
ព័ត៌មាន និងការអះអាងនានាទាក់ទងទៅនឹងលោក Elon Musk តែងតែត្រូវបានចែកចាយជាច្រើននៅលើបណ្ដាញសង្គម ក្នុងនោះ ព័ត៌មានផ្សព្វផ្សាយព្រោងព្រាតលើបណ្ដាញសង្គមថា មហាសេដ្ឋីអាមេរិករូបនេះ បាននឹងកំពុងផលិតបចេ្ចកវិទ្យាបង្កើតមនុស្សយន្ត ដែលអាចមានផ្ទៃពោះមនុស្សបាន។ ការអះអាងនេះ ត្រូវបានចែករំលែកបន្តជាច្រើន និងទាក់ទាញបានការជឿតាមរបស់អ្នកប្រើប្រាស់បណ្ដាញសង្គម។ ទោះជាយ៉ាងណា ការផ្ទៀងផ្ទាត់របស់យើង រកឃើញថា ការអះអាងនេះ មិនត្រឹមត្រូវនោះឡើយ។
ការអះអាងលើបណ្ដាញសង្គម
ការអះអាងមួយ បង្ហោះដោយអ្នកប្រើប្រាស់ហ្វេសប៊ុកម្នាក់ បានលើកឡើងថា មហាសេដ្ឋីអាមេរិកលោក Elon Musk ដែលជាស្ថានិកក្រុមហ៊ុន Tesla នោះ បាននឹងកំពុងតែបង្កើតមនុស្សយន្តដើម្បីមានផ្ទៃពោះមនុស្ស។ សារមួយនេះ ត្រូវបានចែករំលែកពីសំណាក់អ្នកប្រើប្រាស់ហ្វេសប៊ុកនិយាយភាសាខ្មែរផងដែរទៅនឹងព័ត៌មានខាងលើ។
ខាងក្រោមនេះ គឺជារូបភាពផ្ដាមចេញពីការអះអាងនៅលើបណ្ដាញសង្គមកាលពីថ្ងៃទី២៥ ខែតុលា ឆ្នាំ២០២៤ ដែលរៀបរាប់ «Elon គឺ Currently កំពុងធ្វើការលើកំណែថ្មីនៃ Robots ដែលអាចផ្ទុកកូនរបស់អ្នកបានរយៈពេល៩ខែ […] »។
ខាងក្រោមនេះ គឺជារូបភាពផ្ដាមចេញពីការបង្ហោះការអះអាងនេះ នៅលើបណ្ដាញសង្គមហ្វេសប៊ុកដោយអ្នកប្រើប្រាស់ហ្វេសប៊ុកមួយទៀតកាលពីថ្ងៃទី៣០ ខែតុលា ឆ្នាំ២០២៤។
ការអះអាងដូចគ្នានេះ ក៏ត្រូវបានបង្ហោះព្រោងព្រាតនៅលើបណ្ដាញសង្គមដទៃទៀតផងដែរ ដូចជា Threads ដែលជាបណ្ដាញសង្គមថ្មីរបស់ក្រុមហ៊ុន Meta។
ខាងក្រោមនេះ គឺជារូបភាពផ្ដាមចេញពីការអះអាងនេះលើបណ្ដាញសង្គម Threads កាលពីថ្ងៃទី២៣ ខែតុលា ឆ្នាំ២០២៤ ដោយសរសេររៀបរាប់ថា «Elon Musk is Currently working on a new version of Robots that can carry your baby for 9 months while you go about your work» ឬអាចប្រែជាភាសាខ្មែរថា «បច្ចុប្បន្ន Elon Musk កំពុងធ្វើការលើកំណែថ្មីនៃ Robots ដែលអាចផ្ទុកកូនរបស់អ្នកបានរយៈពេល ៩ខែ ខណៈពេលដែលអ្នកធ្វើការរបស់អ្នក»។
ការត្រួតពិនិត្យការពិត
Fact Crescendo បានចាប់ផ្ដើមត្រួតពិនិត្យ និងផ្ទៀងផ្ទាត់លើព័ត៌មាននេះតាមរយៈការពិនិត្យមើលសេចក្ដីរាយការណ៍ព័ត៌មានពីប្រភពគួរឱ្យទុកចិត្តនានា និងសេចក្ដីប្រកាសព័ត៌មានរបស់ក្រុមហ៊ុនផ្ទាល់ ដែលនាំឱ្យយើងរកឃើញការពិតដូចខាងក្រោមនេះ។
ដើម្បីបញ្ជាក់ពីភាពត្រឹមត្រូវនៃព័ត៌មានខាងលើ យើងបានពិនិត្យមើលសារព័ត៌មានធំៗនៅលើពិភពលោកដូចជា New York Times, Washington Post, BBC, CNN និងទស្សនាវដ្ដីបច្ចេកវិទ្យាធំៗដូចជា The Verge ជាដើម ដោយគ្មានសេចក្ដីរាយការណ៍ព័ត៌មានណាមួយ ត្រូវបានរកឃើញ និងផ្សព្វផ្សាយនៅលើប្រព័ន្ធផ្សព្វផ្សាយធំៗនោះឡើយ គិតរហូតមកដល់ពេលនេះ។
តាមរយៈគេហទំព័រ Hive Moderation ដែលជាគេហទំព័រ និងជាកម្មវិធីផ្ទៀងផ្ទាត់អត្ថបទ ឬរូបភាពទាំងឡាយណា ផលិតឡើងដោយបច្ចេកវិទ្យាបញ្ញាសិប្បនិម្មិត បានបង្ហាញនូវលទ្ធផលបញ្ជាក់ថា រូបភាពមនុស្សយន្តមានផ្ទៃពោះជាមនុស្សនោះ គឺ ៩៩.៧ភាគរយ ដែលបង្កើតឡើងដោយកម្មវិធី (AI) តែប៉ុណ្ណោះ។
Hive Moderation Link | Archived Link
វីដេអូឃ្លីបទាំងស្រុងអំពីបទបង្ហាញ ផ្សាយនៅលើគេហទំព័រវីដេអូ YouTube របស់ក្រុមហ៊ុន Tesla ពុំបានលើកឡើងណាមួយ អំពីការអភិវឌ្ឍ និងបង្កើតមនុស្សយន្តពពោះជំនួសមនុស្ស ក្នុងពេលធ្វើបទបង្ហាញនោះទេ។
ការធ្វើបទបង្ហាញនេះ ក៏ត្រូវបានចុះផ្សព្វផ្សាយនៅលើបណ្ដាសារព័ត៌មានអន្តរជាតិនានាផងដែរ ដូចជា The Indian Express (archived link), The Verge (archived link) និង CNN (archived link)។
ព័ត៌មានស្រដៀងខាងលើមួយនេះ ក៏ត្រូវបានត្រួតពិនិត្យ និងផ្ទៀងផ្ទាត់រួចរាល់ហើយ ដោយក្រុមការងារផ្ទៀងផ្ទាត់ព័ត៌មានក្លែងក្លាយនៃស្ថាប័ន Fact Crescendo នៅឯក្រៅប្រទេស។ អ្នកទាំងអស់គ្នា អាចរកអានអត្ថបទមានការផ្ទៀងផ្ទាត់រួចរាល់តាមរយៈតំណភ្ជាប់នៅទីនេះ (archived link)។
ក្រុមការងារ Fact Crescendo Cambodia ក៏បានធ្វើការស្នើសុំការបញ្ជាក់បន្ថែមទៀតពីក្រុមហ៊ុន Tesla តាមរយៈប្រព័ន្ធសារអេឡិចត្រូនិក (Email) ផងដែរ ប៉ុន្ដែគិតត្រឹមថ្ងៃចេញផ្សាយអត្ថបទនេះ នៅមិនទាន់មានការឆ្លើយតបនៅឡើយទេ។ យើងនឹងធ្វើបច្ចុប្បន្នភាពបន្ថែមទៀត បន្ទាប់ពីក្រុមហ៊ុន Tesla បានបញ្ជាក់លម្អិតអំពីរឿងនេះ។
ទោះជាយ៉ាងណា ករណីស្រដៀងៗគ្នា និងពាក់ព័ន្ធទៅនឹងមហាសេដ្ឋីអាមេរិកលោក Elon Musk ក៏ត្រូវបានផ្ទៀងផ្ទាត់ការពិតជារឿយៗផងដែរ ដោយក្រុមការងារ Fact Crescendo Cambodia ដោយយើងបានរកឃើញថា ការអះអាង ដែលចែកចាយនៅលើបណ្ដាញសង្គមនោះ មិនត្រឹមត្រូវទាំងអស់នោះឡើយ។
សូមអានព័ត៌មានលម្អិតបន្ថែមនៅតំណភ្ជាប់ខាងក្រោមនេះ៖
- ព័ត៌មានក្លែងក្លាយថា លោក Elon Musk ទិញ CNN តម្លៃ ៣ពាន់លានដុល្លារ (archived link)
- ព័ត៌មានក្លែងក្លាយថា ក្រុមហ៊ុនរបស់ Elon Musk ទើបបង្ហាញយន្តហោះអគ្គិសនី (archived link)
- ព័ត៌មានមិនត្រឹមត្រូវថា ក្រុមហ៊ុន Tesla នឹងបញ្ចេញកំពូលស្មាតហ្វូននៅចុងឆ្នាំនេះ (archived link)
ដើម្បីស្វែងរកព័ត៌មានពិត សូមតាមដានការផ្សាយរបស់យើងតាមរយៈប្រព័ន្ធដូចខាងក្រោម៖
Facebook Twitter Telegram Google News TikTok WhatsApp
សន្និដ្ឋាន
Fact Crescendo រកឃើញថា ការអះអាងដូចដែលត្រូវបានរៀបរាប់ខាងលើនេះ មិនត្រឹមត្រូវនោះឡើយ។ គិតត្រឹមថ្ងៃនេះ មិនមានភស្តុតាង និងសេចក្ដីប្រកាសផ្លូវការណាមួយ ដែលក្រុមហ៊ុន Tesla របស់លោក Elon Musk បាននឹងអភិវឌ្ឍ និងបង្កើតមនុស្សយន្តពពោះជំនួសមនុស្សនោះឡើយ។

Title:តើពិតទេដែលលោក Elon Musk កំពុងបង្កើតមនុស្សយន្តដើម្បីមានផ្ទៃពោះមនុស្ស?
Fact Check By: Kakada SimResult: Misleading
