួយមានពណ៌បៃតង ឬពណ៌ដូចទឹកសណ្ដែកខៀវ ដែលស្ថិតនៅកាន់តែជិតនឹងមាត់ស្ទឹងសង្កែ ហើយក្រៅពីនេះ អាងស្តុកទឹកដទៃទៀត សុទ្ធតែមានពណ៌ខ្មៅ។
ដោយពិនិត្យទៅលើរូបភាពផ្កាយរណបដដែលនេះ យើងឃើញពណ៌ទឹកស្ទឹងសង្កែ មានពណ៌ភក់ល្អក់ចាប់ពីត្រង់ទំនប់វារីអគ្គិសនីសេកសករហូតដល់ត្រង់ចំណុចរមណីយដ្ឋានចម្ការមៀនធម្មជាតិ ហើយបន្ទាប់មក ទឹកស្ទឹងមានពណ៌ប្រហាក់ប្រហែលនឹងពណ៌ទឹកនៅក្នុងអាងស្តុកទឹកស្ថិតក្នុងបរិវេណរោងចក្រ Phoenix Industrial Co., Ltd។
Fact Crescendo Cambodia បានស្វែងរកការពន្យល់ពីភាគីរោងចក្រ Phoenix Industrial Co., Ltd ផងដែរ ប៉ុន្តែ មិនមានការឆ្លើយតបនោះឡើយរហូតមកដល់ថ្ងៃនេះ។
ចំណែកអ្នកបកប្រែភាសាចិនប្រចាំរោងចក្រ លោក ឡៅ ស៊ុយទ្រី បានប្រាប់ឱ្យសួរទៅខាងមន្ទីរបរិស្ថាន ក្រសួងបរិស្ថាន និងរដ្ឋបាលខេត្តបាត់ដំបង។
អ្នកនាំពាក្យរដ្ឋបាលខេត្តបាត់ដំបង លោក សឿម ប៊ុនរិទ្ធ ដែលបានចុះទៅដល់ទីតាំងរោងចក្រផ្ទាល់ជាមួយមន្ត្រីដទៃទៀតនៅក្រោមរដ្ឋបាលខេត្ត បានប្រាប់ថា អាងទឹកខ្មៅ និងពណ៌បៃតងដែលមើលឃើញពីផ្កាយរណបនោះ គឺជាអាងស្តុកកាកសំណល់រាវ និងអាងប្រព្រឹត្តកម្មរបស់រោងចក្រ។
លោក សឿម ប៊ុនរិទ្ធ ក៏បានផ្ញើរូបថត ៤សន្លឹកមក Fact Crescendo Cambodia ផងដែរនៅថ្ងៃទី២៤ ខែមិថុនា ឆ្នាំ២០២៤ ដែលរូបថតទាំងនោះ បង្ហាញអាងស្តុកសំណល់រាវ និងអាងទឹកប្រព្រឹត្តកម្ម។
អ្នកនាំពាក្យក្រសួងបរិស្ថាន លោក ខ្វៃ អាទិត្យា បានឱ្យដឹងថា ក្រសួងបានមើលឃើញថា រោងចក្រនេះបានរៀបចំអាងស្តុកកាកសំណល់រាវ និងអាងប្រព្រឹត្តកម្មរួចរាល់ហើយ។
លោកបន្ថែមថា រោងចក្រក៏បានបំពាក់បច្ចេកវិទ្យាតាមដាន និងបញ្ចូនទិន្នន័យដោយស្វ័យប្រវត្តិទៅក្រសួងផងដែរ ដែលអះអាងថា វាជាបច្ចេកវិទ្យាទំនើបបង្ការ និងការពារទុកជាមុន។ (សំឡេងលោក ខ្វៃ អាទិត្យា)
ពលរដ្ឋបារម្ភពីសុវត្ថិភាពទឹកស្ទឹង និងផលប៉ះពាល់លើប្រជាជន
លិខិតពីរច្បាប់ចុះថ្ងៃទី១៤ ខែមិថុនា ឆ្នាំ២០២៤ មានខ្លឹមសារដូចគ្នា ដែលអភិបាលខេត្តបាត់ដំបង លោក សុខ លូ ផ្ញើទៅរដ្ឋមន្ត្រីក្រសួងបរិស្ថាន លោក អ៊ាង សុផល្លែត និងរដ្ឋមន្ត្រីក្រសួងឧស្សាហកម្ម បានឱ្យដឹងថា កាកសំណល់រាវរបស់រោងចក្រ Phoenix បានលេចធ្លាយចូលទៅក្នុងស្ទឹងសង្កែចំនួន ៣ដងរួចមកហើយ។
ករណីធ្ងន់ធ្ងរបានកើតឡើងកាលពីខែសីហា ឆ្នាំ២០២៣កន្លងមក ដោយកាកសំណល់រាវបានប្រែពណ៌ទឹកស្ទឹងទៅជាខ្មៅដូចកាហ្វេ និងបណ្ដាលឱ្យត្រី និងជីវិតនៅក្នុងស្ទឹងងាប់យ៉ាងច្រើននាពេលនោះ។
ជំទប់ទី១នៃឃុំត្រែង លោក នូ ស៊ីណា បានឱ្យដឹងថា អ្នកភូមិរស់នៅតាមដងស្ទឹងសង្កែស្ថិតក្នុងឃុំរបស់លោក តែងតែព្រួយបារម្ភពីសុវត្ថិភាព និងផលប៉ះពាល់ បន្ទាប់ពីការលេចធ្លាយកាកសំណល់រាវកាលពីឆ្នាំមុន។
មន្ត្រីមូលដ្ឋានរូបនេះ បានបន្ថែមទៀតថា អ្នកភូមិតែងតែប្រុងប្រយ័ត្ននៅពេលណាឃើញទឹកស្ទឹងប្រែពណ៌ ឬឃើញត្រី និងជីវិតសត្វក្នុងស្ទឹងងាប់អណ្ដែតតាមទឹក។
ទោះជាយ៉ាងណា លោកលើកឡើងថា លោកក៏បារម្ភប្រជាជនជាច្រើននាក់បាត់បង់ការងារផងដែរ ប្រសិនបើករណីរោងចក្រមួយនេះ និងរោងចក្រកែច្នៃផ្លែឈើនៅក្នុងឃុំរបស់លោក ត្រូវបានបិទដោយសារតែការលេចធ្លាយកាកសំណល់រាវចូលទៅក្នុងស្ទឹងនោះ។
Title:ទឹកស្ទឹងសង្កែប្រែពណ៌នាំឱ្យមានការចោទសួរអំពីការលេចធ្លាយសំណល់រាវចូលស្ទឹងជាថ្មី
Written By: Jay UdomResult: Insight