Fact Check: រូប​ភាព​​បង្ហាញ​អំពី​ទិដ្ឋ​ភាព​ទី​ក្រុង​ក្បែរ​នឹង​មាត់​ទន្លេ​ គឺ​ស្ថិត​នៅ​ក្នុង​ទី​ក្រុង​បាង​កក

International

បាងកក​ គឺ​ជា​រាជធានី​ និង​ជា​ទីក្រុង​ដែល​មាន​ប្រជាជន​ច្រើន​បំផុត​នៅក្នុង​ប្រទេស​ថៃ​។​​ ដោយ​សារ​តែ​លក្ខណៈ​ភូមិសាស្រ្ត​ អំណោយ​ផល​ និង​ជា​មជ្ឈមណ្ឌល​នៃ​គមនាគមន៍​របស់​អាស៊ីផង​ដែរ​នោះ​ វា​បាន​ធ្វើ​ឲ្យ​ទីក្រុង​បាងកក​ បាន​ក្លាយ​ជា​ ស្នាក់ការ​នៃ​អង្គការ​អន្តរជាតិ និង​ក្នុង​តំបន់​ជាច្រើន។ ថ្មី​ៗ​នេះ​ យើង​ឃើញ​មាន​អ្នក​ប្រើ​ប្រាស់​បណ្តាញ​សង្គម​ម្នាក់​ បាន​យក​រូប​ភាព​មួយ​សន្លឹក​ដែល​ស្ថិត​នៅក្នុង​ទីក្រុង​មួយ​នេះ​ មក​អះ​អាង​ថា​ជា​ទី​ក្រុង​ព្រែក​ឬស្សី​ទៅ​វិញ​។ ទោះ​យ៉ាង​ណា​ ការ​ផ្ទៀង​​ផ្ទាត់​របស់ Fact Crescendo Cambodia បាន​បង្ហាញ​ថា ការ​អះអាង​​នេះ​ គឺ​មិន​ត្រឹម​ត្រូវ​នោះ​ឡើយ។

ការ​អះ​អាង​លើ​បណ្តាញសង្គម

កាល​ពី​ថ្ងៃទី​២៥ ខែ​ឧសភា ឆ្នាំ​២០២០កន្លងទៅ​នេះ ​មាន​អ្នក​ប្រើ​​បណ្តាញ​សង្គម​ហ្វេសប៊ុក​ម្នាក់​ បាន​បង្ហោះ​រូបភាព​​មួយ​ សន្លឹក​ ដែល​​​បង្ហាញ​អំពី​ទិដ្ឋភាព​នៃ​ទីក្រុង​មួយ​ដែល​មាន​ទីតាំង​ក្បែរ​នឹង​មាត់​ទន្លេ​​។ អ្នក​​ប្រើ​​ហ្វេស​ប៊ុក​​​​ដដែល​​​នេះ​ ​​ក៏​​បាន​​ អះ​​អាង​​ដែរ​​​ថា​​ «ទី​ក្រុង​ព្រែក​ឬស្សី​​»។ ព្រែក​​ឫស្សី​ ជា​ទី​​ក្រុង​​មួយ​ (បច្ចុប្បន្ន​បាន​ផ្លាស់​ប្តូរ​ឈ្មោះ​ទៅ​ជា​ខេត្ត​ Cần Thơ ប្រទេស​វៀតណាម​វិញ​) ដែល​ស្ថិត​នៅ​ក្នុង​​តំបន់​​វាល​ទំនាប​​នៃ​​ដង​​ទន្លេមេគង្គ​ និង​មាន​ចម្ងាយ​ប្រមាណ​ ១៦៩​ គីឡូ​ម៉ែត្រ​ពី​​ទី​ក្រុង​​ហូជីមិញ​។ ការ​​​អះ​​អាង​មួយ​​នេះ​ត្រូវ​​បាន​​ចែក​​រំលែក​សារ​ជា​ថ្មី​នា​ប៉ុន្មាន​ថ្ងៃ​ចុង​ក្រោយ​នេះ​​ ពី​​សំណាក់​​ អ្នក​ប្រើ​ហ្វេសប៊ុក​និយាយ​ភាសា​ខ្មែរ។

រូបភាព​ផ្ដាម​ចេញ​ពី​ប៉ុស្តិ៍​របស់​អ្នក​ប្រើ​ប្រាស់​​​​ ដែល​បាន​រៀប​រាប់​​ថា​​ «ទីក្រុង​ធំ​ទាំង​ពីរ​​ប្រចាំ​ដែន​ដី​កម្ពុជា​ក្រោម​ដែល​ ត្រូវ​អា​ចោរ​យួន​លេប​យក​ទៅ​បាត់​ ក្នុង​នាម​ជា​កូន​ខ្មែរ​ ជា​ពលរដ្ឋ​ខ្មែរ​ នៃ​ម្ចាស់​ប្រទេស​ ត្រូវ​តែ​ទាម​ទា​យក​មក​វិញ​៕ ១.ក្រុង​ព្រែក​ឫស្សី​ ២.ក្រុង​ព្រៃ​នគរ​»។

Facebook Post | Archived Link 

ការត្រួត​ពិនិត្យ​ការ​ពិត

Fact Crescendo Cambodia បាន​ចាប់ផ្តើម​​ត្រួត​ពិនិត្យ និង​​ផ្ទៀង​ផ្ទាត់​រូបថត​​តាមរយៈ​កម្មវិធី​ Google Reverse Image​ និង​តាម​រយៈ​កម្ម​វិធី​ Yandex​ ដែល​នាំ​ឲ្យ​ទៅ​រក​ឃើញ​ការ​ពិត​ប្រភព​ដើម​នៃ​ទិដ្ឋភាព​នៃ​ទីក្រុង​មួយ​នេះ ដែល​មាន​ ទម្រង់​ដូច​គ្នា​ទាំង​ស្រុង។

តាម​រយៈ​ការ​បង្ហោះ​រូប​ភាព​មួយ​ដែល​មាន​ទម្រង់​ដូច​គ្នា​ទាំង​ស្រុង​​នៅ​លើ​បណ្តាញគេហទំព័រ​​ Remote Lands ​កន្លង​ទៅ​នេះ ដែល​បាន​បញ្ជាក់​ និង​រៀប​រាប់​អំពី​ដំណើរ​កម្សាន្ត​នៅ​ក្នុង​ទីក្រុង​បាងកក​ ប្រទេស​ថៃ​។ ក្នុង​គេហ​ទំព័រ​មួយ​នេះ​ ក៏​បាន​លើក​ ឡើង​ផង​ដែរ​​អំពី​ជម្រើស​ដ៏​ល្អ​បំផុត​ក្នុង​ការ​ធ្វើ​ដំណើរ​តាម​ដង​ទន្លេ​ចៅ​ព្រះ​យ៉ា​នា​ពេល​ល្ងាច​។

រូប​ភាព​ផ្ដាម​ចេញ​ពីគេហទំព័រ​​ ដែល​បាន​សរសេរ​រៀប​រាប់​​​ចំណងជើងជា​ភាសា​អង់គ្លេស​ថា​ «24 HOURS IN BANGKOK» ​ប្រែ​ជា​ភាសា​ខ្មែរ​មាន​ន័យ​ថា «២៤​ម៉ោង​នៅ​ក្នុង​ទី​ក្រុង​បាង​កក​​»។

Remote Lands | Archived Link

រូបភាព​មួយ​សន្លឹក​ផ្សេង​ទៀត​ ដែល​ត្រូវ​បាន​គេ​ថត​នៅ​ទីតាំង​តែ​មួយ​នោះ​ ក៏​បាន​ចុះ​ផ្សព្វផ្សាយ​ផង​ដែរ​នៅ​ក្នុង​គេហ​ទំព័រ​ Mast Yatri ដែល​បាន​បង្ហោះ​នូវ​រូប​ភាព​ដែល​មាន​ទម្រង់​ដូច​គ្នា​ និង​មាន​ទីតាំង​ដូច​គ្នា​ទាំង​ស្រុង​ ដោយ​បាន​បញ្ជាក់​ថា​ វា​គឺ​ជា​ទិដ្ឋ​ភាព​នៅ​ទន្លេចៅព្រះ​យ៉ា​ក្នុង​ទីក្រុង​បាងកក​នា​ពេល​រាត្រី។

រូប​ភាព​ផ្ដាម​ចេញ​ពីគេហទំព័រ​​ ដែល​បាន​សរសេរ​រៀប​រាប់​​​ចំណងជើងជា​ភាសា​អង់គ្លេស​ថា​ «The most popular and main river of Bangkok is the Chao Phraya River. It’s also the place where you get to see many beautiful hotels, temples, and bridges of Bangkok.» ​ប្រែ​ជា​ភាសា​ខ្មែរ​មាន​ន័យ​ថា «កន្លែង​ដែល​ពេញ​និយម​ និង​ជា​ទន្លេ​ដ៏​សំខាន់​នោះ​ គឺ​ជា​ទន្លេ​ចៅ​ព្រះ​យ៉ា​ ដែល​វា​ជា​ទីតាំង​បណ្តុំ​ទៅ​ដោយ​សណ្ឋាគារ​ ព្រះ​វិហារ​ និង​ស្ពាន​ដ៏​ស្រស់​ស្អាត​នៅ​ក្នុង​ទីក្រុង​ បាង​កក​»។

Mast Yatri | Archived Link

ឆ្លើយ​​តប​​នឹង​​ការ​​សាក​សួរ​បន្ថែម​ពី Fact Crescendo Cambodia តាម​រយៈ​ប្រព័ន្ធ​ផ្ញើ​សារ​នៅ​ល្ងាច​ថ្ងៃ​នេះ​ អ្នក​ប្រើហ្វេសប៊ុក​ ​ដែល​បាន​អះ​អាង​ខាង​លើ​ បានប្រាប់​​ថា​ គាត់​បាន​យក​រូបថត​មួយនេះ​ចេញ​ពី​អ្នក​ប្រើ​ហ្វេសប៊ុក​​ដទៃ​ផ្សេង​ទៀត​ ដែល​​លោក​​​ធ្លាប់​បាន​ឃើញ​ពី​មុន​មក​​​។ លោក​​ក៏​បាន​បញ្ជាក់​ផង​ថា រូប​លោក​ផ្ទាល់​ក៏​មិន​ច្បាស់​មួយ​រយ​ភាគ​រយ​ថា​ ទិដ្ឋ​ភាព​នៃ​ទីក្រុង​​មួយ​នេះ​ វា​ពិត​ជា​ស្ថិត​នៅ​ក្នុង​ទីក្រុង​ព្រែក​ឬស្សី​នោះ​ដែរ​​។

សន្និដ្ឋាន (Conclusion)

Fact Crescendo Cambodia បាន​រក​ឃើញ​ថា រូបថត​ដែល​អ្នក​ប្រើ​ប្រាស់​បណ្ដាញ​សង្គម​កម្ពុជា​អះ​អាង​ថា​ជាទិដ្ឋភាព ទីក្រុង​ព្រែក​ឬស្សី​ នៅ​ក្នុង​ប្រទេស​វៀតណាម​នោះ​​ គឺ​​ធ្វើ​ឲ្យ​មាន​ការ​យល់​ច្រឡំ​ និង​មិន​​មែន​​ជា​​ការ​​ពិត​​នោះ​ទេ​។ ការ​ពិត​ រូប​ភាព​មួយ​សន្លឹក​នេះ​ ត្រូវ​បាន​រក​ឃើញ​ និង​ថត​ឡើង​ចេញ​ពី​ទីក្រុង​​បាងកក​ ប្រទេស​ថៃ​។

Avatar

Title:Fact Check: រូប​ភាព​​បង្ហាញ​អំពី​ទិដ្ឋ​ភាព​ទី​ក្រុង​ក្បែរ​នឹង​មាត់​ទន្លេ​ គឺ​ស្ថិត​នៅ​ក្នុង​ទី​ក្រុង​បាង​កក​​

Fact Check By: Kakada Sim 

Result: Misleading

Leave a Reply

Your email address will not be published.