Fact Check: រូប​ថត​របស់​លោក​ ហ៊ុន​ សែន​ គោរព​វិញ្ញាណ​ក្ខន្ធ​អតីត​ប្រធាន​រដ្ឋ​វៀត​ណាម​កាល​ពី​៣​ឆ្នាំ​មុន​ ត្រូវ​បាន​ចែក​រំលែក​ឡើង​វិញ​​

Misleading Political

ថ្មីៗ​នេះ​ មាន​ការ​អះ​អាង​មួយ​ពី​សំណាក់​អ្នក​ប្រើប្រាស់​បណ្តាញ​សង្គម​ហេ្វស​ប៊ុក​មួយ​រូប​ ដែល​បាន​បង្ហោះ​រូប​ភាព​របស់​លោក​នាយក​រដ្ឋ​មន្ត្រី​ ហ៊ុន​ សែន​ ដែល​បាន​ទៅ​ចូល​រួម​ក្នុង​កម្មវិធី​គោរព​វិញ្ញាណ​ក្ឌន្ធ​របស់​មេដឹកនាំ​វៀត​ណាម​ម្នាក់​ ដោយ​ភ្ជាប់​ជាមួយ​នឹង​ការ​សរសេររៀប​រាប់​ថា​ លោក​បាន​ទៅ​ចូល​រួម​ពិធី​បុណ្យ​សព​មេ​ទៀត​ហើយ​។ ទោះ​ជា​យ៉ាង​ណា ការ​​ផ្ទៀង​​ផ្ទាត់​របស់ Fact Crescendo Cambodia បាន​បង្ហាញ​ថា​ ការ​អះ​អាង​​លើ​​បណ្ដាញ​​សង្គម​​នេះ​ គឺ​មិន​​ត្រឹម​ត្រូវ​ និង​​នាំ​​ឱ្យ​​មាន​​ការ​​យល់​​ច្រឡំ​។

ការ​អះ​អាង​លើ​បណ្តាញសង្គម

កាល​ពី​ថ្ងៃទី​០៨ ខែ​ឧសភា ឆ្នាំ​២០២១​នេះ ​មាន​អ្នក​ប្រើ​​បណ្តាញ​សង្គម​ហ្វេសប៊ុក​ម្នាក់​ បាន​បង្ហោះ​រូបភាព​​មួយ​​សន្លឹក​ ដែលបាន​​​​បង្ហាញ​​លោក​នាយករដ្ឋមន្ត្រី​ ហ៊ុន​ សែន​ បាន​ទៅ​ចូល​រួម​ពិធី​បុណ្យ​សព​របស់​​មេ​ដឹក​នាំ​វៀត​ណាម​ម្នាក់​​ទៀត​​។ ការ​​អះ​អាង​មួយ​នេះ​ ត្រូវ​បាន​ចែក​រំលែក​តៗ​គ្នា​ជាច្រើន​ដង​ពី​សំណាក់​អ្នក​ប្រើ​​ហ្វេសប៊ុក​និយាយ​ភាសា​ខ្មែរ។

រូប​ភាព​​ផ្ដាម​​ចេញ​​ពី​​ប៉ុស្តិ៍​របស់​អ្នក​ប្រើ​ប្រាស់​​​ដែល​បាន​រៀប​រាប់​​ថា​​ «ខ្ញុំ​ស្មាន​ថា​ អា​ចង្រៃ​ចោរ​យួន​វា​មិន​ចេះ​ងាប់​ វា​ទៅ​បុណ្យ​ខ្មោច​មេ​វា​ងាប់​ ១​ទៀត​ហើយ​​»។

Facebook Post | Archived Link 

ការត្រួត​ពិនិត្យ​ការ​ពិត

Fact Crescendo Cambodia បាន​ចាប់ផ្តើម​ធ្វើការផ្ទៀង​ផ្ទាត់​រូបថត​​តាមរយៈ​កម្មវិធី​ Google Reverse Image​ និង​តាម​ការ​​​ត្រួត​ពិនិត្យពីការ​ផ្សព្វ​ផ្សាយ​ដោយ​ទំព័រ​ហេ្វស​ប៊ុក​របស់​លោក​នាយក​រដ្ឋ​មន្ត្រី​ ដែល​​នាំ​​ឲ្យ​ទៅ​រក​ឃើញ​ការ​ពិត​ ប្រភព​ដើម​នៃ​ការ​ចូល​រួម​ពិធី​គោរព​វិញ្ញាណក្ខន្ធ​របស់​ថ្នាក់​ដឹក​នាំ​វៀតណាម​​ទាំង​ស្រុង។

តាម​រយៈ​សារ​បង្ហោះ​មួយ​ដោយ​ក្នុង​នោះ​ក៏​មាន​រូប​ភាព​មួយសន្លឹក​ដែល​​មាន​ទម្រង់​​ដូច​​គ្នា​​ទាំង​​ស្រុង​​នៅ​លើ​បណ្តាញ​ទំព័រ​ហ្វេស​ប៊ុក​ផ្លូវ​ការ​របស់​លោក​ ហ៊ុន​ សែន​ កាល​​ពី​ថ្ងៃ​ទី​០៣​ ខែ​ឧសភា​ ឆ្នាំ​​២០១៩​​កន្លង​ទៅ​នេះ ដែល​បាន​បញ្ជាក់​រៀបរាប់​ ថា ​រូប​ថត​​ទាំងឡាយនោះ គឺ​ត្រូវ​បានថត​ឡើង​នៅ​ក្នុងកម្មវិធី​ដែល​លោក​បាន​ទៅ​ចូល​រួម​ពិធី​គោរព​វិញ្ញាណក្ខន្ធ​របស់​​ថ្នាក់​ដឹកនាំ​វៀតណាម​ម្នាក់​ ដែល​ត្រូវ​បាន​ធ្វើ​ឡើង​នៅ​ក្នុង​ទី​ក្រុង​ហាណូយ​ នៃ​ប្រទេស​វៀត​ណាម​។

រូប​ភាព​ផ្ដាម​ចេញ​ពីទំព័រ​ហ្វេសប៊ុកផ្លូវការរបស់លោក​នាយក​រដ្ឋ​មន្រ្តី ដែល​បាន​សរសេរ​រៀប​រាប់ថា​ «សម្តេច​តេជោ​ ហ៊ុន​ សែន​ និង​គណៈ​ប្រតិភូ​អញ្ជើញ​គោរព​វិញ្ញាណ​ក្ខន្ធ​ ឯកឧត្តម​ ឡេ​ ឌឹក​អាញ់​ អតីត​ប្រធាន​រដ្ឋ​វៀតណាម​​»។

Facebook Post | Archived Link

ការ​អញ្ជើញ​ចូល​រួម​គោរព​វិញ្ញាណក្ខន្ធ​សព​របស់​លោក​ ឡេ​ ឌឹក​អាញ់​ អតីត​ប្រធាន​រដ្ឋ​វៀតណាម​នៅ​ក្នុង​ទីក្រុង​ហាណូយ​ នេះ​ ក៏​ត្រូវ​បាន​ចុះ​ផ្សព្វផ្សាយជា​សាធារណៈ​ផង​ដែរ​​តាម​រយៈ​គេហ​ទំព័រ​របស់​ក្រសួង​ព័ត៌មាន​ ដែល​បាន​ចេញ​ផ្សាយ​កាល​ពី​ថ្ងៃ​ទី​០៣​ ខែ​ឧសភា​ ឆ្នាំ​២០១៩​កន្លងទៅ​នេះ​។ 

រូប​ភាព​ផ្ដាម​ចេញ​ពីគេហ​ទំព័រ​ក្រសួង​ព័ត៌មាន​ ​បាន​​សរសេរ​​រៀប​​រាប់ថា​ «សម្តេច​តេជោ​នាយក​រដ្ឋ​មន្រ្តី​ អញ្ជើញ​មក​ដល់​ កម្ពុជា​វិញ បន្ទាប់​ពី​បាន​ដឹក​នាំ​​គណៈ​ប្រតិភូ​​ជាន់​​ខ្ពស់​ទៅ​ចូល​រួម​គោរព​វិញ្ញាណក្ខន្ធ​សព​​ឯកឧត្តម​អតីត​ប្រធាន​រដ្ឋ​ វៀតណាម​​»។

Ministry Of Information | Archived Link

កាល​ពី​ថ្ងៃ​ទី​០៨​ ខែ​ឧសភា​ ឆ្នាំ​២០២១​ នេះ​ Fact Crescendo Cambodia ក៏​បាន​ត្រួត​ពិនិត្យ​ផង​ដែរ​ទៅ​លើ​​សារ​បង្ហោះ​ថ្មីៗ​នៅ​តាម​ទំព័រ​ហ្វេសប៊ុក​របស់​លោក​នាយក​រដ្ឋ​មន្ត្រី​ ហ៊ុន​ សែន​ ដោយ​ក្នុង​ថ្ងៃ​នោះ​លោក​ពុំបាន​បង្ហោះ​សារ​អ្វី​​ដែល​ទាក់​ទង​ទៅ​នឹង​ការ​អញ្ជើញ​ចូល​រួម​គោរព​វិញ្ញាណ​ក្ខន្ធរបស់​ថ្នាក់​ដឹកនាំ​វៀត​ណាម​នោះ​ទេ​។

រូប​ភាព​ផ្ដាម​ចេញ​ពីទំព័រ​ហ្វេស​ប៊ុក​ផ្លូវ​ការរ​បស់​លោក​នាយករដ្ឋមន្រ្តី​ ដែល​ចេញ​ផ្សាយ​ទាក់​ទង​ទៅ​នឹង​ការ​បង់​ថ្លៃ​ឈ្នួល​ផ្ទះ​ របស់​បង​ប្អូន​ ដែល​កំពុង​ស្ថិត​នៅ​ក្នុង​តំបន់​បិទ​ខ្ទប់​។

Facebook Post | Archived Link

សន្និដ្ឋាន (Conclusion)

Fact Crescendo Cambodia បាន​រក​​ឃើញ​​ថា​ ការ​​អះ​​អាង​​ដូច​​បាន​​រៀប​​រាប់​​ខាង​​លើ​​នេះ​ គឺ​មិន​​ត្រឹម​ត្រូវ​ និង​​នាំ​​ឱ្យ​​មាន​​ការ​​យល់​​ច្រឡំ​។ ​តាម​សេចក្ដី​​រាយ​ការណ៍​​របស់​ក្រសួង​ព័ត៌មាន​ និង​ការ​ផ្សព្វផ្សាយ​របស់​លោក​នាយក​រដ្ឋ​មន្ត្រី​ បាន​បង្ហាញ​ថា ការ​អញ្ជើញ​ចូល​រួម​គោរព​វិញ្ញាណក្ខន្ធ​ពី​សំណាក់​លោក​ ហ៊ុន​ សែន​ ដោយ​ផ្ទាល់​នោះ​ បាន​កើត​​ឡើង​តាំង​ពី​​ខែ​ឧសភា​ ឆ្នាំ​​២០១៩​​កន្លង​មក​ម៉្លេះ។

Avatar

Title:រូប​ថត​របស់​លោក​ ហ៊ុន​ សែន​ គោរព​វិញ្ញាណ​ក្ខន្ធ​អតីត​ប្រធាន​រដ្ឋ​វៀត​ណាម​កាល​ពី​៣​ឆ្នាំ​មុន​ ត្រូវ​បាន​ចែក​រំលែក​ឡើង​វិញ​​

Fact Check By: Kakada Sim 

Result: Misleading

Leave a Reply

Your email address will not be published.