
ស្របពេលដែលនៅលើសកលលោកយើងនេះ តែងតែមានអ្វីប្លែកៗ មិនថារុក្ខជាតិ មនុស្ស សត្វ និងអ្វីផ្សេងទៀតជាច្រើននោះ វីដេអូឃ្លីបមួយបានបង្ហាញទិដ្ឋភាពត្រីដែលមានភិនភាគ និងសណ្ឋានមុខដូចមនុស្ស ត្រូវបានបង្ហោះឡើងយ៉ាងផុសផុល។ ការបង្ហោះបែបនេះ ត្រូវបានភ្ជាប់នឹងការអះអាងថា នោះគឺជាត្រីមុខមនុស្ស។ ទោះជាយ៉ាងណា ការត្រួតពិនិត្យការពិតរបស់ Fact Crescendo Cambodia រកឃើញថា វីដេអូខាងលើនោះ គឺមិនត្រឹមត្រូវនោះឡើយ។
ការអះអាងលើបណ្ដាញសង្គម
វីដេអូឃ្លីបមួយ បង្ហាញទិដ្ឋភាពត្រីដែលមានសភាព និងទម្រង់មុខដូចទៅនឹងមនុស្ស ត្រូវបានបង្ហោះឡើងដោយទំព័រហ្វេសប៊ុកមួយ កាលពីថ្ងៃទី០៩ ខែកុម្ភៈ ឆ្នាំ២០២៤កន្លងទៅនេះ ដោយភ្ជាប់ទៅនឹងការអះអាងថា ទិដ្ឋភាពនោះ គឺជាប្រភេទត្រីមុខមនុស្ស។ ការលើកឡើងបែបនេះ ត្រូវបានចែកចាយតៗគ្នាជាច្រើនដង រួមជាមួយនឹងប្រតិកម្ម និងការបញ្ចេញមតិចម្រុះពីសំណាក់អ្នកប្រើប្រាស់សង្គមហ្វេសប៊ុកនិយាយភាសាខ្មែរយ៉ាងផុសផុល។
ខាងក្រោមនេះ គឺជាវីដេអូឃ្លីបដែលត្រូវបានអ្នកប្រើប្រាស់អះអាងថា គឺជាត្រីមុខមនុស្ស។
ដូចគ្នានេះ អ្នកប្រើប្រាស់ហ្វេសប៊ុកដទៃផ្សេងទៀត ក៏បានបង្ហោះ និងបញ្ចេញមតិប្រតិកម្មទៅលើប្រភេទត្រី ដែលមានសណ្ឋានមុខដូចទៅនឹងមនុស្សផងដែរ កាលពីថ្ងៃទី១៤ ខែកុម្ភៈ ឆ្នាំ២០២៤កន្លងទៅ។
វីដេអូឃ្លីប និងការអះអាងដូចគ្នា ក៏ត្រូវបានរកឃើញ និងចែកចាយនៅលើគេហទំព័រវីដេអូ YouTube ផងដែរកាលពីថ្ងៃទី១០ ខែកុម្ភៈ ឆ្នាំ២០២៤កន្លងទៅ ដោយបានអះអាងថា អ្នកវិទ្យាសាស្ត្របានរកឃើញប្រភេទត្រីដែលមានភិនភាគមុខដូចទៅនឹងមនុស្ស។
សូមមើលវីដេអូទាំងស្រុង ដែលបង្ហាញទិដ្ឋភាពត្រីមុខមនុស្ស នៅខាងក្រោមនេះ។
Fact Crescendo Cambodia រកឃើញផងដែរថា វីដេអូឃ្លីប និងការអះអាងខាងលើ ក៏ត្រូវបានចែកចាយជាច្រើនដងនៅលើបណ្ដាញទំនាក់ទំនង WhatsApp នាពេលថ្មីៗនេះ។
ការត្រួតពិនិត្យការពិត
Fact Crescendo Cambodia បានត្រួតពិនិត្យ និងផ្ទៀងផ្ទាត់ទៅលើរូបភាពទាំងនេះតាមរយៈការដំណើរការ Google Reverse Image Search ដែលនាំឱ្យយើងរកឃើញការពិតដូចខាងក្រោមនេះ។
គិតមកត្រឹមថ្ងៃនេះ មិនមានការផ្សព្វផ្សាយទូលំទូលាយដោយប្រព័ន្ធផ្សព្វផ្សាយ និងបណ្ដាសារព័ត៌មានសំខាន់ៗទាក់ទងទៅនឹងការរកឃើញនៃប្រភេទត្រីដែលមានសណ្ឋានមុខដូចមនុស្សឡើយ។ ប្រសិនបើអ្នកវិទ្យាសាស្ត្រពិតជាបានរកឃើញប្រភេទសត្វដែលមានរូបរាងស្រដៀងនឹងមុខមនុស្សមែននោះ វាទំនងជាត្រូវបានរាយការណ៍យ៉ាងទូលំទូលាយ ប៉ុន្តែមិនមានរបាយការណ៍បែបនេះ ត្រូវបានរកឃើញនោះទេ។
Fact Crescendo Cambodia បានរកឃើញផងដែរ ប្រភេទត្រីដែលត្រូវបានគេអះអាង មានឈ្មោះថា «Homo Piscis» គឺមិនមាននៅក្នុងទិន្នន័យវិទ្យាសាស្រ្តណាមួយដែលផ្តល់ព័ត៌មានជាក់លាក់នោះទេ។ អវត្តមាននេះធ្វើឱ្យមានការចោទសួរអំពីភាពត្រឹមត្រូវនៃការអះអាងខាងលើ។
ដូចគ្នានេះ តាមរយៈគេហទំព័រ Hive Moderation ដែលជាគេហទំព័រ និងជាកម្មវិធីផ្ទៀងផ្ទាត់អត្ថបទ ឬរូបភាពទាំងឡាយណា ផលិតឡើងដោយបចេ្ចកវិទ្យាបញ្ញាសិប្បនិម្មិត ក៏បានបង្ហាញនូវលទ្ធផលបញ្ជាក់ថាទិដ្ឋភាពទាំងឡាយនោះ គឺ៩៩ភាគរយ ដែលបង្កើតដោយកម្មវិធី (AI) តែប៉ុណ្ណោះ។ ខាងក្រោមនេះ គឺជាការផ្ទៀងផ្ទាត់នៃរូបភាពផ្ដាមនៃត្រីដែលមានសណ្ឋានមុខដូចមនុស្ស។
(រូបភាពទី១)

(រូបភាពទី២)

(រូបភាពទី៣)

Hive Moderation Link | Archived Link
ព័ត៌មាននៃការអះអាងខាងលើនេះ ក៏ត្រូវបានផ្ទៀងផ្ទាត់ដោយក្រុមការងាររបស់យើងនៅក្នុងប្រទេសស្រីលង្កា (Fact Crescendo Sri Lanka) ផងដែរ កាលពីពេលថ្មីៗនេះ ដោយបានបង្ហាញថា ទិដ្ឋភាពត្រីដែលមានមុខដូចទៅនឹងមនុស្សនោះ គឺត្រូវបានបង្កើតឡើងដោយកម្មវិធី AI តែប៉ុណ្ណោះ។
Fact Crescendo Sri Lanka Link | Archived Link
ដើម្បីស្វែងរកព័ត៌មានពិត សូមតាមដានការផ្សាយរបស់យើងតាមរយៈប្រព័ន្ធដូចខាងក្រោម៖
Facebook Twitter Telegram Google News TikTok
សន្និដ្ឋាន
Fact Crescendo Cambodia បានរកឃើញ ការអះអាងដូចដែលត្រូវបានរៀបរាប់ខាងលើនេះ មិនត្រឹមត្រូវនោះឡើយ។ វីដេអូបង្ហាញត្រីមុខមនុស្សនេះ គឺត្រូវបានផលិតឡើងដោយបចេ្ចកវិទ្យាបញ្ញាសិប្បនិម្មិត (AI) តែប៉ុណ្ណោះ មិនមែនជាទិដ្ឋភាពជាក់ស្ដែងនោះឡើយ។

Title:វីដេអូឃ្លីបបង្ហាញត្រីមុខមនុស្ស ត្រូវបានបង្កើតឡើងដោយកម្មវិធី AI
Written By: Kakada SimResult: Altered