
តម្លៃប្រេងឥន្ធនៈ បានចាប់ផ្តើមឡើងថ្លៃជាបន្តបន្ទាប់ចាប់តាំងពីពាក់កណ្តាលខែតុលាមកម្ល៉េះ ដោយបច្ចុប្បន្ននេះ សាំងធម្មតា គឺមានតម្លៃប្រមាណ ៤៥០០រៀល។ រឿងរ៉ាវសាំង ឬប្រេងឡើងថ្លៃខ្លាំងនេះ កំពុងក្លាយជាប្រធានបទក្តៅគគុក និងមានការជជែកដេញដោលយ៉ាងផុសផុលនៅតាមបណ្តាញសង្គមនានា ដោយមានការបង្ហោះរូបកំប្លុកកំប្លែង។ ក្នុងចំណោមនោះ រូបថតមួយសន្លឹកបង្ហាញអំពីទិដ្ឋភាពរថយន្តមួយគ្រឿង ត្រូវបានគេអះអាងថា បានក្រឡាប់ដោយសារតែឃើញតម្លៃសាំង។
ទោះជាយ៉ាងណា ការត្រួតពិនិត្យ និងផ្ទៀងផ្ទាត់ការពិតរបស់ក្រុមការងារ Fact Crescendo Cambodia បានរកឃើញថា រូបថត និងការអះអាងដោយអ្នកប្រើប្រាស់ហ្វេសប៊ុកបានបង្ហោះនៅលើបណ្តាញសង្គមនោះ គឺធ្វើឲ្យមានការយល់ច្រឡំ។
ការអះអាងលើបណ្តាញសង្គម
កាលពីថ្ងៃទី០៧ ខែកុម្ភៈ ឆ្នាំ២០២២កន្លងទៅ អ្នកប្រើប្រាស់ហ្វេសប៊ុកម្នាក់ បានបង្ហោះរូបថតមួយសន្លឹក ចូលទៅក្នុងក្រុមហ្វេសប៊ុកឈ្មោះថា «និយាយពីឡាន/Talking About Car(TAC)» ដោយបង្ហាញអំពីទិដ្ឋភាពរថយន្តមួយគ្រឿង បានក្រឡាប់ផ្ងារជើងនៅក្នុងស្ថានីយ៍ប្រេងឥន្ធនៈមួយកន្លែង។ អ្នកប្រើប្រាស់ដដែលនេះ ពុំបានបញ្ជាក់អំពីទីតាំង និងព័ត៌មានលម្អិតនៃហេតុការណ៍មួយនេះឡើយ។
ការអះអាងមួយនេះ ត្រូវបានចែកចាយ និងប្រតិកម្មចម្រុះតៗគ្នាជាច្រើនរយដងពីសំណាក់អ្នកប្រើប្រាស់ហ្វេសប៊ុក។
ខាងក្រោមនេះ គឺជារូបភាពផ្តាមចេញពីអ្នកប្រើប្រាស់ហ្វេសប៊ុកខាងលើ បានសរសេររៀបរាប់ថា «ឡានមួយគ្រឿងបានសន្លប់ភ្លាមៗពេលបានឃើញតម្លៃសាំង»។

ការត្រួតពិនិត្យការពិត
Fact Crescendo Cambodia បានចាប់ផ្ដើមធ្វើការត្រួតពិនិត្យ និងផ្ទៀងផ្ទាត់លើរូបថតនេះតាមរយៈ ការដំណើរការកម្មវិធីស្វែងរករូបថតរបស់ក្រុមហ៊ុន Google ដែលនាំឱ្យយើងប្រទះនូវប្រភពមួយចំនួន។
រូបថតដែលមានទម្រង់ និងសណ្ឋានដូចគ្នា ត្រូវបានរកឃើញនៅលើគេហទំព័រ Manchester Evening ផ្សព្វផ្សាយកាលពីថ្ងៃទី១៣ ខែមករា ឆ្នាំ២០២២កន្លងទៅថ្មីៗនេះ ដោយហេតុការណ៍មួយនេះ ត្រូវបានកើតឡើងនៅតាមផ្លូវព្រះវិហារ ឃីដល ហ៊ុល (Cheadle Hulme) ក្នុងប្រទេសអង់គ្លេស។ គេហទំព័រដដែលនេះ ពុំបានបញ្ជាក់ថាហេតុការណ៍មួយនេះ បានកើតឡើងដោយសារតែការកើនឡើង នៃតម្លៃប្រេងសាំងនោះឡើយ។
ខាងក្រោមនេះ គឺជារូបភាពផ្តាមចេញពីគេហទំព័រខាងលើ ដែលបានសរសេររៀបរាប់ជាភាសាអង់គ្លេសថា «Woman in her 60s miraculously escapes with no injuries after shocking car flip» ឬប្រែសម្រួលជាភាសាខ្មែរមានន័យថា «ស្ត្រីវ័យ ៦០ឆ្នាំម្នាក់ គ្មានរងរបួស ក្រោយពីក្រឡាប់រថយន្តដោយយថាហេតុ»។

គេហទំព័រដដែលខាងលើនេះ ក៏បានបញ្ជាក់ជាភាសាអង់គ្លេសផងដែរថា «On Wednesday (January 12) police were called to Church Road, Cheadle following reports of an accident involving a car that had rolled over in the area. A woman in her 60s, who was the only person in the vehicle, was checked over by ambulance and was found to have no injuries» ឬប្រែសម្រួលជាភាសាខ្មែរមានន័យថា «កាលពីថ្ងៃពុធ (ថ្ងៃទី១២ ខែមករា) ប៉ូលីសត្រូវបានគេហៅទៅកាន់ផ្លូវព្រះវិហារ ឃីដល ហ៊ុល បន្ទាប់ពីមានសេចក្តីរាយការណ៍ អំពីឧបទ្ទវហេតុពាក់ព័ន្ធនឹងរថយន្តដែលបានក្រឡាប់នៅតំបន់នោះ។ ស្រ្តីម្នាក់អាយុ៦០ឆ្នាំ ដែលជាមនុស្សតែម្នាក់នៅក្នុងរថយន្តនោះ ត្រូវបានរថយន្តសង្គ្រោះបន្ទាន់ពិនិត្យ និងរកឃើញថា មិនមានរបួសអ្វីនោះទេ»។
Manchester Evening News Report | Archived Link
ដូចគ្នានេះ តាមរយៈគេហទំព័រ 9WEB ផ្សព្វផ្សាយកាលពីថ្ងៃទី១២ ខែមករា ឆ្នាំ២០២២កន្លងទៅនេះ ក៏បានផ្សព្វផ្សាយអំពីព័ត៌មាននៃរថយន្តដែលក្រឡាប់មួយនេះផងដែរ។ ខាងក្រោមនេះ គឺជារូបភាពផ្តាមចេញពីគេហទំព័រខាងលើ បានសរសេររៀបរាប់ជាភាសាអង់គ្លេសថា «Overturned car at BP gas station, Church Road, Cheadle Hulme» ឬប្រែសម្រួលជាភាសាខ្មែរមានន័យថា «រថយន្តក្រឡាប់នៅស្ថានីយ៍ប្រេងឥន្ធនៈប៊ីភី (BP) ផ្លូវព្រះវិហារ ឃីដល ហ៊ុល (Cheadle Hulme)»។

ដើម្បីស្វែងរកព័ត៌មានពិត សូមតាមដានការផ្សាយរបស់យើងតាមរយៈប្រព័ន្ធដូចខាងក្រោម៖
Facebook Twitter Telegram Google News
សន្និដ្ឋាន
Fact Crescendo Cambodia បានរកឃើញថា រូបថត និងការអះអាងដោយអ្នកប្រើប្រាស់ហ្វេសប៊ុកខាងលើនោះ គឺធ្វើឲ្យមានការយល់ច្រឡំ។ ការពិតរូបថតបង្ហាញអំពីទិដ្ឋភាពរថយន្តក្រឡាប់នៅស្ថានីយ៍ប្រេងឥន្ធនៈនេះ គឺកើតឡើងនៅស្ថានីយ៍ប្រេងឥន្ធនៈប៊ីភី (BP) ផ្លូវព្រះវិហារ ឃីដល ហ៊ុល (Cheadle Hulme) ក្នុងប្រទេសអង់គ្លេស ដែលបើកបរដោយស្ត្រីវ័យ៦០ឆ្នាំម្នាក់។ ហេតុការណ៍មួយនេះ ពុំមានការទាក់ទងទៅនឹងតម្លៃប្រេងសាំង ដែលបានកំពុងតែកើនឡើងនៅក្នុងប្រទេសកម្ពុជាយើងនោះទេ។

Title:ពិតទេដែលរថយន្តមួយនេះក្រឡាប់ដោយសារតែឃើញតម្លៃប្រេងសាំង?
Fact Check By: Kakada SimResult: Satire
