
ប៉ុន្មានថ្ងៃចុងក្រោយនេះ មានព័ត៌មានយ៉ាងផុសផុលមួយ បានលើកឡើងថា បាតុភូតសូរ្យគ្រាសដែលនឹងកើតឡើងនៅថ្ងៃទី០៨ ខែមេសាខាងមុខនេះ គឺជាបាតុភូតសូរ្យគ្រាសពេញលេញមួយ ដែលយើងនឹងមិនអាចមើលឃើញនោះឡើយនៅក្នុងរយៈពេល ៣៧៥ឆ្នាំខាងមុខ។ ព័ត៌មាននេះ ត្រូវបានចែករំលែកបន្តព្រោងព្រាតនៅលើបណ្ដាញសង្គម។ ទោះជាយ៉ាងណា ការត្រួតពិនិត្យការពិតរបស់ Fact Crescendo Cambodia រកឃើញថា ការអះអាងខាងលើនោះ គឺមិនត្រឹមត្រូវនោះឡើយ។
ការអះអាងលើបណ្ដាញសង្គម
កាលពីថ្ងៃទី២៥ ខែមីនា ឆ្នាំ២០២៤កន្លងទៅនេះ អ្នកប្រើប្រាស់ហ្វេសប៊ុកម្នាក់ បានចែកចាយរូបថតចំនួន ៤សន្លឹក បង្ហាញទិដ្ឋភាពនៃបាតុភូតសូរ្យគ្រាស។ ការបង្ហោះនេះ ត្រូវបានភ្ជាប់ជាមួយនឹងសំណេរលើកឡើងថា បាតុភូតសូរ្យគ្រាស ដែលនឹងកើតឡើងនៅថ្ងៃទី០៨ ខែមេសាខាងមុខនេះ គឺជាបាតុភូត ដែលយើងនឹងមិនអាចមើលឃើញនៅក្នុងរយៈពេល ៣៧៥ឆ្នាំទៅមុខទៀត។
ខាងក្រោមនេះ គឺជារូបភាពផ្ដាមចេញពីប៉ុស្តិ៍របស់អ្នកប្រើប្រាស់ ដែលបានសរសេររៀបរាប់ថា «រង់ចាំមើល! ជិតដល់ថ្ងៃទី០៨ ខែមេសា ឆ្នាំ២០២៤ហើយ សូរ្យគ្រាសពេញវង់ នឹងអាចមើលឃើញជាថ្មី ហើយនឹងប្រែក្លាយថ្ងៃទៅជាយប់។ យើងនឹងមិនមើលឃើញសូរ្យគ្រាសពេញលេញផ្សេងទៀតដូចនេះទេ រហូតដល់រយៈពេល ៣៧៥ឆ្នាំទៀត»។

ការលើកឡើងបែបនេះ ក៏ត្រូវបានអ្នកប្រើប្រាស់បណ្ដាញសង្គមដទៃទៀត ចែករំលែកជាច្រើនដង រួមជាមួយការបញ្ចេញមតិ និងប្រតិកម្មចម្រុះបែបផងដែរ។
ខាងក្រោមនេះ គឺជារូបភាពផ្ដាមចេញពីទំព័រហ្វេសប៊ុកខាងលើ ដែលបានសរសេររៀបរាប់ជាភាសាអង់គ្លេស ឬប្រែសម្រួលជាភាសាខ្មែរថា «នៅថ្ងៃទី០៨ ខែមេសា ឆ្នាំ២០២៤ សូរ្យគ្រាសពេញលេញ នឹងអាចមើលឃើញ ហើយនឹងប្រែក្លាយថ្ងៃទៅជាយប់។ សីតុណ្ហភាពនឹងធ្លាក់ចុះ សត្វនឹងមានភក់ ហើយភាពងងឹតនឹងបង្វែរពន្លឺព្រះអាទិត្យទៅជាពេលយប់។ យើងនឹងមិនឃើញសូរ្យគ្រាសដូចនេះទេសម្រាប់រយៈពេល ៣៧៥ឆ្នាំ»។

ការអះអាងបែបនេះ ត្រូវបានបង្ហោះ និងរកឃើញនៅលើបណ្ដាញសង្គមហ្វេសប៊ុក ជាច្រើនទៀតផងដែរ។ សូមមើលខ្លឹមសារអះអាងទាំងស្រុង តាមរយៈតំណភ្ជាប់មាននៅទីនេះ (archived link) និងតំណភ្ជាប់មួយទៀតនៅទីនេះ (archived link)។
ការត្រួតពិនិត្យការពិត
Fact Crescendo Cambodia បានត្រួតពិនិត្យការអះអាងខាងលើ និងធ្វើការស្រាវជ្រាវ ពីប្រភពដែលអាចទុកចិត្តបាន ដែលនាំយើងរកឃើញការពិតដូចខាងក្រោម។
យោងតាមអង្គការ NASA ពេលវេលារវាងសូរ្យគ្រាសពេញលេញ ដែលបានសង្កេតឃើញនៅសហរដ្ឋអាមេរិកគឺតិចជាង ៣៧៥ឆ្នាំ។ បាតុភូតសូរ្យគ្រាសដែលបានគ្រោងទុក នឹងកើតមានឡើងនៅថ្ងៃទី០៨ ខែមេសា ឆ្នាំ២០២៤ ហើយសូរ្យគ្រាសពេញលេញបន្ទាប់ ដែលអាចមើលឃើញពីតំបន់នេះ វានឹងកើតឡើងលឿនជាងនេះ បើតាមការគណនារបស់តារាវិទូ។ បាតុភូតសូរ្យគ្រាសបន្ទាប់ អាចនឹងកើតមានឡើងនៅថ្ងៃទី២៣ ខែសីហា ឆ្នាំ២០៤៤ ឬក្នុងរយៈពេល ២០ឆ្នាំខាងមុខនេះ។

ទោះបីជាយ៉ាងណាក៏ដោយ អ្នកជំនាញផ្នែកតារាសាស្ត្រ បានបញ្ជាក់ថា បាតុភូតសូរ្យគ្រាសនៅលើទីតាំងជាក់លាក់ដូចគ្នា កើតឡើងជាមធ្យមរៀងរាល់ ៣៧៥ឆ្នាំម្តង ប៉ុន្តែនេះមិនមែនន័យថា នៅលើសកលលោកយើង នឹងមានសូរ្យគ្រាសពេញលេញកើតឡើងតែមួយដងប៉ុណ្ណោះ សម្រាប់ក្នុងរយៈពេល ៣៧៥ឆ្នាំ។
NBC 5 Dallas-Fort Worth News Report | Archived Link
ខាងក្រោមនេះ គឺជាវីដេអូឃ្លីបបង្ហោះដោយអង្គការ NASA (ណាសា) កាលពីថ្ងៃទី០៨ ខែធ្នូ ឆ្នាំ២០២៣កន្លងទៅ បញ្ជាក់ថា នៅថ្ងៃទី០៨ ខែមេសា ឆ្នាំ២០២៤ សូរ្យគ្រាសពេញលេញ នឹងឆ្លងកាត់ទ្វីបអាមេរិកខាងជើង ដោយឆ្លងកាត់ប្រទេសម៉ិកស៊ិក សហរដ្ឋអាមេរិក និងកាណាដា ដែលមានរយៈពេល ៤នាទី ២៨វិនាទី។
ដើម្បីស្វែងរកព័ត៌មានពិត សូមតាមដានការផ្សាយរបស់យើងតាមរយៈប្រព័ន្ធដូចខាងក្រោម៖
Facebook Twitter Telegram Google News TikTok WhatsApp
សន្និដ្ឋាន
Fact Crescendo Cambodia បានរកឃើញថា ការផ្សព្វផ្សាយថា យើងនឹងមិនអាចឃើញសូរ្យគ្រាសពេញលេញ ក្នុងរយៈពេល ៣៧៥ឆ្នាំ គឺធ្វើឱ្យមានការយល់ច្រឡំ។ ទោះបីជាសូរ្យគ្រាសនៅក្នុងទីតាំងជាក់លាក់ដូចគ្នា កើតឡើងជាមធ្យមរៀងរាល់ ៣៧៥ឆ្នាំម្តង ប៉ុន្តែនេះមិនមានន័យថានឹងមានសូរ្យគ្រាសតែមួយដងក្នុងរយៈពេល ៣៧៥ឆ្នាំខាងមុខនោះទេ។ សូរ្យគ្រាសបន្ទាប់ ត្រូវបានគេរំពឹងទុកនៅឆ្នាំ២០៤៤ គឺនៅតែ ២០ឆ្នាំពីពេលនេះប៉ុណ្ណោះ។

Title: មនុស្សលោកនឹងមិនអាចឃើញសូរ្យគ្រាសពេញទេ៣៧៥ឆ្នាំខាងមុខ តើជាការពិតឬទេ?
Fact Check By: Kakada SimResult: Misleading
