
បន្ទាប់ពីមេដឹកនាំបក្សជំទាស់បង្ហោះសំឡេងបែកធ្លាយរបស់មេដឹកនាំបក្សកាន់អំណាចនៅលើបណ្ដាញសង្គមមក ស្ថាប័នមួយរបស់រដ្ឋាភិបាល បានអះអាងថា សំឡេងបែកធ្លាយនោះ គឺជាសំឡេងដែលបង្កើតឡើងដោយបញ្ញាសិប្បនិម្មិត។ ទោះជាយ៉ាងណា ការផ្ទៀងផ្ទាត់របស់ Fact Crescendo បានរកឃើញថា ការអះអាងនេះមិនត្រឹមត្រូវនោះឡើយ។
ការអះអាងលើបណ្ដាញសង្គម
មេដឹកនាំបក្សជំទាស់ លោក សម រង្ស៊ី ដែលកំពុងរស់នៅឯក្រៅប្រទេស បានបង្ហោះនៅលើទំព័រហ្វេសប៊ុករបស់លោកនូវសំឡេងបែកធ្លាយមួយមានរយៈពេលកន្លះនាទី ដោយលោកអះអាងថា វាជាសំឡេងរបស់លោក ហ៊ុន សែន មេដឹកនាំបក្សកាន់អំណាច។
ក្នុងវីដេអូនៃសំឡេងបែកធ្លាយដែលបង្ហោះដោយលោក សម រង្ស៊ី កាលពីថ្ងៃទី១០ ខែមករា ឆ្នាំ២០២៥នោះ គេអាចស្ដាប់លឺការបង្គាប់បញ្ជារបស់លោក ហ៊ុន សែន ឱ្យតាមបំបាត់ចោលសកម្មជនបក្សប្រឆាំងមួយរូបដែលកំពុងរស់នៅភៀសខ្លួននៅក្នុងប្រទេសថៃ។
ក្រៅពីសំណេរជាភាសាខ្មែរ មេបក្សជំទាស់រូបនេះដែលកំពុងរស់នៅឯប្រទេសបារាំងនោះ បានសរសេររៀបរាប់ជាភាសាអង់គ្លេសផងដែរ ដោយបានប្រែសម្រួលខ្លឹមសារនៃសំឡេងបែកធ្លាយនោះ។
ខាងក្រោមនេះ គឺជាវីដេអូទាំងស្រុងដែលបង្ហោះនៅលើបណ្ដាញសង្គមដោយទំព័រហ្វេសប៊ុកផ្លូវការរបស់លោក សម រង្ស៊ី កាលពីថ្ងៃទី១០ ខែមករា ឆ្នាំ២០២៥ ជាមួយសំណេររៀបរាប់ថា “នេះជាសារបែកធ្លាយសំឡេងរបស់ ហ៊ុន សែន ដែលបញ្ជាឱ្យតាមសម្លាប់លោក ផន ផាន់ណា និងសកម្មជនផ្សេងៗទៀតនៅថៃ ដែលរហូតមកដល់ពេលនេះ គេបានសម្លាប់លោក លិម គិមយ៉ា។ ហ៊ុន សែន គឺជាមេឃាតករ”។
បន្ទាប់មក គណៈកម្មាធិការជាតិសម្របសម្រួលកិច្ចការព័ត៌មាន និងសាធារណមតិ បានចេញមកច្រានចោលនូវសំឡេងបែកធ្លាយនេះ ដោយចាត់ទុកសំឡេងបែកធ្លាយដែលបង្ហោះដោយមេបក្សជំទាស់នោះជាសំឡេងដែលត្រូវបានបង្កើតឡើងដោយបច្ចេកវិទ្យាបញ្ញាសិប្បនិម្មិត (AI)។
ជាងនេះទៅទៀត ស្ថាប័នរដ្ឋាភិបាលមួយនេះ ថែមទាំងបានប្រាប់ទៅមហាជនកុំឱ្យមានការយល់ច្រឡំ និងកុំចែករំលែកនូវសារបែកធ្លាយនេះ ដោយប្រាប់ថា វាជាព័ត៌មាន “ក្លែងក្លាយ”។
ខាងក្រោមនេះ គឺជារូបភាពផ្ដាមចេញពីការអះអាងបង្ហោះនៅលើទំព័រហ្វេសប៊ុកលេខាធិការដ្ឋាន គ.ជ.ព.ស. កាលពីថ្ងៃទី១១ ខែមករា ឆ្នាំ២០២៥ ដែលរៀបរាប់ថា “សំឡេងដែលទណ្ឌិត សម រង្ស៊ី បង្ហោះផ្សាយថា សម្ដេចតេជោមានជាប់ពាក់ព័ន្ធនឹងករណី លិម គិមយ៉ា គឺជាសំឡេងក្លាយដែលបង្កើតឡើងដោយ AI”។
បន្ទាប់ពីការអះអាងបែបនេះរបស់លេខាធិការដ្ឋាន គ.ជ.ព.ស. រួចមក វាបានជំរុញឱ្យមានការចោទសួរថា តើសំឡេងបែកធ្លាយនោះ ពិតជាត្រូវបានបង្កើតឡើងដោយបច្ចេកវិទ្យាបញ្ញាសិប្បនិម្មិតដូចដែលស្ថាប័នរដ្ឋាភិបាលបញ្ជាក់មែនឬយ៉ាងណា។
ខាងក្រោមនេះ គឺជាការត្រួតពិនិត្យ និងផ្ទៀងផ្ទាត់របស់ស្ថាប័ន Fact Crescendo ទៅលើសំឡេងបែកធ្លាយនោះ ដើម្បីបញ្ជាក់ថា សំឡេងនោះត្រូវបានបង្កើតឡើងដោយ AI ពិតមែន ឬក៏យ៉ាងណា។
ការត្រួតពិនិត្យការពិត
Fact Crescendo បានត្រួតពិនិត្យ និងផ្ទៀងផ្ទាត់ទៅលើការអះអាងដូចដែលត្រូវបានរៀបរាប់ខាងលើនេះតាមរយៈកម្មវិធីវិភាគសំឡេងបង្កើតឡើងដោយ AI ដែលនាំឱ្យយើងរកឃើញការពិតដូចខាងក្រោមនេះ។
លទ្ធផលនៃការវិភាគដោយវេបសាយ HIVE MODERATION ដែលជាឧបករណ៍វិភាគ AI ដ៏ឈានមុខគេមួយនៅលើពិភពលោក បង្ហាញថា សំឡេងបែកធ្លាយនោះ គឺជាសំឡេងធម្មជាតិ មិនមែនជាសំឡេងដែលបង្កើតឡើងដោយកម្មវិធីបញ្ញាសិប្បនិម្មិតនោះឡើយ។
ខាងក្រោមនេះ គឺជារូបភាពផ្ដាមចេញពីលទ្ធផលវិភាគដោយ HIVE MODERATION ដែលបញ្ជាក់ថា កម្រិតពិន្ទុនៃសំឡេងដែលបង្កើតឡើងដោយ AI ឬការក្លែងបន្លំសំឡេងនោះ មានសន្ទស្សន៍សូន្យភាគរយ ឬមានន័យថា សំឡេងដែលបែកធ្លាយនោះ មិនត្រូវបានបង្កើតឡើងដោយ AI នោះឡើយ។
ដើម្បីផ្ទៀងផ្ទាត់ភាពត្រឹមត្រូវនៃសំឡេងបែកធ្លាយនេះ Fact Crescendo ក៏បានបញ្ជូនសំឡេងទៅផ្ទៀងផ្ទាត់ដោយកម្មវិធីវិភាគសំឡេង AI ដទៃទៀតផងដែរ ក្នុងនោះមានការវិភាគដោយវេបសាយ deepware ដែលជាឧបករណ៍វិភាគ AI ដ៏ឈានមុខមួយទៀត។
ខាងក្រោមនេះ គឺជាលទ្ធផលនៃការវិភាគសំឡេងបែកធ្លាយដោយវេបសាយ deepware ដែលបង្ហាញថា សំឡេងបែកធ្លាយដែលបង្ហោះនៅលើបណ្ដាញសង្គមដោយលោក សម រង្ស៊ី មិនមែនជាសំឡេងចម្លង ឬសំឡេងបង្កើតឡើងដោយ AI នោះឡើយ។
ក្រៅពីលទ្ធផលនៃការវាយតម្លៃដោយឧបករណ៍វិភាគ AI ខាងលើ ឧបករណ៍បង្កើតមាតិកាដោយ AI មួយឈ្មោះថា PlayHT បានប្រាប់ពីរបៀបសម្គាល់មើលថា តើសំឡេងមួយត្រូវបានបង្កើតឡើងដោយ AI ឬក៏ជាសំឡេងធម្មជាតិពិតៗរបស់មនុស្ស។
នៅក្នុងសេចក្ដីណែនាំរបស់ខ្លួនដែលបង្ហោះនៅលើវេបសាយរបស់ខ្លួន វេបសាយ PlayHT បានណែនាំឱ្យកត់សម្គាល់ ២ចំណុចសំខាន់ៗដូចខាងក្រោម៖
១. សំឡេងរំខានជាប់ជាមួយសំឡេង និងសំឡេងរាបស្មើ៖ វិធីដ៏សាមញ្ញបំផុតមួយដើម្បីកត់សម្គាល់ថា សំឡេងមួយត្រូវបានបង្កើតឡើងដោយ AI ឬយ៉ាងណានោះ គឺការយកចិត្តទុកដាក់ស្ដាប់ថាតើមានសំឡេងផ្សេងៗ ឬសំឡេងរំខានជាប់មកជាមួយដែរឬយ៉ាងណា។ សំឡេងមនុស្សពិតប្រាកដ តែងតែនិយាយលើកដាក់សំឡេងឡើងចុះ ឬម្ដងខ្សោយម្ដងខ្លាំង មិនមែនជាសំឡេងរាបស្មើរហូតនោះឡើយ។ ចំពោះសំឡេងបង្កើតឡើងដោយ AI វាគ្មានចំណុចទាំងនេះទេ ហើយជាទូទៅ វាមានសំឡេងស្មើរហូត។
២. ការបញ្ចេញ និងការលើកដាក់សំឡេង៖ វិធីមួយទៀតសម្រាប់កត់សម្គាល់ថា តើសំឡេងមួយបង្កើតឡើងដោយ AI ឬយ៉ាងណានោះ គឺការកត់សម្គាល់ការបញ្ចេញសំឡេង ឬការលើកដាក់សំឡេងទៅលើពាក្យ ឬប្រយោគដោយមិនបានត្រឹមត្រូវទៅតាមអក្ខរាវិរុទ្ធ។
ត្រឡប់ទៅផ្ទៀងស្ដាប់សំឡេងបែកធ្លាយវិញ ដោយផ្អែកតាមចំណុចទាំងពីរនេះ Fact Crescendo បានកត់សម្គាល់ថា សំឡេងផ្សេងៗ ឬសំឡេងរំខាន បានកើតមានឡើងនៅក្នុងសំឡេងបែកធ្លាយនោះ។
បើតាមការផ្សាយរបស់វិទ្យុអាស៊ីសេរីជាភាសាខ្មែរកាលពីថ្ងៃទី១២ ខែមករា ឆ្នាំ២០២៥ សំឡេងរបស់លោក ហ៊ុន សែន ដែលត្រូវបានលោក សម រង្ស៊ី បង្ហោះនៅលើបណ្ដាញសង្គមនោះ ត្រូវបានគេទម្លាយតាំងពីប៉ុន្មានខែមុនមកម៉្លេះ ហើយក៏គ្មានប្រតិកម្មបែបណាពីរដ្ឋាភិបាលនោះឡើយ។
ការផ្សាយរបស់វិទ្យុអាស៊ីសេរីជាភាសាខ្មែរ ក៏បាននិយាយផងដែរថា ការវិភាគដោយម៉ាស៊ីនកុំព្យូទ័របង្ហាញថា សំឡេងបែកធ្លាយនេះ គឺជាសំឡេងមនុស្សពិតប្រាកដ មិនមែនជាសំឡេងបង្កើតឡើងដោយ AI នោះឡើយ។
អត្ថបទមួយកាលពីចុងខែកញ្ញា ឆ្នាំ២០២៤កន្លងមក វិទ្យុអាស៊ីសេរីផ្សាយសំឡេងជាភាសាខ្មែរ បានចុះផ្សាយពីសំឡេងបែកធ្លាយនេះ ដោយចាត់ទុកជាការគំរាមកំហែងឆ្លងដែនទៅលើក្រុមអ្នករិះគន់ដែលរស់នៅភៀសខ្លួននៅក្រៅប្រទេស។
ខាងក្រោមនេះ គឺជារូបភាពផ្ដាមចេញពីការបង្ហោះអត្ថបទព័ត៌មានរបស់វិទ្យុអាស៊ីសេរីជាភាសាខ្មែរនៅលើទំព័រហ្វេសប៊ុករបស់ខ្លួនកាលពីថ្ងៃទី២៧ ខែកញ្ញា ឆ្នាំ២០២៤ ដោយបង្ហាញសារសំឡេងបែកធ្លាយខាងផងដែរ។
RFA Khmer’s Facebook Post | Archived Link
សន្និដ្ឋាន
Fact Crescendo រកឃើញថា ការអះអាងថា សំឡេងបែកធ្លាយដែលបង្ហោះដោយលោក សម រង្ស៊ី ជាសំឡេងបង្កើតឡើងដោយបញ្ញាសិប្បនិម្មិតនោះ មិនត្រឹមត្រូវនោះឡើយ។ លទ្ធផលនៃការវិភាគដោយកម្មវិធីផ្ទៀងផ្ទាត់ AI នានា បង្ហាញថា សំឡេងបែកធ្លាយនោះ គឺជាសំឡេងមនុស្សពិតប្រាកដ មិនមែនត្រូវបានបង្កើតឡើងដោយ AI នោះឡើយ។

Title:លទ្ធផលវិភាគបង្ហាញថា សំឡេងបែកធ្លាយរបស់មេបក្សកាន់អំណាចជាសំឡេងមនុស្សពិត
Written By: Jay UdomResult: Misleading